ភ្នំពេញៈ ស្នងការរងនគរបាល រាជធានីភ្នំពេញម្នាក់ រួមទាំងនគរបាល ខណ្ឌឫស្សីកែវ៣នាក់ ត្រូវបានប្រជាពលរដ្ឋ ប្តឹងចោទពីបទក្លែង បន្លំឯកសារសាធារណៈ ប្តូរអត្តសញ្ញាណ ជនរងគ្រោះពីស្រី ទៅប្រុស ក្នុងសំណុំរឿង ហិង្សាបង្ក របួសស្នាម ទៅវិញទៅមក ។
អ្នកស្រី សើ ហាលីម ដែលអះអាងថា ជាជនរគ្រោះ ក្នុងករណីនេះ បានសម្រេចចិត្ត ដាក់ពាក្យ បណ្តឹងនៅ សាលាដំបូង រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១២ ប្រឆាំងទៅនិង មន្រ្តីនគរបាល៤រូប ដែលបានក្លែង អត្តសញ្ញាណភេទក្នុង អត្តសញ្ញាណប័ណ្ណ ក្នុងនោះដែរ ក៏បានធ្វើការទាមទារ សំណងជំងឺចិត្ត ចំនួន៥ម៉ឺនដុល្លារ សហរដ្ឋអាមេរិក ផងដែរ ។
យោងតាមពាក្យបណ្តឹង របស់អ្នកស្រី សើ ហាលីម បានប្តឹងលោក ប៉ុល ភិធេយ្យ ស្នងការរងនគរបាល រាជធានីភ្នំពេញ មួយរូបរួមទាំងមន្រ្តី នគរបាល ខណ្ឌឫស្សីកែវ ៣នាក់ទៀត គឺលោក សោម មុន្នី អធិការនគរបាល ខណ្ឌឫស្សីកែវ លោក នួន សាហុត អធិការរងនគរបាល ខណ្ឌឫស្សីកែវ និងលោក ថន ថេន មន្រ្តីនគរបាលយុត្តិធម៌ ខណ្ឌឫស្សីកែវ ។
យោងតាមពាក្យបណ្តឹង ការសម្រេចចិត្តប្តឹង មន្រ្តីនគរបាលទាំង៤រូបនេះ ធ្វើឡើងបន្ទាប់ពី កើតករណី ជម្លោះបង្ក ហិង្សាមួយ កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១០ ក្រុមគ្រួសាររបស់ ឈ្មោះ សា ម៉ាត់ បាននំាគ្នាព្រួតវាយមកលើ នាងខ្ញុំ សើ ហាលីម ដល់លំនៅដ្ឋាន បណ្តាលឲ្យរបួសធ្ងន់ បន្ទាប់មកនាងខ្ញុំ ក៏បានដាក់ពាក្យបណ្តឹង នៅអធិការដ្ឋាន នគរបាល ខណ្ឌឫស្សីកែវ ប៉ុន្តែក្នុងកំណត់ហេតុ ស្តាប់ការបំភ្លឺ ដែលចុះហត្ថលេខា ដោយលោក សោម មុន្នី អធិការនគរបាល ខណ្ឌឫស្សីកែវ បានក្លែងបន្លំ អត្តសញ្ញាណ ដោយកែច្នែភេទរបស់ នាងខ្ញុំទៅជាភេទប្រុសវិញ ហើយបានក្លែងបន្លំ ដោយកែច្នៃឈ្មោះ ម៉ាត់ ឡាវី ពីភេទប្រុស ទៅជាភេទស្រីវិញ ដែលធាតុពិត គឺឈ្មោះនេះ បានវាយមក លើនាងខ្ញុំ ។
ជុំវិញនិងករណីនេះ ស្នងការរងនគរបាលរាជ ធានីភ្នំពេញ លោក ប៉ុល ភិធេយ្យ បានឲ្យដឹងថា “ករណីដែលច្រឡំ អត្តសញ្ញាណនោះ វាផុតដៃសមត្ថកិច្ចហើយ ព្រោះសំណុំ រឿងនោះ បានបញ្ជូនទៅកាន់ សាលាដំបូងហើយ ។ លោកបានបន្តទៀតថា រឿងសរសេរក្នុង កំណត់ហេតុដែល ច្រឡំអត្តសញ្ញាណ ពីភេទស្រី ទៅភេទប្រុស នឹងពីភេទប្រុស ទៅភេទស្រីនេះ លោកនឹងធ្វើការស្រាវជ្រាវ សំណុំរឿងនេះឡើងវិញ ដើម្បីឲ្យដឹងថា ជាកំហុសឆ្គង របស់នគរបាល ឬមួយមិនមែន ចំណែកការប្តឹងផ្តល់នេះ លោកយល់ថា “វាជារឿងធម្មតាទេ នៅពេលគាត់មានរឿង គឺគាត់តែងតែប្តឹង អញ្ចឹងហើយ” ។
អធិការនគរបាល ខណ្ឌឫស្សីកែវ លោក សោម មុន្នី ក៏បានថ្លែងឲ្យដឹងដែរថា ការប្តឹងសមត្ថកិច្ច អំពីបទក្លែង អត្តសញ្ញាណនេះ វាមិនត្រឹមត្រូវទេ ក៏ព្រោះតែកំណត់ហេតុ ដែលមានសរសេរ បញ្ជូនទៅសាលាដំបូងនោះ គឺធ្វើឡើងត្រឹមត្រូវ តាមច្បាប់ទាំងអស់ ។ លោក សោម មុន្នី បានបញ្ជាក់ទៀតថា ប្រសិនបើនគរបាល ខាងលោកពិត ជាបានធ្វើកំហុសឆ្គងនោះមែន ខាងតុលាការ ប្រាកដជា កោះហៅទៅសាកសួរ ប៉ុន្តែរហូតមកដល់ ពេលនេះ ខាងតុលាការ គឺមិនដែលបានកោះហៅ សួរនាំចំពោះ ករណីនេះទេ ដូច្នេះលោកជឿជាក់ថា រូបលោក ក៏ដូចជាមន្ត្រី នគរបាលដ៏ទៃទៀត គឺពិតជាគ្មាន កំហុសនោះទេ ។
លោកអធិការនគរបាល ខណ្ឌឫស្សីកែវក៏បាន ថ្លែងបញ្ជាក់ដែរថា ក្នុងនាមជាមន្ត្រី អនុវត្តច្បាប់ រូបលោកផ្ទាល់ ក៏ដូចជាមន្ត្រី នគរបាលដទៃទៀត គឺធ្វើការអនុវត្ត ទៅតាមច្បាប់ ប្រកបដោយ ភាពយុត្តិធម៌ ហើយក៏មិន ដែលមានគំនិតទុច្ចរិត កែសំណុំរឿងពីស ទៅខ្មៅ ពីខ្មៅមកស នោះទេ ហើយចំពោះករណី ចោទប្រកាន់ ពីបទក្លែង អត្តសញ្ញាណនេះ លោកក៏ធ្លាប់ត្រូវបាន គេប្តឹងទៅកាន់ ក្រសួងអធិការកិច្ច ម្តងរួចមកហើយដែរ ប៉ុន្តែខាងក្រសួងពុំចាត់ការ ដោយយល់ថា សមត្ថកិច្ច នគរបាល ពុំមានកំហុស ធ្វើទៅតាមនីតិវិធីច្បាប់ ៕
No comments:
Post a Comment
yes