ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១២ បានធ្វើសន្និសីទកាសែតប្រតិកម្មច្រានចោលចំពោះសារព័ត៌មានបរទេសក្នុងស្រុក និងអង្គការក្រៅរដ្ឋាភិបាលដែលបានសរសេរចោទប្រកាន់ថា រាជរដ្ឋាភិបាលបានរារាំង និងជាឧបសគ្គដល់ការតែងតាំងសហចៅក្រមស៊ើបអង្កេតបរទេសនៅក្នុងសាលាក្ដីខ្មែរក្រហម ជំនួយចៅក្រមបរទេសមុនដែលបានលាលែងពីតំណាង។
លោក កែវ រ៉េមី រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាអនុប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្ដីការគណៈរដ្ឋមន្ត្រីបានមានប្រសាសន៍ប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មានថា អ្វីដែលសារព័ត៌មានបរទេសក្នុងស្រុកដែលបានសរសេរថា មានការប្រជុំសម្ងាត់ គឺគ្មានការប្រជុំទេ ដែលនេះជាកំហុសឆ្គងក្នុងការសរសេរធ្វើឲ្យប៉ះពាល់ធ្ងន់ណាស់ ទៅលើលោក ហ៊ុន សែន ។
លោកបន្តថា “ទាក់ទងទៅនឹងសមត្ថកិច្ចតុលាការរឿងតុលាការនេះ លោក ហ៊ុន សែន អត់មានលូកអីទាល់តែសោះ គឺជាដែនសមត្ថកិច្ចរបស់ស្ថាប័នកំពូល គឺឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដែលមានព្រះមហាក្សត្រជាព្រះរាជប្រធាន”។
លោក កែវ រ៉េមី បានស្ដីបន្ទោសដល់កាសែតភ្នំពេញប៉ុស្ដិ៍ និងឌឹខេមបូឌាដែលី ការសរសេរបែបនេះ គឺជាកំហុសឆ្គងមួយយ៉ាងធ្ងន់ធ្ងរ ហើយលោកស្នើឲ្យកាសែតភ្នំពេញប៉ុស្ដិ៍សរសេរកែតម្រូវ និងសរសេរសុំទោស(លោក ហ៊ុន សែន) មិនអាចសរសេរប៉ាតណាប៉ាតណីបានទេ។
លោកបន្តថា លោក សែន ដែលជាអ្នកដឹកនាំប្រទេស បានដឹងច្បាស់ពីការបែងចែកអំណាច នៃស្ថាប័នតុលាការ ស្ថាប័ននីតិប្រតិបត្តិ(រដ្ឋាភិបាល) និងនីតិបញ្ញត្តិ។ លោកបានចាត់ទុកការសរសេររបស់កាសែតភ្នំពេញប៉ុស្ដិ៍ និងឌឹខេមបូឌាដែលី ដែលធ្វើឲ្យប៉ះពាល់មុខមាត់កម្ពុជា ការចោទប្រកាន់បែបនឹង អ្នកដែលមិនដឹង គេយល់ថា ដ្ឋាភិបាលជ្រៀតជ្រែកកិច្ចការតុលាការខ្មែរក្រហម។
លោក កែវ រ៉េមី បានមានប្រសាសន៍បន្តថា OSJI បានសរសេរប្រើពាក្យត្រូវតែតាំងចៅក្រមបរទេសនោះ ភ្លាមតែម្ដង។ ចំណែកឯខាងលោក អ៊ូ វីរៈ (ប្រធានជម្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា) សរសេរសុទ្ធតែប្រើពាក្យថា តែងតាំងចៅក្រមបរទេសរូបនោះជាបន្ទាប់។ ដែលលោក កែវ រ៉េមី យល់ថា ជាការប្រើពាក្យបង្ខំស្ថាប័នកំពូលរបស់ជាតិ ដែលជាស្ថាប័នបង្ហាញអធិបតីភាពរបស់ជាតិ។
លោក កែវ រ៉េមី បានបញ្ជាក់ថា ការបង្កើតតុលាការកាត់ទោសពួកអតីតមេដឹកនាំខ្មែរក្រហម ជាមួយអង្គការសហប្រជាជាតិ បានចែងគោរពអធិបតីភាពគ្នាទៅវិញទៅមក ហើយបែរជាសារព័ត៌មាន និងអង្គការក្រៅរដ្ឋាភិបាលប្រើពាក្យសុទ្ធតែ “ ត្រូវតែ សុទ្ធតែ ឥឡូវនឹង ត្រូវតែយល់ព្រម” ដោយលោក ចាត់ទុកថា ការសរសេរបែបនេះ មិនបានយល់ខ្លឹមសារ នៃកិច្ចព្រមព្រៀង។
លោកពន្យល់ទៀតថា នៅក្នុងសេចក្ដីព្រមព្រៀងនោះ ភាគីអង្គការសហប្រជាជាតិជាអ្នកស្នើសុំតែងតាំង សហចៅក្រម ហើយឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម ជាអ្នកសម្រេចតែងតាំង។ ហើយការដាក់ស្នើបេក្ខភាពសុំការស្នើតែងតាំងនោះ មិនមែនមានតែម្នាក់ទេ ត្រូវមានច្រើននាក់ ដើម្បីឲ្យឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមជាអ្នកជ្រើសរើស។ ប៉ុន្តែដោយរាជរដ្ឋាភិបាលកម្ពុជា មានកិច្ចសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិ ក្នុងការបង្កើតតុលាការកាត់ទោសពួកមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម។
លោក កែវ រ៉េមី បានបន្តទៀតថា ជោគជ័យរបស់អង្គការសហប្រជាជាតិនៅក្នុងតុលាការខ្មែរក្រហម ក៏ជាជោគជ័យរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយក៏ជាជោគជ័យរបស់មិត្តភក្រ្តរបស់សាលាក្ដីខ្មែរក្រហម ដែលបានផ្ដល់ជំនួយ។ លោកបានបដិសេធផងដែរថា ទាក់ទងទៅនឹងកាសែត ឌឹខេមបូឌាដែលី ភ្នំពេញប៉ុស្ដិ៍ និងមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ដែលបានប្រើពាក្យថា កម្ពុជារាំងស្ទះការតែងតាំងសហចៅក្រមស៊ើបអង្កេត នៃភាគីបរទេសដែលអង្គការសហប្រជាជាតិស្នើឲ្យតែងតាំង ដើម្បីចូលបំពេញការងារ។ លោក រ៉េមី ពន្យល់ថា រយៈចុងខែតុលា មកទល់នឹងខែធ្នូ ឆ្នាំ២០១១ គឺរាជរដ្ឋាភិបាលកម្ពុជា ធ្វើការយ៉ាងសកម្ម ក្នុងការពិនិត្យ និងជជែកផ្នែកបច្ចេកទេស និងបានធ្វើលិខិតឆ្លើយឆ្លងគ្នាជាមួយអង្គការសហប្រជាជាតិ អស់ចំនួន ១០លិខិត និងមានការទូរស័ព្ទទំនាក់ទំនងជាមួយគ្នាចំនួន ៤លើក និងប្រជុំលម្អិតរវាងភាគីកម្ពុជា និងអង្គការសហប្រជាជាតិចំនួន ២ដង និងដោយសារតែបុណ្យគ្រឹស្ដស្មាស និងបុណ្យសកលថែមទៀតផងនោះ គ្មានហេតុផលណាមួយ រាជរដ្ឋាភិបាលពន្យារពេលទេ គឺធ្វើការតាមនីតិវិធី។
លោកបានបញ្ជាក់ទៀតថា កម្ពុជាមានស្ថិរភាពនយោបាយពេញលេញ ហើយបានលើកទឹកចិត្តឲ្យអ្នកវិនិយោគបរទេសចូលមកបណ្ដាក់ទុននៅកម្ពុជា ហើយមានកំណើនសេដ្ឋកិច្ចខ្ពស់។
សូមបញ្ជាក់ថា មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០១២ បានសម្ដែងការព្រួយបារម្ភរបស់ខ្លួន និងអំពាវនាវឲ្យមានការតែងតាំងចៅក្រម នៃសាលាក្ដីខ្មែរក្រហមជាបន្ទាន់ បន្ទាប់ពីទទួលបានសេចក្ដីរាយការណ៍មួយពីអ្នកនាំពាក្យអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមូន មកថា ការពន្យារពេលតែងតាំងចៅក្រមស៊ើបអង្កេតបម្រុង លោក ឡរ៉ែន កាស្ពើ អានស៊ើមេត ដើម្បីជំនួសលោក ស៊ីហ្វ្រេត ប្លាំង ដែលបានលាឈប់នោះ បានធ្វើឲ្យអង្គការសហប្រជាជាតិមានការព្រួយបារម្ភ។
លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្ស បានមានប្រសាសន៍ ចំពោះការពន្យារពេលការតែងតាំង សហចៅក្រមស៊ើបអង្កេត ឡរ៉ែន កាស្ដើ អានស៊ើមេត ថា “បន្ទាប់ពីកាលាលែងរបស់លោកចៅក្រម ប្លាំង សាលាក្ដីបានដើរមកដល់ផ្លូវបំបែក ហើយមានតែផ្លូវមួយគត់ ដែលអាចស្រោចស្រង់នូវភាពជឿជាក់មកលើដំណើរការតុលាការ នោះគឺការកែលម្អចំពោះដំណើរការស៊ើបអង្កេតក្នុងករណី០០៣ និង០០៤ ដើម្បីធានាថា ការស៊ើបអង្កេតទាំងនោះ មានភាពពេញលេញ និងច្បាស់លាស់”។
លោក អ៊ូ វីរៈ បន្ដថា “ការខកខានរបស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ក្នុងដំណើរការអនុញ្ញាតជាផ្លូវការដែលតម្រូវសម្រាប់តែងតាំង សហចៅក្រមស៊ើបអង្កេតអន្តរជាតិ មិនបានជួយបន្ធូរបន្ថយសេចក្ដីព្រួយបារម្ភពាក់ព័ន្ធនឹងការជ្រៀតជ្រែកផ្នែកនយោបាយ ដែលបន្តធ្វើឲ្យល្អក់កករដល់ករណី០០៣ និង០០៤ និងធ្វើឲ្យប៉ះពាល់ដល់ភាពគួរឲ្យជឿជាក់របស់តុលាការនោះទេ” ៕
No comments:
Post a Comment
yes