ភ្នំពេញ: នៅក្នុងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៣ ចាប់ពីថ្ងៃទី១៨ ខែឧសភា ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១២ ពុំមានអំពើហិង្សាធ្ងន់ធ្ងរ កើតមានឡើង ចំពោះសកម្មជន និងសមាជិកអ្នកគាំទ្រគណបក្សនយោបាយ ដែលចូលរួមក្នុងយុទ្ធនាការ ដើម្បីប្រកួតប្រជែងការបោះឆ្នោតទេ។ យុទ្ធនាការឃោសនាបោះឆ្នោត នឹងបិទបញ្ចប់នៅថ្ងៃទី១មិថុនា ឆ្នាំ២០១២។ រីឯការបោះឆ្នោត នឹងធ្វើឡើងចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៣ រសៀល ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១២។
លោក ទុំ សម្បុរ អ្នកនាំពាក្យគណបក្សហ្វ៊ុនស៊ិនប៉ិច បានមានប្រសាសន៍ឲ្យដឹងថា នៅក្នុងអំឡុងពេលយុទ្ធនាការឃោសនាការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៣ ពុំកើតមានបញ្ហាធំដុំ ចំពោះសកម្មជនគណបក្សហ្វ៊ុនស៊ិនប៉ិចទេ។ គឺមានបញ្ហាតិចតួច ដែលត្រូវបានដោះស្រាយនៅតាមមូលដ្ឋាន។
លោក ទុំ សម្បុរ បន្តថា ការគ្មានអំពើហិង្សា និងគ្មានការគំរាមកំហែងដល់សកម្មជន និងអ្នកគាំទ្រគណបក្សនយោបាយ ដោយសារតែប្រជាពលរដ្ឋមានភាពចាស់ទុំនយោបាយ និងបានយល់ដឹងច្បាស់ពីសិទ្ធិ ពីច្បាប់នៃការបោះឆ្នោត។
រីឯលោក យឹម សុវណ្ណ អ្នកនាំពាក្យប្រឆាំងសមរង្ស៊ី បានមានប្រសាសន៍នាពេលថ្មីៗនេះ ថា នៅក្នុងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតនេះ មានភាពល្អប្រសើរ និងគ្មានអំពើហិង្សាសម្លាប់សកម្មជនគណបក្សសមរង្ស៊ីទេ ប៉ុន្តែមានការគំរាមកំហែងតិចតួច នៅពេលឃោសនា។ នោះក៏ដោយសារតែប្រជាពលរដ្ឋមានភាពចាស់ទុំនយោបាយ។
ប៉ុន្តែលោក យឹម សុវណ្ណ បានបញ្ជាក់ថា “គណបក្សបានដាក់ពាក្យបណ្ដឹងចំនួន ៦៨ បណ្ដឹង ទៅ គ.ជ.ប. ដើម្បីស្នើឲ្យដោះស្រាយតាមនីតិវិធី ពាក់ព័ន្ធនឹងការឃោសនាបោះឆ្នោតឃុំសង្កាត់ ចាប់ពីថ្ងៃទី១៨ឧសភា ឆ្នាំ២០១២”។
ចំណែកអ្នកនាំពាក្យគណបក្ស នរោត្តម រណឫទ្ធិ លោក ប៉ែន សង្ហា បានមានប្រសាសន៍បញ្ជាក់ផងដែរថា នៅក្នុងអំឡុងយុទ្ធនាការឃោសនាការបោះឆ្នោតនេះ មានភាពរលូន គ្មានអំពើហិង្សាកើតឡើងធ្ងន់ធ្ងរទេ។
ដោយឡែក លោក យ៉ែម បុញ្ញឫទ្ធិ មន្ត្រីជាន់ខ្ពស់គណបក្សសិទ្ធិមនុស្ស បានមានប្រសាសន៍ថា នៅក្នុងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតឃុំសង្កាត់នេះ សកម្មជនគណបក្សសិទ្ធិមនុស្សបានជួបនូវការគំរាមកំហែង និងការរំខានពីអាជ្ញាធរ និងមានការបំផ្លាញផ្លាកសញ្ញាគណបក្ស ដូចជា យកថ្នាំពណ៌បាញ់លុបពីលើផ្លាកសញ្ញាគណបក្ស និងលួចបំផ្លាញផ្លាកគណបក្សសិទ្ធិមនុស្ស នៅតំបន់មួយចំនួន និងមានការរារាំង និងប្រមូលខិត្តប័ណ្ណគោលនយោបាយគណបក្សសិទ្ធិមនុស្សពីប្រជាពលរដ្ឋ ប្រព្រឹត្តដោយមន្ត្រីអាជ្ញាធរមូលដ្ឋាន នៅក្នុងខេត្តកណ្ដាល។
ជាមួយគ្នានេះ លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប. ធ្លាប់បានមានប្រសាសន៍ឲ្យដឹងថា សម្រាប់ឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៣នេះ ពុំមានអំពើហិង្សាធ្ងន់ធ្ងរដល់អ្នកឃោសនា នៃគណបក្សនយោបាយ ដែលបានចូលរួមឃោសនានោះទេ ហើយ គ.ជ.ប. បានទទួលបណ្ដឹងមួយចំនួនពីគណបក្សនយោបាយ ហើយត្រូវបានដោះស្រាយបញ្ចប់បញ្ហាមួយចំនួន និងបណ្ដឹងមួយចំនួនទៀត កំពុងដោះស្រាយ។
សូមជម្រាបថា យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៣ ឆ្នាំ២០១២ នឹងបញ្ចប់សកម្មភាពឃោសនា ត្រឹមថ្ងៃទី១ ខែមិថុនា ហើយនៅថ្ងៃទី២ មិថុនា ជាថ្ងៃ “ស”។ ដោយឡែកនៅថ្ងៃទី៣ ខែមិថុនា ជាថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៣ ឆ្នាំ២០១២ នឹងត្រូវចាប់ផ្ដើមបោះឆ្នោតពីម៉ោង ៧ព្រឹក ដល់ ៣រសៀល បិទការិយាល័យបោះឆ្នោត ហើយនឹងចាប់ផ្ដើមរាប់សន្លឹកឆ្នោត នៅតាមការិយាល័យនីមួយៗ ព្រមទាំងប្រកាសលទ្ធផលបណ្ដោះអាសន្នផងដែរ៕
No comments:
Post a Comment
yes