សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, November 17, 2011

កូនស្រី​ពៅ​ថៅកែ​ទឹក​សុទ្ធ​នៅ​សៀមរាប ​សល់​ពី​ការស្លាប់​ និយាយ​មិន​ទាន់​កើតទេ

  ក្មេងស្រី​រងគ្រោះ​ ដែល​ក្រុម​ឃាតករ រួម​គ្នា​អារ​កស្ទើរ​ដាច់​បំពង់​ក នៅក្នុងអំពើឃាតកម្ម​ដ៏​សាហាវ​មួយ លើ​ថៅកែ​​ទឹក​សុទ្ធ នៅ​ខេត្ដ​សៀមរាប ដែល​ក្មេង​ស្រី​នោះ​ នៅ​រស់រាន​មានជីវិត​តែ​ម្នាក់​គត់ បន្ទាប់​ពី​ម្ដាយ និង​បងស្រី​ត្រូវបាន​ស្លាប់ ​រហូត​មកដល់​ពេលនេះ នាងកំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ក្នុងទីក្រុង​ភ្នំពេញ។ ប៉ុន្ដែ​ទោះបី​យ៉ាងណា​ក៏ដោយ ក្មេងស្រី​រងគ្រោះ​ និយាយ​មិន​ទាន់​ចេញ​ឡើយ ដោយសារ​បញ្ហា​បំពង់​ក​របស់​នាង​។ នេះ​គឺ​ជា​ការបញ្ជាក់​របស់ លោក ថៃ ម៉េង ត្រូវជា​ឪពុកមា​ ក្មេងស្រី​រងគ្រោះ​។  


 ​ក្មេងស្រី ​ដែល​រងគ្រោះ ដែល​ឃាតករ​អារ​ក​សម្លាប់ ​តែ​មិន​ស្លាប់ ហើយ​និយាយ​មិន​ទាន់​ចេញ​ខាងលើ មានឈ្មោះ អ៊ឹង អ៊ី​លួង អាយុ ១៥​ឆ្នាំ ជា​សិស្ស​រៀន​នៅ​វិទ្យាល័យ​អង្គរ ថ្នាក់​ទី​១១ មាន​ទីលំនៅ​កន្លែងកើតហេតុ​ភូមិ​ចុង​កៅស៊ូ សង្កាត់ ស្លក្រាម ក្រុង​-​ខេត្ដ​សៀមរាប​។​


 លោក ថៃ ម៉េង អាយុ ៦១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង​-​ខេត្ដ​សៀមរាប បាន​និយាយថា ក្មួយ​របស់​គាត់​ឈ្មោះ អ៊ឹង អ៊ី​លួង បន្ទាប់ពី​រងរបួស​បំពង់​ក​ជា​ទម្ងន់ សល់​ពី​ការស្លាប់​ ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បី​ធ្វើការ​ព្យាបាល​ បន្ទាប់​ពី​សង្គ្រោះបន្ទាន់​នៅ​ពេទ្យ​បង្អែក​ខេត្ដសៀមរាប អស់មួយរយៈ​។ 


 លោក ថៃ ម៉េង បាន​បន្ដថា ក្មួយ​របស់​គាត់​នៅពេលនេះ មុខរបួស​ត្រង់​បំពង់​ក​បាន​ជាសះស្បើយ​ស្ទើរ​អស់​ទៅហើយ ប៉ុន្ដែ​បន្ដ​ស្នាក់​នៅ​មន្ទីរពេទ្យ​ថែម​ទៀត ព្រោះថា ស្ថានភាព​និយាយ គឺ​ក្មេង​រងគ្រោះ ​មិន​ទាន់​និយាយ​បាន​នៅឡើយ ដែល​ករណី​នេះ គ្រូពេទ្យ​បាន​ប្រាប់ថា អាច​មាន​ថេរវេលា​ពី ៨​ខែ ទៅ ១​ឆ្នាំ​ឯណោះ ទើប​អាច​និយាយ​កើត​។ 

​តាម​ការបញ្ជាក់​របស់​ឪពុកធំ​ក្មេងរងគ្រោះ​ រូបនាង​នៅតែ​មាន​ការភិតភ័យ ហើយ​មាន​ការតក់ស្លុត​នៅឡើយ​ បន្ទាប់ពី​ដឹងថា ម្ដាយ​របស់​នាង និង​បងស្រី​បង្កើត​ម្នាក់ទៀត ត្រូវបាន​ស្លាប់​ក្នុង​អំពើ​ឃាតកម្ម​ដ៏​សាហាវ​មួយ​នេះ លើ​ក្រុម​គ្រួសារ​របស់​នាង ​ដែលកើតចេញ​ពី​កម្មករ​ទឹក​សុទ្ធ​ចំនួន ៦​នាក់ បាន​រួមគំនិត​គ្នា ​សម្លាប់ផ្តាច់ពូជ​។ 

លោក ថៃ ម៉េង បាន​និយាយថា ក្រោយពី​ផ្ទះ​កើតហេតុ​ ដែល​ជា​ទីតាំង​ផលិត​ទឹក​សុទ្ធ​របស់​ប្អូនស្រី​គាត់ ខាង​សមត្ថកិច្ច​តុលាការ​ បាន​បិទ​បណ្ដោះអាសន្ន ចំពោះ​ទីតាំង​ផលិត​ទឹក​សុទ្ធ ដើម្បី​ធ្វើ​ការស្រាវជ្រាវ​ស៊ើបអង្កេត​។ 

​លោក​បន្ដថា ប៉ុន្មាន​ថ្ងៃមុន ​លោក និង​បងប្អូន​ជាច្រើន​ទៀត បាន​ឯកភាពគ្នា ហើយក៏​បាន​សុំ​ទៅ​តុលាការ ដើម្បី​បើក​ផ្ទះកើតហេតុ​ឡើងវិញ ប៉ុន្ដែ​ខាង​តុលាការ​មិន​ទាន់​អនុញ្ញាត​នៅឡើយ​។ ករណី​នេះ​ដែរ ខាង​ក្រុមគ្រួសារ​សាច់ញាតិ ក៏​បាន​ឯកភាពគ្នា​ម្ដងទៀត​ថា នឹង​ធ្វើ​ពាក្យ​ជា​លាយល័ក្ខអក្សរ​ធ្វើ​ទៅ​កាន់​តុលាកា​រម្ដង​ទៀត នៅ​ព្រឹក​ថ្ងៃទី​១៧ ខែ​វិច្ឆិកា​នេះ ដើម្បីឲ្យ​តុលាការ​អនុញ្ញាត​បើក​ផ្ទះ​នោះ​ឡើងវិញ ដើម្បី​រៀបចំ​ទុក​សម្រាប់ការវិលត្រឡប់​របស់​ក្មួយ​ស្រី ​ដែល​រងគ្រោះ​មក​ស្នាក់នៅ​ជាមួយ​នឹង​បងប្អូន​ឯ​ទៀត​។ 

​​ពាក់ព័ន្ធ​នឹង​ការ​ត្រឡប់មក​ពី​ពេទ្យ​មក​វិញ​របស់​ក្មេង​រងគ្រោះ​ឈ្មោះ អ៊ឹង អ៊ី​លួង ត្រូវបាន​ឪពុកធំ​រូបនោះ បញ្ជាក់ថា មិនដឹងថា ត្រូវ​ឲ្យ​នាង​បើក​នូវ​របរ​ទឹក​សុទ្ធ​ឡើងវិញ ឬ​យ៉ាងណា​ឡើយ​។ ចំពោះ​ការរស់នៅ​មិនដឹងថា ឱ្យ​ក្មួយ​របស់​គាត់​ទៅ​រស់នៅ​ក្នុងផ្ទះ​នោះ​វិញ ហើយ​បងប្អូន​ទៅ​រស់នៅ​ជាមួយ ឬ​ក៏​យក​ក្មេងស្រី​រងគ្រោះ​មក​នៅ​ជាមួយ​បងប្អូន ឬ​យ៉ាងណា​នោះឡើយ​។ ករណី​នេះ​នឹង​ធ្វើ​ការពិភាក្សា​ជាមួយ​បងប្អូន​ជាច្រើន​នាក់​ទៀត​នៅពេល​ក្រោយ​។ 

​​សូមបញ្ជាក់​ថា កាលពី​ម៉ោង​ពាក់កណ្ដាល​អធ្រាត្រ ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១១ ស្ថិត​នៅ​សិប្បកម្ម​ផលិត​ទឹក​សុទ្ធ ​ក្នុងភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង​-​ខេត្ដ​សៀមរាប មាន​ករណី​ឃាតកម្ម​ដ៏​សាហាវ​មួយ ដែល​ជនរងគ្រោះ​ជា​ថៅកែទឹក​សុទ្ធ​នៅ​សៀមរាប និង​កូនស្រី​ចំនួន​ពីរ​នាក់ ត្រូវបាន​កម្មករ​របស់​ខ្លួន​រៀបចំ​គម្រោង​សម្លាប់​ ដើម្បី​ប្លន់​យក​ទ្រព្យសម្បត្ដិ ប៉ុន្ដែ​ក្នុងនោះ​ មាន​កូនស្រី​ម្នាក់​ត្រូវ​អារ​ក​ជិត​ដាច់​ហើយ​រត់​រួច​ខ្លួន​។ ក្រោយ​ពី​ប្លន់​សម្លាប់​បានសម្រេច​ហើយ ជនដៃដល់​ចំនួន ៦​នាក់ បាន​យក​រថយន្ដ​តូច​មួយ​គ្រឿង​របស់​ថៅកែ ​ជិះ​គេចខ្លួន​រួម​គ្នា​ទៅ​ខេត្ដ​បាត់ដំបង តែ​ត្រូវ​សមត្ថកិច្ច​នគរបាល និង​អាវុធហត្ថ​តាម​ចាប់ខ្លួន​បាន​ទាំង ៦​នាក់ នៅ​ខេត្ដ​បាត់ដំបង​។ 

​​ស្ដ្រីថៅ​កែទឹក​សុទ្ធ និង​កូនស្រី​ត្រូវ​ឃាតករ​សម្លាប់​បាន​សម្រេច​នោះ គឺ​ម្ដាយ​មានឈ្មោះ ថៃ លី​ហួរ អាយុ ៤៤​ឆ្នាំ និង​កូនស្រី​ច្បង​ឈ្មោះ អ៊ឹង អ៊ី​ឈី​វ អាយុ ២០​ឆ្នាំ​។ ម្ដាយ និង​កូនស្រី​ ត្រូវបាន​ឃាតករ​ចំនួន ៦​នាក់ សម្លាប់​នៅ​ក្នុង​បន្ទប់​របស់​ខ្លួន ដោយ​វិធី​អារផ្ដាច់​បំពង់ក និង​មាន​ស្នាម​វាយ​បន្ថែមទៀត​។ 

​ក្នុង​អំពើ​ឃាតកម្ម​នោះ​ដែរ ជន​ទី​៣ គឺជា​កុមារី​រងគ្រោះ​ឈ្មោះ អ៊ឹង អ៊ី​លួង អាយុ ១៥​ឆ្នាំ ត្រូវបាន​អារ​ក្នុង​គោលបំណង​ផ្ដាច់​បំពង់ក​ដូច​ម្ដាយ និង​បងស្រី​របស់​នាង​ដែរ​។ ប៉ុន្ដែ​ក្នុង​ហេតុការណ៍​នោះ កុមារី អ៊ឹង អ៊ី​លួង បាន​រើ​បម្រាស់​ចេញ​ពី​ក្រញាំដៃ​ឃាតករ ហើយ​រត់​ចេញ​មក​ក្រៅ​ផ្ទះ និង​បាន​យក​ទូរស័ព្ទ​បញ្ជូន​សារ​ទៅ​ឱ្យ​បងប្អូន​ប្រាប់​ពី​សកម្មភាព នៃ​ក្រុម​គ្រួសារ នាង​ត្រូវបាន​ក្រុមកម្មករ​ទឹក​សុទ្ធ​បានសម្លាប់​។ 

​​នៅពេល​ចេញមកក្រៅ​កុមារី អ៊ឹង អ៊ី​លួង ត្រូវ​បាន​រងរបួស​ជា​ទម្ងន់ ហើយ​ក៏​ត្រូវបាន​គេ​បញ្ជូន​មកកាន់​មន្ទីរពេទ្យ​ខេត្ដ​សៀមរាប ហើយ​សង្គ្រោះបន្ទាន់​ភ្លាមៗ​នោះដែរ ទើប​ជីវិត​នាង​បាន​សល់​ពី​ការស្លាប់​តែ​ម្នាក់ឯង​គត់​ក្នុង​គ្រួសារ​។ ហើយ​ពេលនេះ នាង​បាន​ក្លាយជា​ក្មេង​កំព្រា​ថែមទៀត​ផង​។ 

​​ដោយឡែក​ឃាតករ​ទាំង ៦​នាក់ ដែល​ចាប់បាន​នៅ​ខេត្ដ​បាត់ដំបង គឺ​មាន​ម្នាក់​ជា​កូនចិញ្ចឹម​របស់​ស្ដ្រីថៅ​កែទឹក​សុទ្ធ នោះ​ផង​ដែរ​។ កូនចិញ្ចឹម​នោះ​ឈ្មោះ ប៉ុក ហ៊ី​ត ភេទ​ប្រុស អាយុ​២០​ឆ្នាំ​។ និង​អ្នក​ទាំង ៥​នាក់ ដែល​ចាប់ខ្លួន​បាន​នោះ​មាន ឈ្មោះ លាង ដួង ភេទ​ប្រុស អាយុ ២៤​ឆ្នាំ​, ឈ្មោះ កែវ សុខ​នី ហៅ​ភ័ក្ដ្រ ភេទ​ប្រុស អាយុ​២០​ឆ្នាំ​, ឈ្មោះ ឃី វ៉ាន់ណី ភេទ​ប្រុស អាយុ ១៦​ឆ្នាំ​, ឈ្មោះ រស់ បូរី ភេទ​ប្រុស អាយុ ២៣​ឆ្នាំ និង​ឈ្មោះ កុយ ភេទ​ប្រុស អាយុ ២២​ឆ្នាំ​។ ជនដៃដល់​ទាំង​៦ ពេលនេះ​កំពុង​ត្រូវបាន​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្ដ​សៀមរាប​។ 

​​មូលហេតុ​ដែល​ឈាន​ដល់​សម្លាប់​ក្រុមគ្រួសារ​ថៅកែ​ទឹក​សុទ្ធ ផ្ដាច់​ពូជ​ខាងលើ គឺ​កើតឡើង​ដោយសារ​រឿង​បន្ដិចបន្ដួច ព្រោះថា មុន​ថ្ងៃ​កើតហេតុ​ថៅកែ​ស្រី​ទឹក​សុទ្ធ បាន​ឱ្យ​កូនចិញ្ចឹម និង​បក្ខពួក​ផ្សេង​ទៀត​ដឹក​ទឹក​សុទ្ធ​ទៅ​ឱ្យ​ម៉ូយ​ចំនួន ២៥០​យួរ​។ ក្រោយ​ពី​ត្រឡប់​មក​ដល់​ផ្ទះ​វិញ ថៅកែ​ស្រី​បាន​សួរ​អំពី​លុយ​ដែល​ដឹក​ទឹក​សុទ្ធ​ទៅ បាន​ទូទាត់​ពី​ម៉ូយ​មកវិញ ឬ​នៅ​។ ករណី​នោះ ជន​ដែល​ជា​កូនចិញ្ចឹម​ឈ្មោះ ប៉ុក ហ៊ី​ត គេ​ថា មិនទាន់​បាន​ទូទាត់​ធ្វើ​ឲ្យ​ថៅកែ​ស្រី​ស្ដីឱ្យ​បន្ដិចបន្ដួច​ពី​របៀប​រកស៊ី​។ 

​​ប៉ុន្ដែ​នៅ​ម៉ោង ៧​យប់ មុន​ម៉ោង​កើតហេតុ ឈ្មោះ ប៉ុក ហ៊ី​ត បាន​ទិញ​ស្រា​បៀរ​យកមក​ផឹក​ជុំ​ជាមួយ​កម្មករ ៥​នាក់​ផ្សេង​ទៀត ហើយ​ក៏​រៀបចំ​គម្រោង​សម្លាប់​ថៅ​កែ និង​កូនៗ​ទាំង ២​នាក់​នោះ​ឡើង​។ រហូតដល់​ពាក់កណ្ដាល​យប់​គម្រោង​ក៏​ត្រូវបាន​ចាប់ផ្ដើម​ឡើង ហើយ​ថៅកែ និង​កូនស្រី​ច្បង​ត្រូវបាន​សម្លាប់​ដូច​បំណង និង​កូនស្រី​ពៅ​រងរបួស​ធ្ងន់​នៅ​មាន​ជីវិត​។ ប៉ុន្ដែឃាតករ​ឈាម​ស្រែក​ស្បែក​ហៅ មិន​អាច​គេចផុត​ពី​សំណាញ់​ច្បាប់​បានឡើយ​។ ទី​បំផុត​ទាំង​៦​នាក់ ដែល​រត់​ទៅ​ខេត្ដ​បាត់ដំបង តាមរយៈ​មធ្យោបាយ​ឡាន​កូរ៉ូឡា​របស់​ម្ចាស់ផ្ទះ​មួយ​គ្រឿង ដែល​ពួក​វា​ជិះ​យក​ទៅ​ត្រូវបាន​ក្រុម​សមត្ថកិច្ច​កងរាជអាវុធហត្ថ និង​កង​នគរបាលជាតិ​ខេត្ដ​បាត់ដំបង ចាប់​បាន​ជា​បន្ដបន្ទាប់​៕





CEN

No comments:

Post a Comment

yes