វៀតណាម-កម្ពុជា សហការគំរាមខ្មែរក្រោម
ការរើសអើងមកលើប្រជាពលរដ្ឋ ខ្មែរក្រោម នៅក្នុង ប្រទេសកម្ពុជា នៅតែមាននៅឡើយ ថ្វីបើមន្ត្រីជាន់ ខ្ពស់របស់រដ្ឋាភិបាលធ្លាប់បានអះអាងថា ប្រជាពលរដ្ឋខ្មែរក្រោមគឺជាប្រជាជនខ្មែរក៏ដោយ។
ប្រភពពីអង្គការសមាគមខ្មែរក្រោម នៅកម្ពុជា បានឲ្យ ដឹងថា គេពុំទាន់ឃើញមានប្រជាពលរដ្ឋខ្មែរក្រោមណា ម្នាក់ ដែលបានភៀសខ្លួនពីកម្ពុជាក្រោម ឡើងមកសុំ ជ្រកកោននៅកម្ពុជាទៀតឡើយ ចាប់ពីចុងឆ្នាំ២០១០ មកដល់ឆ្នាំ២០១១ នេះ។
ព្រះតេជគុណ ចាន់ សូផាត ប្រធានសាមណៈសិស្ស និងនិស្សិតខ្មែរក្រោម មានព្រះថេរៈដីកាថា ថ្វីបើស្ថានភាពអ្នករត់ភៀសខ្លួនខ្មែរក្រោម ហាក់ដូចស្ងប់ស្ងាត់ ប៉ុន្តែមិនមែនមានន័យថា ស្ថានភាពនៅកម្ពុជាក្រោមនោះ ធូរស្បើយឡើយ។ ផ្ទុយទៅវិញការផ្អាកការរត់គេចដោយសារតែបញ្ហាគំនាបនៅកម្ពុជា ក្រោម និងបញ្ហាលំបាករបស់ប្រជាពលរដ្ឋខ្មែរក្រោម ដែលត្រូវប្រឈមមុខចំពោះការរើសអើងខ្លាំងនៅក្នុងប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន ៖ “គេមានវិធីសាស្ត្រច្រើននៅខាងក្រោមនោះ ដោយគេលួងលោម និងគំរាមកំហែងនៅកន្លែង ដែលគេអាចធ្វើបាន”។
មានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី តាមរយៈទូរស័ព្ទពីទឹកដី កម្ពុជាក្រោម ឬហៅថាវៀតណាមភាគខាងត្បូង អ្នកស្រី នាង ហាន អាយុ៤៥ឆ្នាំ បានរៀបរាប់ថា ការតវ៉ារឿងដីធ្លី និងការតវ៉ានានាផ្សេងទៀត របស់ប្រជាពលរដ្ឋខ្មែរក្រោមនៅទីនោះ ពុំសូវមានទៀតឡើយ ក្រោយពីមនុស្សជាច្រើន ត្រូវបានគេចាប់ដាក់ពន្ធនាគារជាបន្តបន្ទាប់ និងក្រោយពីមានការដោះស្រាយជាថ្នូរបន្តិចបន្តួច ក្រោយពីការតវ៉ានោះ។
អ្នកស្រីបន្ថែមថា ក្រុមអ្នកប្រឆាំងនិងអាជ្ញាធរវៀតណាមជាច្រើននាក់ សុខចិត្តនៅស្ងៀម បើទោះបីជាពួកគេពេញចិត្ត ឬមិនពេញចិត្តចំពោះដំណោះស្រាយក្តី ដោយមិនហ៊ានឡើងមកកាន់ប្រទេសកម្ពុជាដូចមុនឡើយ ក្រោយពីអ្នករត់ភៀសខ្លួនមុនៗ ត្រូវបានគេបញ្ជូនឲ្យត្រឡប់ទៅកាន់ភូមិកំណើតវិញ ដែលខ្លះទៀតត្រូវបានគេចាប់ដាក់ពន្ធនាគារនៅពេលទៅដល់ភូមិកំណើត ៖ “គំរាមកំហែងអី ក៏ដូចជាមិនថាគំរាមកំហែង ពីព្រោះថាចូលទៅស្រុកខ្មែរ ខ្លាចគេចាប់គេចងទៀត ចូលស្រុកមិនបាន ដូចជា ពូ ហេន អ៊ីចឹង មានលិខិត UNHCR មកស្រួលបួលហើយ មកគេធ្វើបាបទៀត”។
គិតមកដល់ពេលនេះ របាយការណ៍របស់ក្រសួងមហាផ្ទៃបានអះអាងថា មានប្រជាពលរដ្ឋខ្មែរក្រោមចំនួន ៨ម៉ឺន ៦ពាន់នាក់ ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា។ ការហូរចូលនៃប្រជាពលរដ្ឋខ្មែរក្រោមមកកម្ពុជា ធ្វើឡើងតាមរយៈការឡើងមកធ្វើជំនួញ ការឡើងមកសិក្សារៀនសូត្រ និងការរត់គេច ក្រោយពីមានបញ្ហាជាមួយអាជ្ញាធរវៀតណាម។
ប្រភពពីសម្ព័ន្ធសាមណៈសិស្ស និស្សិតខ្មែរក្រោមបានអះអាងថា ការរើសអើងមកលើប្រជាពលរដ្ឋខ្មែរក្រោមនៅប្រទេសកម្ពុជា នៅតែមានលក្ខណៈធ្ងន់ធ្ងរនៅឡើយទេ ដូចជាការប្រឈមមុខនិងការធ្វើអត្តសញ្ញាណប័ណ្ណ ដែលបញ្ហានេះនាំឲ្យប្រជាពលរដ្ឋខ្មែរក្រោម ជួបនូវបញ្ហាខ្លាំងក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ខ្លួន និងបញ្ហាគាបសង្កត់ផ្សេងទៀតក្នុងសង្គម ៖ “គេមកដល់ប្រជាពល រដ្ឋ ខ្មែរជាខ្មែរ ប៉ុន្តែបើនិយាយតាមផ្លូវច្បាប់។ វាមានកត្តាច្រើន ដែលវាប្រឈមមុខ និងបញ្ហាពិសេសគឺ រឿងក្រដាសស្នាម បើនិយាយពីធម្មតាអត់អីទេ ប៉ុន្តែបើត្រូវការក្រដាសស្នាមបញ្ជាក់”។
ប្រធានសហព័ន្ធខ្មែរក្រោមនៅសហរដ្ឋ អាមេរិក លោក ថាច់ ង៉ុកថាច់ ថ្លែងថា អាជ្ញាធរខ្មែរមិនបានការពារ និងយកចិត្តទុកដាក់ការពារចំពោះពលរដ្ឋខ្មែរក្រោម ដូចអាជ្ញាធរវៀតណាម ដែលបានយកចិត្តទុកដាក់មកលើប្រជាពលរដ្ឋរបស់គេនោះទេ។ ផ្ទុយទៅវិញ លោកពន្យល់ថា ការគំរាមកំហែង គាបសង្កត់ និងជ្រៀតជ្រែកចូលទៅក្នុងអង្គការសមាគមខ្មែរក្រោម អាជ្ញាធរបានលូកដៃចូលយ៉ាងជ្រៅ និងមានការរឹតត្បិត ប្រយ័ត្នប្រយែង និងមានការតាមដាន ៖ “ជនជាតិយួនគ្នាគេ សឹងតែរៀងរាល់សប្ដាហ៍ គេមានកម្មវិធី គេគ្រប់មុខទាំងអស់ តាំងពីសិក្សាអប់រំ ប៉ុន្តែផ្ទុយទៅវិញ ខ្មែរវិញ មិនត្រឹមតែមិនយកចិត្តទុកដាក់ចំពោះខ្មែរក្រោម ដែលរស់នៅកម្ពុជា សឹងតែមិនយកចិត្តទុកដាក់ចំពោះខ្មែរក្រោម ដែលរស់នៅក្រោមនោះទៅទៀត យើងមិនដែលឃើញអ្នកដឹកនាំខ្មែរធំៗ យកចិត្តទុកដាក់ដល់ប្រជារាស្ត្រខ្លួនឯងនោះទេ បានតែយករដ្ឋធម្មនុញ្ញ២ ទៅ៣ បន្ទាត់មកសូត្រប៉ុណ្ណោះ”។
លោកបន្តថា ការរស់នៅគ្មានអត្តសញ្ញាណប័ណ្ណរបស់ពលរដ្ឋខ្មែរក្រោមនៅកម្ពុជា ប្រៀបដូចជាការរស់នៅដោយគ្មានសេរីភាព និងប្រឈមនូវគ្រោះថ្នាក់សម្រាប់ជីវិតគ្រប់ពេលវេលា។ នៅគ្រាដែលអាជ្ញាធរខ្មែរមិនផ្ដល់អត្តសញ្ញាណប័ណ្ណ និងផ្ដោតការយកចិត្តទុកដាក់ គិតមកដល់ពេលនេះ គ្មានពលរដ្ឋខ្មែរក្រោមណាម្នាក់ ដែលត្រូវអាជ្ញាធរវៀតណាមតាមចាប់ខ្លួនត្រូវបានអង្គការ UNHCR ផ្ដល់សិទ្ធិជ្រកកោននោះឡើយ បើទោះបីជាគេបានគេចខ្លួនមកដល់កម្ពុជា និងប្រទេសថៃក្ដី។
ក្រសួងមហាផ្ទៃមិនអាចសុំការបំភ្លឺ ជុំវិញករណីនេះបាននៅឡើយទេ នៅថ្ងៃសៅរ៍ ទី១៩ កុម្ភៈ។ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោកឧត្ដមសេនីយ៍ ខៀវ សុភ័គ ថ្លែងថា លោកជាប់រវល់។ ប៉ុន្តែទាក់ទងនិងរឿងនេះ មន្ត្រីអ្នកនាំពាក្យរូបនេះធ្លាប់បានថ្លែងថា ប្រជាពលរដ្ឋខ្មែរក្រោមត្រូវបានគេចាត់ទុកជាប្រជាពលរដ្ឋខ្មែរ នៅពេលដែលគាត់ចូលមកដល់កម្ពុជា ដោយមិនបាច់ដាក់ពាក្យសុំចូលជាសញ្ជាតិខ្មែរទេ ហើយក៏ពុំមានហេតុផលដើម្បីសុំសិទ្ធិភៀសខ្លួននៅលើទឹកដីកម្ពុជា នោះដែរ។
កាលពីខែមីនា២០១០ អង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) ប្រចាំក្រុងបាងកក បាន បដិសេធមិនទទួលការស្នើសុំរបស់គ្រួសារខ្មែរកម្ពុជាក្រោមចំនួន ១៨នាក់ ដើម្បីទៅរស់នៅក្នុងប្រទេសទី៣ ឡើយ ក្រោយពីការតាមចាប់ខ្លួនរបស់វៀតណាម នៅក្នុងការងើបប្រឆាំងតវ៉ាទាមទារដីស្រែចម្ការ ដែលគេរឹបអូសយក។
លោក ចៅ ហេន ដែលជាតំណាងអ្នកតវ៉ា បានត្រឡប់ទៅរស់នៅភូមិកំណើតរបស់លោកវិញ ក្នុងចំណោមអ្នកទាំងនោះ ប៉ុន្តែក៏ត្រូវបានអាជ្ញាធរវៀតណាមចាប់ដាក់ពន្ធនាគារនៅពេលដែលលោក បានទៅដល់ស្រុកកំណើត៕ ប្រភពព័ត៌មាន៖ RFA
No comments:
Post a Comment
yes