សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, November 29, 2011

ជប៉ុនសន្យាផ្តល់​ ថវិកា ២,៩លានដុល្លារ អាមេរិកទៀត ដល់សាលាក្តីខ្មែរក្រហម

 ដើម្បីគាំទ្រដល់អង្គជំនុំជម្រះវិសាមញ្ញ​ ក្នុងតុលាការកម្ពុជា (អ.វ.ត.ក)​​ ក្នុងដំណើរ​ការស្វែង រកយុត្តិ ធម៌ជូនដល់ជនរងគ្រោះ ក្នុងរបបខ្មែរក្រហមនោះ រាជរដ្ឋាភិបាលជប៉ុន បានសន្យាផ្តល់ជំនួយថវិកា ចំនួន២,៩លានដុល្លារអាមេរិកបន្ថែមទៀត ដល់សាលាក្តីខ្មែរក្រហម​ ដែលមានការគាំត្រដោយ​អង្គការសហប្រជាជាតិ។


 ការសន្យាបែបនេះ បានធ្វើឡើងបន្ទាប់ពីតុលាការនេះចាប់ផ្តើមដំណើរការ​នីតិវិធីលើ សំណុំរឿង ០០២ ប្រឆាំងនឹងអតីតមេដឹកនាំខ្មែរក្រហម៣រូប​ កាលពីសប្តាហ៍មុន។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាកាកម្ពុជា ដែលទទួល បាន នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១១ ថា ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា បានប្រកាសថា ជំនួយលើកនេះ គឺផ្តល់ជូនភាគីអន្តរជាតិ​របស់​អ.វ.ត.ក ដើម្បីគាំទ្រដល់ដំណើរការនីតិវិធី​ នៃសាលាក្តីខ្មែរក្រហម ស្រប ពេល​ នៃការចាប់ផ្តើម​សវនាការដំបូង នៃសំណុំរឿង០០២ និងការប្រកាសសាលដីកាស្ថាពរ នៃសំណុំរឿង០០១ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១២ ខាងមុខ។
 លោក ក្រាញ់ តូនី ប្រធានរដ្ឋបាលស្តីទី នៃអ.វ.ត.ក និងលោក ឃ្នូត រ៉ូសិនហក​អនុប្រធានរដ្ឋបាល នៃសាលាក្តីខ្មែរក្រហម បានថ្លែងបន្ទរដូចគ្នាថា ជំនួយរបស់ រាជរដ្ឋាភិបាលជប៉ុននៅពេលនេះ ពិត ជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ អ.វ.ត.ក ក្នុងការបំពេញ បេសកម្មរបស់ខ្លួន ឲ្យបានជោគ ជ័យ ក្នុងការស្វែងរកយុត្តិធម៌ជូន ដល់ជនរងគ្រោះទាំងអស់។
លោកបន្តថា “យើងសូមសម្តែងនូវអំណរគុណដោយស្មោះអស់ពីចិត្ត​ចំពោះរាជរដ្ឋាភិបាលជប៉ុន​​ ដែលបានបន្តការគាំទ្រដ៏មានសារៈសំខាន់នេះដល់ អ.វ.ត.ក ខណៈដែល អ.វ.ត.ក បន្តដំណើររបស់ ខ្លួនជាមួយនឹងការចាប់ផ្តើមសំណុំរឿង០០២”។
ប្រទេសជប៉ុន ត្រូវបានសាលាក្តីខ្មែរក្រហមចាត់ទុកថា ជាម្ចាស់ជំនួយ ដ៏ធំបំផុតរបស់ខ្លួន ដែលបាន ផ្តល់ជំនួយសរុបចំនួន ៧០,៥៧លានដុល្លារអាមេរិក ដែលស្ទើរតែស្មើ នឹងពាក់កណ្តាល នៃគម្រោង ថវិកាទាំងមូលរបស់ខ្លួនផងដែរ។ ជំនួយជាថវិកានាពេលនេះ នឹងត្រូវបានផ្ទេរមកតាមសន្យា នៅ ពេល ឆាប់ៗខាងមុខនេះ៕


DAP

No comments:

Post a Comment

yes