រាជធានីភ្នំពេញ ថ្ងៃទី១៧ ខែមករា ឆ្នាំ ២០១២
សូមគោរពជូន
ឯកឧត្តម អ៊ឹម សិទ្ធី
រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡា
កម្មវត្ថុៈ សំណើសុំឲ្យមានវិធានការ និងដំណោះស្រាយចំពោះបញ្ហាប្រឈមក្នុងវិស័យអប់រំ។
យោងៈ របាយការណ៍ចុះថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០១១។
តបតាមកម្មវត្ថុ និងយោងខាងលើ ខ្ញុំមានកិត្តិយស សូមជម្រាបឯកឧត្តម មេត្តាជ្រាបថាៈ សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានរៀបចំសិក្ខាសាលាមួយស្តីពី “វគ្គបណ្ដុះបណ្ដាលការតស៊ូ- មតិសម្រាប់គ្រូឧទ្ទេស” មានរយៈពេលបីថ្ងៃ កាលពីថ្ងៃទី ២៣-២៥ ខែធ្នូ ឆ្នាំ២០១១ នៅរាជធានី ភ្នំពេញ។ សិក្ខាសាលានេះ មានអ្នកចូលរួមចំនួន ៤៥នាក់ តំណាងគ្រូបង្រៀនមកពី ១៨ខេត្ត-ក្រុង។
សិក្ខាសាលារយៈពេលបីថ្ងៃនេះ បានរកឃើញនូវបញ្ហាប្រឈមចំពោះគ្រូបង្រៀន និងវិស័យ អប់រំ ដែលមាន១៥ករណី បានលើកឡើងនៅក្នុងរបាយការណ៍ភ្ជាប់ជាមួយនេះ។ ចំពោះករណី នីមួយៗដែលធ្វើឲ្យដំណើរការអប់រំធ្លាក់ចុះ គ្មានគុណភាព និងការបង្រៀនរបស់លោកគ្រូ អ្នកគ្រូមិនបានល្អ។
សេចក្ដីដូចបានគោរព និងជម្រាបជូនខាងលើនេះ សូមឯកឧត្តមពិនិត្យចំពោះករណីប្រឈមដែលគ្រូបង្រៀនបានលើកឡើងនៅក្នុងរបាយការណ៍ និងដោះស្រាយ ដោយអនុគ្រោះ។
សូមឯកឧត្តម ទទួលការគោរពដ៏ខ្ពង់ខ្ពស់អំពីខ្ញុំ។
ប្រធាន
ចម្លងជូនៈ
-ខុទ្ទកាល័យនាយករដ្ឋមន្រ្តី
-ស្ថានទូតនានាប្រចាំនៅកម្ពុជា
-អង្គការក្រៅរដ្ឋាភិបាលនានានៅកម្ពុជា
-ឯកសារ កាលប្បវត្តិ
របាយការណ៍
អំពីសិក្ខាសាលាស្ដីពី
"វគ្គបណ្ដុះបណ្ដាលការតស៊ូមតិសម្រាប់គ្រូឧទ្ទេស"
នៅថ្ងៃទី២៣-២៥ ខែធ្នូ ឆ្នាំ២០១១ សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានរៀបចំសិក្ខាសាលាស្ដីពី"វគ្គបណ្ដុះបណ្ដាលការតស៊ូមតិសម្រាប់គ្រូឧទ្ទេស" មានរយៈពេល៣ថ្ងៃ ក្រោមអធិបតី-ភាពលោកប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ។
សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីតំណាងសមាគមខេត្ត-ក្រុង ចំនួន១៨ខេត្តក្រុង ថ្នាក់ដឹកនាំសមាគម តំណាងអង្គការពលកម្មអន្តរជាតិ និងអ្នកជំនាញខាងតស៊ូមតិ សរុបមានចំនួន៤៥នាក់ ហើយសិក្ខាសាលា បានប្រព្រឹត្តទៅតាមរបៀបវារៈរបស់ខ្លួន ក្នុងនោះអង្គសិក្ខា-សាលាបានចែកសិក្ខាកាមជាក្រុមៗ ដើម្បីពិភាក្សារកឱ្យឃើញនូវបញ្ហាប្រឈមក្នុងវិស័យអប់រំ និងគ្រូបង្រៀននាពេលបច្ចុប្បន្ននេះ។
ក្រុមពិភាក្សានីមួយៗបានកំណត់បញ្ហាប្រឈមចំពោះគ្រូបង្រៀន និងក្នុងវិស័យអប់រំ ដែលមានករណីជាច្រើនចំណុចរបស់ក្រុមនីមួយៗ ហើយសមាគមច្របាច់បញ្ចូលគ្នានូវបញ្ហាប្រឈម ដែលលោកគ្រូ-អ្នកគ្រូបានលើកឡើងតាមក្រុមពិភាក្សាមានដូចខាងក្រោមៈ
១- ប្រាក់បៀវត្សរ៍ មានកម្រិតទាប
២- គុណភាពអប់រំ ស្រុតចុះខ្លាំង
៣- អំពើពុករលួយ ក្នុងវិស័យអប់រំ និងសង្គម(ពេលប្រឡង និងប្រាក់PB)
៤- បក្សពួកនិយម ក្នុងការតែងតាំងមុខតំណែង ឬឋានន្តរសក្ដិ ដំឡើងកាំប្រាក់
និងដំឡើងកម្រិត
៥- សិស្សបោះបង់ការសិក្សា សិស្សអវត្តមានច្រើន
៦- នាយកសាលាភាគច្រើនធ្វើការគ្មានវិមជ្ឈការ និងទទួលឥទ្ធិពលពីគណបក្សកាន់
អំណាចយកមកអនុវត្ត
៧-ខ្វះខាតសៀវភៅសម្រាប់សិស្ស គ្រូបង្រៀន និងសម្ភារៈសិក្សា
៨- បញ្ជូនគ្រូទៅធ្វើការនៅតំបន់ដាច់ស្រយាលគ្មានកន្លែងស្នាក់នៅ
៩- គ្រូបង្រៀនមានមុខរបរទី២
១០- ខ្វះគ្រូបង្រៀនៅតាមតំបន់ដាច់ស្រយាល
១១-មានការបំភិតបំភ័យដល់លោកគ្រូអ្នកគ្រូ ចូលជាសមាជិកសមាគម និងរើសអើងដល់
សមាជិកសមាគម (CITA) ពីគណៈគ្រប់គ្រងសាលា និងអាជ្ញាធរមូលដ្ឋាន
មួយចំនួនធំ
១២- ច្បាប់ស្ដីពីការអប់រំ មិនមានចែកជូនគ្រូបង្រៀនឱ្យបានទូលំទូលាយ
១៣- បើកប្រាក់ខែ និងប្រាក់ម៉ោងបន្ថែមមានការយឺតយ៉ាវ
១៤- មានការកាត់ប្រាក់ខែ នៅពេលបើកម្ដងៗ
១៥- នៅតាមមន្ទីរអប់រំខេត្ត-ក្រុង យកលុយពីគ្រូបង្រៀន ពេលសុំផ្លាស់ប្ដូរកន្លែងធ្វើការ។
អង្គសិក្ខាកាមទាំងអស់ បានកំណត់បញ្ហាប្រឈមក្នុងវិស័យអប់រំ និងជាមួយគ្រូបង្រៀនមានចំនួន១៥ករណី នាំឱ្យប៉ះពាល់ដល់គុណភាពអប់រំ និងកិត្តិយសសេចក្ដីថ្លៃថ្នូររបស់គ្រូបង្រៀន។ តំណាងគ្រូបង្រៀនទាំង១៨ខេត្ត-ក្រុង បានចូលរួមវគ្គបណ្ដុះបណ្ដាលនេះ សូមឱ្យរាជរដ្ឋាភិបាលកម្ពុជាទទួលខុសត្រូវខ្ពស់ ចំពោះបញ្ហាប្រឈមទាំងអស់នេះ និងត្រូវផ្ដល់ដំណោះស្រាយឱ្យបានទាន់ពេលវេលា ដើម្បីដំណើរការអប់រំបានប្រសើរឡើង។
រាជធានីភ្នំពេញ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១១
អ្នកកត់ត្រា
ម៉ៃ សុភ័ត្ត្រា
No comments:
Post a Comment
yes