Tuesday, September 20, 2011
ជប៉ុន៖ មនុស្ស4សែននាក់ស្នើជម្លៀសចេញមុនព្យុះថ្មីមកដល់
អាជ្ញាធរជប៉ុនកាលពីថ្ងៃទី២០ កញ្ញា បានណែនាំដល់មនុស្សប្រមាណជា៤០០.០០០នាក់ឱ្យចាកចេញពីគេហដ្ឋានមុនការមកដល់នៃព្យុះទីហ្វុងដែលនាំមកនូវភ្លៀងយ៉ាងខ្លាំងបំផុតមួយដែលអាចញ៉ាំងឱ្យមានទឹកជំនន់ធ្ងន់ធ្ងរ និងការបាក់ដីថ្មីៗ។
ការណែនាំនេះត្រូវបានធ្វើដោយសាលាក្រុងណាហ្គោយ៉ា(ភាគកណ្តាលប្រទេស) ក៏ប៉ុន្តែការជម្លៀស ចេញនេះមិនត្រូវបានបង្ខិតបង្ខំឡើយ។ ព្យុះទីហ្វុងឈ្មោះ ROKE ជាព្យុះទី១៥ នាឆ្នាំនេះនៅជប៉ុនកំពុងបោកបក់ ហើយអាចមានល្បឿនរហូតដល់១៤៤គីឡូម៉ែត្រក្នុងមួយម៉ោង។ ព្យុះនេះកាលពីថ្ងៃទី២០ កញ្ញា ស្ថិតនៅភាគនិរតីជប៉ុន ហើយអាចមកដល់កោះសំខាន់ហុនស៊ូនាថ្ងៃទី២១ កញ្ញា រួចវាអាចបោកបក់ពីភាគខាងលិចទៅភាគខាងកើតប៉ះក្រុងតូក្យូដែរ។ នេះជាការព្យាករណ៍របស់ទីភ្នាក់ងារឧតុនិយមជប៉ុន។
ទីភ្នាក់ងារឧតុនិយមនេះបានព្យាករណ៍ពីភ្លៀងធ្លាក់យ៉ាងខ្លាំងមានកំពស់៥០មីល្លីម៉ែត្រក្នុងរយៈពេល១ម៉ោង។ ព្យុះនេះបង្កឱ្យមានភ្លៀងធ្លាក់ខ្លាំងរួចមកហើយក្នុងខេត្តមីយ៉ាហ្សាគីភាគខាងត្បូងប្រទេស។ ក្នុងមួយឆ្នាំៗប្រទេសជប៉ុនទទួលរងការវាយប្រហារដោយព្យុះយ៉ាងតិច១០រវាងពីខែកក្កដា ទៅខែតុលា ហើយកាលពីដើមខែកញ្ញានេះជប៉ុនរងការវាយប្រហារដោយព្យុះឈ្មោះតាឡាស់ TALAS បណ្តាលឱ្យមានភ្លៀងធ្លាក់ខ្លាំង ហើយមនុស្សជិត១០០នាក់ត្រូវស្លាប់ និងបាត់ខ្លួន ពិសេសនៅភាគខាងលិចប្រទេស៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
yes