សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, December 1, 2011

សង្គម​ស៊ីវិល៖ រដ្ឋាភិបាល​គួរ​បង្កើន​ចំនួន​តំណាងរាស្ត្រ​សម្រាប់​អាណត្តិ​ទី​៥

 មន្ត្រី​សង្គម​ស៊ីវិល និង​គណបក្ស​ប្រឆាំង​បាន​រិះគន់​ថា ចំនួន​ទីប្រឹក្សា​របស់​រដ្ឋាភិបាល​សព្វថ្ងៃ​មាន​ចំនួន​ច្រើន​ជាង​អ្នក​តំណាងរាស្ត្រ។ រដ្ឋាភិបាល​គួរ​តែ​កាត់​បន្ថយ​ចំនួន​ទីប្រឹក្សា ហើយ​បង្កើន​ចំនួន​អ្នក​តំណាងរាស្ត្រ ដើម្បី​ឲ្យ​សមស្រប​ទៅ​តាម​ចំនួន​ប្រជារាស្ត្រ​ដែល​កើន​ឡើង​ជា​បន្តបន្ទាប់។
មន្ត្រី​អង្គការ​អ្នក​ឃ្លាំមើល​ដំណើរការ​បោះ​ឆ្នោត​នៅ​កម្ពុជា បាន​បង្ហាញ​ទស្សនៈ​យល់​ឃើញ​ថា ការ​ដែល​រដ្ឋាភិបាល​មិន​អាច​ដំឡើង​ចំនួន​អាសនៈ​បន្ថែម​ក្នុង​រដ្ឋ​សភា​នោះ គឺ​មិន​មែន​ជា​រឿង​ពាក់​ព័ន្ធ​នឹង​បញ្ហា​បច្ចេកទេស ឬ​បញ្ហា​សេដ្ឋកិច្ច​នោះ​ទេ ប៉ុន្តែ​វា​អាច​ពាក់ព័ន្ធ​នឹង​បញ្ហា​នយោបាយ​ច្រើន​ជាង​វិទ្យាសាស្ត្រ។
កិច្ច​ប្រជុំ​គណៈរដ្ឋមន្ត្រី កាល​ពី​ថ្ងៃ​សុក្រ ទី​២៥ ខែ​វិច្ឆិកា ក្រោម​ការ​ដឹកនាំ​របស់​​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​សម្រេច​រក្សា​ចំនួន​​អាសនៈ​រដ្ឋ​សភា​នីតិកាល​ទី​៥ ត្រឹម ១២៣​អាសនៈ ដូច​រដ្ឋ​សភា​នីតិកាល​ទី​៣ និង​ទី​៤ ដដែល។
នាយក​ប្រតិបត្តិ​នៃ​អង្គការ​ខុមហ្វ្រែល (Comfrel) លោក គល់ បញ្ញា មាន​ប្រសាសន៍​ថា ចាប់​តាំង​ពី​មាន​ការ​បោះ​ឆ្នោត​ពី​ឆ្នាំ​២០០៣ រហូត​មក​ដល់​ឆ្នាំ​២០១៣ ប្រទេស​កម្ពុជា មាន​កំណើន​ប្រជាពលរដ្ឋ​គួរ​ឲ្យ​កត់​សម្គាល់។
ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ ចំនួន​អាសនៈ​របស់​អ្នក​តំណាងរាស្ត្រ​ក៏​គួរ​តែ​កើន​ឡើង​តាម​ចំនួន​ប្រជាពលរដ្ឋ​ទៅ​តាម​ភាព​ចាំបាច់​របស់​ខេត្ត និង​រាជធានី​នីមួយៗ៖ «បើ​យោបល់​យើង ៦​ល្អ។ បើ​យើង​មើល​ទៅ​លើ​វិទ្យាសាស្ត្រ​បាន​ន័យ​ថា មើល​ទៅ​លើ​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​តាម​ខេត្ត​ហ្នឹង​វា​កើន​ឡើង។ ឧទាហរណ៍​ខេត្ត​ព្រះសីហនុ ប្រជាពលរដ្ឋ​នៅ​ហ្នឹង​មាន​ពី ៩ ទៅ ១០​ម៉ឺន​នាក់ វា​ច្រើន​ពេក។ មែន​ទែន​យើង​ចាប់​ផ្ដើម​ពី ១៩៩៨ មក​ជា​មធ្យម​មាន​ជាង ៤ ទៅ ៥​ម៉ឺន​នាក់​ទេ ហើយ​នៅ​តែ​មួយ​អាសនៈ តាម​ពិត​វា​ត្រូវ​ពីរ​បាន​ត្រូវ ១០​ម៉ឺន»។ 
ទាក់ទិន​នឹង​បញ្ហា​នេះ លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី បាន​ពន្យល់​ថា បញ្ហា​នេះ​មាន​ទិដ្ឋភាព​ពីរ​ដែល​ចាំបាច់​តម្រូវ​ឲ្យ​រដ្ឋាភិបាល​នៅ​រក្សា​ចំនួន អ្នក​តំណាងរាស្ត្រ​សម្រាប់​អាណត្តិ​ខាង​មុខ​នេះ​ឲ្យ​នៅ​ដដែល​នោះ។ ទី​មួយ គឺ​ទិដ្ឋភាព​នយោបាយ​ដែល​ផ្ដល់​ឱកាស​ដល់​អ្វី​ដែល​គេ​ហៅ​ថា លំហ​នយោបាយ​នៃ​លទ្ធិប្រជាធិបតេយ្យ​ដែល​នាំ​ឲ្យ​មាន​អំណាច​ប្រកួត​ប្រជែង។ ម្យ៉ាង​ទៀត​ចំនួន​សមាជិក​សភា​បន្ថែម​ទៀត មិន​ទាន់​មាន​សារសំខាន់​ដល់​ការ​ប្រកួត​ប្រជែង​ក្នុង​សភា​ប៉ុន្មាន​ទេ ហើយ​ចំនួន​សព្វថ្ងៃ​នេះ​មាន​ការ​ឆ្លើយ​តប​គ្រប់គ្រាន់​ដើម្បី​ធ្វើការ​វែកញែក​លើ​ការ​អនុម័ត​ច្បាប់​នីមួយៗ។ ទិដ្ឋភាព​ទី​ពីរ​ពាក់ព័ន្ធ​នឹង​បញ្ហា​សេដ្ឋកិច្ច គឺ​វា​អាច​កាត់​បន្ថយ​លើ​ការ​ចំណាយ​ថវិកា​ជាតិ​មួយ​ផ្នែក​ធំ​ដែរ។
លោក ផៃ ស៊ីផាន៖ «ចំណុច​ពីរ​នេះ​ហើយ​ដែល​រដ្ឋាភិបាល​មើល​ឃើញ គឺ​ទុក​ឱកាស​នៃ​ថវិកា​យើង​មាន ដើម្បី​អភិវឌ្ឍន៍​ជា​ជាង​មក​ដោះស្រាយ​បញ្ហា​ដំណើរ​ការ​ក្នុង​រដ្ឋ​សភា​នេះ​ឯង។ យើង​ចង់​ឃើញ​ដំណើរការ​រដ្ឋ​សភា​មាន​គុណភាព​ជាង​អ្វី​ដែល​មាន​តែ​ចំនួន ឬ​បរិមាណ»
លោក គល់ បញ្ញា មាន​ប្រសាសន៍​ថា លោក​មើល​មិន​ឃើញ​ថា បញ្ហា​សេដ្ឋកិច្ច​ជា​កត្តា​ដែល​ធ្វើ​ឲ្យ​មាន​ឧបសគ្គ​នៃ​ការ​ដំឡើង​ចំនួន​អាសនៈ​ក្នុង​រដ្ឋ​សភា​នេះ​ទេ ពីព្រោះ​រដ្ឋាភិបាល​ធ្លាប់​បាន​ដំឡើង​ចំនួន​ទីប្រឹក្សា​របស់​ខ្លួន​មាន​ទៅ​ដល់​ជាង ៤០០​នាក់ គឺ​ច្រើន​ជាង​ចំនួន​អ្នក​តំណាងរាស្ត្រ​ជា​ពាក់​កណ្ដាល ហើយ​បញ្ហា​នេះ​វា​ធ្វើ​ឲ្យ​បាត់​តុល្យភាព​គ្នា​រវាង​នីតិប្បញ្ញត្តិ និង​នីតិប្រតិបត្តិ។
លោក គល់ បញ្ញា៖ «យើង​មើល​ទៅ​សព្វថ្ងៃ​វា​បាត់​តុល្យភាព​គ្នា​ទាំង​អំណាច​ទាំង​ចំនួន​រដ្ឋាភិបាល​បើ​និយាយ​ពី​មន្ត្រី​វិញ​មាន​ចំនួន ៤០០​ជាង​អា​នេះ​គ្រានតែ​មន្ត្រី​នយោបាយ​ទេ នៅ​មន្ត្រី​ដែល​ចាត់តាំង​ជា​ទីប្រឹក្សា​រាប់​រយ​ទៀត​ច្រើន​ណាស់ ហើយ​សភា​មាន​តែ ១២៣​នាក់ បើ​មែន​ទែន​យើង​សុខ​ចិត្ត​ដំឡើង​ចំនួន​សមាជិក​សភា​បាន​ខ្លះ អា​ហ្នឹង​ជា​ការ​ល្អ​ដើម្បី​ឲ្យ​បាន​ប្រើប្រាស់​តំណាងរាស្ត្រ​ខ្លួន ព្រោះ​តំណាងរាស្ត្រ​អស់​ហ្នឹង​បាន​សន្លឹក​ឆ្នោត​ពី​ប្រជារាស្ត្រ»
ទាក់ទិន​នឹង​បញ្ហា​នេះ លោក ផៃ ស៊ីផាន បាន​ពន្យល់​ថា វា​ជា​ករណី​ពីរ​ដាច់​ដោយ​ឡែក​ពី​គ្នា​រវាង​ចំនួន​ទីប្រឹក្សា និង​តួនាទី​អ្នក​តំណាងរាស្ត្រ៖ «ទីប្រឹក្សា​ខ្លះ​គេ​ចង់​រួម​ចំណែក​ផ្ដល់​យោបល់​ឲ្យ​ថ្នាក់​ដឹកនាំ​នៅ​កន្លែង​ហ្នឹង គេ​មិន​យក​ប្រាក់​បៀរវត្ស ដូច្នេះ​ក្បាល​ច្រើន​គេ​ដឹង​រឿង​ច្រើន ដោយសារ​មាន​ទីប្រឹក្សា​ច្រើន​ហ្នឹង​ហើយ​បាន​ជា​គណបក្ស​ប្រជាជន ធ្វើ​ការងារ​បាន​ជោគជ័យ កៅអី​សភា​គ្រាន់​តែ​ឆ្លុះ​បញ្ចាំង​ពី​ចំនួន​ប្រជាពលរដ្ឋ​ធ្វើ​ឲ្យ​មាន​លំហ​តតាំង​នយោបាយ​នៅ​ក្នុង​រដ្ឋ​សភា រវាង​អ្នក​ភាគ​ច្រើន និង​អ្នក​ភាគ​តិច»
ទាក់ទិន​នឹង​បញ្ហា​នេះ​ដែរ លោក យឹម សុវណ្ណ មន្ត្រី​នាំ​ពាក្យ និង​ជា​សមាជិក​សភា​គណបក្ស សម រង្ស៊ី មណ្ឌល​ភ្នំពេញ បាន​មាន​ប្រសាសន៍​ថា បើ​ផ្អែក​លើ​កំណើន​ប្រជាពលរដ្ឋ​បច្ចុប្បន្ន​នេះ គណៈរដ្ឋមន្ត្រី​គួរ​បង្កើន​ចំនួន​អាសនៈ​រដ្ឋ​សភា​នីតិកាល​ទី​៥ ឲ្យ​បាន​យ៉ាង​ហោច​ណាស់​​ពី​ចំនួន ១២៣ ទៅ ១៣០​អាសនៈ។ ប៉ុន្តែ​គណបក្ស​កាន់​អំណាច​គេ​មិន​ចង់​ឲ្យ​សភា​ខ្លាំង​ទេ គឺ​គេ​ចង់​ឲ្យ​សភា​ខ្សោយ​ចង់​ឲ្យ​សភា​គ្រាន់​តែ​​​ជា​​សភា​ប្រថាប់ត្រា និង​គ្មាន​អំណាច​អ្វី​ទាំង​អស់។ 
លោក យឹម យុវណ្ណ៖ «ដូច្នេះ​ហើយ​បាន​ជា​បាន​ជា​រដ្ឋាភិបាល​មិន​ចង់​ដំឡើង​ចំនួន​សមាជិក​សភា​ឲ្យ​កើន​តាម​ចំនួន​ប្រជាពលរដ្ឋ​ទេ ស​ឲ្យ​ឃើញ​ថា ប្រទេស​នេះ​ពុំ​មាន​លទ្ធិប្រជាធិបតេយ្យ​ពិត​ប្រាកដ​ទេ ហើយ​ម្យ៉ាង​ទៀត​គេ​ចង់​ដឹកនាំ​ប្រទេស​ដែល​ដឹកនាំ​ដោយ​គណបក្ស​តែមួយ»
ចំណែក​លោក កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស និង​ជា​សមាជិក​សភា​មណ្ឌល​កំពង់ចាម បាន​ចាត់​ទុក​ការ​រក្សា​ចំនួន​អាសនៈ​សភា​នីតិកាល​ទី​៥ របស់​គណៈរដ្ឋមន្ត្រី​ចំនួន ១២៣​អាសនៈ​ដដែល អាច​ជា​យុទ្ធសាស្ត្រ​បក្ស​កាន់​អំណាច៖ «ព្រោះ​គេ​យល់​ថា បក្ស​ខ្លួន​មាន​ចំនួន​អាសនៈ​ច្រើន​ស្រាប់​ហើយ និង​មិន​ចង់​ឲ្យ​បក្ស​ប្រឆាំង​កើន​ចំនួន​អាសនៈ​ថែម​ទៀត។ ខ្ញុំ​យល់​ឃើញ​ថា គួរ​តែ​ពិនិត្យ​ឡើង​វិញ​ដើម្បី​ឲ្យ​ខេត្ត​មួយ​ចំនួន​មាន​ប្រជាពលរដ្ឋ​កើន ដើម្បី​ត្រូវ​កើន​អាសនៈ​ដែរ»
ក៏​ប៉ុន្តែ​លោក ផៃ ស៊ីផាន បាន​អះអាង​ថា បើ​ទោះ​បី​មាន​កំណើន​កៅអី​ក្នុង​សភា​បន្ថែម​ទៀត​ក៏ដោយ ក៏​ចំនួន​ភាគ​ច្រើន​ដាច់ខាត​នឹង​ធ្លាក់​មក​គណបក្ស​ប្រជាជន​ជា​បក្ស​កាន់​អំណាច​ដដែល។ ផ្ទុយ​ទៅ​វិញ​គណបក្ស​ប្រឆាំង​ទេ​ដែល​ត្រូវ​ពង្រឹង​សមត្ថភាព​ខ្លួន​ឯង។
គណៈរដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ថា សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​កំណត់​ចំនួន​អាសនៈ​រដ្ឋ​សភា​សម្រាប់​នីតិកាល​ទី​៥ បាន​រៀបចំ​ឡើង​​​អនុលោម​​តាម​មាត្រា ៧ នៃ​ច្បាប់​ស្តីពី​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ ដែល​ប្រកាស​ឲ្យ​ប្រើ​ដោយ​ព្រះរាជ​ក្រម​ចុះ​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ឆ្នាំ​១៩៩៧។ 
ព្រះរាជក្រម​បាន​ចែង​ថា រៀងរាល់​ឆ្នាំ​ទី​៣ នៃ​នីតិកាល​របស់​រដ្ឋ​សភា​គណៈរដ្ឋមន្ត្រី ត្រូវ​បង្កើត​​​គណៈកម្មការ​កំណត់​អាសនៈ​រដ្ឋ​សភា ដើម្បី​​កែប្រែ​ចំនួន​អាសនៈ និង​បែង​ចែក​ចំនួន​អាសនៈ​តាម​រាជធានី​ខេត្ត។
គណៈកម្មការ​នេះ​ត្រូវ​ធ្វើ​របាយការណ៍ និង​លើក​សំណើ​ដើម្បី​បន្ថែម​ចំនួន​អាសនៈ និង​រក្សា​ទុក​ចំនួន​អាសនៈ​ឲ្យ​នៅ​ដដែល​ជូន​រាជរដ្ឋាភិបាល ដោយ​ផ្អែក​លើ​ស្ថានភាព​ប្រជាពលរដ្ឋ ស្ថានភាព​ភូមិសាស្ត្រ សង្គម និង​សេដ្ឋកិច្ច ហើយ​រាជរដ្ឋាភិបាល ត្រូវ​ធ្វើ​សេចក្ដី​ព្រាង​ច្បាប់ ស្ដីពី​ការ​កំណត់​ចំនួន​អាសនៈ​នេះ​ជូន​រដ្ឋ​សភា​អនុម័ត៕



អាស៊ីសេរី

No comments:

Post a Comment

yes