សិស្សជនជាតិចាមជាច្រើននាក់ បានមកពីខេត្តក្រុងនានា ដើម្បីសិក្សាអក្សរសាស្ត្រអារ៉ាប និងភាសាអង់គ្លេស នៅក្នុងអនុវិទ្យាល័យ អ៊ីម៉ាំស្ហាសីអី កំពង់កែស ខេត្តកំពត។
ក្រៅពីការមិនការចូលចិត្តនាយកថ្មី ដែលប្រើពាក្យមិនសមរម្យ ពួកគេឱ្យដឹងទៀតថា នាយកថ្មីបានមកដណ្ដើមតំណែងនាយកសាលាចាស់ ដែលពួកគេបានគោរពស្រឡាញ់។
សិស្សចាមជាង ១០០នាក់ ដែលកំពុងរៀនថ្នាក់ទី ៧ ចំនួន ៣ ថ្នាក់ នៅអនុវិទ្យាល័យ អ៊ីម៉ាំស្ហាសីអី កំពង់កែស ខេត្តកំពត បានចាប់ផ្ដើមឈប់ចូលរៀនជាបន្តបន្ទាប់ ចាប់ពីថ្ងៃទី ១ មករា ឆ្នាំ ២០១២ មក។
យុវសិស្សឈ្មោះ អ៊ី ប្រាហីម ជាប្រធានសិស្សចាម នៅក្នុងអនុវិទ្យាល័យ អ៊ីម៉ាំស្ហាសីអី កំពង់កែស ឃុំត្រពាំងសង្កែ ស្រុកទឹកឈូរ ខេត្តកំពត បានឲ្យដឹងថា សិស្សបានបាក់ទឹកចិត្តមិនចូលរៀន ព្រោះមានការតែងតាំងនាយកមួយរូប ដែលពីមុនជាអ្នកប្រឆាំង មិនឲ្យបង្កើតជាអនុវិទ្យាល័យនេះ ដោយនាយកនោះ បានចោទថា សាលានេះបង្កើតឡើងគ្មានច្បាប់។
យុវសិស្សឈ្មោះ អ៊ី ប្រាហីម បន្តថា នាយកថ្មីរូបនោះបានប្ដឹងដកនាយកចាស់ចេញ និងដកគ្រូចាម ៣ នាក់ចេញទៀត ហើយឡើងធ្វើនាយកខ្លួនឯង នៅឆ្នាំ ២០១២ ទើបសិស្សជិត ១០០នាក់ មិនពេញចិត្តគាត់ ហើយមិនព្រមចូលរៀន តាំងពីថ្ងៃទី ១ ខែមករាមក។
យុវសិស្សឈ្មោះ រ៉ ម៉ាន ឲ្យដឹងថា រូបគេត្រូវបានក្រុមគ្រួសារបញ្ជូនពីភ្នំពេញ ដើម្បីមករៀនភាសាអារ៉ាប់ និងភាសាអង់គ្លេស នៅអនុវិទ្យាល័យ អ៊ីម៉ាំស្ហាសីអី កំពង់កែស នេះ។ ការសិក្សាចាប់ផ្ដើមពីខែតុលា ឆ្នាំ ២០១១។ នៅដើមឆ្នាំ ២០១២ នេះ មានការប្ដូរនាយកសាលាថ្មី ដែលធ្វើឲ្យសិស្សជិត ១០០នាក់ នាំគ្នាឈប់រៀន។ ក្រុមសិស្សមកពីចម្ងាយ ក៏មានកង្វល់អំពីរឿងនេះដែរ។ បច្ចុប្បន្នសិស្សនៅបន្តរៀនមិនដល់ ២០ នាក់ទេ។
យុវសិស្សឈ្មោះ សុ គ្រី ឲ្យដឹងថា សិស្សគ្រប់រូប មិនចង់បោះបង់ចោលការសិក្សាទេ។ ពួកគេទាមទារឲ្យមានការដោះស្រាយបញ្ហានេះ ពីព្រោះថវិកា គម្ពីរសាសនា សៀវភៅសរសេរ អាហារប្រចាំថ្ងៃ ការស្នាក់នៅជាដើម សុទ្ធតែជាជំនួយមកពីប្រទេសម៉ាឡេស៊ី។ ប្រសិនបើមានទំនាស់ក្នុងសាលា គួរតែថ្នាក់ដឹកនាំសាសនាឥស្លាមរកដំណោះស្រាយ កុំឲ្យប្រាក់ជំនួយបាត់បង់វិញ។
នាយកសាលាថ្មីឈ្មោះលោក ម៉ាត់ សេត ថ្លែងថា លោកកំពុងធ្វើដំណើរ មិនអាចបំភ្លឺព័ត៌មានចោទប្រកាន់លើរូបលោកបានទេ។
មេឃុំត្រពាំងសង្កែ លោក ណុះ សើ មានប្រសាសន៍ថា កាលពីសុំបើកសាលា គេមានចាត់តាំងនាយកត្រឹមត្រូវ។ ចំពោះការដោះដូរនាយកថ្មី លោកមិនបានដឹងឡើយ។ លោករង់ចាំការបំភ្លឺអំពីមេដឹកនាំសាសនាឥស្លាម ដើម្បីលោករាយការណ៍បញ្ហានេះទៅអាជ្ញាធរស្រុក និងខេត្ត។
ប្រធានការិយាល័យមធ្យមសិក្សា ខេត្តកំពត លោក គឹម សុខា មានប្រសាសន៍ថា សំណង់អគារសិក្សានៃអនុវិទ្យាល័យ អ៊ីម៉ាំស្ហាសីអី កំពង់កែស មិនមានច្បាប់ទេ។ ប៉ុន្តែ អាជ្ញាធរបានអនុញ្ញាតឲ្យសង់ ពីព្រោះចង់បង្កើនធនធានមនុស្ស និងសុំឲ្យអ្នកគ្រប់គ្រងសាលា ទៅសុំច្បាប់ពីក្រសួងអប់រំ។ ចំពោះបញ្ហាសិស្ស ធ្វើពហិការមិនចូលរៀន ព្រោះដូរនាយកសាលាថ្មីនោះ លោកមិនបានដឹងទេ។ លោកនឹងចុះតាមដានបញ្ហាកើតឡើងនេះ៕
RFA
No comments:
Post a Comment
yes