សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, December 5, 2011

ជន​ជាតិ​កួយ​ចោទ​អាជ្ញាធរ​ថា​បំផ្លាញ​ព្រៃ​សហគមន៍

 ប្រជា​ពល​រដ្ឋ​ជន​ជាតិ​ដើម​ភាគ​តិច​កួយ នៅ​ខេត្ត​ស្ទឹងត្រែង​អះអាង​ថា ដី​តំបន់​ព្រៃ​សហគមន៍​អភិរក្ស​រង​ការ​កាប់​រាន​ដើម្បី​យក​ដី។
 ប្រជា​ពល​រដ្ឋ​រស់​នៅ​ភូមិ​អូរ​ឡង់ ឃុំ​សៀម​បូក ស្រុក​សៀម​បូក ខេត្ត​ស្ទឹងត្រែង នៅ​ថ្ងៃ​ទី​៤ ខែ​ធ្នូ ឆ្នាំ​២០១១ បាន​ចោទ​មន្ត្រី​កង​ប្រដាប់​អាវុធ​មាន​ប៉ូលិស និង​ទាហាន​ក្នុង​ឃុំ​សៀម​បូក ស្រុក​សៀម​បូក ថា​បាន​កាប់​រាន​ព្រៃ​ឈើ​អស់​ប្រមាណ ៤០​ហិកតារ​ហើយ​ដើម្បី​យក​ដី​ជា​កម្មសិទ្ធិ។
ប្រជា​ពល​រដ្ឋ​ជា​សហគមន៍​ដែល​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​នោះ​បាន​បញ្ជាក់​ថា ដី​ដែល​សហគមន៍​ជន​ជាតិ​ដើម​អភិរក្ស​សម្រាប់​ថែរក្សា និង​អាស្រ័យ​ផល​ជា​លក្ខណៈ​ប្រពៃណី មាន​តំបន់​ព្រៃ​ឈើ និង​ដី​ចម្ការ​វិល​ជុំ ក្នុង​ភូមិ​អូរ​ឡង់ ចាប់​ពី​ចំណុច​អូរ​រនាម ទៅ​ទល់​និង​អូរ​រន្ធ ចម្ងាយ​ជាង ៤​គីឡូ​ម៉ែត្រ ត្រូវ​មេ​ប៉ូលិស​ប៉ុស្តិ៍ គឺ​លោក ច័ន្ទ សុផាត អនុ​ប្រធាន​ប៉ុស្តិ៍ លោក ឆក និង​មន្ត្រី​យោធា​ស្រុក លោក សំយាប នាំ​គ្នា​បាញ់​ថ្នាំ​ពណ៌​ហ៊ុមព័ទ្ធ​ធ្វើ​ព្រំ​ដី ដើម្បី​កាប់​រាន។ ប្រជា​ពល​រដ្ឋ​នោះ​បន្ត​ទៀត​ថា ចាប់​តាំង​ពី​សប្ដាហ៍​មុន​មក​ទល់​នឹង​ថ្ងៃ​ទី​៤ ខែ​ធ្នូ ឆ្នាំ​២០១១ នេះ តំបន់​ព្រៃ​ស្រោង​ផ្នែក​ខាង​ក្នុង​តំបន់​ដី​ដែល​មន្ត្រី​ប៉ូលិស និង​ទាហាន​បាន​ហ៊ុមព័ទ្ធ​ត្រូវ​បាន​កម្មករ​ប្រដាប់​ដោយ​ម៉ាស៊ីន​កាត់​ឈើ​ជាង​១០ ទៅ​២០​គ្រឿង បាន​ចូល​ទៅ​អារ​រំលំ​ឈើ​ថែម​ទៀត ដើម្បី​ពង្រីក​យក​ដី ៖ "គាត់​វាយ​ផ្លាក​គូរ​ថ្នាំ​ព័ទ្ធ​ដី​អ៊ីចឹង​ទៅ ហើយ​អ្នក​ដទៃ​ផ្សេង​ទៀត​ប្រជា​ជន​ពី​ហ្នឹង គាត់​អត់​ឲ្យ​ចូល​ទៅ​កាប់​ទៅ​លើ​ដី​ដែល​គាត់​ហ៊ុមព័ទ្ធ​ហ្នឹង ហើយ​គាត់​បញ្ជូន​ម៉ាស៊ីន​កាត់​ត្រង់​ស៊ីន័រ​ចូល​ទៅ។ ហើយ​ដែល​គេ​កាប់​ឥឡូវ​នេះ​គេ​កាប់​នៅ​ព្រៃ​ខាង​ក្នុង​ហ្នឹង ព្រៃ​ដែល​គេ​កាប់​ដី​ព្រៃ​ធំៗ"
លោក ខាំ រ៉េម ជា​ប្រធាន​ភូមិ​អូរ​ឡង់។ លោក​បាន​ទទួល​ស្គាល់​ថា​ដី​ព្រៃ​សហគមន៍​ពិត​ជា​ត្រូវ​គេ​ជួល​កម្មករ​ចូល​កាប់​រាន​ប្រាកដ​មែន ប៉ុន្តែ​ទំហំ​នៃ​ការ​ខូច​ខាត​ប៉ុន​ណា​នោះ​លោក​មិន​បាន​ដឹង​ច្បាស់​នៅ​ឡើយ។ លោក​បន្ត​ថា តំបន់​ព្រៃ​ដែល​គេ​កំពុង​កាប់​រាន​ដើម្បី​យក​ដី គឺ​ជា​ដី​ព្រៃ​ស្រោង​លាត​សន្ធឹង​រហូត​ដល់​ព្រំ​ប្រទល់​ដី​ខេត្ត​ក្រចេះ ដែល​ជា​គម្រប​ព្រៃ​ដ៏​ធំ​នៅ​តំបន់​នោះ ៖ "មាន​ម៉ាស៊ីន​ប៉ុន្តែ​ប៉ុន្មាន​គ្រឿង​មិន​ទាន់​ដឹង ឃើញ​គេ​កាប់​ហៅ​ទៅ​មើល​មួយ​ភ្លែត​ដែរ មិន​ដឹង​គេ​មាន​ច្បាប់​ពី​លើ​ដែរ ឬ​អត់ ខ្ញុំ​ក៏​អត់​សូវ​ដឹង​ដែរ"
មេ​ប៉ុស្តិ៍​ប៉ូលិស​រដ្ឋបាល​ឃុំ​សៀម​បូក លោក ច័ន្ទ សុផាត បាន​ទទួល​ស្គាល់​ថា លោក​ពិត​ជា​បាន​កាប់​រាន​ព្រៃ​យក​ដី​មែន ប៉ុន្តែ​លោក​មិន​ព្រម​បញ្ជាក់​ពី​ទំហំ​ដី​ដែល​បាន​កាប់​រាន​នោះ​ទេ ដោយ​លោក​អះអាង​ថា ដី​ដែល​លោក​កាប់​រាន​នោះ គឺ​សម្រាប់​ធ្វើ​ការ​ដាំ​ដុះ​ដូច​ប្រជា​ពល​រដ្ឋ​ដែរ ពី​ព្រោះ​ប្រជា​ពល​រដ្ឋ​នៅ​តំបន់​នោះ​ក៏​បាន​កាប់​រាន​ព្រៃ​យក​ដី​ដូច​គ្នា។ លោក​បន្ត​ថា ដី​ដែល​លោក​ដើរ​បាញ់​ថ្នាំ​ពណ៌ គឺ​ធ្វើ​ឡើង​ដើម្បី​រារាំង​កុំ​ឲ្យ​ប្រជា​ពល​រដ្ឋ​ចូល​ទៅ​កាប់​រាន​ព្រៃ​នោះ​តែ​ប៉ុណ្ណោះ ៖ "កាប់​បង្ក​បង្កើន​ផល​អត់​បាន​ទេ​ចុះ ដល់​ពេល​យើង​កាប់​បញ្ហា ដល់​ពេល​អ្នក​ស្រុក​កាប់​មិន​ឃើញ​បញ្ហា។ បើ​អ្នក​ស្រុក​កាប់​បាន ចុះ​យើង​ម៉េច​កាប់​មិន​បាន បើ​យើង​រាស្ត្រ​ដូច​គ្នា​ហ្នឹង"
លោក ប៊ុត ខាំថន ជា​មេ​ឃុំ​សៀម​បូក។ លោក​បាន​បញ្ជាក់​ថា អាជ្ញាធរ​មូលដ្ឋាន​មិន​បាន​អនុញ្ញាត​ឲ្យ​ជន​ណា​ម្នាក់​កាប់​រាន​ព្រៃ​ដើម្បី​យក​ដី​នោះ​ទេ ក៏​ប៉ុន្តែ​លោក​បដិសេធ​មិន​អធិប្បាយ​ពិស្ដារ​ជុំវិញ​សេចក្ដី​ចោទ​ប្រកាន់​គ្នា​រវាង​សហគមន៍ និង​មន្ត្រី​ប៉ូលិស​ក្នុង​រឿង​កាប់​រាន​ព្រៃ​ឈើ​យក​ដី​នៅ​មូលដ្ឋាន​នេះ។
បុគ្គលិក​អង្គការ​ភូមិ​ខ្ញុំ គឺ​កញ្ញា រ៉ាចាន់ និង​ជា​អ្នក​សម្របសម្រួល​ការ​ងារ​អភិរក្ស​ព្រៃ​ឈើ​នៅ​សហគមន៍​ភូមិ​អូរ​ឡង់។ កញ្ញា​បាន​បញ្ជាក់​ថា ប្រជា​សហគមន៍​បាន​ធ្វើ​សេចក្ដី​រាយ​ការណ៍​ពី​បញ្ហា​នេះ​ជូន​អាជ្ញាធរ​មូលដ្ឋាន​ភូមិ និង​ឃុំ​រួច​ហើយ ក៏​ប៉ុន្តែ​ចំណាត់​ការ​បែប​ណា​មិន​ទាន់​ដឹង​នៅ​ឡើយ ៖ "ខ្ញុំ​បាន​ចុះ​សម្របសម្រួល​គាត់​ទាក់​ទង និង​ធ្វើ​របាយ​ការណ៍​ហ្នឹង គឺ​គាត់​បាន​រាយ​ការណ៍​អ៊ីចឹង​មែន"
វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​អាទិត្យ ទី៤ ខែ​ធ្នូ ឆ្នាំ​២០១១ នេះ មិន​អាច​ទាក់​ទង​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​ស្ទឹងត្រែង គឺ​លោក សូន ប៊ុន​ថន ដើម្បី​បញ្ជាក់​ពី​បញ្ហា​នេះ​បាន​ទេ។ យ៉ាង​នេះ​ក្តី តំណាង​សហគមន៍ គឺ​អ្នក​ស្រី ខា ស្រស់ បាន​បញ្ជាក់​ថា ក្រុម​សហគមន៍​នឹង​ធ្វើ​ការ​ជួប​ប្រជុំ​គ្នា​នៅ​ដើម​សប្ដាហ៍​ថ្មី​នេះ ដើម្បី​ធ្វើ​លិខិត​អន្តរាគមន៍​ទៅ​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​សុំ​ឲ្យ​ចាត់​វិធានការ​ទប់​ស្កាត់​ជា​បន្ទាន់ បើ​ពុំ​នោះ​ទេ ព្រៃ​ឈើ​រាប់​រយ​ហិកតារ​នៅ​ទី​នោះ​នឹង​ត្រូវ​គេ​កាប់​រំលំ​អស់​ជា​មិន​ខាន៕


អាស៊ីសេរី

No comments:

Post a Comment

yes