សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, November 17, 2011

អាជីវករ​ផ្សារ​ឧត្តុង្គ​បិទ​ផ្លូវ​ជាតិ​លេខ​៥​ដើម្បី​តវ៉ា

 អាជីវករ​ផ្សារ​ឧត្ដុង្គ​បិទ​ផ្លូវ​ជាតិ​លេខ​៥ ត្រង់​ចំណុច​ផ្សារ​ឧត្តុង្គ មិន​ឲ្យ​យានយន្ត​បើក​ឆ្លង​កាត់។
 ក្រុម​អាជីវករ​បាន​​ឲ្យ​ដឹង​ថា មូលហេតុ​នៃ​ការ​បិទ​ផ្លូវ​ដើម្បី​តវ៉ា​ទៅ​នឹង​ចំណាត់​ការ​របស់​អាជ្ញាធរ​ដែល​បាន​បណ្ដេញ​ពួក​គេ​ចេញ​ពី​ផ្សារ​ទី​តាំង​ចាស់​​​​​ធ្លាប់​លក់ដូរ​​ជាង ២០​ឆ្នាំ​ទៅ​ផ្សារ​សង់​ថ្មី ដោយ​អាជ្ញាធរ​អះអាង​ថា ទី​កន្លែង​លក់​ដូរ​កន្លង​មក​ស្ថិត​តាម​ចិញ្ចើម​ផ្លូវ​​​​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​​សាធារណៈ។ 
អាជីវករ​ផ្សារ​ឧត្តុង្គ​ជាង ១០០​នាក់ នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា ឆ្នាំ​២០១១ បាន​ធ្វើ​បាតុកម្ម​បិទ​ផ្លូវ​ជាតិ​លេខ​៥ ត្រង់​ចំណុច​ផ្សារ​​ឧត្តុង្គ ស្ថិត​ក្នុង​ឃុំ​វាំងចាស់ ស្រុក​ឧត្តុង្គ ខេត្ត​កំពង់ស្ពឺ ស្ទើរ​ពេញ​១​ថ្ងៃ ចាប់​ពី​ម៉ោង ៧​ព្រឹក មិន​ឲ្យ​អ្នក​ដំណើរ​ឆ្លង​កាត់។ 
ក្រុម​អាជីវករ​បាន​ឲ្យ​ដឹង​ថា អាជ្ញាធរ​ឃុំ-​ស្រុក កាល​ពី​វេលា​ម៉ោង ១២​យប់ ឈាន​ចូល​​​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា បាន​រុះរើ​ផ្សារ ហើយ​បាន​ដឹក​យក​គ្រែ​លក់​ដូរ​ចេញ​ពី​ផ្សារ និង​បាន​រារាំង​អាជីវករ​មិន​ឲ្យ​លក់ដូរ​ក្នុង​ផ្សារ​​ឧត្តុង្គ​ចាស់​ត​ទៅ​ទៀត។
អាជីវករ​ឲ្យ​ដឹង​ដូច្នេះ៖ «បាតុកម្ម​ដើម្បី​ទាមទារ​លក់​កន្លែង​ដើម​វិញ។ សមត្ថកិច្ច​បាន​បញ្ចូន​កម្លាំង​មក​រើ​យក​គ្រែ​លក់​ដូរ​របស់​ពួក​ខ្ញុំ​ទៅ​ទុក​នៅ​ប៉ុស្តិ៍​ប៉ូលិស​អស់។ ឥឡូវ​ពួក​ខ្ញុំ​អត់​សុខ​ចិត្ត​មក​បាតុកម្ម​ឲ្យ​គេ​ជួយ​រក​ដំណោះស្រាយ។ ផ្សារ​ថ្មី​ថ្លៃ​ពេក ក្នុង​១​ថ្ងៃ​តម្លៃ​បង់ ៧.៥០០​រៀល​ក្នុង​១​ម៉ែត្រ។ កំពុង​បិទ​ផ្លូវ។ អាជីវករ​សុំ​លក់​កន្លែង​ដើម​វិញ​សមត្ថកិច្ច​អត់​ព្រម»។ 
ក្រុម​អាជីវករ​ផ្សារ​ឧត្តុង្គ បាន​ឲ្យ​ដឹង​ថា ពួកគេ​ធ្លាប់​បាន​មក​លក់​ដូរ​បន្លែ​ត្រី​សាច់​ក្នុង​ផ្សារ​ឧត្តុង្គ​ចាស់​ប្រមាណ ២០​ឆ្នាំ​មក​ហើយ។ ដូច្នេះ​អាជ្ញាធរ​មិន​គួរ​បណ្ដេញ​ពួក​គាត់​ចេញ​ពី​ទីតាំង​ធ្លាប់​ប្រកប​របរ​ទទួល​ទាន​ជា​យូរ​មក​ហើយ ទៅ​កាន់​ទី​តាំង​ថ្មី​ដែល​ឈ្មួញ​បាន​កំណត់​តម្លៃ​ខ្ពស់​នោះ​ទេ។
លោក ពូល នៅ ជា​អភិបាល​ស្រុក​ឧត្តុង្គ ខេត្ត​កំពង់ស្ពឺ បដិសេធ​មិន​ផ្ដល់​អត្ថាធិប្បាយ​លំអិត​ជុំវិញ​ផែនការ​តម្រូវ​ឲ្យ​អាជីវករ​ផ្សារ​ឧត្តុង្គ ផ្លាស់​ទៅ​លក់​ដូរ​នៅ​ទីតាំង​ផ្សារ​ទើប​សង់​ថ្មី ឈាន​ដល់​ក្រុម​អាជីវករ​ធ្វើ​បាតុកម្ម​បិទ​ផ្លូវ​ជាតិ​លេខ​៥ នេះ​ទេ៖ «ខ្ញុំ​ក្ដាប់​អត់​ច្បាស់​ទេ​ករណី​បាតុកម្ម​នេះ។ ព្រឹក​មិញ​ខ្ញុំ​បាន​ដឹកនាំ​ការងារ​ហ្នឹង តែ​ឥឡូវ​ខ្ញុំ​មិន​ស្រួល​ខ្លួន​មក​សម្រាក​នៅ​ក្រៅ»
ទាក់ទង​បញ្ហា​នេះ លោក ឈឹម វ៉ាត មេ​ឃុំ​វាំងចាស់ ស្រុក​ឧត្តុង្គ ខេត្ត​កំពង់ស្ពឺ បាន​ឲ្យ​ដឹង​ថា មូលហេតុ​នាំ​ឲ្យ​អាជ្ញាធរ​​តម្រូវ​ឲ្យ​អាជីវករ​ផ្សារ​ឧត្តុង្គ​ផ្លាស់ប្ដូរ​ទី​កន្លែង​លក់​ដូរ​ទៅ​ទីតាំង​ថ្មី ដោយសារ​តែ​កន្លង​មក​ការ​លក់​ដូរ​របស់​អាជីវករ គឺ​លក់​នៅ​តាម​ចិញ្ចើម​​ផ្លូវ​អនាធិបតេយ្យ​គ្មាន​សណ្ដាប់​​ធ្នាប់។
លោក ឈឹម វ៉ាត បញ្ជាក់​បន្ថែម៖ «លក់​ស្ទះ​ពេញ​ផ្លូវ​ខ្លាំង​ពេក ស្រុក​ក៏​ចេញ​គោលការណ៍​ថា ផ្លូវ​ហ្នឹង​ជា​ផ្លូវ​របស់​រដ្ឋ ដល់​អាជីវករ​លក់​ច្រើន​បែប​នេះ​ពិបាក​ធ្វើ​ចរាចរណ៍ និង​ម្យ៉ាង​ផ្លូវ​ចូល​វត្ត ចូល​សាលារៀន បាន​ប៉ះពាល់​ការ​រៀន​សូត្រ ប៉ះពាល់​សតិ​អារម្មណ៍​ពលរដ្ឋ​ជិត​ខាង។ លក់​បោះ​កាក​សំណល់​ពាស​វាល​កាល​អាក្រក់​មើល​ពេក»។ 
វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​លោកស្រី កែវ រតនៈសុភាព ជា​ប្រធាន​ក្រុមហ៊ុន​សង់​ផ្សារ​ឧត្តុង្គ​ថ្មី​ដើម្បី​បំភ្លឺ​ជុំវិញ​ការ​តវ៉ា​របស់​ក្រុម​អាជីវករ​បាន​ទេ នៅ​រសៀល​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា។
ទោះ​យ៉ាង​ណា ក្រុម​អាជីវករ​បាន​សំណូមពរ​ទៅ​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​ឲ្យ​ជួយ​អន្តរាគមន៍​ដល់​ពួក​គេ​ឲ្យ​បាន​លក់​ដូរ​បន្លែ​ត្រី​សាច់​នៅ​​​ទីតាំង​ផ្សារ​ឧត្តុង្គ​ចាស់​ឡើង​វិញ ព្រោះ​ទីតាំង​ផ្សារ​ដែល​ឈ្មួញ​សង់​ថ្មី អាជីវករ​ពួកគាត់​មិន​មាន​លទ្ធភាព​បង់​លុយ​ជូន​ប្រធាន​ផ្សារ​នោះ​ទេ។
អាជីវករ​បាន​ឲ្យ​ដឹង​ថា រហូត​មក​ដល់​ម៉ោង​ជាង ២​រសៀល​ទៅ​ហើយ ក្រុម​អាជីវករ​មិន​ទាន់​បើក​ផ្លូវ​ឲ្យ​រថយន្ត​បើក​ឆ្លង​កាត់​នៅ​ឡើយ ហើយ​អាជ្ញាធរ​ក៏​មិន​បាន​ចេញ​មុខ​ជួប​ក្រុម​អាជីវករ​នោះ​ទេ។ ប៉ុន្តែ​បែរ​ជា​បន្ថែម​កម្លាំង​សមត្ថកិច្ច​ចម្រុះ​មក​កាន់​ទីតាំង​កើតហេតុ​រាប់​សិប​នាក់​ទៅ​វិញ៕



ពីវិទ្យុ អាស៊ីសេរី

No comments:

Post a Comment

yes