សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, April 28, 2012

សាក្សី បង្ហាញ​ពី​​ហេតុការណ៍​ ក្នុង​ឃាតកម្ម​លើ​លោក​ឈុត​វុទ្ធី និង​ប៉េអឹម​


(ថ្ងៃទី 28 មេសា 2012, ម៉ោង 02:57:PM) | ដោយ: សុខ ភក្តី
/ CEN
Give our kids a better deal 
សាកសពប៉េអឹម អ៊ិត រតនា ដែលបានដេកស្លាប់ មុខឡានលោក ឈុត វុទ្ធី កាលពីរសៀលថ្ងៃទី២៦មេសា ឆ្នាំ២០១២
ភ្នំពេញ: ​អត្ថបទ​កាសែត The Cambodia Daily ចុះ​ផ្សាយ​ជា​ភាសា​អង់គ្លេស នៅ​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ ទី​២៨-២៩ ខែ​មេសា ឆ្នាំ​២០១២ ដែល​មាន​ចំណង "In Cardamom Mountains, Two Deaths Recounted" បាន​បរិយាយ​យ៉ាង​វែង ពី​ដំណើរ​រឿងដែល​នាំ​ដល់​ការបាញ់​សម្លាប់​លោក ឈុត វុទ្ធី ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ និង​ប៉េអឹម​ខេត្ត​កោះកុង លោក អ៊ិត រតនា កាលពី​រសៀល​ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ​២០១២ លើ​ជួរ​ភ្នំក្រវាញ ក្នុង​ខេត្ត​កោះកុង​។​

​តាម​អត្ថ​បទ​នោះ ស្ត្រី​អ្នកកាសែត The Cambodia Daily ពីររូប គឺ​កញ្ញា ផន បុប្ផា អាយុ ២៧ឆ្នាំ និង​កញ្ញា Plokhii ជនជាតិ​កាណាដា អាយុ ២៧ឆ្នាំ បាន​រួម​ដំណើរ​ជាមួយ​លោក ឈុត វុទ្ធី តាម​ឡាន​ឡង់​គ្រីស័រ ពណ៌​ឈាមជ្រូក​ដ៏​ចាស់​របស់​លោក ពី​ខេត្ត​ពោធិ៍សាត់ ទៅកាន់​ខេត្ត​កោះកុង តាម​ជួរ​ភ្នំក្រវាញ​។​

​នៅពេល​ធ្វើដំណើរ​ដល់​ចំណុចកើតហេតុ នៅ​ជិតខ្ទមតាមផ្លូវក្រាលក្រួសក្រហម លោក ឈុត វុទ្ធី និង​ស្ត្រី​អ្នកកាសែត បាន​ចុះ​ពី​ឡាន​ថតរូប​វល្លិ៍​មាស ដែ​លគរ​នៅ​ជិត​ផ្ទះ​ខ្ទម​មួយ​។ ប៉ុន្តែ​នៅពេល​នោះ មាន​បុរស​ម្នាក់ ពាក់អាវ​យឺតដៃ​ខ្លី​ខ្មៅលាយ​ខៀវ មក​ប្រាប់​គាត់​ឲ្យ​ឈប់​ថត ហើយ​ដេញ​គាត់ឲ្យ​ចាកចេញ​ពី​តំបន់​នោះ​។​

​ស្ថានភាព​បាន​តានតឹង ហើយ​ស្ត្រី​អ្នកកាសែត​ទាំងពីរ ដែល​បាន​សម្ភាសន៍​អ្នកភូមិ អំពី​វល្លិ៍​មាស ក៏បាន​សម្រេច​ចិត្ត​វិលត្រឡប់​មក​កាន់​ឡាន ដែល​ចត​លើផ្លូវ​ក្រួស​ក្រហម​។ នៅ​ពេល​មក​ដល់​ឡាន លោក ឈុត វុទ្ធី បាន​ជជែក​ជាមួយនឹង​ទាហាន ដែល​ស្លៀក​ខោអាវ​ប៉ា​រ៉ា​របស់​អាមេរិក ខណៈ​ដែល​មាន​បុរស​ម្នាក់​ទៀត ស្លៀកពាក់​ស៊ីវិល ក៏​បាន​ឈរ​ជាមួយនឹង​លោក​ ឈុត​ វុទ្ធី​។​

​នៅពេលនោះ ទាហាន​ស្លៀកពាក់​ប៉ា​រ៉ា ដែល​មិន​បាន​ប្រាប់​ពី​អត្តសញ្ញាណ​ខ្លួនឯង បាន​ប្រាប់​លោក​ ឈុត ​វុទ្ធី និង​ស្ត្រី​អ្នកកាសែត​ពីរ​នាក់​នោះ មិន​ឲ្យ​ចាកចេញ​ពី​តំបន់​នោះឡើយ រហូតដល់​មាន​ការអនុញ្ញាត​ពី​មេ​របស់​គេ​។ ប៉ុន្តែ​ទាហាន​នោះមិន​បាន​ប្រាប់ថា មេ ឬ​ថ្នាក់​លើ​គេជា​នរណា​? ហើយ​ក៏​មិនដឹង​ពេល​ណា​ទើបមេ​នោះ​មក​ដែរ​។​

​ទាហាន​នោះបាន​រារាំងមិន​ឲ្យ​លោក ឈុត វុទ្ធី ចូល​ក្នុង​ឡាន​ឡើយ បើទោះបីជា​ស្ត្រី​អ្នកកាសែតបាន​ស្នើសុំ​ទៅ​កាន់​ទាហាន ដើម្បី​ចាកចេញ​ជាមួយ​លោក វុទ្ធី ពី​តំបន់​នោះ​ក៏​ដោយ​។​

​មួយសន្ទុះ​ក្រោយមក មាន​បុរស​បីនាក់បាន​ជិះ​ម៉ូតូ​ពីរ​គ្រឿង ​មក​ដល់​កន្លែ​ង​កើតហេតុ​។ បុរស​ពីរ​នាក់នោះ ម្នាក់ស្លៀកសម្លៀក​បំពាក់​ប៉េអឹម និង​ម្នាក់​ទៀតស្លៀក​ខោអាវ​ទាហាន ព្រម​ទាំង​ពាក់​ម៉ាស់បិទមាត់​ផងដែរ​។ 

​បុរស​ទាំង​បី​នាក់ ដែល​ពីរ​នាក់ជា​ប៉េអឹម និង​ម្នាក់​ជា​ទាហាន មាន​កាំភ្លើង​អាកា ៤៧ កាន់​គ្រប់​ដៃ ហើយ​ទាហាន​ម្នាក់ ដែល​ពាក់​ម៉ាស់​បិទមាត់ ធុំក្លិន​ស្រា​យ៉ាងខ្លាំង​។ 

​ក្រុម​ប៉េអឹម និង​ទាហាន​ទាំងនោះ បាន​ប្រាប់​ឲ្យ​លោក ឈុត វុទ្ធី ទៅ​ជាមួយ​ពួកគេ ដើម្បី​ជួប​មេ​របស់​គេនៅ​ទី​រួម​ខេត្តកោះកុង ហើយក៏​បាន​បណ្តេញ​លោក ​វុទ្ធី ចេញ​ឲ្យ​ឆ្ងាយ​ពី​ឡាន​។​

​បុរស​ប៉េអឹម និង​ទាហាន​ទាំង ៥នាក់ ក៏​បាន​ដកហូត​យក​កា​ម៉េ​រ៉ា ហើយក៏​បាន​រារាំងមិន​ឲ្យ​លោក ឈុត វុទ្ធី ចូល​ក្នុង​ឡាន ដែល​មាន​ស្ត្រី​អ្នកកាសែត​ពីរ​នាក់អង្គុយ​ក្នុង​នោះ​។ ក្រុម​បុរស​នោះបាន​ទាញ​លោក វុទ្ធី ដាច់​ឡេវអាវ​។​

​ដោយ​ក្រុម​បុរស​នោះ បាន​ដកហូត​យក​ម៉ាស៊ីន​ថត​ពីរ​គ្រឿង​ពី​អ្នកកាសែត ពួកគេ​ក៏​បាន​អនុញ្ញាតឲ្យ​លោក វុទ្ធី ចូល​ក្នុង​ឡាន ដើម្បី​បើក​ចាកចេញ​។ ក៏ប៉ុន្តែ​ចៃដន្យ​ពេលនោះ ឡាន​របស់​លោក​វុទ្ធីអស់​អាគុយ មិន​អាច​បញ្ឆេះ​បាន​។ លោក​ក៏​បាន​ពឹង​ឲ្យ​ស្ត្រី​អ្នកយក​ព័ត៌មាន​ទាំង​ពីរ​នាក់ ជួយ​រុញ ដើម្បី​បញ្ឆេះ​ឡាន​។ 

​ពេលនោះ ក្រុម​ទាហាន​បាន​មក​និយាយ​ឌឺដង​ដាក់​លោក ​វុទ្ធី និង​អ្នកកាសែត ថា​ជា​ខ្ញុំកញ្ជះ​របស់​លោក ​វុទ្ធី នាំឲ្យ​មាន​ការប៉ះពាក្យស​ម្តី​ជា​ថ្មី​។ ក្រុម​ទាហាន​ក៏​បាន​កាច់​សោ​ពន្លត់​ម៉ាស៊ីន​ឡាន​របស់លោក វុទ្ធី ម្តង​ជា​ពីរដង ដែល​នាំឲ្យ​ស្ថានភាព​​កាន់តែ​តានតឹងឡើង​។​

​ចុង​ក្រោយ​លោក ​វុទ្ធី បាន​បញ្ឆេះ​ម៉ាស៊ីន​ឡាន ហើយ​ព្យាយាម​បើក​ចេញ តែ​ត្រូវ​ក្រុម​ទាហាន​ទាំងនោះ ​ឈរ​ពាំងមុខ​ឡាន មិន​ឲ្យ​លោក វុទ្ធី បើកឡាន​ចេញ​ឡើយ​។​

​ក្នុង​ស្ថានភាព​តានតឹង​នោះ ស្ត្រី​អ្នកកាសែត ផន បុប្ផា បាន​រៀបរាប់​ហេតុការណ៍​ប្រាប់​ដល់​និពន្ធ​នាយក ​កាសែត The Cambodia Daily លោក Kevin Doyle ក្នុងនោះ ក៏​មាន​សំឡេង​បាញ់​សំដៅ​ឡាន​របស់លោក ឈុត វុទ្ធី ដែល​លោក​កំពុងស្ថិត​នៅលើ​កៅអី​តៃកុង​។ ក៏ប៉ុន្តែ​អ្នកកាសែត​ទាំងពីរ មិន​រងរបួស​អ្វី​ទេ ហើយក៏​បាន​បើកទ្វារ​ឡាន​រត់​ចូល​ព្រៃ​។​

​ស្ត្រី​អ្នកកាសែត មិន​បានដឹងថា គ្រាប់កាំភ្លើង​នោះ​ចេញមក​ពី​ណា ហើយក៏​មិន​ដឹង​ថា នរណា​ជា​អ្នក​បាញ់​ទេ​។​

​ក្រោយ​ហេតុការណ៍​ផ្ទុះ​អាវុធ​នោះ ស្ត្រី​អ្នកកាសែត​ទាំងពីរ​បាន​វិល​មក​មើល​កន្លែង​កើតហេតុ ឃើញ​លោក​ ឈុត ​វុទ្ធី ត្រូវ​គ្រាប់កាំភ្លើងនៅ​លើ​កៅអី​តៃកុង​ឡាន​។ រីឯ​ប៉េអឹម អ៊ិត រតនា ដេក​ដួល​លើ​ដី​មុខ​ឡាន​របស់លោក ឈុត ​វុទ្ធី​។ អ្នក​ទាំង​ពីរមិនទាន់​ស្លាប់​ទេ ភ្លាមៗ​នោះ​។ ក៏​ប៉ុន្តែ​ក្រុម​ទាហាន និង​ប៉េអឹម មិន​បាន​ជួយ​សង្គ្រោះ​ទេ ដោយ​ទុកឲ្យ​លោក ឈុត វុទ្ធី និង​ប៉េអឹម អ៊ិត រតនា នៅ​កន្លែងកើតហេតុរហូតដល់​ស្លាប់ ទោះបីជា​ស្ត្រី​អ្នកកាសែត បាន​ស្នើ​សុំ​យក​ពួកគាត់ទៅ​ពេទ្យ​ក៏ដោយ​។​

​ក្រុម​ទាហាន​ទាំងនោះ បាន​ឃាត់មិន​ឲ្យ​ស្ត្រី​អ្នកកាសែត​ទាំងពីរ ចាកចេញ​ពី​កន្លែងកើតហេតុ​ឡើយ​។ ក្នុងពេលនោះ ស្ត្រី​អ្នកកាសែត​ក៏​បាន​ស្តាប់​ឮ​ក្រុម​ទាហាន​និយាយ​គ្នា​ថា "​មិនបាច់​និយាយ​ច្រើន​ទេ សម្លាប់​អ្នក​ទាំង​ពីរ​ចោល​ទៅ​"​។​

​ក្រុម​ទាហាន​ក៏​ព្យាយាមយក​សាកសព​របស់លោក ​វុទ្ធី និង​ឡាន ទៅ​ប្លុង​ចោល​ក្នុង​ព្រៃ​ជិត​នោះ​។ ប្រហែលជា ៩០ នាទី​ក្រោយមក ក៏​មាន​ប៉ូលិស​មួយក្រុមចុះ​ទៅ​កាន់​កន្លែងកើតហេតុ ធ្វើ​កំណត់ហេតុ និង​ពិនិត្យ​សាកសព ហើយ​បញ្ជូន​ទៅ​កាន់​ទី​រួម​ខេត្តកោះកុង​។​

សូមរម្លឹកថា ​របាយការណ៍​របស់​ប៉េអឹម និង​តុលាការ​ខេត្ត​កោះកុង ​បានបង្ហាញ​កាលពី​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​២០១២ ​ថា ប៉េអឹម អ៊ិត រតនា បាន​បាញ់សម្លាប់​លោក ឈុត វុទ្ធី ហើយ​ក្រោយមក​ ប៉េអឹម អ៊ិត រតនា បាន​បាញ់​សម្លាប់​ខ្លួនឯង។​

ប៉ុន្តែបើអានអត្ថបទ ដែលជាការរៀបរាប់របស់ស្ត្រីអ្នកកាសែត The Cambodia Daily គឺអាជ្ញាធរ​សមត្ថកិច្ច គួរតែ​បន្ត​ស៊ើបអង្កេត និង​ស្វែងរក​មុខ​ឃាតក យក​មក​ផ្តន្ទាទោស​តាមច្បាប់ ក្នុងឧក្រិដ្ឋកម្មសម្លាប់សកម្មជនការពារព្រៃឈើនេះ៕

No comments:

Post a Comment

yes