សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, September 19, 2011

មន្ត្រី​ថៃ​ក្នុង​រដ្ឋាភិបាល​ថ្មី​ នៅ​តែ​អះអាង​ថា តំបន់ ៤.៦ គ.ម ក្រឡា ជា​របស់​ថៃ



មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​ថ្មី​របស់​ថៃ​នៅ​តែ​អះអាង​ថា តំបន់​ជម្លោះ ៤.៦ គីឡូ​ម៉ែត្រ​ក្រឡា ដែល​ភាគី​ថៃ​បាន​លើក​ឡើង​នោះ ជា​កម្មសិទ្ធិ​របស់​ថៃ។

ការ​លើក​ឡើង​ជា​ថ្មី​ម្ដង​ទៀត​នេះ គឺ​នៅ​ក្រោយ​ពេល នាយក​រដ្ឋមន្ត្រី​ថៃ​ថ្មី អ្នកស្រី យីង ឡាក់ បាន​មក​ទស្សនកិច្ច​កម្ពុជា​ជា​ផ្លូវ​ការ​លើក​ដំបូង​របស់​អ្នកស្រី ហើយ​ក៏​បាន​យល់ព្រម​ដោះស្រាយ​បញ្ហា​ជម្លោះ​ខ្មែរ ថៃ ដោយ​សន្តិវិធី។

រដ្ឋាភិបាល​កម្ពុជា​នៅ​ថ្ងៃ​ទី ១៨ កញ្ញា បាន​ប្រកាស​ថា កម្ពុជា​នៅ​តែ​រក្សា​ជំហរ​ដោះស្រាយ​បញ្ហា​ព្រំដែន តំបន់​ក្បែរ​ប្រាសាទ​ព្រះវិហារ​ដោយ​អនុវត្ត​ទៅ​តាម​សេចក្ដី​សម្រេច​របស់​តុលាការ​យុត្តិធម៌​អន្តរ​ជាតិ ហើយ​កម្ពុជា មិន​ចាប់​អារម្មណ៍​ទៅ​នឹង​ការ​លើក​ឡើង​របស់​ភាគី​ថៃ​ស្ដី​ពី​តំបន់ ៤.៦ គីឡូ​ម៉ែត្រ​ក្រឡា ថា​ជា​កម្មសិទ្ធិ​របស់​ថៃ​នោះ​ឡើយ។
រដ្ឋាភិបាល​កម្ពុជា បាន​លើក​ឡើង​អំពី​ជំហរ​របស់​ខ្លួន​ដូច្នេះ នៅ​បន្ទាប់​ពី​រដ្ឋមន្ត្រី​ការពារ​ជាតិ​ថៃ​ជា​រដ្ឋមន្ត្រី​ទើប​តែង​តាំង ដោយ​រដ្ឋាភិបាល​ថ្មី ដែល​ភាគី​កម្ពុជា​រំពឹង​ពី​មុន​មក​ថា នឹង​អាច​ដោះស្រាយ​បញ្ហា​ព្រំដែន​ខ្មែរ-ថៃ បាន​ងាយ​ជាង​រដ្ឋាភិបាល​ចាស់​នោះ បែរ​ជា​គេ​បញ្ជាក់​ថា តំបន់ ៤.៦ ជា​កម្មសិទ្ធិ​របស់​ថៃ​ដូច​នឹង​រដ្ឋាភិបាល​ចាស់ ដែល​ដឹកនាំ​ដោយ​លោក អាភិស៊ីត ដែរ។
លោក ផៃ ស៊ីផាន ជា​មន្ត្រី​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី​កម្ពុជា។ លោក​មាន​ប្រសាសន៍​ថា លោក​មិន​ចាប់​អារម្មណ៍​ទៅ​នឹង​ការ​លើក​ឡើង​ណា​មួយ​របស់​មន្ត្រី​ជាន់​ខ្ពស់​ថៃ ទាក់​ទង​នឹង​បញ្ហា​ព្រំដែន​យ៉ាង​ណា​នោះ​ទេ។ ប៉ុន្តែ លោក​បញ្ជាក់​ថា បញ្ហា​សំខាន់ គឺ​កម្ពុជា​គោរព​ទៅ​តាម​ការ​បក​ស្រាយ​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ។
កាសែត​បាងកក​ប៉ុស្តិ៍ (Bangkok Post) របស់​ថៃ បាន​ស្រង់​សម្ដី​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ថៃ លោក យុត្ថាសាក់ សាស៊ីប្រ៉ាប៉ា (Yuthasak Saisiprapa) ដែល​លោក​បាន​អះអាង​ថា តំបន់ ៤.៦ គីឡូ​ម៉ែត្រ​ក្រឡា ក្បែរ​តំបន់​ប្រាសាទ​ព្រះវិហារ​ជា​កម្មសិទ្ធិ​របស់​ថៃ គឺ​យោង​លើ​ការ​បញ្ជាក់​របស់​នាយក​រដ្ឋមន្ត្រី​ថៃ​អ្នកស្រី យីង ឡាក់ បាន​សរសេរ​ដាក់​នៅ​លើ​បណ្ដាញ​សង្គម ឬ​ហៅ​ថា Facebook។
ទោះ​បី​ជា​យ៉ាង​ណា​ក្ដី អ្នកស្រី យីង ឡាក់ (Yingluck Shinawatra) បាន​បញ្ជាក់​ថា កន្លង​មក​កម្ពុជា​បាន​អះអាង​ថា តំបន់ ៤.៦ នោះ​ជា​ដី​របស់​ខ្លួន។ ដូច្នេះ រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​នឹង​ដោះស្រាយ​បញ្ហា​ជម្លោះ​នៅ​តំបន់​នេះ​តាម​រយៈ​ការ​ទូត មាន​ន័យ​ថា វា​អាស្រ័យ​លើ​ភស្តុតាង​ជាក់​ស្ដែង ហើយ​ស្ថិត​នៅ​ក្រោម​ច្បាប់​អន្តរជាតិ ដោយ​ហេតុ​ថា រដ្ឋាភិបាល​ចង់​រក្សា​ទំនាក់​ល្អ​ជាមួយ​ប្រទេស​ជិត​ខាង។
ទាក់ទង​ទៅ​នឹង​ការ​លើក​ឡើង ជា​ថ្មី​របស់​រដ្ឋមន្ត្រី​ការពារ​ជាតិ​ថៃ​ពី​បញ្ហា​តំបន់ ៤.៦ គីឡូម៉ែត្រ​ក្រឡា ដែល​គេ​មើល​ឃើញ​ថា តំបន់​នេះ​ជា​ចំណុច​មួយ ដែល​ធ្វើ​ភាគី​កម្ពុជា​ថៃ បាន​បង្ក​ជម្លោះ​កាន់​តែ​ធំ​រហូត​ដល់​ផ្ទុះ​អាវុធ​ដាក់​គ្នា​នា​ពេល​កន្លង​មក​នោះ​ក្ដី។ ប៉ុន្តែ កាល​ពី​ថ្ងៃ​ទី ១៥ កញ្ញា នាយក​រដ្ឋមន្ត្រី​ថៃ អ្នកស្រី យីង ឡាក់ ស៊ីណាវ៉ាត្រ និង​នាយក​រដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន សែន បាន​ឯកភាព​គ្នា​តាម​ដីកា​បង្គាប់​របស់​តុលាការ​យុត្តិធម៌​អន្តរ​ជាតិ ថ្ងៃ​ទី ១៨ ខែ​កក្កដា ឆ្នាំ ២០១១ និង​ដោះស្រាយ​បញ្ហា​សំខាន់ៗ មួយ​ចំនួន​ទៀត។
ការ​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​លើក​ទី​១ របស់​អ្នកស្រី យីង ឡាក់ ក្រោយ​ពេល​អ្នកស្រី​បាន​ជាប់​ជា​នាយក​រដ្ឋមន្ត្រី​ថ្មី​នោះ ក្រុម​អ្នក​វិភាគ​នយោបាយ​នៅ​កម្ពុជា បាន​ព្យាករណ៍​ថា វា​មាន​ផល​វិជ្ជមាន​ច្រើន​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ជម្លោះ​ព្រំដែន​ខ្មែរ ថៃ ដែល​អតីត​រដ្ឋាភិបាល​ថៃ ដឹកនាំ​ដោយ​លោក អាភិស៊ីត បាន​បរាជ័យ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ជម្លោះ​ព្រំដែន​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ជា​ច្រើន​លើក​មក​នោះ។
បញ្ហា​ជម្លោះ​ព្រំដែន​ខ្មែរ​ថៃ តំបន់​ប្រាសាទ​ព្រះវិហារ ដែល​បាន​កើត​មាន​តាំង​ពី​ឆ្នាំ ២០០៨ មក នៅ​មិន​ទាន់​ដោះ​ស្រាយ​បញ្ចប់​ជម្លោះ​នេះ​នៅ​ឡើយ​ទេ ហើយ​គេ​នឹង​រង់ចាំ​មើល​ការ​ដោះស្រាយ​បញ្ហា​នេះ​រវាង​រដ្ឋាភិបាល​ថៃ​ថ្មី និង​រដ្ឋាភិបាល​កម្ពុជា ថា​តើ​ភាគី​ថៃ​នឹង​គោរព​តាម​ការ​សម្រេច​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ លើ​ការ​បកស្រាយ​ជា​ថ្មី​របស់​តុលាការ​យុត្តិធម៌​មួយ​នេះ​ដែរ​ឬ​ទេ​នៅ​ពេល​ខាង​មុខ៕

ពីវិទ្យុ អាស៊ីសេរី

No comments:

Post a Comment

yes