សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, October 21, 2011

សង្គម​ស៊ីវិល៖ ទំនាស់​ដី​កើត​​មាន​ច្រើន​តែ​ដំណោះស្រាយ​មាន​តិចតួច

ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល​បាន​វាយ​តម្លៃ​ថា ទំនាស់​ដីធ្លី​កើត​មាន​ច្រើន តែ​ការ​ដោះស្រាយ​បាន​តិចតួច។ ការ​វាយ​តម្លៃ​របស់​អង្គការ​មិន​មែន​រដ្ឋាភិបាល​នេះ ផ្អែក​ទៅ​តាម​របាយការណ៍​វិភាគ​ទិន្នន័យ​ស្ដីពី​ករណី​វិវាទ​ដីធ្លី​នៅ​កម្ពុជា ឆ្នាំ​២០១០។


  មន្ត្រី​សង្គម​ស៊ីវិល​បាន​បង្ហាញ​របាយការណ៍​វិវាទ​ដីធ្លី​នៅ​កម្ពុជា ឆ្នាំ​២០១០ នៅ​ថ្ងៃ​ទី​២០ តុលា និង​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ដោះស្រាយ​វិវាទ​ដីធ្លី​ឲ្យ​បាន​ឆាប់​រហ័ស ពីព្រោះ​ពលរដ្ឋ​អ្នក​រងគ្រោះ​ដោយសារ​វិវាទ​ដីធ្លី​កាន់​តែ​មាន​ភាព​ក្រីក្រ​ទៅ។
ថ្លែង​នៅ​ក្នុង​ពិធី​ផ្សព្វផ្សាយ​របាយការណ៍ ការ​វិភាគ​ទិន្នន័យ ស្ដីពី​ករណី​វិវាទ​ដីធ្លី​នៅ​កម្ពុជា ឆ្នាំ​២០១០ នៅ​ថ្ងៃ​ទី​២០ តុលា លោក ឈិត សំអាត នាយក​ប្រតិបត្តិ​វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា ហៅ​កាត់​ថា NGO Forum មាន​ប្រសាសន៍​ថា ការ​បោះពុម្ព​ផ្សាយ​ករណី​វិភាគ​នេះ គឺ​សង្គម​ស៊ីវិល​មាន​បំណង​ផ្ដល់​ព័ត៌មាន​ដែល​ផ្អែក​លើ​ភស្តុតាង​ជាក់លាក់ ដើម្បី​ផ្ដល់​នូវ​ការ​គាំទ្រ​ពី​ភាគី​ពាក់ព័ន្ធ​ទាំង​អស់ ហើយ​បាន​កំណត់​អនុសាសន៍​ដើម្បី​ដាក់​ជូន​ស្ថាប័ន​ពាក់ព័ន្ធ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ពង្រឹង​ការ​ដោះស្រាយ​វិវាទ​ដីធ្លី​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព។
របាយការណ៍​វិភាគ​ទិន្នន័យ ស្ដីពី​ករណី​វិវាទ​ដីធ្លី​នៅ​កម្ពុជា​ឆ្នាំ​២០១០ ចំនួន ៧០​ទំព័រ ដែល​មាន​ទាំង​ភាសា​ខ្មែរ និង​ភាសា​អង់គ្លេស​ផង បាន​បង្ហាញ​ថា ទំនាស់​ដីធ្លី​បាន​កើត​ថ្មី​ក្នុង​ឆ្នាំ​២០១០ ចំនួន ២៨​ករណី គិត​តាំង​ពី​ឆ្នាំ​២០០៦ មក មាន​ចំនួន ២៨២​ករណី។ ក្នុង​មួយ​ករណីៗ គិត​ជា​មធ្យម​មាន​ពលរដ្ឋ ១៥៨​គ្រួសារ​ដែល​ពាក់ព័ន្ធ​ក្នុង​ទំនាស់​ដីធ្លី។ ទំនាស់​បាន​កើត​ឡើង​នៅ​ខេត្ត​បាត់ដំបង ខេត្ត​បន្ទាយមានជ័យ ខេត្ត​ព្រះសីហនុ ខេត្ត​កំពង់ចាម រាជធានី​ភ្នំពេញ និង​ខេត្ត​ផ្សេង​ទៀត ក្នុង​នោះ​មាន​ការ​ឈាន​ដល់​ការ​បណ្ដេញ​ចេញ​ច្រើន​ជាង​គេ គឺ​ខេត្ត​ព្រះសីហនុ និង​រាជធានី​ភ្នំពេញ។
ប្រធាន​កម្មវិធី​ដីធ្លី និង​ជីវភាព​នៃ​វេទិកា​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា លោក ប៊ែន រង្ស៊ី បាន​បង្ហាញ​លទ្ធផល​វិភាគ​របាយការណ៍​នេះ​ថា ករណី​វិវាទ​ដីធ្លី​បាន​កើត​ឡើង​រវាង​ប្រជាពលរដ្ឋ និង​អ្នក​មាន​អំណាច​អ្នក​មាន​លុយ​កាក់។ ទំនាស់​ទាំង​នេះ​បាន​ឆ្លង​កាត់​យន្តការ​ដោះស្រាយ ២០% ប៉ុណ្ណោះ ដែល​ត្រូវ​បាន​កត់ត្រា​ថា បាន​ដោះស្រាយ​ចប់​សព្វគ្រប់ ប៉ុន្តែ​ទំនាស់ ៦០% គឺ​មិន​បាន​ដោះស្រាយ​សោះ។ លោក​ថា រដ្ឋាភិបាល និង​អ្នក​ពាក់ព័ន្ធ​គួរ​ធ្វើ​ការ​រួម​គ្នា​ក្នុង​ការ​បង្កើន​ល្បឿន​ដោះស្រាយ​វិវាទ​ដី​ធ្លី តាម​រយៈ​ការ​លើក​កម្ពស់​យន្តការ​ដោះស្រាយ​វិវាទ​ដែល​អាច​ធានា​បាន និង​មាន​ភាព​យុត្តិធម៌។
អ្នក​នាំ​ពាក្យ និង​ជា​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​រៀបចំ​ដែនដី និង​នគរូបនីយកម្ម និង​សំណង់ លោក​បណ្ឌិត បេង ហុងសុជាតិ ខេមរ៉ូ បាន​ទទួល​ស្គាល់​ថា បច្ចុប្បន្ន​យន្តការ​ដោះស្រាយ​វិវាទ​ដីធ្លី​ហាក់​មាន​ភាព​យឺតយ៉ាវ​ពិត​ប្រាកដ​មែន ដោយសារ​តែ​ធនធាន​មនុស្ស និង​ធនធាន​ហិរញ្ញវត្ថុ​នៅ​មាន​កម្រិត។ លោក​បញ្ជាក់​ថា ក្រសួង​កំពុង​សាកល្បង​ដំណើរការ​យន្តការ​ថ្មី​មួយ​ដែល​មាន​ប្រសិទ្ធភាព​អាច​ឆ្លើយតប​ទៅ​នឹង​បញ្ហា​ទំនាស់​ដីធ្លី​បាន​ជា​បណ្ដើរៗ។
អ្នក​តំណាង​ស្ដីទី​របស់​ឧត្ដម​ស្នងការ​នៃ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា លោក ចេមមីស៍ ហ៊ីណាន (James Heenan) បាន​ឲ្យ​ដឹង​ថា បញ្ហា​ទំនាស់ដីធ្លី​បាន​កើត​មាន​ឡើង​នៅ​កម្ពុជា យ៉ាង​ច្រើន​សម្បើម ដែល​ឈាន​ទៅ​ដល់​ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ បញ្ហា​នេះ​នាំ​ឲ្យ​ពលរដ្ឋ​ប្រឈម​ជាមួយ​អាជ្ញាធរ និង​ប្រព័ន្ធ​តុលាការ។
លោក​ថា បញ្ហា​ដីធ្លី​កើត​មាន​ឡើង​គឺ​ធ្វើ​ឲ្យ​មនុស្ស​ជួប​ប្រទះ​នូវ​ការ​ខ្វះ​ស្បៀង​អាហារ បាត់បង់​ការងារ ទី​ជម្រក និង​ចាកចេញ​ឆ្ងាយ​ពី​សេវា​សុខាភិបាល និង​សេវា​អប់រំ។ទាំង​នេះ​គឺ​ប៉ះពាល់​ដល់​សិទ្ធិ​រស់​រាន​មាន​ជីវិត ដូច្នេះ​រដ្ឋ​ត្រូវ​មាន​កាតព្វកិច្ច​ក្នុង​ការ​បង្កើត​ច្បាប់ គោលនយោបាយ​ឲ្យ​បាន​ត្រឹមត្រូវ និង​យុត្តិធម៌ ហើយ​មាន​កាតព្វកិច្ច​ក្នុង​ការ​កសាង​ស្ថាប័ន​ដែល​មាន​ប្រសិទ្ធភាព​ដើម្បី​អនុវត្ត​ច្បាប់​ទាំង​អស់​នោះ៕


ពីវិទ្យុ អាស៊ីសេរី

No comments:

Post a Comment

yes