សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, November 27, 2011

បក្ស​ប្រឆាំង​ចង់​ឲ្យ​គណៈរដ្ឋមន្ត្រី​បង្កើន​ចំនួន​អាសនៈ​សភា​សម្រាប់​នីតិកាល​ទី​៥

 មន្ត្រី​គណបក្ស​ប្រឆាំង​ចង់​ឲ្យ​គណៈរដ្ឋមន្ត្រី​បង្កើន​ចំនួន​អាសនៈ​រដ្ឋ​សភា​​​នីតិកាល​ទី​៥ ពី​១២៣ ទៅ ១៣០​អាសនៈ ប៉ុន្តែ​មន្ត្រី​សង្គម​ស៊ីវិល​អះអាង​ថា មិន​ចាំបាច់​ទេ តែ​ចង់​ឲ្យ​សមាជិក​សភា​ធ្វើ​ការងារ​របស់​ខ្លួន​ឲ្យ​មាន​ប្រសិទ្ធភាព ដើម្បី​បម្រើ​ផល​ប្រយោជន៍​ពលរដ្ឋ និង​សង្គម​ជាតិ​ពិត​ប្រាកដ។


 មេដឹកនាំ​គណបក្ស​ប្រឆាំង​ចំនួន​ពីរ គឺ​គណបក្ស សម រង្ស៊ី និង​បក្ស​សិទ្ធិ​មនុស្ស បាន​រិះគន់​ចំពោះ​គណៈរដ្ឋមន្ត្រី ដែល​បាន​សម្រេច​​​រក្សា​ទុក​ចំនួន​អាសនៈ​ក្នុង​រដ្ឋ​សភា​នា​អាណត្តិ​ថ្មី​ឲ្យ​នៅ​ដដែល​ដូច​អាណត្តិ​មុន​នោះ គឺ​មិន​បាន​ធ្វើ​បច្ចុប្បន្ន​ភាព​ឲ្យ​ទៅ​តាម​កំណើន​ប្រជាពលរដ្ឋ។ 
កិច្ច​ប្រជុំ​គណៈរដ្ឋមន្ត្រី កាល​ពី​ថ្ងៃ​សុក្រ ទី​២៥ ខែ​វិច្ឆិកា ក្រោម​ការ​ដឹកនាំ​របស់​​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​សម្រេច​រក្សា​ចំនួន​​អាសនៈ​រដ្ឋ​សភា​នីតិកាល​ទី​៥​ ត្រឹម ១២៣​អាសនៈ ដូច​រដ្ឋ​សភា​នីតិកាល​ទី​៣ និង​ទី​៤ ដដែល។
លោក យឹម សុវណ្ណ មន្ត្រី​នាំ​ពាក្យ និង​ជា​សមាជិក​សភា​គណបក្ស សម រង្ស៊ី មណ្ឌល​ភ្នំពេញ។ លោក​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា ថា បើ​ផ្អែក​លើ​កំណើន​ប្រជាពលរដ្ឋ​បច្ចុប្បន្ន​នេះ គណៈរដ្ឋមន្ត្រី​គួរ​បង្កើន​ចំនួន​អាសនៈ​រដ្ឋ​សភា​នីតិកាល​ទី​៥ ឲ្យ​បាន​យ៉ាង​ហោច​​ពី​ចំនួន ១២៣ ទៅ ១៣០​អាសនៈ។ ​​​
លោក យឹម សុវណ្ណ បន្ថែម៖ «គណបក្ស​កាន់​អំណាច​គេ​មិន​ចង់​ឲ្យ​សភា​ខ្លាំង​ទេ។ គេ​ចង់​ឲ្យ​សភា​ខ្សោយ ចង់​ឲ្យ​សភា​គ្រាន់​តែ​​​ជា​​សភា​ប្រថាប់​ត្រា និង​គ្មាន​អំណាច​អ្វី​ទាំង​អស់ ទុក​ឲ្យ​គេ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត។ ដូច្នេះ​ហើយ​បាន​ជា​គេ​មិន​ចង់​ដំឡើង​សមាជិក​សភា​ឲ្យ​កើន​តាម​ចំនួន​ប្រជាពលរដ្ឋ​ទេ។ ឥឡូវ​នេះ​តាំង​ពី​ឆ្នាំ​១៩៩៣ មក​ទល់​ពេល​នេះ ជិត ២០​ឆ្នាំ​ហើយ ឡើង​តែ​ពី ១ ទៅ ២​កៅអី​ប៉ុណ្ណឹង ដូច្នេះ​បញ្ជាក់​ឲ្យ​ឃើញ​ថា ប្រទេស​នេះ​ពុំ​មាន​លទ្ធិប្រជាធិបតេយ្យ​ពិត​ប្រាកដ​ទេ»
លោក​បន្ត​ថា សព្វ​ថ្ងៃ​នេះ​កម្ពុជា​មាន​សមាជិក​គណៈរដ្ឋមន្ត្រី ឬ​រដ្ឋាភិបាល​ចំនួន​រហូត​ដល់​ជិត ៥០០​នាក់ ​ដែល​ជា​ចំនួន​ច្រើន​ជាង​គេ​នៅ​លើ​ពិភពលោក។ លោក​ថា ចំនួន​សមាជិក​រដ្ឋាភិបាល​នេះ មិន​ស្រប​គ្នា​ជាមួយ​នឹង​ស្ថាប័ន​នីតិប្បញ្ញត្តិ ដែល​​មាន​សមាជិក​សភា​ជាង ១២០​អាសនៈ​នោះ​ទេ។
ស្រដៀង​គ្នា​នេះ​ដែរ លោក កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស និង​ជា​សមាជិក​សភា​មណ្ឌល​កំពង់ចាម។ លោក​បញ្ជាក់​ថា ការ​បោះ​​ឆ្នោត​សភា​នីតិកាល​ទី​៥ ឆ្នាំ​២០១៣ ចំនួន​អាសនៈ​រដ្ឋ​សភា​គួរ​បង្កើន​តាម​ខេត្ត​ក្រុង​មួយ​ចំនួន​ដែល​មាន​កំណើន​ប្រជាពលរដ្ឋ​ច្រើន។ 
លោក​បាន​ចាត់​ទុក​ការ​រក្សា​ចំនួន​អាសនៈ​សភា​នីតិកាល​ទី​៥ របស់​គណៈរដ្ឋមន្ត្រី​ត្រឹម ១២៣​អាសនៈ​ដដែល អាច​ជា​យុទ្ធសាស្ត្រ​បក្ស​កាន់​អំណាច ព្រោះ​គេ​យល់​ថា បក្ស​ខ្លួន​មាន​ចំនួន​អាសនៈ​ច្រើន​ស្រាប់​ហើយ និង​មិន​ចង់​ឲ្យ​បក្ស​ប្រឆាំង​កើន​ចំនួន​អាសនៈ​ថែម​ទៀត។ 
លោក កឹម សុខា ឲ្យ​ដឹង​បន្ថែម៖ «ទុក​អាសនៈ​ឲ្យ​នៅ​ដដែល​នេះ គណបក្ស​កាន់​អំណាច​ដោយសារ​គាត់​ឃើញ​ថា ចំនួន​ដែល​គាត់​គ្រប់គ្រង​សព្វថ្ងៃ​នេះ គាត់​បាន​អាសនៈ​ច្រើន។ ខ្ញុំ​យល់​ឃើញ​ថា គួរ​តែ​ពិនិត្យ​ឡើង​វិញ​ដើម្បី​ឲ្យ​ខេត្ត​មួយ​ចំនួន មាន​ប្រជាពលរដ្ឋ​កើន ដើម្បី​ត្រូវ​កើន​អាសនៈ​ដែរ»
លោក កឹម សុខា បន្ត​ថា បច្ចុប្បន្ន​នេះ​ប្រទេស​កម្ពុជា កំពុង​ប្រឈម​នឹង​កើត​មាន​បញ្ហា​ជាតិ​ធំៗ​ជា​ច្រើន​ត្រូវ​ដោះស្រាយ។ ដូច្នេះ​ការ​​បង្កើន​ចំនួន​អាសនៈ​រដ្ឋ​សភា​សម្រាប់​អាណត្តិ​ទី​៥ ពិត​ជា​សម​ហេតុ​ផល នៅ​គ្រា​កំណើន​ប្រជាពលរដ្ឋ​កើន​ច្រើន។
ទោះ​ជា​បែប​នេះ​ក្តី អ្នកស្រី ចក់ សុភាព ជា​នាយក​កម្មវិធី​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា មិន​ចាប់​អារម្មណ៍​ចំពោះ​ការ​កំណត់​ចំនួន​អាសនៈ​សភា​សម្រាប់​នីតិកាល​ទី​៥ ឆ្នាំ​២០១៣ ខាង​មុខ​ទេ។ ប៉ុន្តែ​អ្នកស្រី​ចង់​ឲ្យ​​ដំណើរ​ការ​បោះ​ឆ្នោត​នីតិកាល​ទី​៥ មាន​គណបក្ស​ចម្រុះ​មក​ពី​គ្រប់​គណបក្ស​នយោបាយ ទាំង​បក្ស​ប្រឆាំង និង​បក្ស​កាន់​អំណាច អាច​ធ្វើ​សកម្មភាព​នយោបាយ​បាន​ស្មើភាព​គ្នា។ 
អ្នកស្រី ចក់ សុភាព បញ្ជាក់​បន្ថែម៖ «សំខាន់​បំផុត​តំណាង​ដែល​ចូល​រួម​ហ្នឹង​មាន​ចម្រុះ​គ្រប់​គណបក្ស​នយោបាយ ឬ​អត់ ហើយ​តំណាង​ទាំង​អស់​ហ្នឹង​បាន​ធ្វើ​ការ​ដើម្បី​ប្រជាពលរដ្ឋ​ឬ​អត់។ ខ្ញុំ​គិត​ថា បរិមាណ​មិន​សំខាន់​ទេ។ សំខាន់​ថា តើ​ចំនួន​សមាជិក​សភា ដែល​គាត់​ធ្វើ​ការ​សព្វ​ថ្ងៃ​ហ្នឹង បាន​ឆ្លើយ​តប​ជាមួយ​តម្រូវការ​ប្រជាជន​ហើយ ឬ​នៅ ទើប​បាន​សំខាន់»។ 
គណៈរដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ថា សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​កំណត់​ចំនួន​អាសនៈ​រដ្ឋ​សភា សម្រាប់​នីតិកាល​ទី​៥ ​បាន​រៀបចំ​ឡើង​​​អនុលោម​​តាម​មាត្រា ៧ នៃ​ច្បាប់​ស្តីពី​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ ដែល​ប្រកាស​ឲ្យ​ប្រើ​ដោយ​ព្រះរាជក្រម ចុះ​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ឆ្នាំ​១៩៩៧។ 
ព្រះរាជក្រម​បាន​ចែង​ថា ​រៀង​រាល់​ឆ្នាំ​ទី​៣ នៃ​នីតិកាល​របស់​រដ្ឋ​សភា គណៈរដ្ឋមន្ត្រី​ត្រូវ​បង្កើត​​​គណៈកម្មការ​កំណត់​អាសនៈ​រដ្ឋ​សភា ដើម្បី​​កែប្រែ​ចំនួន​អាសនៈ និង​បែងចែក​ចំនួន​អាសនៈ​តាម​រាជធានី​ខេត្ត។
គណៈកម្មការ​នេះ​ត្រូវ​ធ្វើ​របាយការណ៍ និង​លើក​សំណើ​ដើម្បី​បន្ថែម​ចំនួន​អាសនៈ និង​រក្សា​ទុក​ចំនួន​អាសនៈ​ឲ្យ​នៅ​ដដែល​ជូន​រាជរដ្ឋាភិបាល ដោយ​ផ្អែក​លើ​ស្ថានភាព​ប្រជាពលរដ្ឋ ស្ថានភាព​ភូមិសាស្ត្រ​សង្គម និង​សេដ្ឋកិច្ច ហើយ​រាជ​រដ្ឋាភិបាល​ត្រូវ​ធ្វើ​សេចក្តី​ព្រាង​ច្បាប់ ស្ដីពី​ការ​កំណត់​ចំនួន​អាសនៈ​នេះ​ជូន​រដ្ឋ​សភា​អនុម័ត៕


អាស៊ីសេរី

No comments:

Post a Comment

yes