រូបថត៖ AP
ក្រុមន្ត្រីឃ្លាំមើលការបោះឆ្នោតលើកឡើងថាគណបក្សកាន់កាប់អំណាចយ៉ាងរឹងមាំ និងគណបក្សធំៗមួយចំនួនទៀត មានលទ្ធភាពប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយច្រើនជាងគណបក្សតូចៗ សម្រាប់ធ្វើការប្រកួតប្រជែងដណ្តើមយកសន្លឹកឆ្នោត ហើយភាពមិនស្មើគ្នានេះនឹងជះឥទ្ធិពលទៅដល់លទ្ធផលនៃការបោះឆ្នោត។
កម្ពុជានឹងធ្វើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅថ្ងៃទី៣ ខែមិថុនាខាងមុខ ហើយការឃោសនាបោះឆ្នោតរយៈពេល១៥ថ្ងៃ នឹងចាប់ផ្តើមនៅថ្ងៃសុក្រ ទី១៨ ស្អែកនេះ។
មានគណបក្សនយោបាយចូលរួមប្រកួតប្រជែងសរុបចំនួន១០ នៅក្នុងនោះភាគច្រើនគឺជាគណបក្សតូចៗដែលមិនមានសកម្មភាពជាចំហនៅពេលមុន។
លោកគល់ បញ្ញា នាយកប្រតិបត្តិនៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជាហៅកាត់ថា ខុមហ្វ្រែលកត់សម្គាល់ថាព័ត៌មាននៃការបោះឆ្នោតមិនបានជ្រាបទៅដល់ប្រជាពលរដ្ឋទូទៅនោះទេ ហើយគណបក្សកាន់កាប់អំណាចមានលទ្ធភាពប្រើប្រាស់ប្រព័ន្ធឃោសនាយ៉ាងទូលំទូលាយ។
«ការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ ឃើញថា គម្លាតគ្នាឆ្ងាយណាស់។ ខ្លះគណបក្សដែលគ្នាមកឈរឈ្មោះប្រកួតប្រជែងហ្នឹង និងគណបក្សកាន់អំណាចគេមានលទ្ធភាពច្រើនណាស់ ក្នុងប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយជាពិសេសប្រើប្រាស់ទូរទស្សន៍ ហើយនិងវិទ្យុ»។
ខាំប្រែលនឹងពង្រាយអ្នកសង្កេតការណ៍ចំនួន៥.២៥០នាក់សម្រាប់សង្គេតការបោះឆ្នោតនៅទូទាំង២៤ខេត្តក្រុងរបស់កម្ពុជា ចាប់ពីរយៈពេលនៃការឃោសនាបោះឆ្នោត រហូតទៅដល់រយៈពេលនៃការបោះឆ្នោត។
លោកគល់ បញ្ញា លើកឡើងថាលំហផ្សព្វផ្សាយព័ត៌មានមិនស្មើគ្នា ធ្វើឲ្យប្រជាពលរដ្ឋទទួលមិនបានទូលំទូលាយនូវគោលយោបាយរបស់គណបក្សនីមួយៗ។
«ប្រជាជនឥតមានព័ត៌មានគ្រប់គ្រាន់ពីគោលនយោបាយជម្រើសផ្សេងៗ។ អញ្ចឹងទៅឮតែម្ខាង អាហ្នឹងវាអាចប៉ះពាល់ទៅដល់ភាពយុត្តិធម៌នៃការបោះឆ្នោត។ ពីព្រោះប្រជាជនឥតមានព័ត៌មានគ្រប់គ្រាន់ ហើយគណបក្សហ្នឹង ឥតមានឱកាសផ្សព្វផ្សាយពីគោលនយោយបាយផ្ទាល់ខ្លួន»។
លោកហង្ស ពុទ្ធា នាយកប្រតិបត្តិនៃគណៈកម្មាធិការអព្យាក្រឹត្យយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរីនៅកម្ពុជា ហៅកាត់ថា និចហ្វិច កត់សម្គាល់ដូចគ្នានេះដែរ។
«គណកបក្សកាន់អំណាចគាត់មានមធ្យោបាយច្រើនជាង។ លោកមានបណ្តាញជាមន្ត្រីថ្នាក់ឃុំ លោកមានប្រព័ន្ធផ្សព្វផ្សាយក្តី គឺឃើញថាមានការផ្សព្វផ្សាយច្រើន។ នេះជាឱកាសច្រើនសម្រាប់គណបក្សកាន់អំណាចនាពេលបច្ចុប្បន្ន»។
អង្គការនិចហ្វិចមានអ្នកសង្កេតការណ៍បោះឆ្នោតចំនួន៣.០០០នាក់សម្រាប់ខេត្តក្រុងទាំង២៤។
គណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចត្រូវគេមើលឃើញថាមានការគាំទ្រផ្នែកប្រព័ន្ធផ្សព្វផ្សាយយ៉ាងលើសលប់ រាប់បញ្ចូលទាំងវិទ្យុ ទូរទស្សន៍ និងសារព័ត៌មានសរសេរផងដែរ។ រីឯគណបក្សដទៃទៀតដូចជាគណបក្សហ៊្វុនស៊ិនប៉ិច គណបក្សសិទ្ធិមនុស្ស គណបក្សនរោត្តមរណឫរិទ្ធិ និងគណបក្សសម រង្ស៊ី សុទ្ធតែជួលប្រព័ន្ធផ្សាយឯកជនម្រាប់ធ្វើការផ្សព្វផ្សាយដល់អ្នកគាំទ្ររបស់ខ្លួន។ រីឯគណបក្សផ្សេងទៀត ទើបតែមានសកម្មភាពចុងក្រោយនេះ។
លោកចាន់ យ៉េត អនុប្រធានគណបក្សសាធារណៈរដ្ឋប្រជាធិបតេយ្យ ដែលជាគណបក្សតូចមួយនៅក្នុងចំណោមគណបក្សទាំង១០ លោកបានត្អូនត្អែរពីកង្វះធនធានសម្រាប់ប្រព័ន្ធផ្សព្វផ្សាយដោយក្តីអស់សង្ឃឹម។
«គណបក្សតូចៗ គឺឥតទាន់មានទេ។ ខ្ញុំបាទអស់សង្ឃឹមជាខ្លាំង ដូចថាខ្ញុំចង់ផ្សាយពីគោលនយោបាយគណបក្សខ្ញុំ ហើយខ្ញុំចង់ផ្សាយសកម្មភាពខ្លះៗ ដែលខ្ញុំចុះទៅតាមបណ្តាខេត្ត និងឃុំដែលយើងមាន»។
គណបក្សសាធារណៈរដ្ឋប្រជាធិបតេយ្យមានបេក្ខជនឈរឈ្មោះដោយចោះៗ ក្នុងខេត្តចំនួន៦ គឺខេត្តតាកែវ កំពង់ឆ្នាំង បន្ទាយមានជ័យ ខេត្តព្រៃវែង និងខេត្តកំពង់ធំ។
យ៉ាងណាក៏ដោយលោកទេព នីថា អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គជប បានពន្យល់ថារដ្ឋាភិបាលមានលទ្ធភាពត្រឹមតែជួយគាំទ្រទៅដល់ការផ្តល់សេវាផ្សព្វផ្សាយស្មើភាពគ្នានៅក្នុងអំឡុងពេលឃោសនា នាពេលបោះឆ្នោត។ លោក ទេព នីថា មានប្រសាសន៍ថា គជប បានស្នើទៅដល់ទូរទស្សន៍ និងវិទ្យុជាតិនូវគ្រប់ខេត្តក្រុងទាំងអស់ដើម្បីជួយរំលែកការឃោសនារបស់គណបក្សទាំងនេះ។
«យើងមានវិទ្យុជាតិ និងបណ្តាញផ្សេងៗទៀតដែលជារបស់រដ្ឋ។ មាននៅតាមបណ្តាខេត្តដែរ ព្រោះយើងបានធ្វើស៊ីដីដើម្បីសុំឲ្យប្រព័ន្ធផ្សព្វផ្សាយនៅខេត្តហ្នឹងជួយផ្សព្វផ្សាយ»។
មានប្រជាពលរដ្ឋមានសិទ្ធិបោះឆ្នោតជាង៩លាន២សែននាក់ និងមានឃុំសង្កាត់ទូទាំងប្រទេសសរុបចំនួន១.៦៣៣។ គជប បានចែកបណ្ណព័ត៌មានទៅដល់អ្នកបោះឆ្នោតរហូតមកទល់ពេលនេះចំនួនជាង៧លាននាក់ ឬស្មើជាង ៨០%នៃអ្នកមានសិទ្ធិបោះឆ្នោតសរុប។
លោកគល់ បញ្ញា យល់ឃើញថា ការដែលចែកបណ្ណព័ត៌មានេះមិនបានទៅដល់អ្នកបោះឆ្នោតគ្រប់រូប អាចជាការំខានដល់ការស្វែងរកមណ្ឌលបោះឆ្នោតរបស់ប្រជាពលរដ្ឋ។
ក៏ប៉ុន្តែលោកទេព នីថា ឆ្លើយថាបណ្ណព័ត៌មានសម្រាប់អ្នកបោះឆ្នោតនេះមិនមែនជាសុពលភាពសម្រាប់ការបោះឆ្នោតនោះទេ។
«សូមបញ្ជាក់ថានេះគ្រាន់តែជាបណ្ណព័ត៌មានប៉ុណ្ណោះទេ មិនអាចយកទៅធ្វើជាឯកសារដើម្បីបញ្ជាក់អត្តសញ្ញាណសម្រាប់បោះឆ្នោតបានទេ។ ហើយអត់បណ្ណព័ត៌មាននេះ ក៏គាត់អាចទៅបោះឆ្នោតបានដែរ»។
ក្រៅពីនេះលោកគល់ បញ្ញា បង្ហាញថាកងកម្លាំងប្រដាប់អាវុធដូចជានគរបាល ទាហាន និងកងរាជអាវុធហត្ថបានចូលរួមពង្រឹងយ៉ាងសកម្មនៅក្នុងការជួយឃោសនាទៅដល់គណបក្សប្រជាជនកម្ពុជា ដែលជាកត្តាខុសច្បាប់ពីព្រោះថា កងកម្លាំងប្រដាប់អាវុធត្រូវតែឋិតនៅក្នុងភាពឯករាជ្យ។
លោកទេព នីថា បញ្ជាក់ថា ជាទូទៅនៅមិនទាន់មានភាពមិនប្រក្រតីណាមួយគួរឲ្យកត់សម្គាល់ នៅមួយថ្ងៃមុនការឃោសនាបោះឆ្នោតមកដល់នោះទេ៕
No comments:
Post a Comment
yes