សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, June 22, 2012

សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​​​ត្រូវ​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​នៅ​រតនគិរី


នៅ​ខេត្ត​រតនគិរី ក្រុម​ជន​ជាតិ​ដើម​ភាគ​តិច​មួយ​ក្រុម​ថ្មី​ទៀត បាន​ប្រារព្ធ​ពិធី​ប្រកាស​សុពលភាព​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច ដើម្បី​ឈាន​ទៅ​ធ្វើ​បទ​បញ្ជា​ផ្ទៃ​ក្នុង និង​ដាក់​ពាក្យ​សុំ​ចុះ​បញ្ជី​ដីធ្លី​សហគមន៍ ជា​សមូហភាព​នា​ពេល​ខាង​មុខ​នេះ។
RFA/Ratha Visal
ក្រុម​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច ភូមិ​ពាក់ កំពុង​រៀប​ចំ​ហែ​ក្បួន​ក្នុង​ពិធី​ប្រកាស​សុពលភាព​សហគមន៍ នា​ភូមិ​ពាក់ ឃុំ​យ៉ាទុង ស្រុក​អូរយ៉ាដាវ ខេត្តរតនគិរី កាល​ពី​ថ្ងៃ​ទី​២១ ខែ​មិថុនា ឆ្នាំ​២០១២។
តន្ត្រី​គង​ប្រគំ​នាំ​មុខ​ក្បួន​ហែ​ស្លាក​ទីស្នាក់ការ​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​ចារ៉ាយ នៅ​ភូមិ​ពាក់ ឃុំ​យ៉ាទុង ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី ដើម្បី​ប្រកាស​ជា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ និង​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ឲ្យ​បាន​ដឹង​ឮ​ថា សហគមន៍​ជន​ជាតិ​ចារ៉ាយ ភូមិ​ពាក់ បាន​បង្កើត​ឡើង និង​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​ពី​ស្ថាប័ន​រាជរដ្ឋាភិបាល​ហើយ។
មនុស្ស​ប្រមាណ ២០០​នាក់ ជា​ជន​ជាតិ​ដើម​ភាគ​តិច មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន និង​អ្នក​សង្កេត​ការណ៍ អង្គការ​សង្គម​ស៊ីវិល បាន​ចូល​រួម​ពិធី​ហែ​ក្បួន​នេះ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២១ ខែ​មិថុនា ឆ្នាំ​២០១២ នៅ​ភូមិ​ពាក់។
តំណាង​សហគមន៍​ភូមិ​ពាក់ លោក សេវ ទ្វីល សម្ដែង​មោទនភាព​ខណៈ​ដែល​ប្រជាពលរដ្ឋ​ជន​ជាតិ​ដើម​ភាគ​តិច​មួយ​នេះ ស្ម័គ្រ​ចិត្ត​រស់​នៅ​រួម​គ្នា​ជា​សហគមន៍ ដើម្បី​ថែ​រក្សា​វប្បធម៌ ប្រពៃណី ទំនៀម​ទម្លាប់​ជន​ជាតិ​ដើម ដែល​កាន់​តែ​បាត់​បង់​ទៅៗ កាល​ពី​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​នេះ។
លោក​បន្ត​ថា គោល​បំណង​សំខាន់​មួយ​ទៀត​នៃ​ការ​បង្កើត​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​នេះ គឺ​ដើម្បី​សុំ​ចុះ​បញ្ជី​ដីធ្លី​ជន​ជាតិ​ដើម​ភាគ​តិច ជា​លក្ខណៈ​សមូហភាព ដើម្បី​បញ្ឈប់​ការ​លក់​ដូរ​ដី​ក្នុង​តំបន់​ជន​ជាតិ​ដើម និង​ជៀសវាង​បាន​ពី​សកម្មភាព​ចូល​កាន់​កាប់ និង​ទន្ទ្រាន​យក​ដី​ក្រុម​ជន​ជាតិ​ដើម​ដោយ​រំលោភ។

លោក សេវ ទ្វីល៖ «ថ្មីៗ​នេះ មាន​ពួក​ស្ទាវ មាន​សក់​ខ្លី សក់​ក្រហម ពេល​ផឹក​ស្រា វាយ​តប់​គ្នា​ស្អី​ក៏​មាន​ទាំង​អស់​មុន​ហ្នឹង​ណា! លក់​បាត់​ហើយ ខ្លះ​មួយ​ហិកតារ ខ្លះ​ពីរ​ហិកតារ។ យើង​ចង់​បាន​ឲ្យ​សុខ​ស្រួល យើង​ចង់​បង្កើត​សហគមន៍ កុំ​ឲ្យ​បាត់​បង់​ទំនៀម​ទម្លាប់​ប្រពៃណី កុំ​ឲ្យ​មាន​បញ្ហា​ដីធ្លី យើង​ប្រើ​លក្ខន្តិកៈ​វិញ»
សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​ចារ៉ាយ ភូមិ​ពាក់ ជា​សហគមន៍​ស្ថិត​ក្នុង​រដ្ឋបាល​ឃុំ​យ៉ាទុង ស្រុក​អូរយ៉ាដាវ ជាប់​នឹង​ព្រំដែន​ប្រទេស​វៀតណាម។ ភូមិ​ពាក់ មាន​ប្រជាពលរដ្ឋ​រស់​នៅ​ជាង ១០០​គ្រួសារ ប្រកប​របរ​ចិញ្ចឹម​ជីវិត​ធ្វើ​ស្រែ​ចម្ការ និង​ស្វែង​រក​អនុផល​ព្រៃ​ឈើ​ជាដើម។
សេចក្តី​រាយការណ៍​របស់​ប្រជាពលរដ្ឋ​ភូមិ​ពាក់ ឲ្យ​ដឹង​ថា កាល​ពី​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​នេះ ប្រពៃណី វប្បធម៌ ទំនៀម​ទម្លាប់​របស់​ជន​ជាតិ​ដើម​ភាគ​តិច​ចារ៉ាយ បាន​ស្រុត​ចុះ​គួរ​ព្រួយ​បារម្ភ ដោយ​សារ​តែ​វប្បធម៌​ទំនើប ត្រូវ​បាន​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​ទទួល​យក​ដោយ​ខ្វះ​ការ​ពិចារណា។
វប្បធម៌​សម័យ​ទំនើប​មួយ​ចំនួន បាន​ជំរុញ​ឲ្យ​យុវជន​យុវនារី​ខ្លះ ទទួល​រង​នូវ​គ្រោះ​ថ្នាក់ និង​ផល​វិបាក ដូច​ជា​វប្បធម៌​បង្កើត​បង​ធំ​បង​តូច​ក្នុង​ភូមិ សកម្មភាព​ជួញ​ដូរ​ស្ត្រី អំពើ​លួច​ប្លន់ សកម្មភាព​ប្រើ​ប្រាស់​គ្រឿង​ញៀន ជាដើម និង​ជា​ពិសេស​ទៅ​ទៀត សកម្មភាព​លក់​ដី​ទិញ​ដី​ជន​ជាតិ​ដើម សកម្មភាព​កាប់​បំផ្លាញ​ព្រៃ​ឈើ ដើម្បី​ធ្វើ​អាជីវកម្ម និង​រាន​ព្រៃ​យក​ដី គឺ​ជា​បញ្ហា​ធ្ងន់ធ្ងរ បាន​កើត​មាន​នៅ​ក្នុង​ភូមិ​នេះ​ផ្ទុយ​ពី​ប្រពៃណី​ជន​ជាតិ​ដើម ដែល​ករណី​បែប​នេះ ពី​សម័យ​មុនៗ​មិន​ធ្លាប់​កើត​មាន។
ប្រជាពលរដ្ឋ​ឈ្មោះ សេវ ហ៊ូត កត់​សម្គាល់​ថា ប្រសិន​ក្រុម​ជន​ជាតិ​ដើម​ភូមិ​ពាក់ មិន​ចូល​រួម​បង្កើត​ជា​សហគមន៍​ទាន់​ពេល​វេលា​ទេ​នោះ ជន​ជាតិ​ដើម​នឹង​ក្លាយ​ទៅ​ជា​ជន​រង​គ្រោះ ហើយ​ជីវភាព​រស់​នៅ​របស់​អ្នក​ភូមិ កាន់​តែ​ក្រីក្រ​ឡើង ដោយ​សារ​តែ​សិទ្ធិ​ជន​ជាតិ​ដើម​ភាគ​តិច​ត្រូវ​បាន​រំលោភ ហើយ​ក្រុម​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន ក៏​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ជួយ​ការពារ​សិទ្ធិ​ប្រជាពលរដ្ឋ ដែល​ត្រូវ​គេ​រំលោភ​នោះ​ឡើយ។ លោក​បន្ត​ថា សហគមន៍​កំពុង​ត្រូវ​ការ​កិច្ច​គាំពារ​មួយ​ទាក់​ទិន​ទៅ​នឹង​បញ្ហា​ដីធ្លី ដែល​កំពុង​ប្រឈម​ទៅ​នឹង​ក្រុមហ៊ុន​សម្បទាន​ទន្ទ្រាន​យក។
លោក សេវ ហ៊ូត៖ «កាល​មុន​យើង​មាន​ផល​លំបាក ព្រោះ​ខាង​ក្រុមហ៊ុន​គេ​មក​ជីក​រ៉ែ​មាស ប៉ះពាល់​ដល់​ចម្ការ​បង​ប្អូន​នៅ​តាម​តំបន់​ហ្នឹង សុទ្ធ​តែ​ប្រើ​ជាតិ​អ្វី​ផ្សេងៗ ខ្លាច​ជាតិ​គីមី​វា​ប៉ះពាល់​អញ្ចឹង​ដល់​គោ​ក្របី​បង​ប្អូន អត់​មាន​អ្នក​បង្ក្រាប។ យើង​បង្កើត​ជា​គណៈកម្មការ វា​មាន​ជា​ក្រុម​អញ្ចឹង យើង​ផ្សព្វ​ផ្សាយ​ដល់​គាត់»
រាជ​រដ្ឋាភិបាល​មាន​គោល​នយោបាយ​លើក​ស្ទួយ​សិទ្ធិ និង​ផល​ប្រយោជន៍​ជន​ជាតិ​ដើម​ភាគ​តិច នៅ​ទូទាំង​ប្រទេស ដោយ​អនុញ្ញាតិ​ឲ្យ​ជន​ជាតិ​ដើម​ភាគ​តិច​គ្រប់​ក្រុម ចុះ​បញ្ជី​កំណត់​អត្តសញ្ញាណ​ជន​ជាតិ​ដើម ដើម្បី​បង្កើត​ជា​សហគមន៍​ជន​ជាតិ​ដើម និង​ដើម្បី​ឈាន​ទៅ​រក​ការ​ចុះ​បញ្ជី​ដីធ្លី​ជន​ជាតិ​ដើម ជា​លក្ខណៈ​សមូហភាព តាំង​ពី​ឆ្នាំ​២០០៩ រហូត​បច្ចុប្បន្ន។
របាយការណ៍​របស់​មន្ត្រី​មន្ទីរ​រៀប​ចំ​ដែន​ដី នគរូបនីយកម្ម និង​សំណង់ ខេត្ត​រតនគិរី ឲ្យ​ដឹង​ថា រហូត​បច្ចុប្បន្ន សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​នៅ​ខេត្ត​នេះ​ជាង ៣០​ក្រុម​ហើយ បាន​ចុះ​បញ្ជី​សហគមន៍ ទទួល​ស្គាល់​ដោយ​ក្រសួង​មហាផ្ទៃ ក្នុង​នោះ​ដែរ ក៏​មាន​សហគមន៍​ចំនួន​ពីរ​ក្រុម បាន​ចុះ​បញ្ជី​ដីធ្លី​ជា​សមូហភាព​រួច​រាល់​ហើយ។
ប្រធាន​មន្ទីរ​រៀប​ចំ​ដែន​ដី នគរូបនីយកម្ម និង​សំណង់ ខេត្ត​រតនគិរី លោក ទឹម ស៊ីណាត មាន​ប្រសាសន៍​បញ្ជាក់​ថា ជា​គោលការណ៍​នៃ​ការ​ចុះ​បញ្ជី​ដីធ្លី​សមូហភាព​សហគមន៍ ធ្វើ​បាន​លុះ​ត្រា​ប្រជាពលរដ្ឋ​ជន​ជាតិ​ដើម​ភាគ​តិច​ក្រុម​ណា​មួយ បាន​ចុះ​បញ្ជី​កំណត់​អត្តសញ្ញាណ​ទទួល​ស្គាល់​ដោយ​ក្រសួង​អភិវឌ្ឍន៍​ជនបទ និង​បាន​ចុះ​បញ្ជី​បង្កើត​ជា​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច ទទួល​ស្គាល់​ដោយ​ក្រសួង​មហាផ្ទៃ​ជា​មុន​សិន។
លោក​បន្ត​ថា ចលនា​ចុះ​បញ្ជី​ដីធ្លី​សហគមន៍​នឹង​ជួយ​បញ្ឈប់​ការ​ទិញ​លក់ ឬ​ទន្ទ្រាន​ចូល​កាន់​កាប់​ដីធ្លី​សហគមន៍​ឲ្យ​បាន​ប្រសើរ៖«អត់​ឃើញ​មាន​បញ្ហា​អ្វី​ទេ​ណា នៅ​ល្អឺនក្រែន គឺ​ឃើញ​ថា ល្អ​របស់​គេ ម្ចាស់​ខ្លួន​ក៏​អត់​បាន​ដែរ អ្នក​ខូច​ក៏​ខុស​ច្បាប់​ដែរ»
គោលការណ៍​នៃ​ការ​ចុះ​បញ្ជី​ដីធ្លី​សហគមន៍ ជា​លក្ខណៈ​សមូហភាព គឺ​ក្រុម​សហគមន៍​មិន​អាច​លក់​ដី​នោះ​បាន​ទេ លុះ​ត្រា​តែ​សមាជិក​សហគមន៍​ណា​ម្នាក់ សុំ​ចាក​ចេញ​ពី​សហគមន៍ ហើយ​ក្រុម​សហគមន៍​បាន​ឯកភាព​គ្នា​ប្រគល់​ដី​ចំណែក​ណា​មក​សមាជិក​ណា ដែល​សុំ​ចេញ​ពី​សហគមន៍​នោះ ទើប​អ្នក​នោះ​អាច​លក់​ដី​ចំណែក​ដែល​សហគមន៍​ផ្តល់​ជូន​បាន។
អ្នក​ឃ្លាំ​មើល​បញ្ហា​សិទ្ធិ​មនុស្ស​សមាគម អាដហុក (ADHOC) ខេត្ត​រតនគិរី លោក ប៉ែន ប៊ុណ្ណារ៍ ថ្លែង​បញ្ជាក់​ថា វា​ហាក់​ដូច​ជា​យឺត​យ៉ាវ​បន្តិច​ហើយ ក្នុង​ការ​ចុះ​បញ្ជី​ដីធ្លី​សហគមន៍​នេះ ពីព្រោះ​ដី​ចម្ការ​វិល​ជុំ​ដី​តំបន់​ព្រៃឈើ​សហគមន៍​រាប់​ម៉ឺន​ហិកតារ ត្រូវ​បាន​គេ​លក់​ដូរ ឬ​ប្រគល់​ទៅ​ឲ្យ​ក្រុមហ៊ុន​សម្បទាន និង​បង្ក​ផល​ប៉ះពាល់​ដល់​ជីវភាព​រស់​នៅ​របស់​ក្រុម​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច ស្ទើរ​គ្រប់​ស្រុក​នៅ​ខេត្ត​រតនគិរី។
លោក​អំពាវ​នាវ​ឲ្យ​ក្រុម​អាជ្ញាធរ​ពាក់​ព័ន្ធ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល អ្នក​បំពេញ​តួនាទី​ពាក់​ព័ន្ធ ប្រជាពលរដ្ឋ​ជន​ជាតិ​ដើម​ឲ្យ​ប្រញាប់​រៀប​ចំ​បំពេញ​បែប​បទ​នីតិវិធី​ធ្វើ​យ៉ាង​ណា ដើម្បី​សុំ​ចុះ​បញ្ជី​ដីធ្លី​សហគមន៍​ជា​លក្ខណៈ​សមូហភាព ឲ្យ​បាន​ឆាប់ បើ​ពុំ​នោះ​ទេ គោលការណ៍​ចុះ​បញ្ជី​ដីធ្លី​សហគមន៍​មិន​សម្រេច​បាន​ជោគ​ជ័យ​ទេ។
លោក ប៉ែន ប៊ុណ្ណារ៍៖ «មាន​ការ​ទន្ទ្រាន​យក​ដី​ពី​បុគ្គល​អ្នក​មាន​អំណាច មាន​លុយ ធ្វើ​ឲ្យ​សហគមន៍​មួយ​ចំនួន​ធំ គាត់​ស្ទើរ​គ្មាន​ដី​នៅ​ពេល​គាត់​ចុះ​បញ្ជី​មិន​បាន​គ្រប់​គ្រាន់។ សូម​ឲ្យ​រដ្ឋាភិបាល​ធ្វើ​យ៉ាង​ណា ការ​ចុះ​បញ្ជី​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​ហ្នឹង ទទួល​បាន​ជោគជ័យ ហើយ​មិន​មែន​ទទួល​បាន​តែ​បរិមាណ​ទេ ត្រូវ​មាន​គុណភាព​ឲ្យ​ដូច​គោល​នយោបាយ​ដីធ្លី​រដ្ឋាភិបាល ដែល​បាន​ប្រកាស កាល​ពី​ថ្ងៃ​ទី​១៤ អញ្ចឹង​ដែរ»
អង្គការ​បណ្ដាញ​គាំទ្រ​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច ការិយាល័យ​ខេត្ត​រតនគិរី បាន​ជួយ​សម្រប​សម្រួល​ចុះ​បញ្ជី​បង្កើត​សហគមន៍​ជន​ជាតិ​ដើម នៅ​ភូមិ​គោល​ដៅ​ចំនួន ១៣​ក្រុម​រួច​ហើយ នេះ​មិន​បាន​រាប់​បញ្ចូល​ការ​ចុះ​បញ្ជី​បង្កើត​សហគមន៍​មួយ​ចំនួន​ទៀត ដែល​បាន​ធ្វើ​រួច​រាល់ នៅ​ខេត្ត​រតនគិរី។
តាម​ការ​គ្រោង​ទុក ចាប់​ពី​ថ្ងៃ​ទី​២១ ដល់​ថ្ងៃ​ទី​២៩ ខែ​មិថុនា នេះ សហគមន៍​ជន​ជាតិ​ដើម​ចំនួន​បី​ក្រុម​ទៀត រួម​មាន សហគមន៍​ភូមិ​ឡែ នឹង​រៀប​ចំ​ពិធី​ប្រកាស​សុពលភាព​សហគមន៍។ ចំណែក​សហគមន៍​ភូមិ​ទៀន ឃុំ​កិចុង រួម​នឹង​សហគមន៍​ភូមិ​យ៉ាសោម ឃុំ​ស៊ឺង ក្នុង​ស្រុក​បរកែវ នឹង​បើក​កិច្ច​ប្រជុំ​វាយ​តម្លៃ​អនុម័ត​បទ​បញ្ជា​ផ្ទៃ​ក្នុង​សហគមន៍៕

No comments:

Post a Comment

yes