ក្រុមមន្ត្រីអង្គការសិទ្ធិមនុស្ស ទទូចសុំឲ្យតុលាការខេត្តកោះកុង ពន្លឿននីតិវិធីជំនុំជំរះក្តីលើករណីហិង្សាដោយចេតនា ដែលប្រព្រឹត្តដោយជំនួយការផ្ទាល់របស់នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីខែមេសា កន្លងទៅ លើប្រជាពលរដ្ឋ ដោយកំហឹងយ៉ាងកម្រោល។
លោក នាង បូរ៉ាទីណូ មន្រ្តីសម្របសម្រួលអង្គការ អាដហុក (Adhoc) ខេត្តកោះកុង ឲ្យដឹងនៅថ្ងៃទី២០ ខែមិថុនា ថា ចៅក្រមស៊ើបសួរតុលាការខេត្ត លោក ខាំ សុផារី បានចេញសេចក្តីជូនដំណឹងមួយ កាលពីថ្ងៃទី១៤ ខែមិថុនា សម្រេចបិទសំណុំរឿងស៊ើបអង្កេតលើករណីលោក ប៊ុន សុខា មានឋានន្តរស័ក្តិផ្កាយពីរ ជាជំនួយការផ្ទាល់នាយករដ្ឋមន្ត្រីខ្មែរ លោក ហ៊ុន សែន និងជានាយរងសេនាធិការចម្រុះ និងបក្ខពួកអង្គរក្ស៣នាក់ទៀត មុននឹងបញ្ជូនទៅព្រះរាជអាជ្ញាពិនិត្យ និងសម្រេចបើកសវនាការជំនុំជម្រះក្តី ក្រោមបទចោទប្រកាន់ពីបទហិង្សាដោយចេតនា ប្រើអាវុធដោយព្រួតគ្នាវាយជនរងគ្រោះ ដែលប្រព្រឹត្តកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១២។
លោកបន្តថា រហូតដល់ថ្ងៃទី២០ ខែមិថុនា នេះ ខាងតុលាការនៅមិនទាន់កំណត់កាលបរិច្ឆេទច្បាស់លាស់ ក្នុងការបើកជំនុំជម្រះក្តីនេះនៅឡើយទេ។
លោក នាង បូរ៉ាទីណូ ស្នើសុំឲ្យតុលាការប្រញាប់បើកសវនាការនេះឲ្យបានលឿន ដើម្បីផ្ដន្ទាទោសដល់ជនប្រព្រឹត្ត និងផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ៖ «វាជារឿងកម្រមួយដែរ ដែលយើងឃើញថា វាមានការផ្ដន្ទាទោសទៅលើជនប្រព្រឹត្តជាអ្នកមានអំណាច។ ឃើញថា វីដេអូ ឃ្លិប (Video Clip) នេះជាបញ្ហាមួយដែលអាចដាក់ទម្ងន់លើការអនុវត្តន៍លើដំណើរការផ្លូវច្បាប់»។
លោក អ៊ិន គង់ជិត មន្ត្រីសម្របសម្រួលសិទ្ធិមនុស្ស លីកាដូ (Licadho) ខេត្តកោះកុង ឲ្យដឹងថា វាជាករណីកម្រមួយ ដែលតុលាការបានធ្វើការស៊ើបអង្កេតលើករណីអ្នកមានលុយ និងអំណាច ដោយពន្យល់ថា ករណីនេះមិនអាចសម្របសម្រួលបាន ដោយមានលេចធ្លាយ វីដេអូ ឃ្លិប ឬវីដេអូថតរូប ដោយម៉ាស៊ីនកាមេរ៉ាដាក់ប្រចាំសណ្ឋាគារ អំពីសកម្មភាពប្រើអំពើហិង្សាដ៏ឃោរឃៅ របស់ជនប្រព្រឹត្តទៅលើជនរងគ្រោះ ដែលជាភស្តុតាងសំខាន់សម្រាប់ដាក់បន្ទុកនៃបទល្មើស។
លោកបន្តថា ករណីនេះ តុលាការខេត្តកោះកុង មិនគួរអូសបន្ទាយពេលយូរ ក្នុងការបើកសវនាការជំនុំជម្រះនោះឡើយ៖«ប្រហែលជាមានភស្តុតាងដាក់បន្ទុកគ្រប់គ្រាន់ អត់មានភស្តុតាងដោះបន្ទុកណាមួយ មានជនរងគ្រោះបំភ្លឺអីហ្នឹង វាមូលជុំហើយ។ តាមពិត វាអត់បញ្ជូនទៅស៊ើបទៀតទេ វាត្រូវជម្រះផ្ទាល់ បើកសវនាការតែម្តង ពីព្រោះតាមមាត្រា៤៧ នៃក្រមនីតិវិធីនៃក្រមព្រហ្មទណ្ឌ កាលណាសំណុំរឿងហ្នឹង បានមូលជុំហើយ បទល្មើសមជ្ឈិមជាក់ស្ដែង ហើយកម្រិតទោសនៃការផ្ដន្ទាទោសពី ២ឆ្នាំទៅ ៥ឆ្នាំ គឺអាចបើកសវនាការភ្លាមតែម្តង»។
លោក ប៊ុន សុខា ជំនួយការនាយករដ្ឋមន្ត្រី និងអង្គរក្ស៣នាក់ រួមមានឈ្មោះ ស៊ុង វាសនា ម៉េង ឈាងលី និងស៊ុម ឆៃយ៉ា ត្រូវបានតុលាការឃុំខ្លួនបណ្ដោះអាសន្នក្នុងពន្ធនាគារខេត្តកោះកុង កាលពីថ្ងៃទី២៥ ខែមេសា។
ជនរងគ្រោះម្នាក់ក្នុងចំណោម៤នាក់ ដែលសម្រេចដកពាក្យបណ្ដឹងវិញភ្លាមៗ បន្ទាប់ពីទទួលប្រាក់សំណងសរុបជាង ១ម៉ឺនដុល្លារ ឈ្មោះ សាំង ផៃរ៉ាត់ ឲ្យដឹងថា លោកគ្មានបំណងចង់ឲ្យតុលាការរកយុត្តិធម៌ឲ្យទៀតទេ ព្រោះគាត់បានទទួលប្រាក់ ៣ពាន់ដុល្លារ ថ្លៃជំងឺចិត្ត និងលិខិតសុំទោសពីឈ្មោះ ប៊ុន សុខា រួចហើយ កាលពីខែមេសា កន្លងទៅ៖ «គេមកសុំទោស គេស្រវឹងអីអញ្ចឹង ហើយគេបានឲ្យសំណងយើង ដោះស្រាយអស់អីអញ្ចឹង»។
វិទ្យុអាស៊ីសេរី មិនអាចទំនាក់ទំនងសុំការបំភ្លឺពីលោកចៅក្រម ខាំ សុផារី និងលោក លឹម លាងសែ នាយរងខុទ្ទកាល័យនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទេ នៅថ្ងៃទី២០ ខែមិថុនា។
តាមក្រមព្រហ្មទណ្ឌត្រង់មាត្រា២១៨ បានចែងថា អំពើហិង្សាដោយចេតនា ត្រូវបានផ្ដន្ទាទោសពី ២ ទៅ ៥ឆ្នាំ និងពិន័យប្រាក់ពី ៤ទៅ ៦លានរៀល កាលពីអំពើហិង្សានោះ ប្រព្រឹត្តដោយមានការគិតទុកជាមុន និងប្រើអាវុធ ឬក៏គម្រាមកំហែងដោយអាវុធ ដោយមានមនុស្សច្រើន៕
No comments:
Post a Comment
yes