សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, November 27, 2011

ប៉ូលិស​ខេត្ត​កំពត​រង​ការ​ចោទ​ថា​ជំរិត​ទារ​ប្រាក់​ពី​ពលរដ្ឋ

 មន្ត្រី​នគរបាល​ខេត្ត​កំពត រង​ការ​ចោទ​ថា បាន​ជំរិត​ទារ​ប្រាក់​ពី​ប្រជាពលរដ្ឋ​បី​នាក់ ពាក់ព័ន្ធ​នឹង​ជម្លោះ​មួយ ហើយ​ប្រជាពលរដ្ឋ​ទាំង​បី​នាក់​ថ្លែង​ថា ពួក​គាត់​ជា​ជន​រង​គ្រោះ​នៃ​ជម្លោះ​នោះ ដោយ​ត្រូវ​ជន​ដៃដល់​ដែល​ជា​កូន​របស់​ប្រធាន​ភូមិ​ម្នាក់ វាយ និង​កាប់​ឲ្យ​របួស​ជា​ទម្ងន់ តែ​ពួកគាត់​បែរ​ជា​ត្រូវ​ប៉ូលិស​ចាប់​វាយ​ខ្នោះ និង​ឃាត់​ខ្លួន ជំរិត​ទារ​ប្រាក់​ពី​ពួក​គាត់​ថែម​ទៀត។


 បុរស​ទាំង​បី​នាក់​នោះ ត្រូវ​មន្ត្រី​ប៉ូលិស​ខេត្ត​កំពត​ជំរិត​ទារ​ប្រាក់​ចំនួន ១,២​លាន​រៀល ជា​ថ្នូរ​នឹង​ការ​ដោះ​លែង​ឲ្យ​មាន​សេរីភាព​ពី​ការ​ឃាត់​ខ្លួន ទាក់ទិន​នឹង​ជម្លោះ​ក្នុង​រឿង​ស៊ី​ផឹក។
ម្នាក់​ក្នុង​ចំណោម​បុរស​ទាំង​បី​នាក់ មក​ពី​ភូមិ​ដុបស្រឡៅ ឃុំ​ត្រពាំងព្រីង ស្រុក​ទឹកឈូ ខេត្ត​កំពត លោក សួន នៅ អាយុ ៤៨​ឆ្នាំ បាន​ឲ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា ឆ្នាំ​២០១១ ពួកគាត់​ទាំង​បី​នាក់​ដែល​ត្រូវ​ជា​សាច់ញាតិ​នឹង​គ្នា បាន​ជួប​ជុំ​ហូប​ចុក​ដោយ​មាន​ស្រា​ស​ចំណុះ​កន្លះ​លីត្រ​ផង ហើយ​បាន​ប្រឡែង​គ្នា ក៏​ស្រាប់​តែ​ឈ្មោះ សួង រ៉ា វាយ​ពួក​គាត់ ហើយ​កាប់​រូប​គាត់​នឹង​ពូថៅ​ឲ្យ​របួស​លើ​ខ្នង​ជើង​ខាង​ស្ដាំ។
លោក សួន នៅ​បន្ត​ថា ពួកគាត់​មិន​ត្រឹម​តែ​មិន​ទទួល​បាន​យុត្តិធម៌​ទេ គឺ​ថែម​ទាំង​ត្រូវ​ប៉ូលិស​ជំរិត​ទារ​ប្រាក់​ទៀត៖ «អា​អ្នក​កាប់​គេ​វាយ​គេ​នោះ​អត់​ដាក់​ខ្នោះ​ដាក់​អី​ទេ ដាក់​ខ្នោះ​តែ​ពួក​ខ្ញុំ​បី​នាក់​នេះ​អត់​ដឹង​រឿង​អី​ផង។ គេ​សម្លុត​មក​អ៊ីចឹង ខ្ញុំ​ស្មាន​តែ​ហៅ​ខ្ញុំ​មក​ធ្វើ​កសិណ ដល់​មក​គេ​ដាក់​ខ្នោះ​ឡើង​ឡាន​ឡើង​អី​ទៅ! យក​មក​គេ​ជំរិត​យក គេ​ថា បើ​មិន​បាន ៤០​ម៉ឺន (រៀល) អ្ហែង​បញ្ចូល​គុក​ទាំង​អស់»
ទាក់ទិន​នឹង​បញ្ហា​នេះ ប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត លោក ប៊ុត សាបាន មាន​ប្រសាសន៍​ថា លោក​ខ្លាច​ក្រែង​តែ​ការ​អះអាង​របស់​ក្រុម​ប្រជាពលរដ្ឋ​ស្ដីពី​ការ​ជំរិត​ទារ​ប្រាក់​នោះ​មិន​មែន​ជា​ការ​ពិត៖ «អឺ​ខ្ញុំ ខ្ញុំ​មិន​ច្បាស់​ដែរ ប៉ុន្តែ​គ្រាន់​តែ​ចង់​ឲ្យ​លោក​សួរ​គាត់​ម្ដង​ទៀត ថា​តើ​ស្អី​ដែល​គាត់​និយាយ​ហ្នឹង​ពិត ឬ​មិន​ពិត ហើយ​បើ​ថា​យក​ល្អ ខ្ញុំ​ថា ថា​អ៊ីចេះ​តែ​ម្ដង​ទៅ ឲ្យ​គាត់​ដុត​ធូប​ស្បថ​តែ​ម្ដង​ទៅ​មុន​នឹង​និយាយ ទោះ​យើង​នៅ​កន្លែង​តុលាការ​ក៏​អ៊ីចឹង​ដែរ ដើម្បី​ការ​ពិត​គេ​ត្រូវ​ស្បថ។ អ៊ីចឹង​មុន​នឹង​និយាយ​ការ​ពិត​នៅ​កន្លែង​វិទ្យុ​អាស៊ីសេរី ឲ្យ​គាត់​ស្បថ​មក ឲ្យ​គាត់​ស្បថ»។ 
ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ដែរ អ្នក​សម្របសម្រួល​សាខា​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ខេត្ត​កំពត អ្នកស្រី ទ្រី ឈូន ថ្លែង​ថា អ្នកស្រី​ជឿជាក់​លើ​ការ​អះអាង​របស់​ក្រុម​ប្រជាពលរដ្ឋ៖ «ព្រោះ​ប្រជាពលរដ្ឋ​ក្រីក្រ​គាត់​មិន​ដែល​កុហក​ទេ ហើយ​គាត់​មិន​សុខ​ចិត្ត​ទៅ​​កាប់​ដើម​អន្សង​ហើយ​លក់​យក​លុយ​​ធ្វើ​សោហ៊ុយ​មក មក​យំ​ស្រែក មក​តវ៉ា​ដល់​ការិយាល័យ​សមាគម​អាដហុក​ប្រចាំ​ខេត្ត​កំពត​ហ្នឹង ហើយ​មុន​នឹង​មក​ដល់​ការិយាល័យ​សមាគម​អាដហុក​ហ្នឹង គាត់​បាន​ទៅ​ប្ដឹង​ដល់​ភ្នំពេញ​ឯណោះ ដោយសារ​តែ​គាត់​ស្មាន​តែ​ការិយាល័យ​អាដហុក​ហ្នឹង​មាន​តែ​នៅ​ខាង​ភ្នំពេញ។ អ៊ីចឹង​ខាង​ភ្នំពេញ​ក៏​គេ​បញ្ជូន​គាត់​ត្រឡប់​មក​វិញ ព្រោះ​កន្លែង​កើត​ហេតុ​គឺ​នៅ​ខេត្ត​កំពត»

នៅ​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា ប្រជាពលរដ្ឋ​ទាំង​បី​នាក់​បាន​ដាក់​ពាក្យ​បណ្ដឹង​តាម​រយៈ​សាខា​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ខេត្ត​កំពត ចំពោះ​មន្ត្រី​ប៉ូលិស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត ពី​បទ​ជំរិត​ទារ​ប្រាក់​ពី​ពួកគាត់​អស់​ម្នាក់​ចំនួន ៤០​ម៉ឺន​រៀល៕




អាស៊ីសេរី

No comments:

Post a Comment

yes