សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, September 16, 2011

កម្មករ​នៅ​រោង​ច្រក​Zhen Yun​៤០០​នាក់​ធ្វើ​កូដ​កម្ម

 កម្មករ​ជិត ៤០០ នាក់​ នៅ​រោង​ចក្រ Zhen Yun ដែល​មាន​ទី​តាំង​ក្នុង​ខណ្ឌ​ឫស្សី​កែវ ​បាន​​នាំ​គ្នា​បន្ត​ធ្វើ​កូដ​កម្ម​ កាល​ពី​​ម្សិល​មិញ​ ដោយ​សារ​​មិន​បាន​ទទួល​ប្រាក់​បន្ថែម​ប្រចាំ​ឆ្នាំ និង​​ប្រាក់​​បន្ថែម​​ម៉ោង​សម​រម្យ។ កម្មករ​ទាំង​នោះ​ ក៏​បាន​អះ​អាង​ដែរ​ថា ពួក​គេ​រង​នូវ​ការ​ធ្វើ​បាប​ ពី​សំណាក់​ក្រុម​អ្នក​គ្រប់​គ្រង​ផង​ដែរ។
លោក ហេង សារ៉ា តំណាង​កម្មករ​ ដែល​កំពុង​ធ្វើ​កូដកម្ម​ បាន​ថ្លែង​ថា កម្មករ​ ៤០០ នាក់​ នឹង​មិន​ត្រឡប់​ទៅ​ធ្វើ​ការ​វិញ​ទេ ប្រសិ​ន​បើ​ការ​ទាម​ទារ​របស់​ពួក​គេ​ ពុំ​បាន​សម្រេច​។ លោក​បន្ត​ថា៖​«យើង​ធ្វើ​ការ​ទាម​ទារ ១២ ចំណុច​ ក្នុង​នោះ​មាន​​ការ​ផ្តល់​ប្រាក់​បន្ថែម​ប្រចាំ​ឆ្នាំ​និង​ផ្តល់​ប្រាក់​ម៉ោង ​បន្ថែម​​​ឲ្យ​បាន​សម​រម្យ​»។
កម្មការិនី​​ សួង គន្ធា បាន​​បញ្ជា​ក់​ថា៖​«ខ្ញុំ​​ធ្វើ​ការ​លើស​ម៉ោង​មួយ​ថ្ងៃ​មួយ​ម៉ោង​ ប្រាំ​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍ តែ​រោង​ចក្រ​ឲ្យ​ខ្ញុំ​តែ ២៥០០ រៀល​ប៉ុណ្ណោះ ​ក្នុង​មួយ​ម៉ោង​។ យើង​គួរ​ទទួល​បាន​មួយ​ម៉ឺន​រៀល ​សម្រាប់​​ធ្វើ​ការ​ម៉ោង​បន្ថែម​មួយ​ម៉ោង»។
ខណៈ​ពេល​កម្មករ​ ​កំពុង​ធ្វើ​កូដកម្ម​កាល​ពី​ថ្ងៃ​ម្សិល​មិញ មន្ត្រី​សហ​ជីព​សេរី​កម្មករ​ម្នាក់ ​បាន​ជួប​ជាមួយ​តំណាង​មក​ពី​រោង​ចក្រ និង​មន្ត្រី​ក្រសួង​ការងារ។ យ៉ាង​ណា​ក្តី ពុំ​មាន​ការ​ព្រម​ព្រៀង​គ្នា​ណា​មួយ​ត្រូវ​បាន​ធ្វើ​ឡើង​ទេ​។
លោក ម៉ាន់ សេងហាក់ មន្ត្រី សហ​ជីព​សេរី​កម្មករ បាន​និយាយ​ថា​ នេះ​មិន​មែន​លើក​ទី​មួយ​ទេ​ ដែល​ភាគី​ទាំងបី​​ បាន​ចរចា​គ្នា។ លោក​បន្ត​ថា៖ ​«ពួក​គេ​តែង​តែ​និយាយ​ថា ពួក​គេ​យល់​ព្រម​ តាម​​ការ​ទាម​ទារ​របស់​យើង តែ​ពួក​គេ​មិន​ដែល​អនុវត្ត​តាម​ទេ»។
កម្មករ​បាន​ព្រមាន​ថា ពួក​គេ​នឹង​បន្ត​ធ្វើ​កូដកម្ម​ ​រហូត​ដល់​​មាន​ដំណោះ​ស្រាយ​សម​រម្យ។
តំណាង​រោង​ចក្រ​ម្នាក់​ ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ បាន​បដិសេធ​មិន​ផ្តល់​ព័ត៌មាន​ទាក់​ទង​នឹង​ការ​ចរ​ចា​​នោះ​ឡើយ។ នាង​និយាយ​ថា៖​«វា​ជា​ការងារ​របស់​ក្រុម​ហ៊ុន។ ខ្ញុំ​មិន​អាច​ប្រាប់​​អ្នក​ព័ត៌មាន​បាន​ទេ»។
លោកព្រហ្ម វាសនា អនុ​ប្រធា​ន​នាយក​ដ្ឋាន​វិវាទ​ការងារ​នៃ​ក្រសួង​ការ​ងារ ​បាន​ថ្លែង​ថា ភាគី​ទាំង​បី​ គ្រោង​នឹង​ជួប​គ្នា​ជា​ថ្មី​ នា​ថ្ងៃ​សុក្រ​នេះ៕ CR

ពីគេហទំព័រ៖ ភ្នំពេញប៉ុស្តិ៏

No comments:

Post a Comment

yes