សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, June 11, 2012

ពលរដ្ឋ​ខេត្ត​រតនគិរី សុំ​ឲ្យ​ក្រុម​ប្រឹក្សា​ឃុំ​ជួយ​ការពារ​​គាត់​ផុត​ពី​ការ​បណ្ដេញ​ចេញ


2012-06-10
ប្រជា​ពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច ១៦ គ្រួសារ នៅ​ខេត្ត​រតនគិរី ចោទ​ប្រកាន់​មេ​ឃុំ​សាមគ្គី ស្រុក​អូរជុំ​ថា បាន​ឃុបឃិត​លក់​ដី ៣០ ហិកតារ​របស់​ប្រជា​ពលរដ្ឋ ដែល​បាន​ធ្វើ​ចំការ​ស្វាយ​ចន្ទី​ច្រើន​ឆ្នាំ​កន្លង​ទៅ​ហើយ។
ករណី​នេះ​ធ្វើ​ឲ្យ​ឈ្មួញ​អ្នក​ទិញ​ដី​ប្រើប្រាស់​ក្រុម​សមត្ថកិច្ច​នៅ​មូលដ្ឋាន​បណ្ដេញ​ពលរដ្ឋ​ចេញ​ពី​ដី​ចំការ​ទាំង​អស់​នោះ។ ជាង​នេះ​ទៅ​ទៀត​សមត្ថកិច្ច​បាន​គំរាម​ពួក​គាត់​ថា ឈ្មួញ​អ្នក​ទិញ​ដី​នឹង​ប្ដឹង​តាម​ផ្លូវ​តុលាការ​ឲ្យ​ចាប់​ឃុំ​ខ្លួន​អ្នក​ភូមិ​ណា ដែល​មិន​យល់​ព្រម​ប្រគល់​ដី​ឲ្យ​នោះ។
ប្រជាពលរដ្ឋ​ជា​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​រស់​នៅ​ភូមិ​ទុយ ឃុំ​ទីងចាក់ ស្រុក​បរកែវ ខេត្ត​រតនគិរី អំពាវនាវ​សុំ​ឲ្យ​មន្ត្រី​ក្រុម​ប្រឹក្សា​ឃុំ ដែល​នឹង​ចូល​កាន់​តំណែង​នៅ​ពេល​ខាង​មុខ​នេះ ជួយ​ការពារ​សិទ្ធិ​រស់នៅ​របស់​ពួក​គាត់ ដែល​កំពុង​រង​នូវ​ការ​បណ្ដេញ​ចេញ​ពី​ដី​ចំការ ដើម្បី​យក​ដី​ប្រគល់​ឲ្យ​ឈ្មួញ​អ្នក​ទិញ​ដី។
សេចក្ដី​អំពាវនាវ​នេះ ធ្វើ​ឡើង​តាម​រយៈ​ពាក្យ​បណ្ដឹង​មួយ​ច្បាប់​របស់​តំណាង​ប្រជា​ពលរដ្ឋ​ភូមិ​ទុយ ១៦ គ្រួសារ កាល​ពី​ថ្ងៃ​ទី​៤ ខែ​មិថុនា​កន្លង​ទៅ ដោយ​បាន​ចោទ​ប្រកាន់​មេ​ឃុំ​សាមគ្គី លោក ហ្សី ម៉ោង និង​ប្រជាពលរដ្ឋ​ភូមិ​កាម៉ែង ឈ្មោះ ខិ សាវិន ថា បាន​រួម​គ្នា​លក់​ដី​ចំការ​ស្វាយ​ចន្ទី​របស់​ពួក​គាត់
ដោយ​សំអាង​ថា ដី​នោះ​ជា​អតីត​ដី​ដូន​តា​របស់​អ្នក​ភូមិ​កាម៉ែង។ ក៏​ប៉ុន្តែ ប្រជា​ពលរដ្ឋ​ភូមិ​ទុយ ៥០ នាក់ បាន​ផ្ដិត​មេ​ដៃ​បញ្ជាក់​ថា ដី​ដែល​លក់​នោះ ជា​ដី​ប្រជា​ពលរដ្ឋ​ភូមិ​ទុយ បាន​ធ្វើ​ចំការ​ដាំ​ស្រូវ និង​ដាំ​ស្វាយ​ចន្ទី។

តំណាង​ប្រជា​ពលរដ្ឋ ១៦ គ្រួសារ អ្នកស្រី លេវ យីន មាន​ប្រសាសន៍​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី ១០ ខែ​មិថុនា ឆ្នាំ ២០១២  អ្នក​ភូមិ​ម្ចាស់​ចំការ​ម្នាក់​ត្រូវ​បាន​ប៉ូលិស​ចាប់​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ខេត្ត កាល​ពី​ខែ​ធ្នូ ឆ្នាំ ២០១១ ពី​បទ​ចោទ​ប្រកាន់​ថា បាន​រំលោភ​លើ​អចលនៈ​ទ្រព្យ​អ្នក​ដទៃ​ទៅ​វិញ។ អ្នក​ស្រី​លើក​ជា​សំណួរ​ថា តើ​ប្រជា​ពលរដ្ឋ​បាន​ប្រព្រឹត្ត​ទោស​ឧក្រិដ្ឋ​អ្វី បាន​ជា​ត្រូវ​ចាប់​ឃុំ​ខ្លួន​ទាំង​អយុត្តិធម៌​យ៉ាង​ដូច្នេះ។
អ្នកស្រី លេវ យីន៖ «អ្នក​លក់​ដី​ហ្នឹង ខ្ញុំ​ស្រាវជ្រាវ​ឯកសារ​វា​ធ្លាក់​លើ​មេ​ឃុំ ពី​ព្រោះ​ចំការ​វិល​ជុំ​ជនជាតិ​ភាគ​តិច​ណា​អូន។ ខ្ញុំ​ចូល​កាន់​កាប់​ឥឡូវ​នេះ​ឆ្នាំ ២០០៥»។
វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​អាទិត្យ​ទី​១០ ខែ​មិថុនា មិន​អាច​ទាក់ទង​មេ​ឃុំ​សាមគ្គី លោក ហ្សី ម៉ោង ដើម្បី​សុំ​បំភ្លឺ​ពី​ករណី​ចោទ​ប្រកាន់​របស់​អ្នក​ភូមិ​បាន​ទេ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី ជំទប់​ទី​មួយ​ឃុំ​សាមគ្គី លោក ទ្វឺន អ៊ីម មាន​ប្រសាសន៍​បញ្ជាក់​ថា ប្រជា​ពលរដ្ឋ និង​អាជ្ញាធរ​ឃុំ​សាមគ្គី​ពិត​ជា​បាន​លក់​ដី​នោះ​មែន ដោយសារ​តែ​ដី​នោះ​ជា​ដី​តំបន់​ព្រៃ​ឈើ ឋិត​ក្នុង​តំបន់​រដ្ឋបាល​របស់​ឃុំ​សាមគ្គី។ លោក​បន្ត​ថា ប្រជា​ពលរដ្ឋ​នៅ​ភូមិ​ទុយ បាន​ចូល​មក​កាប់​រាន​ដី​នោះ ក្រោយ​ពី​ប្រជា​ពលរដ្ឋ​ភូមិ​កាម៉ែង បាន​លក់​ដី​នោះ​ទៅ​ឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​រស់​នៅ​ក្រុង​បានលុង​រួច​ហើយ។

លោក ទ្វឺន អ៊ីម៖ «មិន​ថា​តែ​ភូមិ​កាម៉ែន​ទេ​លក់​ដី។  និយាយ​ទៅ​ក្នុង​ខេត្ត​រតនគិរី​យើង សឹង​ថា​លក់​គ្រប់ៗ គ្នា។ អា​លក់​របៀប​សហគមន៍​ហ្នឹង​ណា! កាប់​ដី​ព្រៃ​លក់​ណា! ខាង​គាត់​ទៅ​កាប់​ដី​ខាង​កាម៉ែន​លក់​ឲ្យ​គេ»។ ម្ចាស់​ហ្នឹង​ទិញ​ហើយ​កាប់​ព្រៃ​ដុត​ព្រៃ​ហ្នឹង​ចោល​អត់​ធ្វើ​អ្វី​ទេ​ដី​គេ​ទិញ​ហើយ​អញ្ចឹង​ណា!»។

ផ្ទុយ​ពី​ការ​លើក​ឡើង​នេះ មេឃុំ​ទីង​ចាក់ លោក ក្លោង រី មាន​ប្រសាសន៍​បញ្ជាក់​ថា ដី​ដែល​អ្នក​ភូមិ​កាម៉ែង និង​អាជ្ញាធរ​ឃុំ​សាមគ្គី​នាំ​គ្នា​លក់​នោះ គឺ​ជា​តំបន់​ព្រៃ​ជាប់​ព្រំប្រទល់​ឃុំ​ទីង​ចាក់ និង​ឃុំ​សាមគ្គី មិន​ទាន់​មាន​ការ​កំណត់​ព្រំប្រទល់​គ្រប់គ្រង​រដ្ឋបាល​ជាក់​លាក់​នៅ​ឡើយ។ ក៏​ប៉ុន្តែ ប្រជា​ពលរដ្ឋ​ភូមិ​កាម៉ែង នាំ​គ្នា​លក់​ដោយ​មិន​បាន​ផ្តល់​ដំណឹង​អ្វី​ឲ្យ​អាជ្ញាធរ​ឃុំ​ទីងចាក់​ដឹង ទើប​ប្រជា​ពលរដ្ឋ​ភូមិ​ទុយ ចូល​ទៅ​កាប់​រាន​ដាំ​ដំណាំ​ស្វាយ​ចន្ទី តាំង​ពី​ឆ្នាំ ២០០៥ រហូត​មក។
លោក​បន្ត​ថា លោក​បាន​ចូល​ទៅ​បំភ្លឺ​នៅ​ស្ថាប័ន​តុលាការ​ម្តង​រួច​ហើយ និង​ជា​ពិសេស​លោក​បាន​រាយការណ៍​ពី​ករណី​ជំលោះ​នេះ ជូន​អ្នក​តំណាង​រាស្ត្រ​ខេត្ត ដោយ​បង្ហាញ​ថា ដី​ដែល​មាន​ទំនាស់​នោះ​ប្រជា​ពលរដ្ឋ​នៅ​ភូមិ​ទុយ បាន​គ្រប់គ្រង​ច្រើន​ឆ្នាំ​មក​ហើយ។
លោក ក្លោង រី៖ «វា​អត់​ច្បាស់​ព្រំប្រទល់។ អញ្ចឹង​ភូមិ​កាម៉ែង ឃុំ​សាមគ្គី​ក៏​លក់។ អ៊ីចឹង​ប្រជា​ពលរដ្ឋ​ខាង​នេះ យើង​អត់​ដឹង​គេ​លក់ ក៏​ចូល​ទៅ​កាប់ សូម្បី​តែ​ខ្ញុំ​ក៏​មិន​ដឹង​ដែរ។  ក៏​ប៉ុន្តែ មិន​ដឹង​ធ្វើ​ម៉េច បើ​ធ្លាក់​ដល់​ដៃ​តុលាការ​ហើយ»។
អ្នក​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស អាដហុក ខេត្ត​រតនគិរី លោក ប៉ែន ប៊ុណ្ណារ៍ មាន​ប្រសាសន៍​បញ្ជាក់​ថា ជំលោះ​ដែល​កំពុង​កើត​មាន​នេះ ដោយសារ​តែ​បញ្ហា​លក់​ដី​ធ្លី​ព្រៃឈើ​សហគមន៍​ជា​ទ្រព្យ​សម្បត្តិ​របស់​រដ្ឋ។
លោក​បន្ត​ថា អាជ្ញាធរ​មូលដ្ឋាន គឺ​ជា​អ្នក​ទទួល​ខុស​ត្រូវ​បញ្ហា​នេះ ពី​ព្រោះ​ច្បាប់​ភូមិបាល​ចែង​ថា មិន​មាន​នរណា​មាន​សិទ្ធិ​ចាត់ចែង​ដី​ធ្លី​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​ទៅ​ឲ្យ​បុគ្គល​ណា​ក្រៅ​ពី​សហគមន៍​ជន​ជាតិ​ដើម​បាន​ឡើយ។
លោក ប៉ែន ប៊ុណ្ណារ៍៖ «អនុសាសន៍​របស់​សម្ដេច​គាត់​ថា មិន​ឲ្យ​ចាប់​អ្នក​ណា​ដាក់​គុក ដោយសារ​តែ​រឿង​ដី​ធ្លី នេះ​មិន​មែន​ជា​កំហុស​របស់​គាត់​ទេ។ គាត់​រស់​នៅ​លើ​ហ្នឹង​ហើយ​ភូមិ​មួយ​ទៀត​យក​ដី​លក់។ជា​ទូទៅ​យើង​តែង​សង្កេត​ឃើញ​ថា ទាំង​អាជ្ញាធរ​ដែន​ដី​ទាំង​ស្ថាប័ន​តុលាការ គាត់​មិន​ដែល​ពិនិត្យ​ថា តើ​ដី​សហគមន៍​ជន​ជាតិ​ភាគ​តិច​យ៉ាង​ម៉េច​ទេ ឲ្យ​តែ​ភាគី​ណា​មាន​ឯកសារ​អ្វី​បន្តិចបន្តួច​តែង​ដាក់​ទម្ងន់​លើ​ភាគី​ម្ខាង​ឲ្យ​លះបង់»។
ទោះ​ជា​យ៉ាង​នេះ​ក្តី ប្រជា​ពលរដ្ឋ ១៦ គ្រួសារ នៅ​ភូមិ​ទុយ​ឲ្យ​ដឹង​ថា ឈ្មួញ​អ្នក​ទិញ​ដី​បាន​គំរាម​ប្រើប្រាស់​អំណាច​តុលាការ ដើម្បី​ចាប់​ខ្លួន​ប្រជា​ពលរដ្ឋ​បី​នាក់​ទៀត ប្រសិន​អ្នក​ភូមិ​ទាំង ១៦ គ្រួសារ មិន​ព្រម​ប្រគល់​ដី ៣០ ហិកតារ​នោះ​មក​ឈ្មួញ៕

No comments:

Post a Comment

yes