សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, September 20, 2011

សម្តេច​ហ៊ុន​សែន ផ្តល់​មេដាយ​ដល់​លោក​ថាក់ស៊ីន និង​អ្នកនយោបាយ​អាស៊ី​


  យ៉ាងហោច​ណាស់​មាន​អ្នក​យោ​បាយ​នៅ​អាស៊ី​ចំនួន ៨ រូប រាប់​ទាំង​លោក​អតីត​នាយករដ្ឋមន្ត្រី​ថៃ ថាក់ស៊ីន និង​អតីតរដ្ឋមន្ត្រី​ការបរទេស​ថៃ ណុប​ផាដ​ន ប៉ា​តា​ម៉ា បាន​ទទួល​នូវ​មេដាយ ឬ​គ្រឿង​ឥស្សរិយយស ដែល​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន​សែន បាន​បំពាក់​ជូន កាលពី​ព្រលប់​ថ្ងៃទី​១៩​កញ្ញា ឆ្នាំ​២០១១​។​

​ឯកសារ ដែល​ផ្សព្វផ្សាយ​ដោយ​គណៈរដ្ឋមន្ត្រី​របស់​រាជរដ្ឋាភិបាល​កម្ពុជា បង្ហាញថា ឥស្សរជន​នយោបាយ​អាស៊ី ៣ រូប បាន​ទទួល​គ្រឿង​ឥស្សរិយយស របស់​ចលនា​អ្នកប្រជាធិបតេយ្យ​និយម​កណ្តាល​អន្តរជាតិ​អាស៊ី​ប៉ាស៊ីហ្វិក ហៅ​កាត់​ថា CAPDI  សម្រាប់​ការបម្រើ​បុព្វហេតុ​មនុស្សជាតិ​។ អ្នកនយោបាយ​ទាំង ៣​រូបនោះ រួមមាន​៖ ទី​១-​លោក Reynato S. Puno កើត​នៅ​ឆ្នាំ​១៩៤០ ជា​អតីត​ប្រធាន​តុលាការ​កំពូល​របស់​ប្រទេស​ហ្វីលីពីន​។ ទី​២-​លោក Noppadon Pattama កើត​នៅ​ឆ្នាំ​១៩៦១ ជា​អតីតរដ្ឋមន្ត្រី​ការបរទេស​ប្រទេស​ថៃ និង​ទី​៣-​លោក Thaksin Shinawatra កើត​នៅ​ឆ្នាំ​១៩៤៩ ជា​អតីត​នាយករដ្ឋមន្ត្រី​ថៃ​។​

​ដោយឡែក​ឥស្សរជន​ចំនួន ៥ រូប ដែលជា​អ្នក​នយោបាយ​នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី ហ្វីលីពីន និង​ប្រទេស​ប៉ា​គី​ស្ថាន ត្រូវបាន​សម្តេច​ហ៊ុន​សែន បំពាក់​គ្រឿង​ឥស្សរិយយស ដែល​ផ្តល់ឲ្យ​ដោយ​រាជ រដ្ឋាភិបាល​កម្ពុជា​។ 

​ការសម្រេច​ផ្តល់​នូវ​គ្រឿង​ឥស្សរិយយស ដល់​អ្នកនយោបាយ​ទាំងនោះ ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា​លើកឡើងថា ដោយសារ​តែ​អ្នកនយោបាយ​ដ៏​ឆ្នើម​ទាំងនោះ ក្រៅតែពី​ការបង្កើន​ទំនាក់ទំនង​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​របស់​បណ្តា​អ្នកនយោបាយ​នោះ គឺ​អ្នកនយោបាយ​នៅ​អាស៊ី​នោះ បាន​ជួយ​ឲ្យមាន​ការទទួលស្គាល់​កិច្ចខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា ក្នុង​ការលើកស្ទួយ​សន្តិ​ភាព សន្តិ សុខ ស្ថេរភាព​នយោបាយ និង​វិបុលភាព​សេដ្ឋកិច្ច និង​សង្គម ប្រកប​ដោយ​ចិរភាព ក៏ដូចជា លើក ស្ទួយ​មុខមាត់​របស់​កម្ពុជា​នៅលើ​ឆាក​អន្តរជាតិ​។​

​តាម​ឯកសារ ដែល​បាន​ផ្សព្វផ្សាយ រាជរដ្ឋាភិបាល​កម្ពុជា សម្រេច​បំពាក់​គ្រឿង​ឥស្សរិយយស មុនី​សា​រាភ័ណ្ឌ ថ្នាក់​មហាសេនា ជូន​លោក Iskandar Mandji កើត​នៅ​ឆ្នាំ​១៩៥៥ ជា​អតីត​សមាជិក​រដ្ឋសភា ប្រទេស​ឥណ្ឌូនេស៊ី​។ ចំណែក​លោក Yasril Ananta Baharuddin កើត​នៅ​ឆ្នាំ​១៩៥៦ ជា​អតីត​សមាជិក​រដ្ឋសភា ឥណ្ឌូនេស៊ី ក៏​ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា សម្រេច​បំពាក់​គ្រឿង​ឥស្សរិយយស មុនី​សា​រាភ័ណ្ឌ ថ្នាក់ មហាសេនា​។ 

​រាជរដ្ឋាភិបាល​កម្ពុជា ក៏បាន​សម្រេច​បំពាក់​គ្រឿង​ឥស្សរិយយស សហ​មេត្រី ថ្នាក់​មហាសេនា ជូន​លោក Mushahid Hussain Sayed អ្នកនយោបាយ​ក្នុង​ប្រទេស​ប៉ា​គី​ស្ថាន ដែលជា​អ្នក​នយោបាយ​ដ៏​ឆ្នើម​នៅ​អាស៊ី និង​ពិភព​មូស្លីម​។ ក្នុងនោះ អតីត​ប្រធាន​រដ្ឋសភា​ហ្វីលីពីន លោក Jose de Venecia ក៏​ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា សម្រេច​បំពាក់​គ្រឿង​ឥស្សរិយយស សហ​មេត្រី ថ្នាក់​មហា​សេរី​វឌ្ឍន៍​។ រីឯ​លោក Muhammad Jusuf Kalla អតីត​អនុ​ប្រធានាធិបតី ឥណ្ឌូនេស៊ី ក៏​ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា សម្រេច​បំពាក់​គ្រឿង​ឥស្សរិយយស សហ​មេត្រី ថ្នាក់​មហា​សេរី​វឌ្ឍន៍ ផងដែរ​។​

​សូមបញ្ជាក់​ថា ឥស្សរជន​នយោបាយ​ទាំង ៨ រូប ដែល​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បំពាក់​គ្រឿង​ឥស្សរិយយស​ទាំងនោះ គឺជា​អ្នកនយោបាយ​ជើងចាស់ ដែល​ស្ថិត​នៅក្នុង​ក្របខណ្ឌ​នៃ​ចលនា​អ្នកប្រជាធិបតេយ្យ​និយម​កណ្តាល​អន្តរជាតិ អាស៊ី​ប៉ាស៊ីហ្វិក CAPDI ។ ក្រុម​អ្នកនយោបាយ​ទាំង នោះ ដែល​រួម​ទាំង​លោក​ថាក់ស៊ីន បាន​ចូលរួម​ក្នុង​វេទិកា​សេដ្ឋកិច្ច​អាស៊ី និង​ពិភពលោក នៅ​ទីស្តី ការគណៈរដ្ឋមន្ត្រី នៃ​រាជរដ្ឋាភិបាល​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី​១៩​កញ្ញា ឆ្នាំ​២០១១៕


ពីCEN

No comments:

Post a Comment

yes