ភ្នំពេញៈ អ្នកជំនាញផ្នែកផែនទីប្រមាណ ២០ នាក់ មកពីរដ្ឋាភិបាល នៃប្រទេសកម្ពុជា និងវៀតណាម បានជួបជុំគ្នា នៅទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃអង្គារម្សិលមិញ ដើម្បីចូលរួមកិច្ចប្រជុំបិទទ្វារ រយៈពេល ៣ ថ្ងៃត្រៀមរៀបចំធ្វើការផ្ទៀងផ្ទាត់ឡើងវិញ និងពង្រីកផែនទីព្រំដែនដីគោកដែលមានភាពចម្រូងចម្រាស មុនពេលប្រទេសទាំង ២ គ្រោងនឹងបញ្ចប់ដំណើរការបោះបង្គោលព្រំដែនទាំងអស់នាដំណាច់ឆ្នាំ នេះ។
លោកស្រី កុយ ពិសី លេខាអចិន្រៃ្តយ៍ អាជ្ញាធរជាតិ ទទួលបន្ទុកកិច្ចការព្រំដែនកម្ពុជា បានថ្លែងប្រាប់ភ្នំពេញ ប៉ុស្តិ៍កាលពីថ្ងៃម្សិលមិញថា ជំនួបប្រជុំនោះ បានចាប់ផ្តើមពីថ្ងៃទី ១០ ដល់ទី ១៣ ខែកក្កដា ហើយអ្នកជំនាញ ១០ រូបមកពីប្រទេសនីមួយៗ បាននិងកំពុងធ្វើការរួមគ្នា លើបញ្ហាបច្ចេកទេស នៃផែនទីនោះតែប៉ុណ្ណោះ។
កាលពីខែមុន លោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការព្រំដែន របស់រដ្ឋាភិបាលកម្ពុជា បានបង្ហើបព័ត៌មានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងមួយ ថា ភូមិរបស់ខ្មែរពីរ គឺភូមិថ្លុកត្រាច និងភូមិអន្លង់ជ្រៃ ក្នុងស្រុកពញាក្រែក ខេត្តកំពង់ចាម ដែលជាភូមិកំណើត តាំងពីជីដូនជីតារបស់លោកហេង សំរិនប្រធានរដ្ឋសភា គឺស្ថិតនៅក្នុងទឹកដីវៀតណាម ហើយថា ដើម្បីរក្សាភូមិពីរនេះ កម្ពុជា កំពុងរកភូមិពីរទៀត ដើម្បីដោះដូរជាមួយវៀតណាម។
នៅពេលដែលត្រូវបានសួរថា តើកិច្ចប្រជុំបិទទ្វារ រយៈពេល ៣ ថ្ងៃនេះ អាចនឹងធ្វើការពិភាក្សាពីការដោះដូរភូមិរបស់លោកហេង សំរិននេះដែរទេ? លោកស្រីកុយ ពិសី បានបដិសេធថា មិនមានទេ ហើយបានគូសបញ្ជាក់ថា៖«កិច្ចប្រជុំ អ្នកជំនាញផែនទីនេះ នឹងផ្តោតតែទៅលើបច្ចេកទេស នៃការពង្រីក ក្នុងខ្នាតផែនទី ១ លើ ១០០ ពាន់ ទៅខ្នាតផែនទី ១ លើ ៥០០ ពាន់ តាមខ្សែបន្ទាត់ព្រំដែនថ្មី ពីផែនទី ទៅលើដីជាក់ស្តែងប៉ុណ្ណោះ វាគ្រាន់តែជាដំណើរការចម្លងផែនទីទេ»។ លោកស្រីបន្តថា ក្រោយអ្នកជំនាញ បានពិនិត្យ និងផ្ទៀងផ្ទាត់លើច្បាប់ចម្លងផែនទីផលិតថ្មីហើយ នឹងបញ្ជូនវាទៅកាន់គណៈកម្មាធិការកិច្ចការព្រំដែន ដើម្បីសុំការសម្រេចជាចុងក្រោយ។
លោកស្រីបានបន្តទៀតថា សន្ធិសញ្ញាបំពេញបន្ថែមព្រំដែនកម្ពុជា-វៀតណាមឆ្នាំ ២០០៥ ត្រូវបានអនុម័តដោយរដ្ឋសភាដែលអនុញ្ញាតឲ្យប្រទេសទាំង ២ ធ្វើការពិនិត្យ បញ្ជាក់លើរាល់ខ្សែបន្ទាត់ព្រំដែន នៅក្នុងផែនទីចាស់។
ផែនទីខ្នាត ១ លើ ១០០ ពាន់ផលិតឡើងចន្លោះពីឆ្នាំ ១៩៣៣ និង ១៩៥៣ និងដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិរវាងពីឆ្នាំ ១៩៦៣ និង ១៩៦៩។ លោកស្រីបន្តទៀតថា ក្នុងផែនទីខ្នាត ១ លើ ១០០ ពាន់ មានខ្សែបន្ទាត់ព្រំដែនរួចហើយ តែផែនទីចាស់ពុំច្បាស់ ព្រោះវាត្រូវបានបោះពុម្ពជាយូរមកហើយ។ លោកស្រីបន្ថែមថា ចំណុចមួយចំនួន នៅលើផែនទីចាស់ មានទន្លេ ស្ទឹង បឹង ហើយបច្ចុប្បន្ន ពុំមាននៅលើដីជាក់ស្តែងនោះទេ ដូច្នេះហើយ វាមានការលំបាក សម្រាប់ដំណើរការបោះបង្គោលណាស់។
លោក វ៉ា គឹមហុង បានថ្លែងប្រាប់ភ្នំពេញ ប៉ុស្តិ៍កាលពីខែមិថុនាថា មកទល់ពេលនេះ បង្គោលព្រំដែនចំនួន ២៨៦ ក្នុងចំណោមបង្គោលព្រំដែនទាំងអស់ ៣១៤ ត្រូវបានបោះរួចហើយ នៅតាមបណ្តោយព្រំដែន ដែលលាតសន្ធឹងជាង ១ ពាន់គីឡូម៉ែត្រ រវាងប្រទេសទាំង២។ លោកបន្តថា រាជរដ្ឋាភិបាលមានគម្រោងបញ្ចប់ដំណើរការបោះបង្គោលព្រំដែនទាំងអស់ នៅដំណាច់ឆ្នាំនេះ ប្រសិនបើអាច។
កាលពីខែមិថុនា ប្រទេសទាំង ២បានធ្វើការបើកសម្ពោធបង្គោលព្រំដែន នៅលើខ្សែព្រំដែនរវាងសង្កាត់ My Duc ក្រុង Ha Tien ក្នុងខេត្តភាគខាងត្បូង Kien Giang របស់វៀតណាម និងឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាចក្នុងខេត្តកំពតរបស់កម្ពុជា។
គណបក្សប្រឆាំង និងប្រជាពលរដ្ឋខ្មែរជាច្រើននៅតាមព្រំដែន រួមទាំងប្រធានគណៈកម្មាធិការព្រំដែនកម្ពុជាប្រចាំនៅប្រទេសបារាំងលោក ស៊ាន ប៉េងសែ បានអះអាងជាបន្តបន្ទាប់មកថា ការបោះបង្គោលព្រំដែនកម្ពុជាវៀតណាម ដែលត្រូវបានធ្វើឡើង ហាក់ដូចជាមានការលាក់លៀម ដោយផ្អែកទៅលើសន្ធិសញ្ញាបំពេញបន្ថែមដ៏ចម្រូងចម្រាស ឆ្នាំ ២០០៥ ពីលើសន្ធិសញ្ញា ៨២-៨៣-៨៥ ដែលកិច្ចព្រមព្រៀងក្រុងប៉ារីស បានលុបចោលទៅហើយនោះ បានធ្វើឲ្យ កម្ពុជាបាត់បង់ទឹកដីជាច្រើនគីឡូម៉ែត្រទៅលើប្រទេសវៀតណាម។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្ស សម រង្ស៊ី បានទទូចដដែលៗថា បង្គោលព្រំដែនត្រូវបានបោះដោយខុសច្បាប់ ក្រោយពេលគណបក្សប្រជាជនបានចុះហត្ថលេខាលើសន្ធិសញ្ញាព្រំដែនបំពេញ បន្ថែម ជាមួយវៀតណាមនៅឆ្នាំ ២០០៥។
លោកគូសបញ្ជាក់ថា៖ «យើងបានរកឃើញថា សន្ធិសញ្ញានោះ ផ្ទុយនឹងកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ហើយសន្ធិសញ្ញានោះ ត្រូវបានអនុម័តដោយសមាជិកសភាគណបក្សកាន់អំណាចតែប៉ុណ្ណោះ ហើយយើងមានជំហរច្បាស់លាស់ថា គណបក្ស សម រង្ស៊ី នឹងសើរើសន្ធិសញ្ញានោះឡើងវិញ នៅពេលគណបក្សឡើងកាន់អំណាច»៕
No comments:
Post a Comment
yes