កូនប្រុសច្បងនាយករដ្ឋមន្ត្រីដឹកនាំការប្រយុទ្ធនៅព្រះវិហារ
ដោយ យន់ សាមៀន
កូនប្រុសច្បងលោក នាយក រដ្ឋមន្ត្រី ហ៊ុន សែន និងជាមេបញ្ជាការរងនៃបញ្ជាការដ្ឋានកងទ័ពជើងគោកនៃកងយោធពល ខេមរភូមិន្ទ លោក ហ៊ុន ម៉ាណែត បានទទួលកេរ្តិ៍ឈ្មោះយ៉ាងល្បីល្បាញ ក្រោយពីព្រឹត្តិការណ៍ផ្ទុះអាវុធជាទ្រង
ទ្រាយធំនៅតំបន់ជម្លោះ ក្បែរប្រាសាទព្រះវិហារ កាលពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែកុម្ភៈ កន្លងទៅនេះ។
លោក ហ៊ុន ម៉ាណែត អតីតនិស្សិតជាន់ខ្ពស់ខ្មែរនៅឯសាលាបណ្ឌិតសភាយោធាសហរដ្ឋអាមេរិក (West Point Academy) កំពុងមានកេរ្តិ៍ឈ្មោះក្នុងតំបន់ និងពិភពលោក ក្រោយពីព្រឹត្តិការណ៍ផ្ទុះអាវុធនៅតំបន់ជម្លោះព្រំដែនក្បែរប្រាសាទ ព្រះវិហារ។
កូនប្រុសច្បងលោក ហ៊ុន សែន នាយក រដ្ឋមន្ត្រីកម្ពុជា និងជាមេបញ្ជាការរងនៃបញ្ជាការដ្ឋានកងទ័ពជើងគោកនៃកងយោធពល ខេមរភូមិន្ទ លោក ហ៊ុន ម៉ាណែត អាយុ ៣៣ឆ្នាំ ត្រូវបានគេស្គាស់ថា ជាមេទ័ពដឹកនាំការប្រយុទ្ធសង្គ្រាមមានលក្ខណៈធំដំបូងបង្អស់រវាង កងទ័ពកម្ពុជា-ថៃ កាលពីថ្ងៃទី៤ ដល់ថ្ងៃ៧ ខែកុម្ភៈ កន្លងទៅនេះ។ អ្នកវិភាគមួយចំនួនបានឲ្យដឹងថា លោក ហ៊ុន ម៉ាណែត
នឹងអាចក្លាយជាមេដឹកនាំកម្ពុជា ទៅថ្ងៃអនាគតជំនួសតួនាទីឪពុករបស់លោក។ បទវិភាគរបស់កាសែតថៃ បាងកក ប៉ុស្តិ៍ (Bangkok Post) ផ្សាយកាលពីថ្ងៃ
ទី១០ ខែកុម្ភៈ បានឲ្យដឹងថា សង្គ្រាមនៅតំបន់ក្បែរប្រាសាទព្រះវិហារ បានធ្វើឲ្យកងទ័ព និងពលរដ្ឋសាមញ្ញថៃ ស្គាល់លោក ហ៊ុន ម៉ាណែត។ កាសែតនេះបាន ដកស្រង់សម្ដីមន្ត្រីជាន់ខ្ពស់ថៃថា ចាប់តាំងពីឆ្នាំ១៩៩៩មក ទាហានថៃ បានដឹងថា លោក ហ៊ុន សែន មានគម្រោងការយូរអង្វែងដើម្បីដំឡើងឋានៈលោក ហ៊ុន ម៉ាណែត គ្រប់គ្រងទាហាន និងជាមេដឹកនាំកម្ពុជា។ ជនជាតិថៃម្នាក់
ជាមិត្តរបស់លោក ហ៊ុន ម៉ាណែត បានប្រាប់កាសែតថា កូនប្រុសលោក ហ៊ុន សែន ជាមនុស្សសាមញ្ញ និងរាក់ទាក់។ ចំណែកឯមិត្តភ័ក្ដិទាំងឡាយឲ្យដឹងថា លោក ហ៊ុន ម៉ាណែត ត្រូវបានរៀបចំឲ្យក្លាយទៅជានាយករដ្ឋមន្ត្រីថ្មី។ អ្នកវិភាគ
បរទេសមួយចំនួនក៏បានសម្ដែងការចាប់អារម្មណ៍ចំពោះលោក ហ៊ុន ម៉ាណែត ផងដែរ។ ទីភ្នាក់ងារព័ត៌មាន រ៉យធឺរស៍ (Reuters) ផ្សាយអត្ថបទវិភាគមួយកាលពី
ថ្ងៃទី១៤ ខែមករាថា ការស្នងត្រកូលកំពុងចាប់ផ្ដើម ប៉ុន្តែបុរសខ្លាំងនឹងរក្សាតំណែងរបស់លោក។ លោកសាស្ត្រាចារ្យ និងអតីតឯកអគ្គរាជទូតអូស្រ្តាលី
នៅកម្ពុជា លោក តូនី ខេវិន (Tony Kevin) ប្រាប់ទីភ្នាក់ងារ រ៉យធឺរស៍ ថា លោក ហ៊ុន សែន មានបំណងចង់បន្តតំណែងរបស់លោក ប៉ុន្តែលោកចង់ឲ្យកូនប្រុសលោកពង្រឹងអំណាចក្នុងវិស័យយោធា។ លោកបន្តថា នៅពេលដែលកូនប្រុសលោកមានអំណាចផ្នែកយោធា លោក ហ៊ុន សែន ហាក់ជាមានប័ណ្ណធានារ៉ាប់រងផងដែរ។ ការវិភាគរបស់មន្ត្រីការទូត និងយោធាថៃ ត្រូវបានមន្ត្រីរដ្ឋាភិបាល
កម្ពុជា បដិសេធថា ការវិភាគនេះមិនត្រឹមត្រូវ។ អគ្គមេបញ្ជាការរងនៃកងយោធពល
ខេមរភូមិន្ទ លោក ជា តារា មានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី ឲ្យដឹងកាលពីថ្ងៃទី៣ ខែមករាថា ការតែងតាំងលោក ហ៊ុន ម៉ាណែត ធ្វើឡើងផ្អែកទៅលើសមត្ថភាព និងចំណេះដឹងខាងវិស័យយោធាផ្ទាល់របស់លោក ៖ «ជាទំពាំងស្នងឫស្សី កងទ័ពនៃព្រះរាជាណាចក្រកម្ពុជា ត្រូវការកងទ័ពមួយដែលមានការជឿនលឿន ដើម្បីបម្រើប្រទេស»។ លោក ហ៊ុន ម៉ាណែត បច្ចុប្បន្នមានតួនាទីជាអគ្គមេបញ្ជាការ
រងកងអង្គរក្សឪពុកលោក និងជាមេបញ្ជាការនៃបញ្ជាការដ្ឋានជាតិ កម្លាំង ពិសេសប្រឆាំងភេរវកម្ម នៃគណៈកម្មាធិការជាតិប្រឆាំងភេរវកម្មក្រសួងការពារជាតិ។ កាលពីឆ្នាំ១៩៩៩ ក្នុងឱកាសប្រគល់សញ្ញាបត្ររបស់លោក ហ៊ុន ម៉ាណែត
លោក ហ៊ុន សែន បានធ្វើដំណើរមកទីក្រុងញូវយ៉ក ដើម្បីចូលរួមពិធីនេះផងដែរ។ លោក ហ៊ុន សែន ប្រាប់អ្នកកាសែត កាលពីពេលនោះថា ការបញ្ចប់ការសិក្សារបស់កូនប្រុសលោក ជាភ័ព្វសំណាង និងជាមោទនភាពសម្រាប់កម្ពុជាទាំងមូល។ លោក ហ៊ុន ម៉ាណែត ជាសិស្សម្នាក់ក្នុងចំណោមសិស្សចំនួន ៧នាក់ បានបញ្ចប់ការសិក្សានៅ West Point Academy សម្រាប់វគ្គបញ្ចប់ការសិក្សាឆ្នាំ១៩៩៩។ លោក ហ៊ុន ម៉ាណែត មានភ័ព្វសំណាងជាងបណ្ដាសិស្សដទៃទៀត ដោយ
សារលោកត្រូវបានឧបត្ថម្ភការសិក្សាដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក។
មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា លោក ជាម យៀប កាលពីថ្ងៃទី១១ ខែកុម្ភៈ មានប្រសាសន៍ថា ការរំពឹងថា លោក ហ៊ុន ម៉ាណែត អាចក្លាយជាមេដឹកនាំកម្ពុជា ទៅថ្ងៃអនាគត នឹងអាចក្លាយជាការពិត។
លោក ជាម យៀប បន្ថែមទៀតថា ប្រជាជនកម្ពុជា ជាអ្នកជ្រើសរើសមេដឹកនាំប្រទេស ហើយគណបក្សប្រជាជនកម្ពុជា អាចជ្រើសរើសបេក្ខភាពនាយក រដ្ឋមន្ត្រីបាន។ កាសែតមានប្រជាប្រិយភាពថៃ មួយទៀត ឈ្មោះថា ឌឹ ណេហ្សិន (The Nation)
ផ្សាយអត្ថបទមួយកាលពីថ្ងៃទី៩ ខែកុម្ភៈ ថា លោក ហ៊ុន ម៉ាណែត ជាអ្នក ទទួល
ខុសត្រូវដឹកនាំការប្រយុទ្ធគ្នានៅតំបន់ក្បែរប្រាសាទ ព្រះវិហារ ក្នុងរយៈពេល ៤ថ្ងៃ។ កាសែតនេះលើកឡើងថា ការផ្ទុះអាវុធនៅប្រាសាទព្រះវិហារ ជាយុទ្ធ
សាស្ត្ររបស់លោក ហ៊ុន សែន ដើម្បីអនុញ្ញាតឲ្យមានការទទួលស្គាល់កូន លោក
ក្នុងវិស័យយោធា។ កាសែត ឌឹ ណេហ្សិន ក៏បានដកស្រង់ប្រភពយោធាថៃមួយ
បញ្ជាក់ថា លោក ហ៊ុន ម៉ាណែត ប្រហែលអាចរងរបួសក្នុងការប្រយុទ្ធគ្នា។ ព័ត៌
មាន នេះត្រូវបានលោក ហ៊ុន សែន បដិសេធថា មិនពិត។ ឆ្លើយតបទៅនឹងការចោទប្រកាន់របស់កងទ័ពថៃថា កូនប្រុសរបស់លោករងរបួសក្នុងការប្រយុទ្ធគ្នានោះ លោក ហ៊ុន សែន បញ្ជាក់ថា កូនប្រុសលោកគ្មានរងរបួសនោះទេ ៖ «វាថា ហ៊ុន ម៉ាណែត រៀបចំ ហើយវាថាទៀត វាថា ហ៊ុន ម៉ាណែត ទៅរៀនសាលាអាមេរិក អាហ្នឹងធ្វើដូចប្រធានាធិបតី ប៊ូស អ៊ីចឹង ទៅដល់វ៉ៃតែម្ដង» ។
លោក ហ៊ុន សែន ក៏បានបញ្ជាក់ថា កូនប្រុសលោកពិតជាអ្នកដឹកនាំប្រយុទ្ធ ក្នុងសង្រ្គាមតំបន់ជម្លោះ ព្រំដែន ប៉ុន្តែលោក ហ៊ុន ម៉ាណែត មិនមែនកូនប្រុសតែ
ម្នាក់ទេដែលបម្រើវិស័យយោធា លោកមានកូនប្រុសពីរនាក់ផ្សេងទៀតក៏បម្រើកងទ័ពផងដែរ។ លោក ហ៊ុន សែន កាលពីថ្ងៃទី២០ ខែមករា បាន
បដិសេធការវិភាគទាំងឡាយណាដែលបានចាត់ទុកការតែងតាំងលោក ហ៊ុន ម៉ាណែត ក្នុងវិស័យយោធា ជាគម្រោងស្នងតំណែងរូបលោក។ លោក ហ៊ុន សែន បានឲ្យដឹងថា កូនប្រុសលោកបានបម្រើវិស័យយោធាអស់រយៈពេល ១៦ឆ្នាំហើយ ចាប់តាំងពីឆ្នាំ១៩៩៤។ ការតែងតាំងនេះជាការតែងតាំង ផ្នែក យោធា។ អ្នកវិភាគនយោបាយកម្ពុជា លោកស្រី ជា វណ្ណាត កាលពីថ្ងៃទី២០ ខែ មករា
បានប្រាប់ទីភ្នាក់ងារព័ត៌មានបារាំង អេ.ហ្វេស.ភី (AFP) ថា ការតែងតាំងលោក ហ៊ុន ម៉ាណែត ក្នុងវិស័យយោធា គឺដើម្បីរៀបចំការផ្លាស់ប្ដូរតំណែងឲ្យបានរលូន។
លោក ហ៊ុន សែន មានអាយុ ៥៩ឆ្នាំ បានកាន់កាប់អំណាចចាប់តាំងពីឆ្នាំ១៩៨៥។ លោកបានប្ដេជ្ញាថា លោកនឹងបន្តកាន់កាប់អំណាចរហូតដល់លោកមានអាយុ ៩០ឆ្នាំ។
ព័ត៌មានក្នុងស្រុងចុងក្រោយបានផ្សាយថា ក្រោយពីការផ្អាកការផ្ទុះ អាវុធ
រវាងកងទ័ពកម្ពុជា និងថៃ លោក ហ៊ុន ម៉ាណែត ធ្វើដំណើរទៅកាន់តំបន់ជម្លោះព្រំដែន ដើម្បីពិនិត្យមើលកងទ័ពខ្មែរ។ លោក ហ៊ុន ម៉ាណែត មិនសូវបានបង្ហាញ ខ្លួន
ជាលក្ខណៈសាធារណៈទេ។ កាលពីឆ្នាំ២០០៨ មានព័ត៌មានមួយចំនួនលេចឮ
ថា លោក ហ៊ុន ម៉ាណែត អាចក្លាយជាតំណាងរាស្ត្រខេត្តសៀមរាប ដោយសារលោកឧស្សាហ៍សួរសុខទុក្ខអ្នកបោះឆ្នោតនៅខេត្តសៀមរាប។ ទូរទស្សន៍ជាតិ កម្ពុជា
កាលពីពេលនោះ បានផ្សាយការចែកអំណោយរបស់លោក ហ៊ុន ម៉ាណែត ដូច្នេះ ៖ «លោក បណ្ឌិត ហ៊ុន ម៉ាណែត បានពាំនាំប្រសាសន៍សាកសួរសុខទុក្ខពីសម្ដេចនាយក រដ្ឋមន្ត្រី ហ៊ុន សែន និងលោកជំទាវ ជាបិតា មាតាបង្កើត ជូនបងប្អូនប្រជា
កសិករ និងបានសម្ដែងការសោកស្ដាយ ដែលគ្រោះរាំងស្ងួតបានបំផ្លិចបំផ្លាញផលដំណាំ»។ លោក ហ៊ុន សែន កាលពីពេលនោះ បានប្រកាសជាសាធារណៈថា
លោកមិនអនុញ្ញាតឲ្យលោក ហ៊ុន ម៉ាណែត ធ្វើតំណាងរាស្ត្រ ឬនយោបាយនោះ ទេ។
លោក ហ៊ុន សែន បញ្ជាក់ថា ទៅថ្ងៃអនាគតលោកនឹងមិនអនុញ្ញាតឲ្យកូន ប្រុស លោកធ្វើជា នាយករដ្ឋមន្ត្រីទេ ពីព្រោះកម្ពុជា ជាប្រទេសប្រជាធិបតេយ្យ មិនមានការស្នងតំណែងនោះទេ។ លោក ហ៊ុន ម៉ាណែត ក្នុងឱកាសប្រគល់សញ្ញាបត្រ បញ្ចប់
ការសិក្សានៅសាលាយោធា ក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ថ្លែងប្រាប់ ក្រុម និស្សិតចំនួនជិតមួយពាន់នាក់ថា លោកនឹងបន្តការសិក្សារបស់លោកថ្នាក់អនុបណ្ឌិតក្នុងរយៈពេល ២ឆ្នាំ ក្រោយពីសាលាយោធា។ បន្ទាប់មកទៀត លោកនឹងបម្រើទាហាននៅកម្ពុជា រយៈពេលបួនឆ្នាំ។ កាលពីពេលនោះ លោក ហ៊ុន ម៉ាណែត មានបំណងចង់បន្តការសិក្សានៅសហរដ្ឋអាមេរិក ប៉ុន្តែចុងក្រោយបំផុតលោកបានជ្រើសរើសយកសាលានៅប្រទេសអង់គ្លេស ហើយលោកបានបញ្ចប់សញ្ញាបត្របណ្ឌិតផ្នែកសេដ្ឋកិច្ចពីសកលវិទ្យាល័យ ប៊្រីស្តូល (Bristol) ៕ប្រភពព័ត៌មានពីវិទ្យុ អាស៊ីសេរី
No comments:
Post a Comment
yes