ដូចកាគ្រោងទុក នាយករដ្ឋមន្រ្តីអ៊ីតាលីលោកSilvio Berlusconi បានប្រកាសលាលែងពីតំណែង កាលពីយប់ថ្ងៃសៅរ៍ទី ១២ វិច្ឆិកា ពោលគឺនៅប៉ុន្មានម៉ោងក្រោយរដ្ឋសភាបានបោះឆ្នោតអនុម័តគាំទ្រផែនការរឹតត្បិតថវិកាស្នើឡើងដោយសហភាពអឺរ៉ុប។ នៅយប់ថ្ងៃសៅរ៍ នៅពេលលោក Silvio Berlusconi ទៅជួបប្រធានាធិបតីដើម្បីដាក់ពាក្យសុំលាចេញពីតំណែងជាផ្លូវការ ហ្វូងមហាជនបានឈរចាំទទួលក្បួនរថយន្តរបស់លោក។ ការសុខចិត្តចាកចេញពីតំណែងនាយករដ្ឋមន្រ្តី របស់លោក Silvio Berlusconi គឺជារឿងដែលគេមិនអាចស្មានដល់។ ប្រជាជនអ៊ីតាលីភាគច្រើនបានធ្វើបុណ្យអបអរដំណឹងនេះ។ អ្នកខ្លះបានស្រែកជេរ រិះគន់នាយករដ្ឋមន្រ្តីចេញពីតំណែង ថាជា”ត្លុក”។ តើហេតុអ្វីបានប្រជាជនអ៊ីតាលីស្អប់លោក Silvio Berlusconi?
លោកSilvio Berlusconi នាយករដ្ឋមន្រ្តីអ៊ិតាលីរងរឿងអាស្រូវ
បានសម្រេចលាចេញពីមុខតំណែងដោយសារគំនាបពីទីផ្សារហិរញ្ញវត្ថុ
©Reuters
នៅក្នុងជីវិតនយោបាយជាង ១៧ឆ្នាំ លោក Silvio Berlusconi កាន់តំណែងជានាយករដ្ឋមន្រ្តីអ៊ីតាលីជិត១០ឆ្នាំ ដែលមិនធ្លាប់មាន នៅក្នុងប្រទេសប្រជាធិបតេយ្យ នៅអឺរ៉ុប ដូចជាអ៊ីតាលី។ លោកមិនបានចូលកាន់អំណាចតាមរយៈរដ្ឋប្រហារ ហើយ ក៏មិនបានប្រើអំណាចផ្តាច់ការ នៅក្នុងការគ្រប់គ្រងរបស់ខ្លួន។ ប៉ុន្តែ លោក Silvio Berlusconi បានចូល កាន់អំណាចជិតពេញបីអាណត្តិ (ចប់ចុងឆ្នាំ ២០១៣) ជាប់ៗគ្នា តាមរយៈការបោះឆ្នោត។ ជាមហាសេដ្ឋីមានលុយជាង ៧ពាន់លានអឺរ៉ូ ជាម្ចាស់ក្លិបបាល់ទាត់អ៊ីតាលី និងជាម្ចាស់ទូរទស្សន៍ឯកជន លោក Silvio Berlusconi ត្រូវបានគេមើលឃើញថា បានជះទឹកលុយដើម្បីរក្សាអំណាចរបស់ខ្លួន។
ជាក់ស្តែង ក្នុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ លោក Silvio Berlusconi ល្បីខាងរឿងស្រីញី និងអំពើពុករលួយ ចាប់ធ្លាក់ប្រជាប្រិយភាព និងទទួលការរិះគន់កាន់តែច្រើន សូម្បីពីក្នុងគណបក្សរបស់គាត់។ ជាប់រឿងក្តីក្តាំនៅតុលាការពីរឿងពុករលួយ និងមានទំនាក់ទំនងផ្លូវភេទ ជាមួយនារីរកស៊ីផ្លូវភេទមិនគ្រប់អាយុ ជាច្រើននាក់។
លោក Silvio Berlusconi លាលែងពីមុខតំណែងនាយករដ្ឋមន្រ្តី មិនមែនមកពីមានរឿងអាស្រូវ ឬគំនាបពីក្នុងស្រុកទេ ប៉ុន្តែ គឺមកពីមានការដាក់សម្ពាធពីខាងក្រៅ។ ជារួម គឺទីផ្សារមូលបត្រតែម្តង ដែលមានឥទ្ធិពលដោយផ្ទាល់ទៅលើវាសនាលោកនាយករដ្ឋមន្រ្តីអ៊ីតាលី។
អ៊ីតាលីមានប្រាក់បំណុលជាង ១៩០ម៉ឺន លានអឺរ៉ូ គឺជាង ១២០ភាគរយនៃផលិតផលក្នុងស្រុកសរុប។ កំណើនសេដ្ឋកិច្ចរបស់អ៊ីតាលីមានតិចតួចស្តួចស្តើង បើប្រៀបធៀបនឹងប្រាក់បំណុលដែលអ៊ីតាលីមាន។ ដូច្នេះ នយោបាយសេដ្ឋកិច្ចមិនច្បាស់លាស់ មិនអាចគ្រប់គ្រងវិបត្តិសេដ្ឋកិច្ចបានរបស់រដ្ឋាភិបាលអ៊ីតាលី ក្រោមការដឹកនាំរបស់លោក Silvio Berlusconi បានធ្វើឲ្យទីផ្សារបាត់បង់ទំនុកចិត្ត។ ដោយសារមិនទុកចិត្ត អ្នកវិនិយោគ ម្ចាស់បំណុលអ៊ីតាលី បានដំឡើង ការប្រាក់លើ អ៊ីតាលី គឺពី៦,៥ ទៅ ៧ភាគរយសម្រាប់ប្រាក់កម្ចីរយៈពេល ១០ឆ្នាំ។
ការប្រាក់ធ្ងន់ក ដែលមិនធ្លាប់មានក្នុងប្រវត្តិអឺរ៉ុប បានធ្វើឲ្យ អ៊ីតាលីកាន់តែធ្លាក់ដុនដាបដោយវិបត្តិប្រាក់បំណុល។ សហភាពអឺរ៉ុបដាក់សម្ពាធលើអ៊ីតាលីឲ្យរៀបចំនយោបាយរឹតត្បិតមួយដើម្បី ស្រោចស្រង់សេដ្ឋកិច្ចប្រទេសឡើងវិញ។
អ្នកវិនិយោគបរទេសលែងមានទំនុកចិត្តលើនយោបាយដ៏ពុករលួយរបស់Berlusconi តទៅទៀត។ គាត់បានបាត់សំឡេងគាំទ្រភាគច្រើននៅក្នុងការបោះឆ្នោត សភាកាលពីដើមសប្តាហ៍។ ដូច្នេះ ដើម្បីស្តារទំនុកចិត្តរបស់អ្នកវិនិយោគឡើងវិញ ដើម្បីទម្លាក់ការប្រាក់បំណុលឲ្យចុះថោកមកវិញ អ៊ីតាលីមានតែត្រូវផ្លាស់ប្តូរមេដឹកនាំ។ អ្នកដែលទំនងនឹងមកជំនួសលោក Silvio Berlusconi គឺ សេដ្ឋកិច្ចវិទូ Mario Monti ដែលគេវាយតម្លៃថា ជាអ្នកជំនាញធ្លាប់ធ្វើការនៅគណៈកម្មការអឺរ៉ុប។ គេសង្ឃឹមថា លោក Monti នឹងអាចអនុវត្តផែនការរឹតត្បិត ដើម្បីជួយឲ្យរដ្ឋអ៊ីតាលីសន្សំលុយឲ្យបានជិត ៦០ពាន់លានដុល្លារ ក្នុងរយៈពេល បីឆ្នាំទៅមុខ។
ក្នុងរយៈពេលតែមួយឆ្នាំ វិបត្តិប្រាក់បំណុលនៅអឺរ៉ុប បានធ្វើឲ្យមេដឹកនាំរដ្ឋាភិបាលរបស់ប្រទេស១០នាក់ធ្លាក់ចេញពីតំណែង។
មេដឹកនាំប្រទេសអឺរ៉ុបដែលរងគ្រោះមុនគេដោយវិបត្តិប្រាក់បំណុល គឺនាយករដ្ឋមន្រ្តីអៀឡង់។ លោកត្រូវសភាបោះឆ្នោតទម្លាក់ទំនុកចិត្ រហូតគណបក្សរបស់គាត់ដែលកាន់អំណាចជិត ៨០ឆ្នាំ ត្រូវគេដាក់ឲ្យនៅក្រៅការបោះឆ្នោតកាលពីខែកុម្ភៈកន្លងទៅ។ លោកនាយករដ្ឋមន្រ្តីអៀឡង់ត្រូវចាកចេញពី តំណែង ដោយសារតែលោកត្រូវគេរិះគន់ថា ហ៊ានទៅរកជំនួយពីអឺរ៉ុប និងអនុវត្តផែនការរឹតត្បិតថវិកាតាមការទាមទាររបស់សហភាពអឺរ៉ុប។ នៅមួយខែក្រោយ អ្នករងគ្រោះបន្ទាប់គឺ នាយរដ្ឋមន្រ្តីប្រទេសព័រទុយហ្គាល់ ដែលបានជួបបញ្ហាប្រាក់បំណុលសាធារណៈដែរ។ ក្រោយពីប្រទេសស្លូវ៉ាគី គឺក្រិក ដែលមាននាយករដ្ឋមន្រ្តីទើបចុះចេញពីតំណែង កាលពីថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ២០១១។
នៅថ្ងៃសៅរ៍ គឺលោកSilvio Berlusconi ដែលដាក់ពាក្យលាលែងពីតំណែង។ ប៉ុន្តែ គេនឹងនៅរង់ចាំមើល តើនឹងដល់វេនថ្នាក់ដឹកនាំប្រទេសណាទៀត នៅក្រោយនាយករដ្ឋមន្រ្តីអ៊ីតាលី។ នៅចំពោះមុខវិបត្តិប្រាក់បំណុល នាយករដ្ឋមន្រ្តីអេស្ប៉ាញ ក៏បានសុខចិត្តរៀបចំការបោះឆ្នោតមុនកំណត់ គឺនៅថ្ងៃទី ២០ខែវិច្ឆិកា ដោយមិនមានលោកចូលរួម។ នេះ គឺដូចជាលោកត្រូវដើរចេញពីអំណាចដោយស្វ័យប្រវត្តិ។
ជារួម រឿងអាស្រូវ អំពើពុករលួយ និងជម្លោះផ្ទៃក្នុងនយោបាយមិនមែនជាកត្តាធ្វើឲ្យមេដឹកនាំអឺរ៉ុបធ្លាក់ចេញពីតំណែងទេ។ ប៉ុន្តែ គឺវិបត្តិប្រាក់បំណុលដែលធ្វើឲ្យមេដឹកនាំបណ្តាប្រទេសអឺរ៉ុបធ្លាក់ពីតំណែង ក្រោយពីត្រូវជ្រើសរើសធ្វើផែនការត្បិតត្បៀត ទៅតាមការដាក់សម្ពាធពីទីផ្សារភាគហ៊ុន និងពីប្រទេសអឺរ៉ុបផ្សេងទៀត ដូចជាបារាំង និងអាល្លឺម៉ង់៕
BY:RFI
No comments:
Post a Comment
yes