សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, September 9, 2011

ជំនួញ​ឈើ​គ្រញូង​ផ្ទុក​ច្រើន​ពេក​ជាប់​ផុង​
ទៅ​មុខ​មិន​រួច​ត្រូវ​សមត្ថកិច្ច​បង្ក្រាប​
និង​ទីតាំង​ស្តុក​


រថយន្ត​លំដាប់​យក្ស​មួយ​គ្រឿង​ផ្ទុក​ឈើ​គ្រញូង​ពេញ​ប្រៀប​ មាន​ទម្ងន់​ប្រមាណ​ជា​២០​ទៅ​៣០​តោន​ដោយ​ដាក់​កា​រ៉ុង​អង្កាម​ពីលើ​ ត្រូវ​បាន​ក្រុម​សមត្ថកិច្ច​ចំរុះ​របស់​ខេត្ត​ សៀមរាប​ធ្វើការ​បង្ក្រាប ​ខណៈ​ដែល​ឡាន​ធុន​ធំ​មួយ​គ្រឿង​នេះ​ជាប់​ផុង​បើក​ទៅមុខ​មិន​រួច​ ។

ទន្ទឹមនឹង នេះដែរ​ទីតាំង​ស្តុក​ឈើ​គ្រញូង​ដ៏​ធំ​នៅ ស្រុក​នេះ​ក៏ត្រូវ​បង្ក្រាប​ផងដែរ​ដែលមាន​គំនរ​ឈើ​ប្រមាណ​ជា៤ទៅ ៥ម៉ែត្រគូប ។

ករណី​បង្ក្រាប​ឡាន​ដឹកឈើ​គ្រញូង​ជាប់ផុង​នេះ​ត្រូវបាន​ធ្វើឡើង​កាលពី​វេលា ម៉ោង៣ទៀបភ្លឺ ថ្ងៃ​ទី​០៩​ ខែកញ្ញា ឆ្នាំ២០១១ នៅលើ​កំណាត់​ផ្លូវលំ​ស្ថិត​ក្នុងភូមិ​ចំបក់​ហែរ ឃុំ​កំពង់​ថ្កូវ ស្រុក​ក្រឡាញ់ ខេត្ត​សៀមរាប ដែល​ដឹកនាំ​កម្លាំង​ដោយ​លោក ទី សុវិនថាល់ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តសៀមរាប ។

ក្រុម​សមត្ថកិច្ច​ដែល​ចុះ​ប្រតិបត្តិ​ការណ៍​បានអោយដឹងថា រថយន្ត​ខ្នាត​យក្ស​ដឹកឈើ​គ្រញូង​នេះ ម៉ាក​ហ៊ី​ណូ​ក្បាល​ពណ៌​ខៀវ​ទ្រុង​ពណ៌​ស ពាក់​ស្លាក​លេខ​ពោធិ៍សាត់ 3A-0278 (សង្ស័យ​លេខ​ក្លែងក្លាយ) ។ ក្រុម​សមត្ថកិច្ច​បាន​បន្តថា ក្រៅពី​ចាប់​ឡាន​ដឹកឈើ​គ្រញូង​មួយគ្រឿង​នេះ ក្រុម​សមត្ថកិច្ច​ចំរុះ​បាន​ឈាន ទៅ​វាយ​បំបែក​ទីតាំង​ស្តុក​ឈើ​គ្រញូង​ដ៏​ធំ​មួយ ដែល​ក្រុម​ឈ្មួញ​លាក់ទុក​នៅក្នុង​ដី​លំនៅដ្ឋាន​របស់​ប្រជា ពលរដ្ឋ​នៅក្បែរ​គ្នា​ដែលមាន​ចម្ងាយ​ប្រមាណ​ជាង១គីឡូម៉ែត្រ​ពី​កន្លែង​រថយន្ត​ជាប់ផុង ។ ប្រភពពី​សមត្ថកិច្ច​បា​ន​បន្តថា ឈើ​គ្រញូង​មាន៣គំនរ​ដែល​លាក់​ក្នុង​ទីតាំង​នេះ​ត្រូវគេ​ដឹងថា ទុក​សំរាប់​លើកដាក់​ឡាន​ធុន​ធំ​ដើម្បី​ដឹក​ទៅកាន់​ទីផ្សារ​ឈើ​គ្រញូង តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦​ឆ្ពោះ​ទៅកាន់​ខេត្តបន្ទាយមានជ័យ ។

មន្ត្រី​មេព្រៃ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​សៀមរាប ដែល​ចុះទៅ​ដល់ទី​តាំង​ឡាន​យក្ស​ដឹកឈើ​គ្រញូង ជាប់​ផុង​នេះ​បានឱ្យដឹងថា តាម​ការសន្និដ្ឋាន​ក្រៅផ្លូវការ​ឈើ​គ្រញូង​នៅក្នុង​ឡាន​នេះ មាន​ប្រមាណ​ពី២០ ទៅ៣០ម៉ែត្រគូប ដោយឡែក​ឈើ​គ្រញូង​ដែល​សមត្ថកិច្ច​រកឃើញ​នៅ​កន្លែង​ស្តុក​ទុក​នោះ​មាន​ប្រ​មាណ ពី ៤ទៅ៥ម៉ែត្រគូប។ មន្ត្រី​ដដែល​បន្តថា ដោយសារ​ឡាន​ដឹកឈើ​គ្រញូង​នេះ​ជាប់ផុង​ទៅមុខ​លែងកើត​នោះ សមត្ថកិច្ច​បាន​ជួល​ឡាន​ពីរ​គ្រឿង​ផ្សេងទៀត ដើម្បី​ផ្ទេរ​ឈើ​ទាំងនោះ​ដឹក​យកមក​រក្សាទុក​នៅ​ស្នាក់ការ​មេព្រៃ រីឯ​ឈើ​នៅ​កន្លែង​ស្តុក​ក៏​ត្រូវបាន​សមត្ថកិច្ចរ​ក​គោយន្ត​មក​ដឹក​យកទៅ​រក្សាទុក​ដែរ។

ប្រភព​នៅ​កន្លែង​ឡាន​ជាប់ផុង​បាន​និយាយថា ជា​រៀងរាល់ថ្ងៃ​គេ​ឃើញ​មានឡានតូចៗជា ច្រើន​គ្រឿង​ដែល​គេ​សង្ស័យថា មាន​ដឹកឈើ​គ្រញូង​ចូលទៅ​លាក់ទុក បន្ទាប់មក​ទើប​ឈ្មួញ​យក​ឡានធំ​មក ដឹកជញ្ជូន​ចេញ។ ប្រភព​ដដែល​បន្តថា សកម្មភាព​នេះ​គេ​សង្កេតឃើញថា មាន​ជា​យូរ​មកហើយ​ដោយ​គ្មាន សមត្ថកិច្ច​ណា​ចាប់អារម្មណ៍​ឡើយ ជាក់ស្តែង​ដូចជា​ករណីនេះ​បើ​កុំ​តែ​ឡាន​ជាប់ផុង ម្លេះ​សម​ឡាន​នេះ​ដឹក ជញ្ជូន​ឈើ​គ្រញូង​ទាំងនេះ​ទៅដល់​គោលដៅ​ដោយ​សុវត្ថិភាព​ទៅហើយ។

គួររំលឹកថា កាលពី​ថ្ងៃទី០២ ខែសីហា ២០១១ កន្លងទៅ​នៅក្នុង​ភូមិសាស្ត្រ​ស្រុក​ក្រឡាញ់ ខេត្តសៀម​រាប និង​ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បានកើត​មាន​អំពើ​បាញ់បោះ​មកលើ​មន្ត្រី ចារកិច្ច​អគ្គបញ្ជាការ​បណ្តាលឱ្យ​ខូចខាត​រថយន្ត ខណៈដែល​មន្ត្រី​រូបនោះ ព្យាយាម​តាម​ប្រ​ម៉ាញ់​ឡាន​ដឹក​ឈើ​គ្រញូង​របស់​ក្រុម​ឈ្មួញ។ បើទោះបី​ជាមាន​ករណី​ក្រុម​ឈ្មួញ​បាញ់បោះ​មកលើ​សមត្ថកិច្ច នៅ​ចន្លោះ ខេត្ត​ទាំងពីរ​នេះ​ក៏ដោយ រហូតមកទល់​ពេលនេះ​ក្រុម​សមត្ថកិច្ច​មិនទាន់បាន​ស្វែងរក​ចាប់ខ្លួន​ជនបង្ក​នោះ នៅឡើយ​ទេ មិនតែប៉ុណ្ណោះ​សកម្មភាព​ដឹកឈើ​គ្រញូង​របស់​ក្រុម​ឈ្មួញ​រឹតតែ​បង្កើន​សកម្មភាព​ទ្វេដង។

ប្រភពពី​មន្ត្រីនគរបាល​មូលដ្ឋាន​បាន​និយាយថា នៅវេលា​ម៉ោងជាង៣ទៀបភ្លឺ​គេ​បានទទួល សេចក្តី​រាយការណ៍​មក​ថា មាន​ឡាន​យី​ឌុប​មួយគ្រឿង​ជាប់ផុង​នោះ សមត្ថកិច្ច​ក៏​ទៅ​ត្រួត​ពិនិត្យមើល ពេល​នោះ​ក៏​ឃើញថា ឡាន​នេះ​មាន​ដឹកឈើ​គ្រញូង​ពេញ​តែម្តង ហើយ​គេ​ដាក់​ការុង​ច្រក​អង្កាម​ពីលើ​ដើម្បី បន្លំ​ភ្នែក​សមត្ថកិច្ច ។ ប្រភព​ដដែល​បន្តថា ក្រោយពេល​ឃើញ​មាន​ដូច្នេះ​សមត្ថកិច្ច​ក៏​ទាក់ទង​ទៅ​ជំនាញ មេព្រៃ ដើម្បី​ចាត់ការ​តាមច្បាប់។

តាម​ប្រភព​ដដែល​បន្តថា ប្រសិនបើ​ឡាន​នេះ​ពុំ​ជាប់ផុង​ទេ​ម្លេះ​សម​ឡាន​នេះ​ដឹកឈើ​គ្រញូង ទាំងនោះ​ទៅដល់​គោលដៅ​ដោយ​សុវត្ថិភាព​បាត់ទៅហើយ៕
ហម សំបូរ

ពីគេហទំព័រ៖ កម្ពុជាថ្មី 

No comments:

Post a Comment

yes