ដោយ៖ ចាន់រតនា (វិទ្យុសង្គ្រោះជាតិ)
តំណាងរាស្ដ្រគណបក្សសង្គ្រោះជាតិ ដែលរងការប្រើអំពើហិង្សា យ៉ាងព្រៃផ្សៃពីក្រុមបាតុករ អំឡុងពេលពេលបាតុកម្មកាលពីថ្ងៃទី២៦ ខែតុលា ឆ្នំា២០១៥ បានដាក់ពាក្យបណ្ដឹងទៅសាលាដំបូងរាជធានីភ្នំពេញ ដោយចោទពីបទ ប៉ុនប៉ងឃាតកម្មគិតទុកជាមុន និងបទ ធ្វើឲ្្យខូច ខាត ដោយចេតនា មានស្ថានទម្ងន់ទោស ហើយទាមទារសំណងចំនួន ២០០លានរៀល ។
មេធាវីការពារក្ដីឲ្យគណបក្សសង្គ្រោះជាតិលោក ជួង ជូងី ឲ្យវិទ្យុ សង្គ្រោះជាតិដឹងថា នៅថ្ងៃទី១០ ខែវិច្ឆិកា នេះ តំណាងរាស្ដ្រ២រូបបានប្ដឹងចំនួន ២ករណី រួមមានបទ «ប៉ុនប៉ងឃាតកម្មគិតទុកជាមុន» និង បទ «ធ្វើឱ្យខូចខាត ដោយចេតនាមានស្ថានទម្ងន់ទោស» ។
លោកបន្ដថា ការដែរដាក់ពាក្យបណ្ដឹងនេះ មិនបានប្តឹងទៅបុគ្គលណាម្នាក់នោះទេ គឺប្តឹងក្រុមបាតុករតែម្តង ។
កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ បន្ទាប់ពីមានបាតុកម្មទម្លាក់លោក កឹម សុខា ចេញពីអនុប្រធានទី១ នៃរដ្ឋសភាបានបញ្ចប់ មានក្រុមបាតុ ករមួយក្រុម បានព្រួតគ្នាវាយតំណាងរាស្រ្ត២រូប របស់គណបក្សសង្រ្គោះជាតិ គឺលោក គង់ សភា តំណាងរាស្រ្តមណ្ឌលខេត្តស្វាយរៀង និងលោក ញ៉យ ចំរើន តំណាងរាស្រ្ត មណ្ឌលខេត្តកំពង់ចាម បណ្តាល ឱ្យរងរបួសធ្ងន់។
យ៉ាងណាក៏ដោយកាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ជនដៃដល់ ៣ បានចូលខ្លួនសារភាព ទទួលខុសត្រូវចំពោះមុខច្បាប់ ។ ជនដៃដល់ទាំងនោះ រួមមានលោក ចាយ សារិទ្ធ ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល លោក ម៉ៅ ហឿន ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅឃុំព្រែកខ្សាយ ស្រុកពាមរក៍ ខេត្តព្រៃវែង និងលោក ស៊ុត វណ្ណនី ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ការដែលជនសង្ស័យចូលសារភាពបែបនេះត្រូវបាន សាធារណមតិ និងអ្នកវិភាគបញ្ហាសង្គមយល់ឃើញថា ជនសង្ស័យទំាង៣រូបនោះ គឺជាតួអង្គដែលគេរៀបចំឲ្យមកសារភាពតែប៉ុណ្ណោះ ពួកគេអះអាងថា ជនល្មើសដែលប្រើអំពើហិង្សាលើតំណាងរាស្ដ្រមិនមែនមាន«តែ៣នាក់នោះទេ គឺមានច្រើននាក់ទៀត ដូច្នេះស្នើឲ្យមន្ដ្រីមានសមត្ថកិច្ចជំនាញ បន្ដស្វែងរកជនដៃដល់ផ្សេងទៀត ដើម្បីកាត់ទោសតាមផ្លូវច្បាប់ និងបញ្ចប់នូវវប្បធម៌និទណ្ឌភាព ដែលចាក់ឬសក្នុងសង្គមកម្ពុជាយ៉ាងយូរមកហើយនោះ ជាពិសេសធានានូវសុវត្ថិភាពអ្នកតំណាងរាស្ត្រ ។
ជុំវិញការប្រើអំពើហិង្សាលើអ្នកតំណាងរាស្ត្របក្សសង្គ្រោះជាតិនេះ អង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិ ស្ថានទូតអាមេរិកប្រចាំកម្ពុជា សហភាពអ៊ឺរ៉ុប សភាសិទ្ធិមនុស្សអាស៊ាន គណបក្សសង្គ្រោះជាតិ និងប្រទេសដែលជាសមាជិកអាស៊ាន ក៏បានថ្កោលទោសទៅនឹងទង្វើនៃជនដៃដល់ និងជំរុញឲ្យរដ្ឋាភិបាល ស៊ើបអង្កេតដោយតម្លាភាព ក្នុងការស្វែងរកចាប់ជនដៃដល់ មកផ្តន្ទាទោសតាមផ្លូវច្បាប់ ។
គួរបញ្ជាក់ផងដែរថា សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ជនដៃដល់ទាំង៣នាក់ ចំនួនពីរបទល្មើសរួមមាន បទហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស និងបទ ធ្វើឱ្យខូចខាត ទ្រព្យសម្បត្ដិដោយចេតនាមានស្ថានទម្ងន់ទោស ហើយសម្រេចឃុំខ្លួន នៅពន្ធនាគារព្រៃស ជាបណ្ដោះអាសន្ន ដើម្បីធ្វើការស៊ើបអង្ដេតបន្ដ ៕
No comments:
Post a Comment
yes