សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, April 9, 2013

ក្រុម​ទាហាន​ដែល​កាង​អ្នក​កាប់​ឈើ​ព័ន្ធ​ចាប់​ប្រជា​សហគមន៍

ប្រជា​សហគមន៍​ព្រៃ​ឈើ​ខេត្ត​ឧត្តរ​មានជ័យ ២៧ នាក់​ត្រូវ​បាន​ទាហាន​​ប្រដាប់​​អាវុធ​​ឡោម​ព័ទ្ធ​នៅ​ក្នុង​ព្រៃ​ជា​ច្រើន​​ ម៉ោង ​ដើម្បី​បង្ខំ​ឲ្យ​ពួក​គាត់​ ប្រគល់​ម៉ាស៊ីន​អារ​ឈើ ​និង​ឈើ​ ១០០​ បន្ទះ​ ដែល​ពួក​គាត់​បាន​ចាប់​និង​រឹប​អូស​ ពី​អ្នក​លួច​កាប់​ឈើ​ខុស​ច្បាប់​ ក្នុង​ព្រៃ​សហគមន៍​គម្រោង​សម្បទាន​កាបូន។
លោក​សួន ​សន​ អនុ​ប្រធាន​សហគមន៍​ព្រៃ​ឈើ​រុក្ខា ​ក្នុង​ក្រុង​សំរោង​ ខេត្ត​ឧត្តរ​មាន​ជ័យ ​បាន​ឲ្យ​ដឹង​កាល​ពី​​ម្សិល​មិញ​ថា​ រូប​លោក​ និង​ប្រជាស​ហគមន៍​ព្រៃ​ឈើ​រុក្ខា​ចំនួន​ ២៦​ នាក់​ផ្សេង​ទៀត​ បាន​ចុះ​ទៅ​ល្បាត​ព្រៃ​សហគមន៍ ​កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន ​ហើយ​បាន​ឃើញ​ពលរដ្ឋ​ ៤ នាក់​កំពុង​ប្រើ​ប្រាស់​ម៉ាស៊ីន​ពីរ​គ្រឿង​ អារ​ឈើ​ក្នុង​ព្រៃ​សហគមន៍។ លោក​បញ្ជាក់​ថា​៖«យើង​បាន​ចាប់​ម៉ាស៊ីន ២ គ្រឿង ​និង​ឈើ​ ១០០ បន្ទះ ​ពី​ជន​លើ្មស​ យក​ទៅ​រក្សា​ទុក​នៅ​ផ្ទះ​សហគមន៍​ក្នុង​ភូមិ​កូន​ដំរី»។ ​ស្រាប់​តែ​មួយ​ថ្ងៃ​ក្រោយ​មក​ (ថ្ងៃ​អាទិត្យ​ម្សិល​ម្ងៃ​) ពល​រដ្ឋ​​ទាំង​ ៤​ នាក់ រួម​និង​ទាហាន​ពីរ​នាក់​ ប្រដាប់​ដោយ​អាវុធ​បួន​ដើម បាន​មក​ព័ទ្ធ​ពួក​លោក​​នៅ​ក្នុង​ព្រៃ ដើម្បី​បង្ខំ​ឲ្យ​ប្រគល់​ម៉ាស៊ីន​និង​ឈើ​នោះ​វិញ។ លោក​សន​ថ្លែង​ថា៖«​ទាហាន​កង​ពល​តូច​លេខ ​៤ ​មាន​កាំភ្លើង ៤ ដើ​ម បាន​កាក់​យើង​ចាប់​ពី​ម៉ោង ៣​ រសៀល​ ដល់​ម៉ោង​ជាង ​៥​ ល្ងា​ច បង្ខំ​ឲ្យ​ប្រគល់​ម៉ាស៊ីន និង​ឈើ​ឲ្យ​គេ​វិញ បើ​មិន​ដូច្នេះ​ទេ​ គេ​នឹង​ចាប់​យើង​យក​ទៅ​បន្ទាយ​»​។ ដោយ​ការ​ភ័យ​ខ្លាច​សុវត្ថិភាព លោក​សួន សន​បាន​សន្យា​ប្រគល់​របស់​ទាំង​នោះ​ ឲ្យ​ពួក​គេ​វិញ ​គឺ​ធ្វើ​ម៉េច​ឲ្យ​តែ​ពួក​គាត់​បាន​ចេញ​ពី​ព្រៃ​សិន​។ កាល​ពី​ម្សិលមិញ ​ទាហាន​ទាំង​នោះ បាន​មក​ដឹក​ម៉ាស៊ីន​ និង​ឈើ​ទាំង ១០០ សន្លឹក​ ទៅ​វិញ ដោយ​មាន​ការ​ធ្វើ​លិខិត​ផ្ទេរ​ត្រឹម​ត្រូវ។
លោក​សារ ខ្លៃ​ ប្រធាន​បណ្តាញ​សហគមន៍​ព្រៃ​ឈើ​ខេត្ត​ឧត្តរ​មានជ័យ បាន​ឲ្យ​ដឹង​ថា​ ពលរដ្ឋ​ទាំង​បួន​នាក់​នោះ​ បាន​កាប់​ឈើ​ឲ្យ​ពួក​ទាហាន​ ដើម្បី​យក​ទៅ​ធ្វើ​ផ្ទះ​ក្នុង​បន្ទាយ​ថ្មី​មួយ។ លោក​សារ​ ខ្លៃ​ បញ្ជាក់​ថា​៖ «អនុសេនីយ៍​ឯក​ម្នាក់​ឈ្មោះ ​ញឹក ​ផល​ បាន​អះអាង​ថា ដី​ព្រៃ​ដែល​ពលរដ្ឋ​ចូល​កាប់​ឈើ​នោះ​ ត្រូវ​បាន​ខេត្ត​ប្រគល់​ឲ្យ​កងទ័ព តែ​យើង​មិន​ទាន់​ជឿ​ទេ»។
លោក​សារ ខ្លៃ បន្ត​ថា​ កន្លែង​ពលរដ្ឋ​ចូល​កាប់​ខុស​ច្បាប់​នោះ ​ស្ថិត​នៅ​ក្នុង​ដី​ព្រៃ​សហគមន៍​សរុប ​១២២៧២ ហិកតា​ ដែល​មាន​ការ​ទទួល​ស្គាល់​ ដោយ​ ស.ជ.ណ ​របស់​ទីស្តីការ​គណរដ្ឋ​មន្ត្រី។ លើស​ពី​នោះ រដ្ឋាភិបាល​តាម​រយៈ​រដ្ឋបាល​ព្រៃ​ឈើ​ បាន​ចុះ​កិច្ច​ព្រមព្រៀង ​ជាមួយ​អង្គការ Pact Cambodia រក្សា​ទុក​ផ្ទៃ​ដី​ព្រៃ​ទាំង​អស់​នោះ​ ដាក់​ក្នុង​«គម្រោង​សាក​ល្បង​សម្បទាន​កាបូន រួម​ចំណែក​ក្នុង​ការ​ទប់​ស្កាត់​បម្រែ​បម្រួល​អាកាសធាតុ»។
លោក​សារ ខ្លៃ​បាន​ចាត់​ទុក​ថា​៖​«ទង្វើ​នេះ​ មិន​មែន​ជា​សកម្មភាព​អង្គភាព​នោះ​ទេ។ នេះ​ជា​រូបភាព​បុគ្គល​ដែល​កេង​ប្រវ័ញ្ច ​ធ្វើ​អាជីវកម្ម​ព្រៃ​ឈើ​ខុស​ច្បាប់។ បើ​ធ្វើ​ក្នុង​នាម​អង្គ​ភាព​ មិន​ចាំ​បាច់​ទៅ​ប្រើ​អាវុធ​កាក់​គំរាម​កំហែង​ក្នុង​ព្រៃ​នោះ​ទេ»។ លោក​សារ​ ខ្លៃ​បាន​គូស​បញ្ជាក់​ថា​ ព្រៃ​សហគមន៍​រុក្ខា​នេះ មាន​ពលរដ្ឋ​១៦​ភូមិ​កំពុង​អាស្រ័យ​ផល ​និង​ចូល​រួម​ការ​ពារ​ប្រមាណ​ជា ១០​ ឆ្នាំ​មក​ហើយ។ បើ​ខេត្ត​កាត់​ប្រគល់​ឲ្យ​កង​ទ័ព ខេត្ត​ត្រូវ​ផ្តល់​ដំណឹង ​និង​ពិភាក្សា​ ជា​មួយ​ប្រជា​សហគមន៍។
លោក​ស្រី ណារ៉េន អ្នក​សម្រប​សម្រួល​សមាគម​សិទិ្ធ​មនុស្ស​អាដហុក ប្រចាំ​ខេត្ត​ឧត្តរមានជ័យ​បាន​ឲ្យ​ដឹង​ថា​ ប្រជា​សហគមន៍ បាន​ទូរស័ព្ទ​ផ្តល់​ដំណឹង​នេះ​មក​អាដហុក​ដែរ​ ហើយ​អាដហុក​ក៏​បាន​ស្នើ​ឲ្យ​តុលាការ មាន​វិធានការ​លើ​ករណី​នេះ។ លោក បញ្ជាក់​ទៀត​ថា៖«តាម​ច្បាប់​វា​ខុស​ហើយ​ចំពោះ​ការ​ប្រើ​ប្រាស់​អាវុធ​ទៅ ព័ទ្ធ​ប្រជា​សហគមន៍​បែប​នេះ​។​ ម្យ៉ាង​ទៀត​សហគមន៍​នោះ ជា​សហគមន៍​ស្រប​ច្បាប់​ មាន​កិច្ច​ព្រមព្រៀង​ត្រឹមត្រូវ»។
ភ្នំពេញ ប៉ុស្តិ៍ មិន​អាច​ទាក់​ទង​ មេ​បញ្ជា​ការ​កង​ពល​តូច​លេខ ​៤ ដើម្បី​សុំ​ការ​បំភ្លឺ​បាន​ទេ ​កាល​ពី​ម្សិលមិញ។ ទោះ​យ៉ាង​ណា លោក​ថុន ណុល​ អភិបាល​ក្រុង​សំរោង​ បាន​មាន​ប្រសាសន៍​ថា​ អាជ្ញាធរ​មិន​ដែល​កាត់​ដី​ព្រៃ​សហគមន៍​ណា​មួយ ឲ្យ​អង្គភាព​ទាហាន​នោះ​ទេ៕

No comments:

Post a Comment

yes