សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, December 21, 2011

អ្នកភូមិ​បន្តតវ៉ា​ប្រឆាំង​ការចាប់​ឃុំ​ក្នុងរឿង​ជម្លោះ​ដីធ្លី

 បាត់ដំបង៖ អ្នកភូមិ​ប្រហែល ៦០ នាក់ ពី​ភូមិ​គីឡូម៉ែត្រ​លេខ ៣៨ ឃុំត្រែង ស្រុករតន​មណ្ឌល បន្តធ្វើ​ការតវ៉ា នៅខាងមុខ​សាលាដំបូង​ខេត្ត កាលពី​ម្សិលមិញ ដើម្បី​ទាមទារ​ឲ្យតុលាការ ដោះលែង​អ្នកភូមិម្នាក់ទៀត ដែល​ត្រូវបាន​ចាប់ឃុំខ្លួន កាលពី​ល្ងាចថ្ងៃចន្ទ​។
កាលពី​ម៉ោងប្រហែល​ ៥​ និង ​៣០ ​នាទី​ល្ងាច​ថ្ងៃចន្ទ​ អ្នកភូមិ​ប្រហែល​ ៣០​ នាក់​ បាន​លោតផ្លោះ​របង​តុលាការ​ ​ទៅរំដោះ​តំណាង​របស់​ពួកគេ​ពីរនាក់ ពី​ក្នុង​រថយន្ត​នគរបាល​ បន្ទាប់ពី​សាលា​ដំបូងខេត្ត បានដាក់​ខ្នោះក្រោយពី​សាកសួរ​ និង​មានបំណង​យកពួកគេ​ទៅដាក់ឃុំ​ក្នុង​ពន្ធនាគារ។
អ្នកស្រី​ អ៊ីវ ឃាង វ័យ ៤៨​ ឆ្នាំ​ ជាអ្នកភូមិ​ម្នាក់ ក្នុងចំណោម​អ្នកភូមិ​ពីរ​នាក់ ​ដែលគេបាន​ដាក់ខ្នោះ ​ហើយ​ក្រោយមក​ត្រូវបាន​ដោះលែង​វិញ​និយាយថា សាលា​ដំបូង​ខេត្តបាន​សាកសួរ​ពួកគាត់ ៤ នាក់ ពាក់ព័ន្ធនឹង​ពាក្យបណ្ដឹង ​របស់​មន្ត្រី​យោធា​ជាន់ខ្ពស់​ ២ រូប ដែលបាន​ប្តឹងចោទ​ពួកគាត់ថា បាន​កាន់កាប់​ទ្រព្យសម្បត្តិអ្នក​ដទៃ។ អ្នកស្រី​បន្ថែមថា៖​ «តុលាការ​បានបង្ខំឲ្យខ្ញុំ​ផ្ដិតមេដៃ​យល់ព្រម​ផ្ដល់ដីឲ្យ​លោក កែវ សារ៉ាន់ និងលោក ហ៊ុន សារ៉េត ដែលជា​មន្ត្រី​យោធា។ ពេលខ្ញុំ​បដិសេធ ពួកគេ​បានចាប់​ពួកយើង​ដាក់ខ្នោះ ហើយ​បញ្ជាឲ្យ​នគរបាល នាំពួក​យើង ទៅឃុំ​នៅពន្ធនាគារ​»។ អ្នកស្រីបន្តថា៖ ​«វា​អយុត្តិធម៌​ខ្លាំងណាស់ ពួកគេ​មិនបាន​រកយុត្តិធម៌​ដល់ពលរដ្ឋទេ​ តែបែរជា​ជួយមន្ត្រី មានលុយ​ និង​មាន​អំណាច​»។
លោក សឿង ពិសី​ អាយុ ​៤១ ​ឆ្នាំ ដែលបាន​ចូលទៅ​បំភ្លឺ​នៅ​តុលាការដែរ ​ថ្លែងថា តុលាការ​ បាន​យល់​ព្រម​ដោះលែង​អ្នកភូមិ​ពីរនាក់វិញ​តែពួកគេ បានចាប់ខ្លួន​លោក ភឿន ខេន អាយុ​ ៣១​ ឆ្នាំ​យកទៅ​ឃុំ​ក្នុង​គុក​។ ​លោកបន្ថែមថា៖​ «​នគរបាល​បានវាយ​លោក ភឿន ខេន រហូត​ប្រឡាក់ឈាម​ពេញមុខ តែកម្លាំង​នគរបាល​ បែរជា​ចោទថា គាត់បាន​វាយ​នគរបាល​ទៅវិញហើយ​ចាប់យក​ទៅ​ឃុំ​»។
បើតាម​អ្នកភូមិ​ ពួកគាត់ ៤៣ ​គ្រួសារ​ បាន​ធ្វើស្រែចម្ការ ​លើដី​ចំនួន​ ១៣០​ ហិកតា ​តាំងពី​ឆ្នាំ ​១៩៩៨​ បន្ទាប់ពី​តំបន់​ដែល​មានមីននេះ ​ត្រូវបាន​មជ្ឈ​មណ្ឌល​កំចាត់​មីន​ស៊ីម៉ាក់​បោស​សម្អាតរួច​។ ​ប៉ុន្តែនៅ​ថ្ងៃទី ​២៤​ ឧសភា​ ២០១១​ លោក កែវ សារ៉ាន និង​លោក ហ៊ុន សារ៉េត បាន​ដាក់ពាក្យប្ដឹង​អ្នកភូមិ​ថា​ បានកាន់កាប់ដី​របស់​ពួកគេទៅវិញ។
លោក កង សាន ស្នងការរង​នគរបាល​ខេត្ត​បាត់ដំបង ​និយាយ​យ៉ាងខ្លីថា៖​ «​ការចាប់ខ្លួន​អ្នកភូមិ ​មិន​ពាក់ព័ន្ធ​នឹង​កម្លាំង​នគរបាល​របស់ខ្ញុំទេ វាពាក់ព័ន្ធ​នឹង​យុត្តាធិការ​តុលាការ​»។ លោក នួន សន ព្រះរាជអាជ្ញា​ខេត្ត​ មិនអាច​ទាក់ទង​សុំការបំភ្លឺ​បានទេ​។
លោក យិន ម៉េង​លី អ្នក​សម្រប​សម្រួល​អង្គការ​អាដ​ហុក​ ប្រចាំ​ខេត្ត​នេះ ​ថ្លែង​ថា៖ ​«តុលាការ​ មិនគួរ​ចាប់ឃុំ​អ្នកភូមិទេ តុលាការ​ គួរតែ​ដោះ​លែង​អ្នក​ភូមិ​ហើយ​ចុះទៅ​ស៊ើបអង្កេត​ដល់​ដី​ជម្លោះ ដើម្បី​ឲ្យ​ដឹង​ថា​ ជា​របស់​អ្នក​ណា​ពិត​ប្រាកដ កុំចេះ​តែ​កាត់ទោស​តាម​តែ​ឯកសារ​ដូច្នេះ​»៕


ភ្នំពេញប៉ុស្តិ៏

No comments:

Post a Comment

yes