សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, December 6, 2011

គ.ជ.ប. ប្រកាសពីចំនួនបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៣ ឆ្នាំ២០១២

 សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៣ ឆ្នាំ​២០១២ មាន​គណបក្សនយោ 
បាយ​ចំនួន ២ បាន​ចូលរួម​ប្រកួតប្រជែង គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សមរង្ស៊ី​។ គណបក្ស​ទាំង​ពីរ​នោះ បាន​ដាក់​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត នៅតាម​មណ្ឌល​ភូមិភាគ​ទាំង​៨ រួច រាល់​ហើយ​។​

​ គ​.​ជ​.​ប​. បាន​លើកឡើង​ថា គណបក្ស​ប្រជាជន​កម្ពុជា មាន​បេក្ខជន​ឈរឈ្មោះ​បោះ​ឆ្នោត​​សរុប​ទាំង​ពេញសិទ្ធិ និង​បម្រុង​មាន​ចំនួន ១១៤ នាក់ ក្នុងនោះ មាន​ស្ត្រី ១៩ នាក់។ រីឯ​គណបក្ស​សមរង្ស៊ី មាន​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត សរុប​ទាំង​ពេញសិទ្ធិ និង​បម្រុង មាន​ចំនួន ១១៤ នាក់ ក្នុងនោះ ស្ត្រី ១៥ នាក់​។​

​ក្នុង​សេចក្តីប្រកាស​របស់ គ​.​ជ​.​ប​. ចុះ​ថ្ងៃ​ទី​៥​ធ្នូ ឆ្នាំ​២០១១ បាន​បង្ហាញ​ពី​តារាង តាម​មណ្ឌល​ភូមិភាគ​និមួយៗ រួមមាន​៖ 

-​
ភូមិភាគ​ទី​១៖ រាជធានី​ភ្នំពេញ មាន​ចំនួន ៦ អាសនៈ​
-​
ភូមិភាគ​ទី​២៖ ខេត្ត​កំពង់ចាម មាន ៨ អាសនៈ​
-​
ភូមិភាគ​ទី​៣៖ ខេត្ត​កណ្តាល មាន ៥ អាសនៈ​
-​
ភូមិ​ទី​៤៖ ខេត្ត​បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប និង​ប៉ៃលិន មាន ១០ អាសនៈ​
-​
ភូមិភាគ​ទី​៥៖ ខេត្តតាកែវ កំពត និង​ក្រុងកែប មាន ៧ អាសនៈ​
-​
ភូមិភាគ​ទី​៦៖ ខេត្ត​ព្រៃវែង និង​ស្វាយរៀង មាន ៧ អាសនៈ 
-​
ភូមិភាគ​ទី​៧៖ ខេត្ត​កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ កោះកុង និង​ព្រះសីហនុ មាន ៨ អាសនៈ​
-​
ភូមិភាគ​ទី​៨៖ ខេត្ត​កំពង់ធំ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និង​រតនៈគិរី មាន​៦ អាសនៈ​

​សម្រាប់​ការជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៣ ដែល​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី​២៩ ខែ​មករា ឆ្នាំ​២០១២ ខាងមុខ ចំនួន​អាសនៈ​នៃ​ព្រឹទ្ធសភា ដែល​ត្រូវ​បោះឆ្នោត​ជ្រើសតាំង មាន​ចំនួន ៥៧ ក្នុងចំណោម​អាសនៈ​ព្រឹទ្ធ​សភា​សរុប ៦១​។ ក្នុងនោះ ២ អាសនៈ ត្រូវ​តែងតាំង​ដោយ​រដ្ឋសភា និង ២ អាសនៈ​ទៀត ត្រូវ​តែងតាំង​ដោយ​ព្រះមហាក្សត្រ​។​

​សូម​រម្លឹកថា បញ្ជី​ផ្លូវការ​របស់ គ​.​ជ​.​ប​. និយាយ​ពី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៣ នា​ថ្ងៃ​ទី​២៩​មករា ឆ្នាំ​២០១២ របស់​គណបក្ស​សម​រង្ស៊ី ដែល​មាន​ពេញសិទ្ធិ ៥៧ រូប និង​បេក្ខជន​បម្រុង ៥៧ រូប គឺ​មាន​តំណាងរាស្ត្រ​ក្នុង​តំណែង​ចំនួន ៣ រូប និង​តំណាងរាស្ត្រ ដែល​លាលែង​តំណែង​ចំនួន ៤ រូប​។​

​ តាម​បញ្ជី​ផ្លូវការ នៅ​មណ្ឌល​ភូមិភាគ​១ នៅ​រាជធានី​ភ្នំពេញ មាន​បេក្ខជន​ឈរ​ឈ្មោះ​ពេញ​សិទ្ធិ លេខ​រៀង​ទី​១ របស់គណបក្សសមរង្ស៊ី គឺលោកស្រី កែ សុវណ្ណ​រតន៍ អគ្គលេខា​ធិការ​គណបក្ស​សមរង្ស៊ី ដែល​ទើបតែ​លាលែង​ពី​តំណាងរាស្ត្រ កាលពី​ថ្ងៃ​ទី​២១​វិច្ឆិកា ឆ្នាំ​២០១១​។ ចំណែក​លំដាប់​លេខ​រៀង​ទី​២ គឺ​លោក ហូរ វ៉ាន់ អ្នកតំណាង​រាស្ត្រ ក្នុង​តំណែង របស់​គណបក្ស​សម​រង្ស៊ី ប្រចាំ​រាជធានី​ភ្នំពេញ​។​

​ ចំណែក​នៅ​មណ្ឌល​ភូមិភាគ ២ នៅ​ខេត្ត​កំពង់ចាម គឺ​លោកស្រី ថាក់ ឡា​នី ដែល​ទើបតែ​លាលែង​ពី​តំណាងរាស្ត្រ​នៅ​រដ្ឋសភា ជា​បេក្ខជន​ពេញសិទ្ធិ លំដាប់​លេខ​រៀង​ទី​១ របស់​គណបក្ស​សម​រង្ស៊ី​។​

​ រីឯ​មណ្ឌល​ភូមិភាគ ៣ នៅ​ខេត្ត​កណ្តាល មាន​បេក្ខជន​ពេញ​សិទ្ធិ​របស់​គណបក្ស​ស​ម​រង្ស៊ី ឈរ​នៅ​លំដាប់​លេខ​រៀង​ទី​១ គឺ​លោក អេង ឆៃអ៊ាង អតីត​អ្នកតំណាងរាស្ត្រ​ខេត្ត​បាត់ដំបង ដែល​បាន​លាលែង កាលពី​ខែ​មីនា ឆ្នាំ​២០១១​។​

​ នៅ​មណ្ឌល​ភូមិភាគ ៤ រួមមាន ខេត្ត​បាត់ដំបង បន្ទាយមានជ័យ សៀមរាប ឧត្តរមានជ័យ និង​ខេត្ត​ប៉ៃលិន មាន​បេក្ខជន​ពេញសិទ្ធិ នៅ​លំដាប់​លេខ​រៀង​ទី​១ គឺ​លោក យឹម សុវណ្ណ អ្នកតំណាងរាស្ត្រ​ក្នុង​តំណែង និង​ជា​អ្នកនាំពាក្យ​គណបក្ស​សមរង្ស៊ី​។ 

​ មណ្ឌល​ភូមិភាគ ៦ នៅ​ខេត្ត​ព្រៃវែង និង​ស្វាយរៀង គឺ​មាន​បេក្ខជន​ពេញសិទ្ធិ លោក គង់ គាំ ប្រធានស្តីទី​គណបក្ស​ស​ម​រង្ស៊ី ឈរ​នៅ​លំដាប់​លេខ​រៀង​ទី​១​។ 

​ មណ្ឌល​ភូមិភាគ ៧ ខេត្ត​កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ កោះកុង និង​ខេត្ត​ព្រះសីហនុ មាន​បេក្ខជន​ពេញសិទ្ធិ លំដាប់​លេខ​រៀង​ទី​១ លោក នុត រំដួល ដែល​ទើប​លាលែង​ពី​សមាជិក​រដ្ឋសភា របស់​គណបក្ស​សម​រង្ស៊ី កាលពី​ថ្ងៃ​ទី​២១​វិច្ឆិកា ឆ្នាំ​២០១១​។​

​ ដោយឡែក​នៅ​មណ្ឌល​ភូមិភាគ ៨ មាន​នៅ​ខេត្ត​កំពង់ធំ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី និង​មណ្ឌលគិរី គឺ​មាន​លោក ម៉ែន សុថា​វ​រិន្ទ្រ អ្នកតំណាងរាស្ត្រ ក្នុង​តំណែង​របស់​គណបក្ស​ស​ម​រង្ស៊ី បាន​ឈរឈ្មោះ នៅ​លំដាប់​លេខ​រៀង​ទី​១​។​

​ សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៣ នៅ​ថ្ងៃ​ទី​២៩​មករា ឆ្នាំ​២០១២ គឺ​មិន​មាន​អ្វី​ផ្លាស់ប្តូរ​ច្រើន​ទេ​។ សម្តេច ជា ស៊ីម ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ជា​បេក្ខជន​ពេញសិទ្ធិ សម្រាប់​មណ្ឌល​ភូមិភាគ​១ នៅ​ភ្នំពេញ​។​

​ចំណែក​លោក​ឧកញ៉ា ឡាវ ម៉េង​ឃី​ន សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​២ និង​ជា​ប្រធាន​ក្រុមហ៊ុន​ស៊ូ​កា​គូ​អ៊ិន ដែល​អភិវឌ្ឍន៍​តំបន់​បឹងកក់ បាន​ឈរឈ្មោះ នៅ​លំដាប់​លេខ​រៀង​ទី​៣ ក្នុង​មណ្ឌល​ភូមិភាគ​៣ នៅ​ខេត្ត​កណ្តាល​។ 

​ ដោយឡែក​លោក​ឧកញ៉ា កុក អាន និង​លោក​ឧកញ៉ា ម៉ុង ឫទ្ធី ដែល​ជា​សមាជិក​ព្រឹទ្ធសភា នីតិ កាល​ទី​២ របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមហ៊ុន​រកស៊ី​ឯកជន បាន​ឈរឈ្មោះ នៅ​លំដាប់​លេខ​រៀង​ទី​៣ និង​ទី​៥ ជា​បេក្ខជន​ពេញសិទ្ធិ នៅ​មណ្ឌល​ភូមិភាគ​៥ នៅ​ខេត្ត​តាកែវ កំពត និង​ខេត្ត​កែប​។ 

​ ជាមួយគ្នា​នោះ លោក​ឧកញ៉ា លី យ៉ុង​ផាត់ សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​២ របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមហ៊ុន​ឯកជន​ជាច្រើន ពិសេស​ក្រុមហ៊ុន​ស្ករស ដែល​មាន​ជម្លោះ​ដីធ្លី​ជាមួយ​អ្នកភូមិ​អម​លាំង នៅ​ខេត្ត​កំពង់ស្ពឺ ក៏​បាន​ឈរឈ្មោះ នៅ​លំដាប់​លេខ​រៀង​ទី​៣ ជា​បេក្ខជន​ពេញសិទ្ធិ របស់​គណបក្ស​ប្រជាជន​កម្ពុជា នៅ​មណ្ឌល​ភូមិភាគ ៧ ក្នុង​ខេត្ត​កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ កោះកុង និង​ខេត្ត​ព្រះសីហនុ​៕​


CEN

No comments:

Post a Comment

yes