អង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) បានឱ្យដឹងថា គ្រួសារពលករនោះ បានដាក់ពាក្យបណ្តឹងទារប្រាក់សំណងជំងឺចិត្តចំនួន ៦.០០០ដុល្លារសហរដ្ឋអាមេរិក និងទាមទារប្រាក់ខែរបស់កូនទាំងអស់ ដែលមិនទាន់បានបើកនៅឡើយ ចាប់តាំងពីពេលចាកចេញពីប្រទេសកម្ពុជា ជាង ២ឆ្នាំ។
ពលការិនីខ្មែរម្នាក់ដែលចេញទៅបម្រើការងារតាមផ្ទះនៅប្រទេសម៉ាឡេស៊ី បានលេបថ្នាំសម្លាប់ខ្លួនកាលពីសប្ដាហ៍មុន ដោយក្រុមគ្រួសារមិនទាន់បានដឹងពីមូលហេតុអីដែលបណ្តាលឱ្យនាងបង្ខំចិត្តរហូតដល់លេបថ្នាំធ្វើអត្តឃាតនោះនៅឡើយទេ។
ស្ត្រីឈ្មោះ រៀម ពៅ អាយុ ៤៤ឆ្នាំ រស់នៅភូមិថ្នល់ដាច់ ឃុំកៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប។ អ្នកស្រីបានមានប្រសាសន៍ថា កូនស្រីរបស់គាត់ឈ្មោះ ចាន់ ណូយ អាយុ ២៤ឆ្នាំ បានចេញទៅធ្វើការងារតាមផ្ទះនៅប្រទេសម៉ាឡេស៊ី ហើយបានស្លាប់កាលពីថ្ងៃទី១៣ ខែតុលា កន្លងទៅ បន្ទាប់ពីបានលេបថ្នាំសម្លាប់ខ្លួន។
គាត់បានមានប្រសាសន៍ទៀតថា តាំងពីកូនស្រីរបស់គាត់ចាកចេញទៅធ្វើការនៅប្រទេសម៉ាឡេស៊ី គឺឧស្សាហ៍ទូរស័ព្ទមកផ្ទះក្នុងមួយខែ ២ ឬ ៣ដង ហើយនៅមុនពេលនាងស្លាប់ គឺនាងបានទូរស័ព្ទមកជួបគាត់ដោយនាងបានយំ ក៏ប៉ុន្តែគាត់មិនបានដឹងថា មានអ្វីកើតឡើងចំពោះកូនស្រីរបស់គាត់ឡើយ។
ស្ត្រីឈ្មោះ រៀម ពៅ រៀបរាប់បន្ថែម៖ «ពេលចុងក្រោយហ្នឹងឯង ទូរស័ព្ទមកទៀត សួរថា ម៉ែឪបងប្អូនមាននៅនោះទេ? ខ្ញុំថា នៅទាំងអស់ហ្នឹងឯងកូន។ កូនសួរថា ម៉ែឯងសុខសប្បាយទេ?ខ្ញុំថា សុខសប្បាយទេកូន! ចុះកូនឯងវិញ? ខ្ញុំសុខសប្បាយជាទេ ក៏ប៉ុន្តែវាយំ ក៏វាប្រាប់ថា បងប្អូនឱ្យចេះថែរក្សាខ្លួន ចេះថែម៉ែថែឪថែបងថែប្អូន កុំទៅណាចោលម៉ែ ខ្ញុំស្រឡាញ់ម៉ែណាស់។ ស្រាប់តែព្រឹកឡើងបានក្រុមហ៊ុនគេទូរស័ព្ទមកចូលថៅកែខ្ញុំ ក៏ថៅកែខ្ញុំទូរស័ព្ទមកខ្ញុំថា ក្រុមហ៊ុនគេឱ្យទៅជាបន្ទាន់។ ក៏ខ្ញុំចេញទៅដេក ១យប់ទាល់តែព្រឹកឡើងបានក្រុមហ៊ុនគេប្រាប់ថា កូនលេបថ្នាំ។ ខ្ញុំក៏អត់ដឹងដែរ»។
អ្នកស្រី រៀម ពៅ បានមានប្រសាសន៍ទៀតថា ចាប់តាំងពីកូនស្រីរបស់គាត់ចេញទៅធ្វើការនៅប្រទេសម៉ាឡេស៊ី មក គាត់មិនដែលបានទទួលប្រាក់ខែរបស់កូនឡើយ។ គាត់ទាមទារឱ្យក្រុមហ៊ុនដែលនាំកូនស្រីរបស់គាត់ទៅធ្វើការនៅម៉ាឡេស៊ីនោះ សងថ្លៃជំងឺចិត្តដល់ក្រុមគ្រួសារគាត់ និងសងប្រាក់ខែរបស់កូនគាត់ឱ្យគ្រប់ចំនួន និងនាំយកឆ្អឹងរបស់កូនស្រីមកប្រគល់ឱ្យគ្រួសារគាត់វិញ។
ចំណែកលោក ឃុត សុធា ជាប្រធានរដ្ឋបាលរបស់ក្រុមហ៊ុន អេ.ភី.ធី.អេស.អ៊ី (A P T S E Co., LTD.) ប្រចាំនៅទីក្រុងភ្នំពេញ បានមានប្រសាសន៍ថា ក្រុមហ៊ុនក៏មិនទាន់បានដឹងច្បាស់ពីមូលហេតុដែលបណ្តាលឱ្យពលការិនីម្នាក់នោះបង្ខំចិត្តលេបថ្នាំសម្លាប់ខ្លួននៅឡើយទេ។
លោកបន្តថា៖ «បញ្ហាហ្នឹងខាងក្រុមហ៊ុនហើយនិងខាងស្ថានទូតខ្មែរក៏អត់ទាន់បានដឹងច្បាស់ដែរ គឺខាងប៉ូលិសនៅប្រទេសម៉ាឡេស៊ីនោះ គេកំពុងតែធ្វើការស៊ើបអង្កេតរកលទ្ធផលជាក់ស្ដែងតើវាយ៉ាងណានោះ ប៉ុន្តែទាក់ទងទៅនឹងបញ្ហាក្រុមហ៊ុនយើងខ្ញុំកំពុងតែធ្វើការសហការជាមួយស្ថានទូតម៉ាឡេស៊ី ដើម្បីស្វែងរកការពិតតើវាយ៉ាងម៉េចវិញ?»។
តំណាងក្រុមហ៊ុន អេ.ភី.ធី.អេស.អ៊ី បានបញ្ជាក់ថា ការស្លាប់របស់ពលការិនីនោះ ប្រសិនបើគេរកឃើញថា បណ្តាលមកពីម្ចាស់ផ្ទះធ្វើអំពើមិនប្រក្រតី គឺទាំងខាងក្រុមហ៊ុននៅកម្ពុជា និងនៅម៉ាឡេស៊ី ព្រមទាំងស្ថានទូតខ្មែរនៅទីនោះផង នឹងដាក់ពាក្យបណ្តឹងប្រឆាំងម្ចាស់ផ្ទះ ដើម្បីទាមទាររកយុត្តិធម៌ឱ្យអ្នកស្លាប់ និងបញ្ហាមួយទៀត ប្រសិនបើអ្នកស្លាប់មានបញ្ហាដោយខ្លួនឯង គឺក្រុមហ៊ុននៅម៉ាឡេស៊ី មានប្រាក់ឧបត្ថម្ភ និងធ្វើការទូទាត់ប្រាក់ខែឱ្យក្រុមគ្រួសារសព។
ក្រុមហ៊ុន អេ.ភី.ធី.អេស.អ៊ី បានឱ្យដឹងថា ពលការិនីឈ្មោះ ចាន់ ណូយ បានចាកចេញពីកម្ពុជាទៅធ្វើការនៅប្រទេសម៉ាឡេស៊ី តាំងតែពីអំឡុងខែមករា ឆ្នាំ២០០៩ មក គឺនៅសល់រយៈពេលតែ ៤ខែទៀតប៉ុណ្ណោះ នាងនឹងត្រូវចប់កិច្ចសន្យាការងារហើយវិលត្រឡប់មកផ្ទះវិញ៕
ពីវិទ្យុ អាស៊ីសេរី
No comments:
Post a Comment
yes