សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, October 5, 2011

បក្ស​ប្រឆាំង​គ្រោង​ប្ដឹង​​ជំទាស់​នឹង​ការ​​​ឲ្យ​វៀតណាម​ចុះ​ឈ្មោះ​បោះ​ឆ្នោត

សហគមន៍​វៀតណាម ជួបជុំ​នៅ​ក្នុង​ពិធី​ផ្សព្វផ្សាយ​ម្ហូប​បួស
 នា​កោះពេជ្រ រាជធានី​ភ្នំពេញ កាល​ពី​អំឡុង​ខែ​តុលា ឆ្នាំ ​២០១០ ។
 RFA/Quoc Viet

 គណបក្ស សម រង្ស៊ី នឹង​ធ្វើ​ពាក្យ​បណ្ដឹង​ដាក់​ទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​នៅ​ក្រោយ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត នៅ​ថ្ងៃ​ទី​១៥ ខែ​តុលា ឆ្នាំ​២០១១។ 

 មន្ត្រី​បក្ស​ប្រឆាំង​បាន​ចោទ​ថា នៅ​ក្នុង​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ មាន​ជន​ជាតិ​វៀតណាម ជា​ច្រើន​នាក់​បាន​នាំ​គ្នា​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត។ ជនជាតិ​វៀតណាម ទាំង​នោះ​មាន​សៀវភៅ​គ្រួសារ និង​មាន​អត្តសញ្ញាណប័ណ្ណ ប៉ុន្តែ​ឯកសារ​ដែល​ជនជាតិ​វៀតណាម ប្រើប្រាស់​នោះ មាន​ភាព​មិន​ប្រក្រតី និង​ពុំ​ត្រឹមត្រូវ​តាម​ច្បាប់​នោះ​ឡើយ។

លោក នៅ ផល្លា ជា​ភ្នាក់ងារ​សង្កេត​ការណ៍ និង​ជា​អនុ​ប្រធាន​គណបក្ស សម រង្ស៊ី ប្រចាំ​ក្រុង​ប៉ោយប៉ែត។ លោក​បាន​ចោទ​ថា មាន​ជនជាតិ​វៀតណាម ខ្លះ​និយាយ​ភាសា​ខ្មែរ​មិន​ច្បាស់​ផង គឺ​ពួកគេ​គ្រាន់​តែ​សំអាង​លើ​សៀវភៅ​គ្រួសារ និង​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ។ ចំណែក​ឯ​ខាង​អាជ្ញាធរ​គេ​ចេះ​តែ​ធ្វើ​ការ​សម្រួល​ឲ្យ​ជនជាតិ​បរទេស​ទាំង​នោះ​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត។ ក្រុម​អាជ្ញាធរ​អះអាង​ថា ជន​ជាតិ​វៀតណាម ទាំង​នោះ​មាន​សញ្ជាតិ​ខ្មែរ​ស្រប​ច្បាប់។

លោក នៅ ផល្លា មាន​ប្រសាសន៍​ទៀត​ថា ៖ «អ៊ីចឹង​ច្បាប់​សញ្ជាតិ តើ​យើង​យក​សម្គាល់​អ្វី​ដែល​ហៅ​ថា សញ្ជាតិ​ខ្មែរ? ហើយ​គេ​មាន​អត្តសញ្ញាណប័ណ្ណ គេ​ឃុបឃិត​គណបក្ស​ប្រជាជន​ហ្នឹង ធ្វើ​ឲ្យ​គ្រប់ៗ​គ្នា វៀតណាម​មក​នៅ​ស្រុក​ខ្មែរ។ គេ​មិន​ទាន់​បាន​បំពេញ​កាតព្វកិច្ច​ជា​ពលរដ្ឋ​ខ្មែរ​ស្រប​ច្បាប់ ដែល​បាន​បង់​ប្រាក់​ជូន​ដល់​ជាតិ​ខ្មែរ​ពី ២៥​លាន ទៅ ៣៥​លាន​រៀល អា​ហ្នឹង​បាន​ចូល​ជា​សញ្ជាតិ​ខ្មែរ​បាន។ អ៊ីចឹង​ពួក​យួន​ទាំង​អស់​ហ្នឹង​ដែល​ចូល​មក​នៅ​ស្រុក​ខ្មែរ ខ្លះ​ខាត់​សារ៉ា​ស្បែក​ជើង ខ្លះ​លក់​អេតចាយ មុខ​របរ​ផ្សេង តើ​ពួកគេ​បាន​បំពេញ​កាតព្វកិច្ច​ហ្នឹង​ហើយ ឬ​នៅ?»។

លោក​បន្ត​ថា នៅ​ក្រុង​ប៉ោយប៉ែត មាន​ជនជាតិ​វៀតណាម ចូល​ទៅ​រស់​នៅ​ជាង ៣០០​គ្រួសារ ប៉ុន្តែ​តាម​ការ​ពិនិត្យ​មើល​ជាក់​ស្ដែង​មាន​ជនជាតិ​វៀតណាម ប្រហែល ២០០​នាក់ ដែល​ជា​អ្នក​បាន​ទៅ​ចុះ​ឈ្មោះ​នៅ​ក្នុង​សង្កាត់​ប៉ោយប៉ែត ៖ «ឥឡូវ​នេះ​គេ​បំបែក​ចេញ​ជា​ពីរ​សង្កាត់។ សង្កាត់​ផ្សារ​កណ្ដាល សង្កាត់​ប៉ោយប៉ែតចាស់ ហ្នឹង​នៅ​ដដែល។ យើង​ឃើញ​ថា សង្កាត់​ទាំង​អស់​ហ្នឹង ពី​មុន​តែ ១៣​ភូមិ​ទេ ប៉ុន្តែ​ឥឡូវ​គេ​បង្កើត​រហូត​ទៅ​ដល់ ២៣​ភូមិ។ ការិយាល័យ​បោះ​ឆ្នោត​មាន ១៦០​ការិយាល័យ ហើយ​ការ​ដែល​ខ្ញុំ​ត្រួត​ពិនិត្យ​ជាក់​ស្ដែង​រយៈពេល ២០​ថ្ងៃ​ជាង​នេះ ឃើញ​ថា មាន​យួន​ច្រើន​ណាស់​ដែល​មក​ចុះ​ឈ្មោះ ហើយ​គេ​និយាយ​ខ្មែរ​អត់​ច្បាស់»។

មន្ត្រី​គណបក្ស សម រង្ស៊ី ដដែល បាន​អះអាង​ថា ពួកគេ​បាន​ចាប់​បាន​ឯកសារ​មួយ​ចំនួន​ថែម​ទៀត​ទាក់​ទិន​ទៅ​នឹង​ការ​ដែល​ជនជាតិ​វៀតណាម ចុះ​ឈ្មោះ​បោះ​ឆ្នោត។

គណបក្ស សម រង្ស៊ី គ្រោង​ប្ដឹង​បញ្ហា​នេះ​តាម​ទម្រង់ ១២០២ ទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត។ ប៉ុន្តែ​គម្រោង​ការ​ប្ដឹងផ្ដល់​នេះ ត្រូវ​បាន​​មន្ត្រី​រដ្ឋបាល​មូលដ្ឋាន​របស់​គណបក្ស​ប្រជាជន​គំរាម​ថា បើ​បក្ស សម រង្ស៊ី ហ៊ាន​ប្ដឹង​រឿង​នេះ ពួក​គេ​នឹង​ប្ដឹង​មន្ត្រី​បក្ស សម រង្ស៊ី ទាំង​នោះ​ទៅ​ស្ថាប័ន​តុលាការ។

ចៅ​សង្កាត់​ប៉ោយប៉ែត លោក សាន ស៊ានហូ ឆ្លើយ​បំភ្លឺ​ថា មាន​ជនជាតិ​វៀតណាម រស់​នៅ​ក្រុង​ប៉ោយប៉ែត ពិត​ប្រាកដ​មែន។ ប៉ុន្តែ​ជនជាតិ​វៀតណាម ទាំង​នោះ ពុំ​មាន​ឯកសារ​គ្រប់គ្រាន់​ចុះ​ឈ្មោះ​បោះ​ឆ្នោត​បាន​ទេ។ លោក​បន្ត​ថា កន្លង​មក​នេះ​គណបក្ស សម រង្ស៊ី បាន​ចោទ​អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ពីរ​នាក់​ថា ជា​ជនជាតិ​វៀតណាម។

លោក​បន្ត​ថា មន្ត្រី​បក្ស សម រង្ស៊ី ច្រើន​តែ​ចោទ​ទៅ​លើ​មនុស្ស​ណា​មាន​ស្បែក​សម្បុរ​សៗ គឺ​គាត់​ថា គេ​ជា​ជនជាតិ​វៀតណាម ទាំង​អស់។ លោក​ចៅ​សង្កាត់​បាន​បញ្ជាក់​ថា ការ​ពិត​ជនជាតិ​វៀតណាម ទាំង​នោះ​មាន​ប័ណ្ណ​បោះ​ឆ្នោត​តាំង​ពី​សម័យ​អ៊ុនតាក់ កាល​ពី​ឆ្នាំ​១៩៩៣។ ពួក​គេ​មាន​សៀវភៅ​គ្រួសារ​ធ្លាប់​បោះ​ឆ្នោត​គ្រប់​អណត្តិ​ទាំង​អស់ ហើយ​និយាយ​ភាសា​ដូច​ភាសា​ខ្មែរ​ធម្មតា គឺ​ចូល​ជា​សញ្ជាតិ​ខ្មែរ​ស្រប​ច្បាប់​ហើយ។

លោក សាន ស៊ានហូ បញ្ជាក់​បន្ថែម ៖ «មាន​ជនជាតិ​វៀតណាម ជាង ២០០​គ្រួសារ​រស់​នៅ​ជា​លក្ខណៈ​អន្តោប្រវេសន៍​ពិត​មែន​នៅ​ក្នុង​ក្រុង​ប៉ោយប៉ែត សព្វថ្ងៃ ប៉ុន្តែ​ពួកគាត់​មិន​អាច​មាន​សិទ្ធិ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​បាន​ទេ ដោយសារ​គាត់​អត់​មាន​អត្តសញ្ញាណប័ណ្ណ អត់​មាន​សៀវភៅ​គ្រួសារ។ចរិត​គាត់ និយាយ​រួម​ទៅ​គាត់​ធ្វើ​អី​មិន​យល់។ មិន​យល់​ពី​ច្បាប់ មិន​យល់​ពី​នីតិវិធី​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត គាត់​គិត​ថា ធ្វើ​ទៅ​ឲ្យ​មាន​ស្នាដៃ​នៅ​ក្នុង​គណបក្ស​គាត់។ មាន​អី​គាត់​ហ៊ាន​ប្ដឹង គាត់​ហ៊ាន​ធ្វើ​ដើម្បី​ឲ្យ​គណបក្ស​របស់​គាត់​លើក​សសើរ​ពី​គាត់​ថា គាត់​ហ្នឹង​គ្រាន់​បើ គាត់​ហ្នឹង​ខ្លាំង គាត់​ហ៊ាន​តស៊ូ ហើយ​ធាតុ​ពិត​គាត់​ធ្វើ​អី​ខុស​ពី​នីតិវិធី គ.ជ.ប. ណែនាំ»។

អ្នក​រត់​ម៉ូតូ​ឌុប​នៅ​ក្រុង​ប៉ោយប៉ែត ម្នាក់ បាន​ថ្លែង​ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ថា តាម​ការ​កត់​សម្គាល់​របស់​លោក​ឃើញ​ថា នៅ​ក្រុង​ប៉ោយប៉ែត មាន​លំហូរ​ជនជាតិ​វៀតណាម ចូល​ទៅ​រស់​នៅ​ច្រើន។ ប៉ុន្តែ​ការ​ដែល​​ជន​ជាតិ​វៀត​ណាម បាន​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នោះ លោក​ពុំ​បាន​ដឹង​ច្បាស់​ទេ ៖ «តាម​សង្កេត នៅ​ប៉ោយ​ប៉ែត​នេះ មាន​ជនជាតិ​វៀតណាម ប្រហែល​ជា​ពី ២០ ទៅ ២៥%។ សាកសួរ​មួយ​ចំនួន ខ្លះ​គេ​មាន​អត្តសញ្ញាណប័ណ្ណ ខ្លះ​គេ​បាន​ធ្វើ​ប័ណ្ណ​បោះ​ឆ្នោត ខ្លះ​ក៏​មិន​បាន​ធ្វើ ជនជាតិ​វៀតណាម ដែល​រស់​ក្នុង​តំបន់​ប៉ោយប៉ែត​យើង​នេះ។ អ្នក​ខ្លះ​ឃើញ​កម្ពុជា​ក្រោម​អី​អ៊ីចឹង​ទៅ ក៏​យល់​ថា ជា​វៀតណាម ឬ​ក៏​ម្នាក់​ហ្នឹង​ជា​វៀតណាម គេ​មក​រស់​នៅ​យូរៗ​ទៅ បើ​និយាយ​ទៅ​ដូច​ថា ខ្មែរ​សុរិន្ទ​អី​អ៊ីចឹង​ទៅ មាន​ការ​ភ័ន្តច្រឡំ​ក៏​ថា​បាន​ដែរ»។

ក្រុម​អាជ្ញាធរ​ថ្លែង​ថា លទ្ធផល​នៃ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​សម្រាប់​ឆ្នាំ​២០១១ នេះ ល្អ​ជាង​បណ្តា​ឆ្នាំ​មុន ដោយសារ​តែ​ប្រជាពលរដ្ឋ​បាន​យល់​ដឹង​ច្រើន​អំពី​ការ​ពិនិត្យ​ឈ្មោះ និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត។ ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​រហូត​មក​ដល់​ថ្ងៃ​ទី​៤ ខែ​តុលា បាន​ចំនួន​ជាង ៧​ពាន់​នាក់​នៅ​ក្នុង​សង្កាត​ប៉ោយប៉ែត ហើយ​និង​ត្រូវ​បន្ត​ធ្វើ​ចំនួន ១១​ថ្ងៃ​ទៀត រហូត​ដល់​ថ្ងៃ​ទី​១៥ ខែ​តុលា ទើប​បញ្ចប់។

នៅ​ក្រុង​ប៉ោយប៉ែត មាន​បង្កើត​សង្កាត់​ចំនួន​ពីរ គឺ​សង្កាត់​ប៉ោយប៉ែត និង​សង្កាត់​ផ្សារកណ្ដាល ដែល​មាន​ភូមិ​ចំនួន ២៣​ភូមិ ចំណុះ​ឲ្យ​សង្កាត់​ទាំង​ពីរ​ក្នុង​ក្រុង​ប៉ោយប៉ែត។

លោក គី គឹមសេង ជា​ប្រធាន​លេខាធិការដ្ឋាន​រៀបចំ​ការ​បោះ​ឆ្នោត​ខេត្ត​បន្ទាយមានជ័យ។ លោក​បាន​គូស​បញ្ជាក់​ថា គិត​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា រហូត​ដល់​ថ្ងៃ​ទី​៣០ ខែ​កញ្ញា មាន​ប្រជាពលរដ្ឋ​បាន​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​បាន​ចំនួន ៣៥.៧៧៨​នាក់ នៅ​ទូទាំង​ខេត្ត។ ចំនួន​ប្រជាពលរដ្ឋ​ដែល​ត្រូវ​មាន​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​មាន​ចំនួន ៤១.៣២៨​នាក់។ ប៉ុន្តែ​លោក​ពុំ​បាន​បញ្ជាក់​ថា តើ​មាន​ជនជាតិ​វៀតណាម ចំនួន​ប៉ុន្មាន​នាក់​ដែល​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នោះ​ទេ។

លោក​បញ្ជាក់​ថា ជនជាតិ​វៀតណាម ដែល​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នោះ​គឺ​មាន​ឯកសារ​ស្រប​ច្បាប់ ៖ «តាម​នីតិវិធី​ឲ្យ​តែ​គេ​មាន​អត្តសញ្ញាណប័ណ្ណ បញ្ជី​ជាតិ គឺ​យើង​អាច​ចុះ​ឲ្យ​គេ​បាន​ហើយ យើង​មិន​ដឹង​ធ្វើ​ម៉េច បើ​មិន​ចុះ​វា​ខុស​នឹង​នីតិវិធី​ដែរ។ ឮ​តែ​ពីរ​ថ្ងៃ​ដំបូង និង​មាន​ពីរ​នាក់​ឪ​កូន ក្រោយ​មក​ម្នាក់​ទៀត ឮ​តែ​បី​នាក់​ហ្នឹង។ ប៉ុន្តែ​តាម​អ្នក​ពីរ​នាក់​ហ្នឹង នៅ​ស្រុក​ខ្មែរ​យើង​ទេ ប៉ុន្តែ​គាត់​និយាយ​មិន​ច្បាស់ ក៏​ចោទ​គ្នា​ថា វៀតណាម​ទៅ»។

សមាជិក​ក្រុមប្រឹក្សា​ក្រុង​ប៉ោយប៉ែត លោក មាន សារិទ្ធិ ថ្លែង​ថា គណបក្ស សម រង្ស៊ី នៅ​តែ​ប្រកាន់​ជំហរ​រឹងមាំ​ដដែល ក្នុង​ការ​រៀបចំ​ពាក្យ​បណ្ដឹង​តាម​ទម្រង់ ១២០២ ដាក់​ទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត នៅ​ក្រោយ​ថ្ងៃ​បិទ​បញ្ជី​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី​១៥ ខែ​តុលា ឆ្នាំ​២០១១។

លោក​បន្ត​ថា ៖ «តាម គ.ជ.ប. ហើយ​យើង​មិន​ដឹង​ថា ម៉េច​ដែរ មាន​តែ​យើង​ប្ដឹង​នៅ​ពេល​បិទ​បញ្ជី​ដំបូង។ ដំបូង​យើង​មើល​ឈ្មោះ​ឲ្យ​ពិត​ប្រាកដ​ថា អ្នក​យួន​មែន​ឬ​មិន​មែន យើង​ដាក់​ពាក្យ​បណ្ដឹង​តាម​ហ្នឹង​ទៅ ដើម្បី​ឲ្យ​គេ​លុប​ឈ្មោះ​គាត់​ចេញ​ពី​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​វិញ»។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ នៅ​ក្នុង​ដំណាក់កាល​នៃ​ការ​ពិនិត្យ​ឈ្មោះ និង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ដែល​បាន​ចាប់​ផ្ដើម​ឡើង​តាំង​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា រហូត​ដល់​ដើម​ខែ​តុលា ឆ្នាំ​២០១១ នេះ គេ​សង្កេត​ឃើញ​ថា នៅ​ក្នុង​សង្កាត់​ប៉ោយប៉ែត មាន​អ្នក​សង្កេតការណ៍​របស់​គណបក្ស​នយោបាយ​ចំនួន​៣ គឺ​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស សម រង្ស៊ី និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច។

ដោយ​ឡែក​ភ្ងាក់ងារ​សង្កេត​ការណ៍​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល គឺ​មាន​អង្គការ NECFEC និង NDI។ ប៉ុន្តែ​មន្ត្រី​គណបក្ស​នយោបាយ​បាន​អះអាង​ថា ភ្នាក់ងារ​សង្កេតការណ៍​របស់​អង្គការ​ទាំង​ពីរ​នេះ​ពុំ​បាន​ចុះ​ទៅ​អង្កេត​ឲ្យ​បាន​​ជាប់​លាប់​នោះ​ឡើយ ខណៈ​ដែល​ដំណើរ​ការ​ចុះ​ពិនិត្យ និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នេះ​នឹង​ត្រូវ​បញ្ចប់​នៅ​ថ្ងៃ​ទី​១៥ ខែ​តុលា ឆ្នាំ​២០១១៕




ពីវិទ្យុ អាស៊ីសេរី

No comments:

Post a Comment

yes