នៅថ្ងៃទី១៦ខែវិច្ឆិកាសប្តាហ៍ក្រោយនេះ គណបក្សនរោត្តមរណឫទ្ធិនឹងរៀបចំប្រារព្ធខួប៥ឆ្នាំនៃការបង្កើតគណបក្ស។ នៅក្នុងពិធីនេះគណបក្សនឹងលើកឡើងពីសមិទ្ធផលដែលសម្រេចបានក្នុងរយៈពេល៥ឆ្នាំកន្លងមក នឹងរិះរកយុទ្ធសាស្រ្តថ្មីដើម្បីប្រមូលសំឡេងឆ្នោតឡើងវិញសម្រាប់ការបោះឆ្នោតឆ្នាំខាងមុខ។
កាលពីខែតុលាឆ្នាំ២០០៦ព្រះអង្គម្ចាស់នរោត្តមរណឫទ្ធិព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិចត្រូវបានសមាជិកធ្វើរដ្ឋប្រហារក្នុងបក្សទម្លាក់ព្រះអង្គចេញពីតំណែងប្រធានគណបក្ស។
មួយខែក្រោយមកពោលគឺថ្ងៃទី១៦ខែវិច្ឆិកាឆ្នាំ០០៦ដដែល ព្រះអង្គម្ចាស់នរោត្តមរណឫទ្ធិបានសម្រេចព្រះទ័យបង្កើតគណបក្សរបស់ព្រះអង្គផ្ទាល់ដែលមានឈ្មោះថា គណបក្សនរោត្តមរណឫទ្ធិ។ នៅថ្ងៃទី១៦ខែវិច្ឆិកាខាងមុខនេះ គណបក្សនរោត្តមរណឫទ្ធិមានអាយុកាល៥ឆ្នាំហើយ។
លោក ប៉ែន សង្ហា អ្នកនាំពាក្យគណបក្សនរោត្តមរណឫទ្ធិដែលមានតែ២កៅអីនៅក្នុងរដ្ឋសភាជាតិ បានបញ្ជាក់ប្រាប់នៅថ្ងៃអាទិត្យនេះថា ថ្នាក់ដឹកនាំគណបក្សប្រចាំខេត្តក្រុងទាំងអស់ប្រមាណជា៧០០នាក់នឹងចូលរួមប្រារព្ធខួប៥ឆ្នាំនៃការបង្កើតគណបក្សនៅទីក្រុងភ្នំពេញនៅមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់។ ការជួបជុំគ្នានៅពេលនេះគឺដើម្បីវាយតម្លៃពីសមិទ្ធផលដែលសម្រេចបានក្នុងរយៈពេល៥ឆ្នាំកន្លងមកនឹងត្រៀមរិះរកយុទ្ធសាស្រ្តថ្មីៗដើម្បីស្វែងរកសំឡេងឆ្នោតសម្រាប់ការបោះឆ្នោតនាឆ្នាំខាងមុខ។ អ្នកនាំពាក្យរូបនេះបានបញ្ជាក់បន្ថែមថា៖“ “យើងត្រៀមខ្លួនដើម្បីការបោះឆ្នោតនាពេលខាងមុខ”។
ប្រទេសកម្ពុជានឹងរៀបចំការបោះឆ្នោតឃុំសង្កាត់នៅឆ្នាំ២០១២និងបោះឆ្នោតជាតិនៅឆ្នាំ២០១៣។ លោក ប៉ែន សង្ហា បានបញ្ជាក់ថា ក្នុងពិធីរម្លឹកខួប៥ឆ្នាំនៃការបង្កើតគណបក្សនរោត្តមរណឫទិ្ធនេះ ថ្នាក់ដឹកនាំគណបក្សនឹងមិននិយាយពីការចងសម្ព័ន្ធភាពឬការរំលាយចូលគ្នាជាមួយគណបក្សហ៊្វុនស៊ិនប៉ិចទៀតឡើយ។
សូមរម្លឹកថា គណបក្សនរោត្តមរណឫទ្ធិគឺជាគណបក្សបែកចេញពីគណបក្សហ៊្វុនស៊ិនប៉ិច។ ក្រោយមក គណបក្សបងប្អូនទំនាស់នឹងគ្នានេះតែងតែចង់ផ្សះផ្សាគ្នាឡើងវិញ។ ប៉ុន្តែដោយសារស្ថានភាពនិងមនោគមវិជ្ជានយោបាយខុសគ្នា ពួកគេមិនអាចរំលាយចូលគ្នាបានឡើយ។
គណបក្សនរោត្តមរណឫទ្ធិកាលពីបង្កើតដំបូងមានឈ្មោះថា គណបក្សនរោត្តមរណឫទ្ធិប៉ុន្តែក្រោយមកបានប្តូរឈ្មោះទៅជាគណបក្សជាតិនិយម។ ក្រោយមកទៀតបានប្តូរមកជាគណបក្សនរោត្តមរណឬទ្ធិឡើងវិញ។ ចំណែកឯព្រះអង្គម្ចាស់នរោត្តមរណឫទ្ធិវិញ កាលពីឆ្នាំ២០០៩បានសម្រាកកាយពីឆាកនយោបាយមួយរយៈប៉ុន្តែនៅចុងឆ្នាំ២០១០ព្រះអង្គចាប់ផ្តើមអាជីពនយោបាយឡើងវិញ៕
BY:RFI
No comments:
Post a Comment
yes