សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, June 21, 2012

អាមេរិក​ស្នើ​ឲ្យ​តុលាការ​ពិនិត្យ​ករណី​​ចាប់​ឃុំ​អ្នក​បឹង​កក់​១៣​នាក់


រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក កំពុង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ចំណាត់​ការ​តុលាការ​កម្ពុជា ដែល​កាត់​ក្តី​ឲ្យ​ពលរដ្ឋ​បឹង​កក់ ១៣​នាក់​មាន​ទោស ក្នុង​ករណី​ការពារ​ដីធ្លី និង​លំនៅឋាន​មិន​ឲ្យ​បាត់បង់។
RFA/Den Ayuthyea
ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា លោក វីល្លៀម ថត (William Todd) [ឆ្វេង] ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត នា​ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី​២០ មិថុនា ឆ្នាំ​២០១២។
ទោះ​យ៉ាង​ណា សហរដ្ឋ​អាមេរិក​រំពឹង​ថា តុលាការ​នឹង​ដោះលែង​ពលរដ្ឋ​បឹង​កក់​ទាំង ១៣​នាក់​ឲ្យ​មាន​សេរីភាព​ក្នុង​ពេល​ឆាប់ៗ និង​បាន​រិះគន់​ប្រព័ន្ធ​តុលាការ​កម្ពុជា ចំពោះ​ការ​ចាប់​ឃុំ​ខ្លួន​នេះ​។
មិន​មែន​មាន​តែ​មន្ត្រី​សង្គម​ស៊ីវិល​នោះ​ទេ ដែល​ឈឺ​ឆ្អាល និង​ចាត់​ទុក​ការ​ជម្រះ​ក្ដី​របស់​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ មិន​ស្រប​តាម​នីតិវិធី​ឲ្យ​បាន​ត្រឹមត្រូវ​នោះ សូម្បី​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ថ្មី​ប្រចាំ​ប្រទេស​កម្ពុជា លោក វីល្លៀម ថត (William Todd) ក្នុង​នាម​សហរដ្ឋ​អាមេរិក ក៏​ចង់​ឲ្យ​រដ្ឋាភិបាល និង​តុលាការ​កម្ពុជា ផ្ដល់​យុត្តិធម៌​ ឬ​ក៏​បើក​សវនាការ​ជា​ថ្មី​លើ​សំណុំ​រឿង​អ្នក​បឹង​កក់​ទាំង ១៣​នាក់ ​កំពុង​ជាប់​ពន្ធនាគារ​ឲ្យ​បាន​ត្រឹម​ត្រូវ។
កាល​ពី​ថ្ងៃពុធ ទី​២០ ខែ​មិថុនា លោក វីល្លៀម ថត បាន​ឲ្យ​ដឹង​តាម​សំឡេង​អ្នក​បក​ប្រែ​ភាសា​ថា សហរដ្ឋ​អាមេរិក និង​ពិភពលោក​ទាំង​មូល កំពុង​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​តុលាការ​កម្ពុជា ដែល​បាន​ចាប់​ពលរដ្ឋ​បឹង​កក់ ១៣​នាក់ ដាក់ព​ន្ធនាគារ។ ប៉ុន្តែ​សហរដ្ឋ​អាមេរិក មាន​ជំនឿ​ថា អ្នក​ភូមិ​ទាំង ១៣​នាក់ ​នឹង​ត្រូវ​តុលាការ​ផ្ដល់​យុត្តិធម៌ និង​ត្រូវ​ដោះ​លែង​ឲ្យ​មាន​សេរីភាព​ក្នុង​ពេល​ឆាប់ៗ​នេះ។

លោក វីល្លៀម ថត បន្ថែម៖ «បញ្ហា​បឹង​កក់ រដ្ឋាភិបាល​អាមេរិក សម្ដែង​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​ចាប់​ដាក់​ឃុំ​ឃាំង​​នូវ​ប្រជាពលរដ្ឋ​ចំនួន ១៥​នាក់ ប៉ុន្តែ​ពេល​ថ្មីៗ​នេះ​រដ្ឋាភិបាល​បាន​ដោះលែង​ពលរដ្ឋ​ចំនួន ២​នាក់ ដែល​ជា​សញ្ញា​វិជ្ជមាន។ ហើយ​ថា ពលរដ្ឋ​ចំនួន ១៣​នាក់​ទៀត ដែល​នៅ​សល់​នឹង​ត្រូវ​កាត់​ទោស​នៅ​សាលាឧទ្ធរណ៍។ សង្ឃឹម​ថា ពួកគេ​នឹង​ត្រូវ​បាន​ដោះ​លែង បន្ទាប់​ពី​ការ​កាត់​ក្ដី​នៅ​សាលឧទ្ធរណ៍ ហើយ​យើង​រីក​រាយ​នឹង​​តាមដាន​ជាមួយ​ពិភពលោក​ទាំង​មូល ដើម្បី​តាមដាន​ពលរដ្ឋ​បឹង​កក់​ទាំង​នេះ។ សហរដ្ឋ​អាមេរិក ​និង​ពិភពលោក​ទាំង​​មូល​កំពុង​តាម​ដាន​ដំណើរ​ការ​ក្ដីក្ដាំ​របស់​អ្នក​ភូមិ​បឹង​កក់​ទាំង ១៣​នាក់ ដែល​មិន​ទាន់​ចេញ​ពី​ពន្ធនាគារ​នៅ​ឡើយ»
​សហរដ្ឋ​អាមេរិក​បាន​ចាត់​ទុក​សវនាការ​របស់​តុលាការ​កម្ពុជា ចំពោះ​ករណី​អ្នក​ភូមិ​បឹង​កក់​ថា មាន​ភាព​មិន​ប្រក្រតី​ជា​ច្រើន មា​ន​ដូច​ជា សវនាការ​មាន​ភាព​តក់ក្រហល់ និង​ចុង​ចោទ​គ្មាន​មេធាវី​ការពារ​ក្តី​ជា​ដើម។
​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​ឧសភា ឆ្នាំ​២០១២ ស្ត្រី​បឹង​កក់​ចំនួន ១៣​នាក់ ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ម្នាក់ៗ​ពី ១​ឆ្នាំ ទៅ ២​ឆ្នាំ​កន្លះ ​ចោទ​បទ​រំលោភ​កាន់កាប់​ដោយ​ខុស​ច្បាប់​លើ​អចលនវត្ថុ​របស់​​នីតិបុគ្គល​សាធារណៈ និង​បទ​ប្រឆាំង​អាជ្ញាធរ​សាធារណៈ។
​ការ​ចាប់​ពលរដ្ឋ​បឹង​កក់​ដាក់​ពន្ធនាគារ បាន​នាំ​ឲ្យ​មាន​ការ​តវ៉ា​ពី​ប្រជាពលរដ្ឋ​បឹង​កក់​ជា​ច្រើន​លើក​ច្រើន​សា​ទៅ​កាន់​ស្ថានទូត​​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ ​និង​ស្ថាប័ន​កំពូលៗ នៃ​រាជ​រដ្ឋាភិបាល មាន​ក្រសួង​យុត្តិធម៌ ស្ថាប័ន​​​​រដ្ឋ​សភា និង​​​​​​ខុទ្ទកាល័យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជាដើម ដើម្បី​ស្នើ​ដោះ​លែង​ពលរដ្ឋ​បឹង​កក់​ទាំង ១៣​នាក់ ឲ្យ​មាន​សេរីភាព។
​​ទាក់​ទង​បញ្ហា​នេះ តុលាការ​សាលាឧទ្ធរណ៍​គ្រោង​លើក​យក​សំណុំ​រឿង​អ្នក​បឹង​កក់​ទាំង ១៣​នាក់​មក​បើក​សវនា​ការ​​​ជម្រះ​ក្ដី នៅ​ថ្ងៃ​ទី​២៧ ខែ​មិថុនា ឆ្នាំ​២០១២។
យ៉ាង​ណា​ក៏ដោយ លោក វីល្លៀម ថត ឯកអគ្គរដ្ឋទូត​អាមេរិក រំពឹង​ថា តុលាការ​សាលាឧទ្ធរណ៍​នឹង​កាត់​សេចក្ដី​មិន​លំអៀង ដើម្បី​ផ្ដល់​យុត្តិធម៌​ជូន​ពលរដ្ឋ​បឹង​កក់​ទាំង ១៣​នាក់ ​ឲ្យ​មាន​សេរីភាព​ឡើង​វិញ។
បន្ថែម​លើ​នេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន ក៏​កំពុង​ចាំ​មើល​ការ​ផ្ដល់​យុត្តិធម៌​របស់​​សាលា​ឧទ្ធរណ៍​ទៅ​លើ​ពលរដ្ឋ​បឹង​កក់​ទាំង ១៣​នាក់ ដោយ​យក​ចិត្ត​ទុក​ដាក់ និង​បាន​រិះគន់​ថា ការ​​កាត់​ក្ដី​របស់​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ ទៅ​លើ​ពលរដ្ឋ​បឹង​កក់​ទាំង ១៣​នាក់ ឲ្យ​ជាប់​ពន្ធនាគារ​ជា​ទង្វើ​ខុស​ច្បាប់​៕

No comments:

Post a Comment

yes