មន្រ្តីនគរបាលម្នាក់ ត្រូវបានតុលាការចោទប្រកាន់ទាក់ទងនឹងការបាញ់កម្មករនៅក្រុងបាវិត។ ការចោទប្រកាន់នេះ ធ្វើឡើងបន្ថែមទៅលើលោក ឈូក បណ្ឌិត ដែលពីមុនលោកជាជនសង្ស័យតែម្នាក់គត់ក្នុងសំនុំរឿងបាញ់កម្មការិនីរបួស៣នាក់ នៅពេលកូដកម្មនៅរោងចក្រកៅវ៉េ តំបន់សេដ្ឋកិច្ចពិសេសខេត្តស្វាយរៀង កាលពីខែកុម្ភៈ ឆ្នាំ២០១២។
ជនសង្ស័យម្នាក់ទៀតដែលតុលាការខេត្តស្វាយរៀង ស៊ើបអង្កេតបន្ថែមនោះ គឺលោក ស ចន្ថា ជាប៉ូលីសព្រហ្មទណ្ឌក្រុងបាវិត។ ប៉ុន្តែកាសែតឌឺខែមបូឌាដេលី បានស្រង់សំដីជនសង្ស័យរូបនេះថា រូបលោកមិនពាក់ព័ន្ធនឹងការចោទប្រកាន់នេះទេ ពីព្រោះនៅគ្រាបាញ់ប្រហារនោះ លោកបានឈរជើងនៅតំបន់ផ្សេង។
កាសែតដដែលនេះស្រង់សំដី លោក ស ចន្ថា ទៀតថា លោកត្រូវបានអធិការនគរបាលបញ្ជាឲ្យទៅឈរជើង នៅរោងចក្រស៊ីកូ ចំងាយប្រមាណ៥០០ម៉ែត្រ ពីរោងចក្រកៅវ៉េ ហើយថាលោកមិនមានអាវុធនោះទេ។
យ៉ាងនេះក្តី មន្រ្តីតុលាការខេត្តស្វាយរៀង មិនទាន់អាចសុំការបញ្ជាក់ពីការចោទប្រកាន់បន្ថែម លើជនសង្ស័យម្នាក់ទៀតនេះបានទេ។
កាលពីដើមឡើយ តុលាការខេត្តស្វាយរៀង បានចោទប្រកាន់លើលោក ឈូក បណ្ឌិត ជាជនសង្ស័យតែម្នាក់គត់ ដែលបានសារភាពថា ខ្លួនពិតជាបានធ្វើឲ្យរបួសកម្មការិនី៣នាក់នោះមែន តែថា ជារឿងអចេតនា។ ក្រោយមកតុលាការបានចោទប្រកាន់អតីតអភិបាលក្រុងបាវិតរូបនេះ ត្រឹមពីបទបង្ករបួសដោយអចេតនា តែមិនបានឃុំទេរហូតមកដល់សព្វថ្ងៃនេះ ដែលធ្វើឲ្យមានការរិះគន់លើឯករាជ្យភាពរបស់តុលាការ៕
No comments:
Post a Comment
yes