សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, December 6, 2011

នាយក​វិទ្យាល័យ​សម្តេចម៉ែ ស្រុក​ត្បូងឃ្មុំ រង​ការចោទប្រកាន់ យក​សាលា​ធ្វើ​អាជីវកម្ម និង​ប្រព្រឹត្ត​អំពើពុករលួយ​

 បុគ្គលិក​សិក្សា លោកគ្រូ អ្នកគ្រូ វិទ្យាល័យ​សម្តេចម៉ែ ដែលមាន​ទីតាំង​ស្ថិត​ក្នុងភូមិ​៥ ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ បាន​ចោទប្រកាន់ នាយក​របស់ខ្លួន ឈ្មោះ ឡឹ​ក ពៅ ថា​បាន​យក​សាលា​ធ្វើ​អាជីវកម្ម ដូចជា កាប់​គាស់ដើមឈើ ក្នុង​សាលា​លក់ លើក​គម្រោង​ជួសជុល​អគារ​ដាក់​តម្លៃ​ខ្ពស់ យក​សម្ភារៈ​របស់​សាលា​ជា​របស់​ខ្លួនឯង កេង​បន្លំ​ជំនួយ​ជា សម្ភារៈ និង​កេង​បន្លំ​ថវិកា​របស់​សប្បុរសជន ជាដើម​។ ក៏ប៉ុន្តែ​លោកនាយក​សាលា បាន​បដិសេធ​រាល់​ការចោទប្រកាន់​។​

​ ក្រុម​គ្រូបង្រៀន ក៏បាន​លើកឡើងថា នាយក​វិទ្យាល័យ​នោះ ក៏បាន​ប្រព្រឹត្ត​អំពើពុករលួយ ក្រោមរូប ភាព រក្សាទុក​ឈ្មោះ​គ្រូ ដើម្បី​បើក​ប្រាក់ខែ យក​ច្រើន​ឆ្នាំ ផ្ញើ​ប្រាក់​ម៉ោង​បង្រៀន​បន្ថែម ឲ្យ​គ្រូ​បង់ប្រាក់​យាម យកលុយ​ពី​សិស្ស និង បំផុស​ឲ្យ​មានការ​បែកបាក់​សាមគ្គី ផ្ទៃក្នុង តាមរយៈ​ការគ្រប់គ្រង បង្ខំ​គ្រូបង្រៀន ខុស​មុខជំនាញ​។ 

​ ប្រភពព័ត៌មាន​នោះ បាន​ចោទប្រកាន់ថា រយៈពេល​ជាង ១០ ឆ្នាំ ដែល​លោក ឡឹ​ក ពៅ បាន​ឡើង កាន់តំណែង ជា​នាយក​វិទ្យាល័យ​សម្តេចម៉ែ ហើយ​បច្ចុប្បន្ន មានផ្ទះ​ស្ថិតនៅ​ចម្ងាយ​ប្រមាណ ៣​គីឡូ ម៉ែត្រ ពី​សាលា​ក្នុងភូមិ​ជប់ ឃុំ​ជប់​នេះ ។ គាត់​បាន​យក​តួនាទី​របស់ខ្លួន ប្រមូលយក​ផលប្រយោជន៍ របស់​សាលា មានដូចជា កាប់​គាស់ដើមឈើ​ជាច្រើន​ដើម នៅក្នុង​បរិវេណ​របស់​សាលា ដែល​ខាង​សាលា​បាន​ដាំ មាន​អាយុ​ចាប់ពី ១៥-២០​ឆ្នាំ មាន​ដើម​រាំង ប្រសូត្រ ម៉ៃសាក់ លក់​ឲ្យ​ឈ្មួញ​យកលុយ​ម្នាក់ឯង​។ 

​ ប្រភព​បន្តថា លោកនាយក​សាលា ក៏បាន​លើក​គម្រោង​សុំ​លុយ ពី​ម្ចាស់ជំនួយ អង្គការ ខេ​ប បាន​ចំនួន ៣ ម៉ឺន​ដុល្លារ អាមេរិក និង ម្ចាស់ជំនួយ​ក្រុមហ៊ុន ចម្ការ កៅស៊ូ​ជប់ ចំនួន ៣​ពាន់​ដុល្លារ បន្ថែម ទៀត ដើម្បី​ជួស​ជុស​អគារ​មួយ​ខ្នង​។ 

​ ជាមួយ​នោះ​នៅមាន​សកម្ម​ភាពមិនប្រក្រតី ជាច្រើន​ទៀត របស់​នាយក​ម្នាក់នេះ ដូចជា កន្លងមក​លោក ហ៊ុន សែន ធ្លាប់បាន​ជួយ ឧបត្ថម្ភ កុំព្យូទ័រ ចំនួន ២០ គ្រឿង និង ម៉ាស៊ីនដេរ​ចំនួន ៥០ គ្រឿង ដល់​វិទ្យាល័យ​សម្តេចម៉ែ ដើម្បី​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បន្ថែម​ដល់​សិស្ស ។ ប៉ុន្តែ​មកទល់ពេលនេះ គេ​ប្រទះឃើញ មាន​នៅសល់តែ​កុំព្យូទ័រ ២-៣ គ្រឿង ដែល​មិនអាច​ប្រើប្រាស់​បាន​ទៀតផង ។ ចំណែកឯ​កុំព្យូទ័រ និង ម៉ាស៊ីនដេរ ជាច្រើន​គ្រឿង​ទៀត មិនដឹង​ជា បាត់ទៅ​អស់ ។ 

​​ជុំវិញ​ការចោទប្រកាន់​ជាង ១០ ចំណុច​ខាងលើ ត្រូវបាន​លោក ឡឹ​ក ពៅ នាយក​វិទ្យាល័យ​សម្តេចម៉ែ បាន​ឆ្លើយ​បក​តាម​ទូរស័ព្ទ កាលពី​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០១១​ថា រឿង​ចោទថា បាន​កាប់​គាស់ដើមឈើ នៅក្នុង​បរិវេណ​សាលា​លក់​នោះ​ពិត​ជាមាន​មែន​។ ប៉ុន្តែ​លោក​បាន​ដាំ​ដើ​កៅស៊ូ​ឡើង​វិញ​ជិត​បានជៀរ​យក​ជ័រ​ហើយ ។​

​​ករណី​ចោទប្រកាន់ថា លោក​បាន​លើក​គម្រោង​ជួស​ជុស​អគារ​មួយ​ខ្នង តម្លៃ​បី​ម៉ឺន​ដុល្លារ​នោះ ត្រូវ​បាន​លោកនាយក​សាលា បកស្រាយ​ថា គឺជា​គម្រោង​របស់​អង្គការ​ខេ​ប​ផ្ទាល់ និង ប្រាក់​ចំនួន ៣​ពាន់​ដុល្លារ នោះ ជា​ប្រាក់​បដិភាគ របស់​ក្រុមហ៊ុនចម្ការកៅស៊ូ​ជប់ នៅ​មិនទាន់បាន​ចាត់ចែង​ធ្វើ​អ្វី​នៅ​ឡើយ​​ទេ​។ 

​លោកនាយក​សាលា ក៏បាន​បដិសេធ​រាល់​ការចោទប្រកាន់ ពិសេស​រឿង​ជំនួយ​កុំព្យូទ័រ និង​លុយ​សប្បុរសជន​ជាច្រើន​ទៀត​នោះ គឺ​ចាត់ចែង​ការងារ​ទូទៅ​ប៉ុណ្ណោះ​។​

​​ចំណែក​លោក ផន ភេ​ន ប្រធានការិយាល័យ​អប់រំ​យុវជន និង កីឡា ស្រុក​ត្បូងឃ្មុំ បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ នៅ​ថ្ងៃទី​៦ ខែធ្នូ ថា ទាក់ទិន​នឹង​ព័ត៌មាន ចោទប្រកាន់ លើ​លោកនាយក​សាលា ឡឹ​ក ពៅ គឺ​លោ​កនៅ​មិនទាន់​បានទទួល​ស្ទើរ​ទាំងអស់​។ 

​​លោក​ប្រធានការិយាល័យ​អប់រំ អះអាងថា កន្លងមក លោក​គ្រាន់តែ​ទទួល​ព័ត៌មាន​ពី​បុគ្គលិក​សិក្សា​មួយចំនួន ក្នុង​វិទ្យាល័យ​សម្តេចម៉ែ ដោយមាន​ការមិន​ពេញ និង​ក្តៅក្រហាយ​ខ្លះ ទៅលើ​លោក ឡឹ​ក ពៅ ជានា​យក​នេះ ហើយ​លោក​បាន​ប្រាប់​ឲ្យ​ពួកគាត់​មកជួប ដើម្បី​ផ្តល់ព័ត៌មាន ទាំងអស់នោះ តែ​បាន​បាត់​រហូតមក និង​ក៏​មិនដែល​ឃើញ​មានការ​តវ៉ា​ឯណា​ដែរ​។ ប៉ុន្តែ​លោក នឹង​ពិនិត្យ និង​ផ្ទៀងផ្ទាត់ ព័ត៌មាន​ឡើងវិញ​។​

​ជាមួយគ្នា​នោះ លោក ស្វាយ ផល្លា ប្រធាន​មន្ទីរអប់រំ​យុវជន និង​កីឡា ខេត្តកំពង់ចាម បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ថ្ងៃទី​៦ ខែធ្នូ​នេះដែរ​ថា ការចោទប្រកាន់​នោះ វា​ច្រើនពេក ដូច្នេះ​សូម​ឲ្យ​បុគ្គលិក​សិក្សា​នៅក្នុង​វិទ្យាល័យ​សម្តេចម៉ែ ដែល​កើតទុក្ខ មិន​សុខចិត្ត​ទាំងអស់​សរសេរ​ជា​ពាក្យបណ្តឹង​រៀបរាប់​ឲ្យ អស់ពី​សកម្មភាព​រប​ស់លោក ឡឹ​ក ពៅ ជានា​យក ដែល​ពួកគាត់ បាន​ចោទប្រកាន់ថា យក​សាលា​ធ្វើ​អាជីវកម្ម និង​ប្រព្រឹត្ត​អំពើពុករលួយ ដោយ​មិនចាំបាច់​ដាក់ឈ្មោះ​អ្នកប្តឹង ឬ​អ្នករាយការណ៍​ទេ រួចហើយ​បញ្ជូនមក​ខាង​មន្ទីរអប់រំ ដើម្បី​ពិនិត្យ ព្រមទាំង​ថា នឹង​បង្កើត​ឲ្យ​មានការ​ស៊ើបអង្កេត​រឿង​ចោទប្រកាន់​ទាំងអស់នេះ ឲ្យ​បានច្បាស់លាស់​៕




CEN

No comments:

Post a Comment

yes