យុវនារីម្នាក់វ័យ១៩ឆ្នាំ ទំនងជាគិតខ្លីចំពោះអនាគតរបស់ខ្លួនបែរជាដើរផ្សងព្រេងក្នុងការប្រព្រឹត្ដអបាយមុខមិនគប្បីក្នុងសង្គម ដោយបានព្យាយាមបន្លំយកម៉ូតូ១គ្រឿងចេញពីកន្លែងផ្ញើនៅផ្សារសូរិយា ហើយត្រូវសន្ដិសុខចាប់ខ្លួនប្រគល់ឱ្យសមត្ថកិច្ចតែម្ដង ។
ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១៤និង៤០នាទី ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១១ នៅកន្លែងផ្ញើម៉ូតូផ្សារទំនើបសូរិយា ផ្លូវលេខ៦៧ ភូមិទី៤ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ ពីបទលួចម៉ូតូ ។
ជនសង្ស័យឈ្មោះសីលា សុខណា ភេទស្រី អាយុ១៩ឆ្នាំ ជាសិស្ស ស្នាក់នៅផ្ទះ ជួលម្ដុំសំណង់១២ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ។ ចំណែកជនរងគ្រោះម្ចាស់ម៉ូតូឈ្មោះទុយ វិចិត្រ ភេទប្រុស អាយុ១៥ឆ្នាំ ជាសិស្ស ស្នាក់នៅផ្ទះលេខ១៤៩Eo ផ្លូវលេខ១៦៣ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ក្នុងនោះសមត្ថកិច្ចបានដកហូតវត្ថុតាងពីជនសង្ស័យម៉ូតូ១គ្រឿងម៉ាក Scoopy ពណ៌ខ្មៅ លាយក្រហម ឆ្នាំ២០១១ ពាក់ស្លាកលេខ ភ្នំពេញ 1AV-2716 ។
សមត្ថកិច្ចបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុគឺនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១១ ជនរងគ្រោះជាម្ចាស់ម៉ូតូបានធ្វើដំណើរចេញពីវិទ្យាល័យទួលទំពូង មកលេងផ្សារទំនើបសូរិយា ហើយក៏យកម៉ូតូទៅផ្ញើនៅចំណតផ្សារសូរិយា និងទុកសំបុត្រនៅក្រោមបែកម៉ូតូ ថែមទាំងភ្លេចសោនៅជាប់នឹងកែបម៉ូតូ ។ រួចក៏នាំគ្នាឡើងទៅផ្សារសូរិយាជាន់ទី៥ជិះស្គីលេង។ ពេលនោះជនសង្ស័យឃើញម៉ូតូជនរងគ្រោះមានកូនសោជាប់នឹងកែប ផងនោះគិតថាវាជាឱកាសល្អក៏បានហែកសំបុត្រពីម៉ូតូផ្សេងដែលនៅក្បែរនោះកាន់ជាប់នឹងដៃ រួចចាក់សោម៉ូតូនោះជិះចេញទៅកន្លែងហែកសំបុត្រ ពេលនោះសន្ដិសុខក៏បានពិនិត្យសំបុត្រ ឃើញថាលេខកូដខុសគ្នា ហើយកើតការ សង្ស័យក៏ឃាត់ខ្លួនជនសង្ស័យនោះមកទីស្នាក់ការប៉ុស្ដិ៍នគរបាលផ្សារថ្មីទី១តែម្ដង ។
សមត្ថកិច្ចបន្ថែមថា លុះដល់ម៉ោង១៦និង២០នាទីថ្ងៃដដែល ជនរងគ្រោះក៏ចុះមកវិញស្រាប់តែបាត់ម៉ូតូក៏សួរទៅសន្ដិសុខទើបដឹងថាម៉ូតូត្រូវគេលួចហើយខាងសន្ដិសុខប្រាប់ថាម៉ូតូនិងជនសង្ស័យបានបញ្ជូនទៅកាន់ស្នាក់ការប៉ុស្ដិ៍ផ្សារថ្មីទី១ហើយ ។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ៕
ពីគេហទំព័រ៖ នគរវត្ត
ពីគេហទំព័រ៖ នគរវត្ត
No comments:
Post a Comment
yes