សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, October 25, 2011

ទាហានសៀមបាញ់អ្នកឡើងភ្នំដងរែកស្លាប់ម្នាក់ របួស4នាក់


 ទាហាន​​​សៀមបាន​​​បាញ់​​​ពលរដ្ឋ​​​ខ្មែរ​ស្លាប់​​ម្នាក់​និង​​៤​នាក់​​ផ្សេងទៀត​​របួស ​ខណៈ​​ដែល​ពួកគេ​​ឡើងភ្នំ​ដងរែក​​​ស៊ី​ឈ្នួល​​​កាប់និង​អូស​​ឈើ​គ្រញូង​​ ​កាលពី​​រសៀល​​​ថ្ងៃទី​២៣ តុលា ។​​ អ្នក​​ដែល​​ត្រូវ​បាញ់​ស្លាប់​​​​ឈ្មោះ​​ស៊ី បឿន ​ភេទ​ប្រុស អាយុ​​៣០ឆ្នាំ​ ​រីឯអ្នក​រង​របួស​​​៤​នាក់​​១-​ឈ្មោះ​​លី ប៊ី ភេទ​ប្រុសអាយុ​​៣១ឆ្នាំ រងរបួស​កំភួន​ដៃខាង​​ស្តាំ និង​ស្មា​​ខាង​ឆ្វេង ២-​ឈ្មោះ​​ជិន មឿន ​ភេទ​ប្រុស អាយុ​​៣០​ឆ្នាំ​ រង​របួស​​ភ្លៅ​​​​ខាង​ឆ្វេង​​ និង​​ស្មា​ខាង​ឆ្វេង​​ ​៣-​​ឈ្មោះ​ឡាច រ៉ា ភេទ​ប្រុស អាយុ​​​៣៥ឆ្នាំ របួស​ភ្លៅ​ខាង​ស្តាំ ​និង​​៤-​ឈ្មោះ​​សែន ចាន់ ភេទប្រុស អាយុ​៣២ឆ្នាំ រងរបួស​កំភួន​ជើង​។  ទាំងអ្នក​ស្លាប់​និង​របួស​​៣​នាក់​​​រស់នៅ​​​ស្រុក​បារាយណ៍​ ខេត្ត​កំពង់​ធំ និងអ្នករបួស​ម្នាក់​​​​​រស់​នៅ​​ស្រុក​​ត្រពាំង​ប្រាសាទ​ ខេត្ត​​​ឧត្តរ​មាន​ជ័យ​ ។


 ប្រជា​ពលរដ្ឋ​​ដែល​រត់​រួច​​ពីការ​​បាញ់​ប្រហារ​​ពីសំណាក់​​ទាហានសៀម​បាន​​រៀបរាប់​ឱ្យ​កោះសន្តិភាព​​ដឹងថា ​មុនពេល​​កើត​ហេតុ​​គឺក្រុម​ពួកគេ​មានគ្នា​​ចំនួន​​១៦​នាក់ ត្រូវ​បាន​ឈ្មួញ​​ជួល​ឱ្យ​​ឡើង​ភ្នំ​​ដង​រែក​​​ដើម្បី​​អូសឈើ​និង​កាប់​ឈើ​គ្រញូង​​​ឱ្យពួក​គេ​​ដោយ​​ឱ្យ​តម្លៃ​​​ចាប់​ពី​​១.៥០០​​​ទៅ​២.០០០​ដុល្លារ​អាមេរិក ហើយ​ក្រុមឈ្មួញ​​បាន​ចាត់​​ឱ្យ​មេការ​ដែលធ្លាប់​​ស្គាល់ផ្លូវ​និង​ភូមិ​សាស្ត្រ​​នាំពួក​ចូល​​ទៅ​ចំណុច​ភូមិ​សំរោង​ ឃុំ​​​បាក់​ដង ស្រុក​​ឃុន​ហាន ខេត្ត​​​ស៊ីសាកេត ស្ថិត​​ក្នុង​ដី​​ប្រទេស​ថៃ​។ ប្រជា​ពលរដ្ឋ​​ទាំង​​នេះ​បាន​បញ្ជាក់​ថា ពេល​​កំពុង​តែអូស​និង​​កាប់​ឈើ​​គ្រញូង​​​នៅ​វេលា​ម៉ោង​៣​រសៀល​​ថ្ងៃទី​២៣តុលា ​ស្រាប់​តែ​​ក្រុម​ទាហាន​សៀមមក​​ដល់​​​​បាញ់​​​ស្រោច​​ជា ច្រើន​​គ្រាប់​​មកលើ​ បណ្តាល​ឱ្យ​​​ម្នាក់​​ស្លាប់​បាត់បង់ជីវិត​​នៅនឹង​កន្លែង​កើត​ហេតុ​​​ ចំណែក​​៤នាក់​ទៀត​​រងរបួស​​​ធ្ងន់ និង​ស្រាល​​បាន​​​រត់​​រួចទាំង​​​ត្រដាប​​ត្រដួស​​ និង​ត្រូវគេ​នាំ​​យក ​ទៅសង្គ្រោះ​​​នៅ​មន្ទីរ​ពេទ្យ​​​ខេត្ត​​សៀម​រាប​ទាំងយប់​ ។


 លោក​វណ្ណ កុសល អភិបាល​​​​ស្រុក​​ត្រពាំង​ប្រាសាទ​​បាន​ឱ្យ​កោះ​សន្តិភាព​ដឹងថា រឿង​ទាហាន​​​សៀមបាញ់​​ប្រជា​ពលរដ្ឋ​​កម្ពុជា​​នេះ មិន​​មែន​​ជាលើក​ទី១​​ហើយ​ជារឿង​យូរ​ឆ្នាំមក​ហើយ​ បើគិត​ពីអ្នក​​​​ស្លាប់​​វិញ​គឺ​ច្រើន​នាក់ ឯរង​របួស​ធ្ងន់​ស្រាល​រាប់​​​រយ​នាក់​ និង​ចាប់​ខ្លួន​​ក៏​រាប់​រយ​នាក់​ ត្រូវ​គេ​​នាំយក​ទៅ​ដាក់​ពន្ធ​នាគារ​ក្នុង​ប្រទេស   ថៃ​​ ។ លោក​អភិបាល​​​ស្រុក​​បាន​បញ្ជាក់​​ថា កន្លង​មក​គឺ​​អាជ្ញាធរ​​ស្រុក​ត្រពាំង​​ប្រាសាទ​តែងតែ​​យក​ចិត្ត​ទុក​ដាក់​​​​ចំណាយ​ថវិកា​ចុះ​ធ្វើ​ការ​ផ្សព្វផ្សាយ​​​ដល់​ប្រជា​ពល​រដ្ឋ​ក្នុងភូមិ​-ឃុំ​និង​​​​​ប្រជា​ពលរដ្ឋ​ចំណាក​ស្រុក​​មកពីតាម​បណ្តា​ខេត្ត​-​ក្រុង​ផ្សេងៗ ព្រមទាំង​បាន​​​ទប់​​ស្កាត់​​​និង​ឃាត់​ខ្លួន​នាំយក​មក​អប់រំ​ ហើយ​ដោះលែង​​​ឱ្យទៅ​​ជួបជុំ​​ប្រពន្ធកូន​​​វិញ​ជា​​ច្រើន​​ លើក​ច្រើន​សា​។ ទោះបី​ជា​យ៉ាង​នេះក្តី​​ ហេតុការណ៍​​នេះ​​នៅតែ​កើត​មាន​ដដែល ។ ជាក់​ស្តែង​​វេលា​ម៉ោង​​​​៣​រសៀល​​​​ថ្ងៃទី​២៣តុលា ​កន្លងទៅ​​នេះ ​មាន​ប្រជា​ពលរដ្ឋ​មួយ​ក្រុម​​​បាន​​ឡើង​​ទៅភ្នំដងរែក​​ ស្ថិត​នៅចំណុច​​​ផែនទី​​លេខ​៣៥/៨៩​​ ក្នុង​ភូមិ​សាស្ត្រ​ភូមិ​សំរោង ឃុំ​បាក់​​ដង ស្រុក​​​​ឃុន​​ហាន ខេត្ត​ស៊ីសាកេត ​ប្រទេសថៃ នៅ​​ទល់​មុខ​​ភូមិ​អភិវឌ្ឍ​ន៍ឃុំ​​អូរស្វាយ​ ស្រុក​​ត្រពាំង​​​ប្រាសាទ​ ​ក៏​ត្រូវ​ក្រុម​​​ទាហាន​​សៀម​​បាញ់​​​​ស្លាប់​បាត់បង់ជីវិត​ម្នាក់​ ​នៅកន្លែង​​​កើត​​ហេតុ។ ​រីឯ​មនុស្ស​​​​​ចំនួន​​៤នាក់​ទៀត​​រងរបួស​ធ្ងន់​​​ស្រាល​បាន​នាំយក​ទៅសង្គ្រោះ​នៅ​មន្ទីរពេទ្យ​​ខេត្ត​សៀម​  រាប​ ។ ​ចំណែក​​អ្នក​ឯទៀត​បាន​​រត់​រួច ។


 ហេតុការណ៍​​​​ថ្មីនេះ បាន​កើត​ឡើង​៤​​ថ្ងៃ​ប៉ុណ្ណោះ ​​បន្ទាប់​ពី​​សព​ពលរដ្ឋ​ខ្មែរ​៤​នាក់​​ត្រូវ​បាន​​​​ភាគី​​សៀម​​ប្រគល់​ឱ្យ​ក្រុមគ្រួសារ​វិញ តាម​ច្រក​ទ្វារ​ព្រំដែន​​ជាំសាង៉ាំ ។ ទោះបីជាបែបណា អ្វី​ដែល​​​នៅពីក្រោយ​​ខ្នង​ប្រជា​ពលរដ្ឋ​ទាំងនេះ គឺពួក​ឈ្មួញ​​ហាក់​ដូចជា​មិន​អាច​​​ទប់​ស្កាត់​​​បានសោះ​ ក្រៅតែពី​​ជួល​មនុស្ស​​ឡើង​ភ្នំ​កាប់​និង​អូស​ឈើ​គ្រញូង​ ហើយ​ត្រូវទាហាន​​​សៀម​បាញ់​សម្លាប់​​ជាបន្ត​បន្ទាប់​ ។


 កាល​ពី​​ពេល​កន្លង​​មក​ថ្មីៗ​នេះ អាជ្ញា​ធរ​​ស្រុក​​ត្រពាំង​ប្រាសាទ ​បាន​ទប់​ស្កាត់​​ប្រជា​ពល​រដ្ឋ​​ចំនួន​​៦៦​នាក់ ស្ថិត​​ក្នុង​ក្រុម​ផ្សេងៗ​គ្នា​ជា​ច្រើន​​​ក្រុម​​ដែល​បំរុង​ឡើង​ភ្នំ​​សីុ​ឈ្នួល​​​កាប់ និង​​អូស​​ឈើ​​គ្រញូង ។ ទោះ​បីជា​យា៉ងណា​ក្តី ​នៅ​តែមាន​អ្នក​លួច​ប្រព្រឹត្ត​បែប​នោះ ​ហើយ​ទទួល​រង​គ្រោះ​ថ្នាក់​ដោយ​ទាហាន​​សៀម​បាញ់​​ទាល់តែ​បាន​៕








ពីគេហទំព័រ៖ កោះសន្តិភាព

No comments:

Post a Comment

yes