អ្នកភូមិបឹងកក់ត្រូវបានប៉ូលិសបង្ក្រាបនៅពេលឡើងមកតវ៉ារឿងដីធ្លីនៅមុខសាលាក្រុងភ្នំពេញ។
© ប៉ែន បូណា
នៅបាំងតែមួយខែទៀតប៉ុណ្ណោះការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នឹងចូលមកដល់តែគេអាចនិយាយបានថាអំណើះតទៅរដូវបោះឆ្នោតបានចូលមកដល់រួចស្រេច ទៅ ហើយ។ ក៏ប៉ុន្តែ បញ្ហាធំៗជាច្រើនដែលបានកើតឡើងជាបន្តបន្ទាប់រយៈពេលចុងក្រោយនេះកំពុងក្លាយជាប្រធានបទសំខាន់សម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតខាង មុខ នេះ។ ជាក់ស្តែង គណបក្សប្រឆាំងកំពុងតែផ្តើមយកចំណេញពីបញ្ហាទាំងនោះរួចទៅហើយ។តើព្រឹត្តិការណ៍អ្វីខ្លះដែលចូលមកស្វាគមការបោះឆ្នោតឃុំសង្កាត់ពេលនេះ?
ក្នុងចំណោមបញ្ហាជាច្រើនដែលបានកើតឡើងរយៈពេលចុងក្រោយនេះ មានព្រឹត្តិការណ៍សំខាន់ៗយ៉ាងហោចណាស់ក៏បីដែរដែលក្រុមអ្នកវិភាគមើលឃើញថា ជាបញ្ហាក្តៅសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ខាងមុខ។
កន្លងទៅថ្មីៗនេះ ព្រឹត្តិកាណ៍ដែលបាន និងកំពុងធ្វើឲ្យសាធារណជនចាប់អារម្មណ៍ជាងគេគឺករណីបាញ់ប្រហារទៅលើប្រជាពលរដ្ឋដែលតវ៉ាប្រឆាំងការឈូសឆាយដីរបស់ក្រុមហ៊ុនឯកជនមួយនៅស្រុកស្នួលខេត្តក្រចេះកាលពីខែមករាកន្លងទៅដែលបណ្តាលឲ្យអ្នកភូមិ៤នាក់រងរបួស។ បន្ទាប់មកទៀតគឺករណីលោក ឈូក បណ្ឌិត អភិបាលក្រុងបាវិតដែលបានបាញ់ទៅលើកម្មការិនីបីនាក់ឲ្យរងរបួសកាលពីថ្ងៃទី២០កុម្ភៈ។ ខណៈដែលរឿងទាំងងពីរនៅតែក្តៅគគុកនៅឡើយ រឿងថ្មីនិងក្តៅគគុកមួយទៀតក៏បានកើតឡើង នោះគឺការផ្ទុះអាវុធដែលបណ្តាលឲ្យលោក ឈុត វុទ្ធី ប្រធានអង្គការការពារបរិស្ថានធម្មជាតិ និងមន្ត្រីកងរាជអាវុធហត្ថម្នាក់ស្លាប់កាលពីថ្ងៃព្រហស្បតិ៍ទី២៦មេសា។
រឿងដែលកើតឡើងទាំងបីករណីខាងលើនឹងក្លាយជាប្រធានបទក្តៅសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ខាងមុខ ដោយចៀសមិនផុត។ ចាប់តាំងពីករណីទី១ម្ល៉េះ គណបក្សប្រឆាំងមិនដែលបង្អែបង្អង់ឡើយ ក្នុងការទាញយកចំណេញពីព្រឹត្តិការណ៍នេះ។
តាមពិតវាគ្មានអ្វីចម្លែកទេពី ព្រោះថានេះជាធម្មជាតិនៃឆាកនយោបាយដែលគណបក្សប្រឆាំងតែងតែកេងយកចំណេញពីកំហុសឆ្គង ឬការខ្វះចន្លោះរបស់គណបក្សកាន់អំណាច។ ប៉ុន្តែ អ្វីដែលចម្លែកនោះ គឺតើហេតុអ្វីបានជារឿងមិនគួរកើតបែរជាកើតឡើង ហើយកើតចំពេលបោះឆ្នោតចូលមកដល់បែបនេះទៅវិញ?
ជាការពិត គ្មានគណបក្សដឹកនាំរដ្ឋាភិបាលណាប្រាថ្នាចង់ឲ្យបញ្ហាបែបនេះកើតឡើងទេ ហើយរឹតតែមិនចង់ទៅទៀត គឺនៅពេលបោះឆ្នោតនេះឯង។ ហេតុផលសត្យានុម័តនេះអាចបញ្ជាក់បានថា បញ្ហាទាំងនេះមិនមែនជាចេតនារបស់រដ្ឋាភិបាលសោះឡើយ។ ក៏ប៉ុន្តែ នៅពេលដែលបញ្ហាបានកើតឡើងវាចៀសមិនផុតឡើយ ពីការជះឥទ្ធិពលមិនល្អដល់រដ្ឋាភិបាល។ នេះក៏ជាហេតុផលសត្យានុម័តមួយទៀតដែលមិនអាចចៀសវាងបាន។ ជាក់ស្តែង ការបាញ់ប្រហារពីសំណាក់កងកម្លាំងប្រដាប់អាវុធ និងពីសំណាក់មន្ត្រីអាជ្ញាធររបស់រដ្ឋាភិបាលទៅលើប្រជាពលដ្ឋ កម្មករ និងសកម្មជនការពារព្រៃឈើនៅពេលនេះសុទ្ធសឹងតែជារឿងដែលផ្តល់ផលមិនល្អដល់រដ្ឋាភិបាលឡើយ តែជាការផ្តល់ផលចំណេញដល់បក្សប្រឆាំង។
ទោះបីជាវាមិនមែនជាចេតនារបស់រដ្ឋាភិបាល ប៉ុន្តែ អ្វីដែលគេមើលឃើញជាទូទៅ គឺបញ្ហាទាំង នេះជាកំហុសឆ្គង ឬជាការខ្វះចន្លោះរបស់រដ្ឋាភិបាលយ៉ាងពិតប្រាកដ។ សំណុំរឿងសំខាន់ទាំងបីដែលបានលើកឡើងខាងដើមត្រូវគេមើលឃើញថា មានដើមហេតុមកពីការប្រើប្រាស់កម្លាំងជ្រុលហួសហេតុពីសំណាក់អាជ្ញាធរ មានន័យថា គ្រាន់តែរឿងបន្តិចបន្តួចក៏គេប្រើអាវុធដើម្បីដោះស្រាយបញ្ហាដែរ ទោះជារឿងនោះមិនសមនឹងការប្រើអាវុធសោះក៏ដោយ។
ម្យ៉ាងទៀត ការផ្តល់សិទ្ធិឲ្យក្រុមហ៊ុនឯកជនដែលនៅតែអាចប្រើប្រាស់កម្លាំងប្រដាប់អាវុធរបស់រដ្ឋបាន គឺជាកំហុសឆ្គងមួយដែលបង្កលក្ខណៈងាយស្រួលដល់ការផ្ទុះអាវុធមិនសមហេតុផលដែលបាននិងកំពុងកើតឡើងជាបន្តបន្ទាប់។ សមត្ថកិច្ចប្រដាប់អាវុធដែលឈរការពារក្រុមហ៊ុនឯកជនទាំងនោះហាក់ដូចជាមិនញញើតនឹងប្រើអាវុធឡើយនៅពេលមានទំនាស់កើតឡើង។
ដូច្នេះ មានតែការគ្រប់គ្រងកងកម្លាំងប្រដាប់អាវុធឲ្យបានល្អនិងតឹងរ៉ឹងទេដែលជាវិធីល្អបំផុតដើម្បីបញ្ចៀសបញ្ហា គឺមិនមែនគ្រាន់តែបញ្ចៀសបញ្ហាអសន្តិសុខដែលកើតចេញពីការប្រើប្រាស់អាវុធប៉ុណ្ណោះទេ តែក៏ដើម្បីប្រជាប្រិយភាពរបស់រដ្ឋាភិបាលក្នុងការរកសំឡេងឆ្នោតក្នុងពេលបោះឆ្នោតផងដែរ។ ផ្ទុយទៅវិញ ការបណ្តែតបណ្តោយឲ្យស្ថានភាពបែបនេះនៅតែបន្ត គណបក្សកាន់អំណាចនឹងប្រឈមមុខនឹងការបាត់បង់ប្រជាប្រិយភាព៕
No comments:
Post a Comment
yes