សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, November 27, 2011

ទាហាន​ថៃ​បាញ់​សម្លាប់​ខ្មែរ​ឆ្លង​ដែន​ខុស​ច្បាប់​៣​នាក់

 កង​ទាហាន​ថៃ​នៃ​ស្រុក​កាប់ជើង ខេត្ត​សុរិន្ទ បាន​បាញ់​សម្លាប់​អ្នក​ភូមិ​ខ្មែរ​​ចំនួន ៣​នាក់​ដែល​បាន​​​​ឆ្លង​ដែន​ខុស​ច្បាប់​ទៅ​រក​កាប់​ឈើ​គ្រញូង​កាល​ពី​ពេល​ថី្មៗ។


 អាជ្ញាធរខ្មែរ​បាន​ឱ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន ៣​នាក់ ដែល​ទាហាន​ថៃ បាញ់​សម្លាប់​នោះ គឺ​ជា​អ្នក​ភូមិ​អូរបាត់ដាវ សង្កាត់​បន្សាយរាក់ នៃ​ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ។
មន្ត្រី​ទំនាក់ទំនង​ព្រំដែន​កម្ពុជា-​ថៃ ប្រចាំ​ច្រក​ប្រាសាទ​តាមាន់ធំ បាន​ឱ្យ​ដឹង​ថា គេ​កំពុង​ទាក់ទង​ទៅ​កាន់​អាជ្ញាធរ​ថៃ ខេត្ត​សុរិន្ទ ដើម្បី​ស្នើ​សុំ​ឱ្យ​បញ្ជូន​សាកសព​បុរស​ខ្មែរ ៣​នាក់ ដែល​​កង​ទាហាន​ថៃ បាន​បាញ់​សម្លាប់​ប្រគល់​មក​ឱ្យ​ក្រុម​គ្រួសារ​វិញ។
លោក ជុំ សេរី ជា​ប្រធាន​ក្រុម​ការងារ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា-​ថៃ ប្រចាំ​ច្រក​ប្រាសាទ​តាមាន់ធំ នៃ​ស្រុក​បន្ទាយអំពិល ខេត្ត​ឧត្តរមានជ័យ។ លោក​បាន​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​សុក្រ ទី​២៥ ខែ​វិច្ឆិកា ថា លោក​កំពុង​​​រង់ចាំ​នៅ​ច្រក​ទ្វារ​ព្រំដែន​កម្ពុជា-​ថៃ អូរស្មាច់ ដើម្បី​បំពេញ​បែបបទ​ស្នើ​សុំ​ទៅ​អាជ្ញាធរ​ថៃ នៃ​ខេត្ត​សុរិន្ទ ឱ្យ​បញ្ជូន​សាកសព​ប្រជាពលរដ្ឋ​ខ្មែរ ៣​នាក់​​​ត្រឡប់​មក​ភូមិ​របស់​គេ​វិញ។
លោក ជុំ សេរី៖ «គេ​ប្រាប់​យើង​ថា មាន​សាកសព​គេ​ឱ្យ​យើង​ត្រួត​ពិនិត្យ​មើល​ថា យើង​មាន​បាត់ ឬ​ទេ? ហើយ​យើង​ទើប​នឹង​ត្រួត​ពិនិត្យ​មើល​ពី​ព្រឹកមិញ​ហ្នឹង ឃើញ​ក្រុម​គ្រួសារ​គេ​ហ្នឹង​មក​ទាក់ទង។អ៊ីចឹង​ទេ យើង​ឱ្យ​ធ្វើ​លិខិត​បញ្ជាក់​ពី​ភូមិ​​ពី​ឃុំ​មក​សុំ​ទៅ​គេ»
ប្រភព​ពី​អ្នក​ភូមិ​អូរបាត់ដាវ បាន​ឱ្យ​ដឹង​ថា បុរស ៣​នាក់ ដែល​ជា​អ្នក​ភូមិ​របស់​គេ ត្រូវ​ទាហាន​ថៃ បាញ់​ស្លាប់ តាំង​តែ​ពី​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា បន្ទាប់​ពី​នាំ​គ្នា​ឡើង​ភ្នំ និង​ឆ្លង​ចូល​ព្រំដែន​ថៃ ដើម្បី​ស្វែង​រក​កាប់​ឈើ​គ្រញូង​មក​លក់​ដូរ។
លោក ខួង ធឿ ជា​ប្រធាន​ភូមិ​អូរបាត់ដាវ។ លោក​បាន​មាន​ប្រសាសន៍​ថា អ្នក​ភូមិ​របស់​លោក​ទាំង ៣​នាក់ បាន​ចូល​ទៅ​កាប់​ឈើ​នៅ​ជិត​តំបន់​ប្រាសាទ​ខ្នារ ចម្ងាយ​ប្រមាណ ១​គីឡូម៉ែត្រ​ភាគ​ខាង​កើត​ពី​បង្គោល​ឡាក់​ព្រំដែន​លេខ​២០៖ «គាត់​យក​ម៉ាស៊ីន​ទៅ​អារ ដល់​ពេល​ទៅ​គាត់​មិន​អារ​នៅ​ជើង​ភ្នំ​ទេ គឺ​ឡើង​ទៅ​លើ (ភ្នំ)។ ទាហាន​របស់​យើង​ហ្នឹង​បាន​ឮ​ម៉ាស៊ីន​​អារ​ ដើរ​តម្រង់​ទៅ​ម៉ាស៊ីន​ហ្នឹង ក្រែងលោ​ប៉ះ​ប្រជាពលរដ្ឋ​យើង ចៃដន្យ​ទាហាន​របស់​យើង​ហ្នឹង​បាន​នាំ​ឆ្កែ​ទៅ​ផង។ ដល់​អា​ឆ្កែ​នេះ​វា​រត់​មុខ​ដល់​ឆ្កែ​ទៅ​ដល់​កន្លែង​ម៉ាស៊ីន​នោះ ម៉ាស៊ីន​វា​ស្ងាត់ ទាហាន​យើង​រក​កន្លែង​អត់​ឃើញ។ ដើរ​បក​មក​វិញ​មួយ​សន្ទុះ​ទៅ​បាន​ឮ​ម៉ាស៊ីន​ហ្នឹង​អារ​ម្ដង​ទៀត ដល់​មួយ​ស្របក់​ក្រោយ​មក​បាន​ឮ​ស្នូរ​ថៃ បាញ់​ច្រើន ប្រើ​កាំភ្លើង​អែរ​ប៉េ​កា (RPK ) ប្រហែល ៣០​គ្រាប់។ ​បាត់​មនុស្ស​​តាំង​ពី​ថ្ងៃ​ហ្នឹង​ទៅ​ទើប​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ហ្នឹង មក​សុំ​ជំនួយ​ពី​ខ្ញុំ​ហ្នឹង ពី​ល្ងាច​មិញ​នេះ​ឯង»
នៅ​តាម​តំបន់​ព្រំដែន​ខ្មែរ-​ថៃ ក្នុង​ខេត្ត​ឧត្តរមានជ័យ និង​ខេត្ត​ព្រះវិហារ ពេល​បច្ចុប្បន្ន​នេះ​ក្រុម​​​​ឈ្មួញ​នៅ​តែ​រក​ស៊ី​ទិញ និង​ដឹក​ជញ្ជូន​ឈើ​គ្រញូង​តាម​រថយន្ត​​ជា​រៀង​រាល់​ថ្ងៃ ដែល​អាជ្ញាធរ​​បង្រ្កាប​អំពើ​ខុស​ច្បាប់​ទាំង​​នោះ​មិន​បាន​ជោគជ័យ​ទេ។ ការ​ដែល​នៅ​តែ​មាន​ពួក​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​គ្រញូង ដើម្បី​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស​នោះ បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រស់​នៅ​ជាប់​ព្រំដែន​តែង​​នាំ​គ្នា​លួច​ឆ្លង​ដែន​ខុស​ច្បាប់​ទៅ​កាប់​ឈើ​ក្នុង​ទឹក​ដី​ថៃ បណ្តាល​ឱ្យ​រងគ្រោះថ្នាក់​ខ្លះ​ស្លាប់ ខ្លះ​រង​របួស ដោយសារ​ការ​បាញ់ ​​​​និង​ខ្លះ​ទៀត​ត្រូវ​ទាហាន​ថៃ​ចាប់​ខ្លួន។
របាយការណ៍​ត្រួស​ៗ​ពី​តាម​ព្រំដែន​នៃ​ខេត្ត​ឧត្តរមានជ័យ និង​ខេត្ត​ព្រះវិហារ ឱ្យ​ដឹង​ថា ចាប់​តាំង​ពី​ថ្ងៃ​ទី​៩ ខែ​តុលា រហូត​ដល់​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា ឆ្នាំ​២០១១ គឺ​មាន​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន ១១​នាក់​បាន​ស្លាប់​ ម្នាក់​រង​របួស និង ១០​នាក់ ត្រូវ​ទាហាន​ថៃ ចាប់​ខ្លួន ដោយសារ​តែ​ការ​លួច​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​ទៅ​ក្នុង​ទឹក​ដី​ថៃ ដើម្បី​កាប់​ឈើ​គ្រញូង​មក​លក់​ឱ្យ​ពួក​ឈ្មួញ៕



អាស៊ីសេរី

No comments:

Post a Comment

yes