![]() |
លោក ឈុត វុទ្ធី ប្រធានអង្គការការពារធនធានធម្មជាតិ (រូបថត ម៉ម មុនីរតន៍) |
ថ្ងៃសុក្រ ទី27 មេសា ឆ្នាំ2012
ដោយ ញឹម សុខន និងអ៊ឹង ប៊ុនថន
Voice of Democracy
មន្ត្រីសិទ្ធិមនុស្ស និងមន្ត្រីជំនាញនៅខេត្តកោះកុង អះអាងប្រហាក់ប្រហែលគ្នាថា ការបាញ់សម្លាប់ប្រធានអង្គការ ការពារធនធានធម្មជាតិ លោក ឈុត វុទ្ធី អាចជាប់ទាក់ទងនឹងក្រុមរកស៊ីឈើខុស ច្បាប់នៅតំបន់នោះ។
មន្ត្រីស៊ើបអង្កេតរបស់អង្គការលីកាដូ ប្រចាំខេត្តកោះកុង លោក អ៊ិន គង់ជិត មានប្រសាសន៍ថា មុនការបាញ់សម្លាប់ លោក ឈុត វុទ្ធី នៅថ្ងៃទី២៦ ខែមេសា គឺលោក ឈុត វុទ្ធី និងអ្នកកាសែត ២នាក់ ដែលរួមដំណើរ បានចុះទៅថតរូប គំនរឈើក្រញូងដ៏ធំមួយ ដែលគរ នៅក្នុងបរិវេណរបស់ក្រុមហ៊ុនវារី អគ្គិនីមួយ ស្ថិតនៅចំនុចវាលបី ភូមិប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ហើយក្រោយមកទើបមានការបាញ់សម្លាប់នេះ ៖ “កន្លែងហ្នឹង គឺជាតំបន់ដែលមានការសម្អាតផ្ទៃអាងអគ្គិសនី បាទអាងអគ្គិសនី អញ្ចឹងនៅក្នុងការសម្អាតហ្នឹង វា មានអ្នកខ្លះគេជួញដូរក្រញូងនៅកន្លែងហ្នឹង ហើយដែលទីកំបាំងរបស់គេ គេមិនចង់អោយអ្នកណាដឹង”។
ការចុះទៅយកព័ត៌មាននៅតំបន់នោះ របស់អ្នកកាសែត ២នាក់ និងលោក ឈុត វុទ្ធី គឺកើតឡើងក្រោយពីសេចក្តីរាយការណ៏របស់កាសែតក្នុងស្រុកថា ព្រៃឈើនៅស្រុក ថ្មបាំង បានរងការបំផ្លាញយ៉ាងធ្ងន់ធ្ងរ៕
ប្រធានការរិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៅស្នងការដ្ឋាននគរបាល ខេត្តកោះកុង លោក ឡាយ ម៉េងឡាំង មានប្រសាសន៍ថា ក្រោយពីថតបានរូបភាព ពុំនូកឈើនោះហើយ លោក ឈុត វុទ្ធី បំរុងបើកឡានចេញទៅទីរួមខេត្តវិញ។ ប៉ុន្តែលោកថា ត្រូវបានមន្ត្រីកងរាជអាវុធហត្ថម្នាក់ ដែលបានស្លាប់ក្នុងហេតុការណ៏នោះ និងមន្ត្រីរដ្ឋបាលព្រៃឈើផង បានសុំដកហូតយក រូបភាពទាំងនោះពីលោក ឈុត វុទ្ធី។ លោកថា ក្រោយដកហូតឯកសាររូបភាពនោះបានហើយ ទើបមានការបាញ់ សម្លាប់ពីមន្ត្រីកងរាជអាវុធទៅលើ លោក ឈុត វុទ្ធី ដែលកំពុងអង្គុយនៅក្នុងរថយន្តបំរុងបើកចេញទៅ ៖ "បង វុទ្ធីហ្នឹង គាត់អត់បានទៅព្រោះអីប៉េអឹមឈរនៅមុខឡានហ្នឹង ហើយគាត់កន្លែងតែជជែកគ្នានៅក្នុងឡានហ្នឹង ស្រាប់តែលឺសូរផ្ទុះអាវុធ បីគ្រាប់ ផ្ទុះខាងក្រៅ បីគ្រាប់ហើយ ខាងស្រីពីរនាក់ហ្នឹង នាំគ្នារត់ចុះពីលើឡាន ទៅពួននៅក្នុងព្រៃក្រោយឡានទៀត ដល់បានមួយសន្ទុះលឺសូរផ្ទុះពីរគ្រាប់ទៀត បានស្រីពាក់ហ្នឹង ដើរពីក្រោយមក ដើរមកឃើញបង អ៊ិន រតនា ដែលប៉េអឹមហ្នឹង គាត់ដួលនៅមុខឡានម្មង អត់ទេ ប៉េអឹមហ្នឹងអ្នកបាញ់តែម្តង កាំភ្លើងអាការបស់ប៉េអឹមហ្នឹង មិនផ្លាតទេ គាត់ហ្នឹងបាញ់ខ្លួនឯង ”។
បើតាមអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ខេង ទីតូ បញ្ជាក់ថា ក្រុមហ៊ុនដែលគេសង្ស័យថាមានផ្ទុកគំនរឈើនោះ មិនមែនជាក្រុមហ៊ុនរកស៊ីខុសច្បាប់នោះទេ។ លោកថាករណីបាញ់សម្លាប់សកម្មជនការពារព្រៃឈើនោះ ដោយសារកម្លាំងសមត្ថកិច្ចព្យាយាមមិនឲ្យលោក ឈុត វុទ្ធី ថតយករូបភាពគំនរឈើដែលស្តុកនៅទីនោះ ៖ “មានរឿងអីដែលគេលាក់បាំង បើក្រុមហ៊ុនគេមានច្បាប់ទំលាប់ត្រឹមត្រូវ ក្រុមហ៊ុននេះមិនមែនក្រុមហ៊ុនខុសច្បាប់ កាប់ខុសច្បាប់អីឯណា គ្រាន់តែថាគាត់ចូលទៅក្នុង ទីតាំងរបស់គេដោយគ្មានការអនុញ្ញាតិ។”
ការចុះទៅយកព័ត៌មាននៅតំបន់នោះ របស់អ្នកកាសែត ២នាក់ និងលោក ឈុត វុទ្ធី គឺកើតឡើងក្រោយពីសេចក្តីរាយការណ៏របស់កាសែតក្នុងស្រុកថា ព្រៃឈើនៅស្រុកថ្មបាំង បានរងការបំផ្លាញយ៉ាងធ្ងន់ធ្ងរ៕
No comments:
Post a Comment
yes