អ្នកបឹងកក់ជិត ១០០នាក់ បានប្រមូលផ្ដុំគ្នានៅខាងមុខសាលាឧទ្ធរណ៍ នៅព្រឹកថ្ងៃពុធ ទី២០ ខែមិថុនា។
ពួកគេបានកាន់ផ្កាឈូក និងបដាជាច្រើន ដែលមានន័យអង្វរក អោយសាលាឧទ្ធរណ៍ផ្ដល់យុត្តិធម៌ដល់អ្នកបឹងកក់ចំនួន ១៣នាក់ ដែលកំពុងជាប់ឃុំនៅពន្ធនាគារព្រៃស ទៅតាមសេចក្ដីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ។
ពួកគេបញ្ជាក់ថា ការតវ៉ានៅពេលនេះ គឺជាការចាប់ផ្ដើមថ្មីមួយទៀត សម្រាប់ការតស៊ូមតិ ដើម្បីសេរីភាពនៃអ្នកតំណាងរបស់ពួកគេទាំង ១៣នាក់។
អ្នកបឹងកក់កំណត់ថ្ងៃទី២០ ខែមិថុនា ជាការចាប់ផ្ដើមយុទ្ធនាការតវ៉ាដោយអហិង្សា នៅខាងមុខសាលាឧទ្ធរណ៍ ដើម្បីជំរុញអោយស្ថាប័ននេះ យកចិត្តទុកដាក់ផ្ដល់យុត្តិធម៌ដល់អ្នកបឹងកក់ចំនួន ១៣នាក់។
ខុសប្លែកពីការតវ៉ាពីពេលមុន ក្រុមអ្នកបឹងកក់នៅព្រឹកថ្ងៃពុធ ទី២០ ខែមិថុនា ពុំបានស្រែកទាមទារទៅកាន់សាលាឧទ្ធរណ៍ឡើយ។ ពួកគេដែលមានខ្លះឈរ ខ្លះអង្គុយ ក្នុងសភាពស្ងៀមស្ងាត់ បានលើកបង្ហាញបដាជាច្រើន ដែលទាមទារអោយដោះលែងអ្នកតំណាងចំនួន ១៣នាក់។ អត្ថន័យនៃបដាទាំងនោះ រួមមាន ដោះលែងអ្នកតំណាង ១៣នាក់ ក្មេងៗក្នុងតំបន់បឹងកក់ត្រូវការម្ដាយ និងសូមអោយសាលាឧទ្ធរណ៍ផ្ដល់យុត្តិធម៌ដល់អ្នកបឹងកក់ជាដើម។
ស្ត្រីអ្នកបឹងកក់ម្នាក់ អ្នកស្រី យ៉ោម បុប្ផា បានអោយដឹងថា អ្នកបឹងកក់ដែលបានជួបជុំគ្នានៅខាងមុខសាលាឧទ្ធរណ៍ បានរក្សាភាពស្ងៀមស្ងាត់ គឺជាផ្នែកមួយនៃការតវ៉ាក្នុងរយៈពេលមួយសប្ដាហ៍ នៅមុនពេលសាលាឧទ្ធរណ៍បើកសវនាការជំនុំជម្រះរឿងក្ដីអ្នកបឹងកក់ទាំង ១៣នាក់។ អ្នកស្រី យ៉ោម បុប្ផា បន្តថា ក្នុងរយៈពេលមួយសប្ដាហ៍មុនសវនាការនេះ អ្នកភូមិនឹងបន្តការតវ៉ា ដើម្បីបង្ហាញសាលាឧទ្ធរណ៍ថា អ្នកបឹងកក់ត្រូវការយុត្តិធម៌។
ក្រៅពីការតវ៉ាដោយស្ងៀមស្ងាត់ អ្នកបឹងកក់បានលែងចាបចំនួន ១៣ក្បាល ចេញពីទ្រុង និងបានបួងសួងសុំសេរីភាព។ ស្របគ្នានេះ ពួកគេបានយកផ្កាឈូកទៅដាក់នៅខាងមុខស្លាកឈ្មោះសាលាឧទ្ធរណ៍។
អ្នកស្រី យ៉ោម បុប្ផា បានបន្តថា អ្នកភូមិ ១៣នាក់ នៅក្នុងពន្ធនាគារបានសម្រេចបញ្ចប់ការតវ៉ាអត់អាហារ ដោយពួកគេរំពឹងថា សាលាឧទ្ធរណ៍នឹងផ្ដល់យុត្តិធម៌ដល់ពួកគេ។
កាលពីដើមសប្ដាហ៍នេះ មេធាវីការពារក្ដីអោយអ្នកភូមិបឹងកក់ បានទទួលសេចក្ដីជូនដំណឹងថា សាលាឧទ្ធរណ៍គ្រោងនឹងបើកសវនាការរឿងក្ដីអ្នកភូមិបឹងកក់ នៅថ្ងៃទី២៧ ខែមិថុនា ខាងមុខ។
នៅក្នុងការតវ៉ានៅខាងមុខសាលាឧទ្ធរណ៍ អ្នកភូមិនៅតែអះអាងថា អ្នកតំណាងរបស់គេទាំង ១៣នាក់ គឺពុំមានកំហុស ដូចការចោទប្រកាន់ឡើយ ពួកគេជាស្ត្រី ដែលតវ៉ាដើម្បីសិទ្ធិលំនៅឋាន នៅពេលដែលក្រុមហ៊ុន និងអាជ្ញាធរក្នុងមូលដ្ឋានមិនបានអនុវត្តអោយបានត្រឹមត្រូវតាមអនុក្រឹត្យលេខ ១៨៣ របស់រដ្ឋាភិបាលកម្ពុជា កាត់ដីទំហំ ១២,៤៤ហិកតារ ប្រគល់អោយអ្នកបឹងកក់ ដែលទាមទារអោយអភិវឌ្ឍន៍នៅនឹងកន្លែង។
អ្នកបឹងកក់ លោក ដួង គា មានប្រសាសន៍ថា អ្នកបឹងកក់នឹងតស៊ូរហូតទាល់តែបានយុត្តិធម៌ បើទោះបីជាត្រូវលះបង់ជីវិតក៏ដោយ ពីព្រោះពួកគេពុំមានកំហុសឡើយ។
អនុប្រធានសាលាឧទ្ធរណ៍ លោក ជួន ស៊ុនឡេង មានប្រសាសន៍ថា ការទាមទាររកយុត្តិធម៌ គឺជាសិទ្ធិរបស់អ្នកបឹងកក់ ចំណែកសាលាឧទ្ធរណ៍នឹងអនុវត្តទៅតាមច្បាប់។ លោកបន្តថា សាលាឧទ្ធរណ៍កំពុងយកចិត្តទុកដាក់ចំពោះសំណុំរឿងអ្នកបឹងកក់នេះ។
ក្រុមអង្គការមិនមែនរដ្ឋាភិបាល ដែលឃ្លាំមើលករណីនេះ បានព្រមានទុកថា ការតវ៉ាក្នុងចំណោមអ្នកភូមិបឹងកក់ អាចនឹងមានសភាពកាន់តែខ្លាំងក្លា ប្រសិនបើសាលាឧទ្ធរណ៍ពុំបានផ្ដល់យុត្តិធម៌ដល់ពួកគេ។ ស្របគ្នានេះ ក៏នឹងអាចកើនឡើងនូវការរិះគន់ពីសំណាក់មតិអន្តរជាតិ ចំពោះចំណុចអវិជ្ជមាននៃតុលាការកម្ពុជា។
មន្ត្រីគ្រប់គ្រងបច្ចេកទេសការិយាល័យស៊ើបអង្កេត នៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ (Licadho) លោក អំ សំអាត លោកមានប្រសាសន៍ថា សន្ទុះនៃការតវ៉ារបស់អ្នកបឹងកក់ បានបន្តកើនឡើងនៅក្រោយពេលដែលតំណាងរបស់គេ ១៣នាក់ ត្រូវជាប់ពន្ធនាគារ។ ហើយចរន្តនេះនឹងមិនបញ្ចប់ទេ ប្រសិនបើពួកគេនៅតែមិនអាចទទួលបានយុត្តិធម៌។
ស្ត្រីអ្នកបឹងកក់ចំនួន ១៣នាក់ ដែលត្រូវកាត់អោយជាប់ទោសម្នាក់ៗ ២ឆ្នាំកន្លះ ពីបទកាន់កាប់ដោយខុសច្បាប់ លើអចលនវត្ថុរបស់នីតិបុគ្គលសាធារណៈ និងបទប្រឆាំងអាជ្ញាធរសាធារណៈ បានតវ៉ាដោយបង្អត់អាហារអស់ជាច្រើនថ្ងៃម្ដងរួចមកហើយ។ ពួកគេបានបញ្ជាក់ថា គេនឹងអត់អាហារអោយស្លាប់ ប្រសិនបើពួកគេពិតជាត្រូវជាប់ទោស ដោយសារតែការទាមទារដីធ្លី ផ្ទះសម្បែង នៅក្នុងតំបន់បឹងកក់៕
No comments:
Post a Comment
yes