សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, December 6, 2011

ពលរដ្ឋ​ស្រុក​ស្នួល​ពួត​ដៃ​គ្នា​ប្រឆាំង​ក្រុមហ៊ុន​ឈួស​ចំការ​ដំឡូង​ពួក​គាត់

 ប្រជា​ពលរដ្ឋ​ប្រហែល ១០០​នាក់​ មក​ពី​ភូមិ​ក្រសាំង ឃុំ​ស្នួល ​ស្រុក​ស្នួល ​ខេត្ត​ក្រចេះ បាន​នាំ​គ្នា​តវ៉ា​ប្រឆាំង​ក្រុម​ហ៊ុន Horizon Agriculture development ដែល​បាន​ប្រើ​គ្រឿង​ចក្រ​ឈូស​ឆាយ​ដី​រំលោភ​ចូល​ចំការ​ដំឡូង​មី​របស់​ពួក​គាត់​ប្រមាណ​ជាង ១០​អារ នៅ​​រសៀល​ថ្ងៃ​អង្គារ​នេះ។
លោក សួន វិច្ឆិកា តំណាង​ប្រជា​ពលរដ្ឋ​ចំនួន ១៣៦​គ្រួសារ ដែល​បាន​នាំ​គ្នា​តវ៉ា​ប្រឆាំង​នឹង​ការ​ឈូស​ឆាយ​នេះ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ភាគី​ក្រុមហ៊ុន​បាន​ដឹកនាំ​កម្លាំង​យោធា​ចំនួន ៦ នាក់​ដែល​ប្រដាប់​ដោយ​អាវុធ​អាកា​គ្រប់​ដៃ បាន​អា​មេ​កាំភ្លើង​ភ្ជង់​គំរាម​កំហែង​មក​លើ​អ្នក​ភូមិ ខណៈ​ពួក​គាត់​បាន​ស្រាក់​ដៃ​គ្នា​ដើរ​ចូល​ទៅ​រាំង​ពី​មុខ​អាប៊ុល(Bulldozers)​ចំនួន ៥​គ្រឿង ដែល​កំពុង​ឈូស​ឆាយ​ចំការ​ដំឡូង​មី​របស់​ពួក​គាត់។
លោក​បាន​ថ្លែង​ថា៖ «ពួកគេ​បាន​គំរាមថា​នឹង​បាញ់​សម្លាប់​ប្រជាជន​យើង​ដោយ​មិន​រើស​មុខ ប្រសិន​បើ​ប្រជា​ពលរដ្ឋ​យើង​ណា​ម្នាក់​ធ្វើ​ឲ្យ​ខូច​ខាត​ដល់​គ្រឿង​ចក្រ​របស់​ពួកគេ»។
តំណាង​អ្នក​ភូមិ​ម្នាក់​ទៀត លោក ស៊ុំ ព្រឿង អាយុ ៤៧​ឆ្នាំ  បាន​និយាយ​ថា ទោះ​ជា​បែប​ណា​ក្ដី មិន​មាន​អំពើ​ហិង្សា​កើត​ឡើង​នោះ​ទេ ហើយ​បន្ទាប់​មក​អ្នក​បើក​គ្រឿង​ចក្រ​ទាំង​នោះ​បាន​បញ្ឈប់​សកម្មភាព​ឈូស​ឆាយ​ដី​ស្រែ​របស់​អ្នក​ភូមិ។
លោក​បាន​បន្ត​ថា៖ «យើង​គ្រាន់​តែ​ចង់​ឲ្យ​ភាគី​ក្រុមហ៊ុន​បញ្ឈប់​សកម្មភាព​ឈូស​ឆាយ​រំលោភ​លើ​ដី​ចំការ​របស់​យើង»។
លោក​អភិបាល​ស្រុក​ស្នួល អ៊ីវ សុភុំ បាន​ថ្លែង​ថា លោក​បាន​បញ្ជូន​មន្ត្រី​ចុះ​ទៅ​ពិនិត្យ​ពី​ស្ថានភាព​នៃ​ទំនាស់​នៅ​ក្នុង​តំបន់​នេះ​ហើយ ប៉ុន្តែ​លោក​នៅ​មិន​ទាន់​ទទួល​បាន​សេចក្ដី​រាយការណ៍​ពី​អាជ្ញាធរ​ថ្នាក់​ក្រោម​នៅ​ឡើយ​ទេ។
ចំណែក​លោក ស៊ុំ ជួន ប្រធាន​គណៈកម្មការ​ដោះ​ស្រាយ​វិវាទ​ដី​ធ្លី​នៅ​ស្រុក​ស្នួល បាន​ប្រាប់​ឲ្យ​ដឹង​ថា ទោះយ៉ាងណា លោក​នឹង​មិន​បណ្ដោយ​ឲ្យ​ភាគី​ក្រុមហ៊ុន​ធ្វើការ​ឈូស​ឆាយ​រំលោភ​លើ​ដី​ចំការ​របស់​ប្រជា​ពលរដ្ឋ​ឡើយ។
លោក​បាន​ថ្លែង​ថា៖ «យើង​បាន​បញ្ជូន​ក្រុម​ការងារ​របស់​យើង​ទៅ​ពិនិត្យ​ទីតាំង​កន្លែង​ដែល​មាន​ជម្លោះ​នោះ​ហើយ យើង​នឹង​ស្នើ​ឲ្យ​ពួក​គេ​បញ្ឈប់​ការ​ឈូស​ឆាយ​ជា​បណ្ដោះ​អាសន្ន ប្រសិន​បើ​ការ​ឈូស​នោះ​បាន​រំលោភ​លើ​ដី​ប្រជា​ពលរដ្ឋ​មែន​នោះ»។
នៅ​ថ្ងៃ​អង្គារ​នេះ ភ្នំពេញ​ប៉ុស្តិ៍​មិន​អាច​ទំនាក់​ទំនង​សុំ​ការ​បំភ្លឺ​ពី​ខាង​ភាគី​ក្រុមហ៊ុន Horizon Agriculture development Co.,Ltd បាន​ទេ៕



ភ្នំពេញប៉ុស្តិ៏

No comments:

Post a Comment

yes