មន្ត្រីក្រុមប្រឹក្សាខេត្ត និងសកម្មជនគណបក្ស សម រង្ស៊ី ខេត្តព្រះសីហនុ ជាច្រើនរូបនៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១២ មិនពេញចិត្ត ចំពោះលទ្ធផលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលនឹងប្រកាសជាផ្លូវការ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១២ ព្រោះគេបានរកឃើញភាពមិនប្រក្រតីជាច្រើន នៅតាមការិយាល័យបោះឆ្នោត។
សេចក្ដីអំពាវនាវរបស់គណបក្សប្រឆាំង ដែលសុំឲ្យមានការធ្វើកំណែទម្រង់សមាសភាពមន្ត្រីការិយាល័យបោះឆ្នោត និងការបដិសេធមិនទទួលយកលទ្ធផល នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៣ ឆ្នាំ២០១២ កន្លងទៅ នៅតាមឃុំ-សង្កាត់មួយចំនួន ក្នុងខេត្តព្រះសីហនុ មិនត្រូវបានគណបក្សប្រជាជនកម្ពុជា និងមន្ត្រីរៀបចំការបោះឆ្នោតចាប់អារម្មណ៍ និងយកចិត្តទុកដាក់ឡើយ។
មន្ត្រីក្រុមប្រឹក្សាខេត្តព្រះសីហនុ មកពីគណបក្ស សម រង្ស៊ី លោក លី ឌី លោកមានប្រសាសន៍ថា ការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៣ ខាងមុខ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (NEC) ត្រូវតែធ្វើកំណែទម្រង់សមាសភាពមន្ត្រីរៀបចំការបោះឆ្នោតជាតិថ្នាក់ក្រោម ពុំនោះទេ ដំណើរការនៃការបោះឆ្នោតជាតិ នឹងមិនយុត្តិធម៌និងត្រឹមត្រូវ ដូចការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៣នេះទៀត៖ «យើងដឹងថា បើសិនខាងគណៈកម្មការជាតិបោះឆ្នោត ពុំមានការកែប្រែ ហើយអាជ្ញាធរដែនដី នៅតែមានឥទ្ធិពល មានការគាបសង្កត់ទៅលើប្រជាពលរដ្ឋ ខ្ញុំជឿថាលទ្ធផលបោះឆ្នោតឆ្នាំ២០១៣ គឺនៅតែជាលទ្ធផលបោះឆ្នោតមិនមែនធម្មតា សម្រាប់ប្រជាជនខ្មែរ គឺបានន័យថា នៅតែទៅបោះឆ្នោតដោយភ័យ ដោយព្រួយដដែល»។
សកម្មជនគណបក្ស សម រង្ស៊ី និងជាអតីតចៅសង្កាត់បិតត្រាំង លោក ឡាក់ គៀន លោកមានប្រសាសន៍ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៣ គឺពុំមានភាពយុត្តិធម៌ និងត្រឹមត្រូវទេ ជាពិសេសនៅក្នុងសង្កាត់របស់លោក៖ «អាហ្នឹង ទាក់ទងមន្ត្រីការបោះឆ្នោតហ្នឹងក៏គួបផ្សំនៅក្នុងសាច់រឿង ដែលធ្វើឲ្យការបោះឆ្នោតមិនត្រឹមត្រូវ និងធ្វើឲ្យការបោះឆ្នោតមានភាពរញ៉េរញ៉ៃដែរ។ ហើយដូចដែលខ្ញុំបានជម្រាបថា ដើម្បីឲ្យមានការបោះឆ្នោតឲ្យស្រួល ជៀសវាងការប្រឡំមុខ ប្រឡំក្រោយ សូមឲ្យយកអត្តសញ្ញាណប័ណ្ណទៅបោះ ហើយសូមឲ្យបន្ថែមទៅលើធ្វើច្បាប់បន្ថែម ឬកែសម្រួលបន្ថែមទាក់ទងនីតិវិធីបោះឆ្នោត»។
លោកបញ្ជាក់ថា លោកសុំឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ពន្លឿននីតិវិធីផ្លូវច្បាប់ ក្នុងការដោះស្រាយបណ្ដឹងរបស់លោក នៅសង្កាត់បិតត្រាំង។ បើទោះបីជាបណ្ដឹងនេះមិនបានធ្វើឲ្យលោកជាប់ជាចៅសង្កាត់ដូចមុន ប៉ុន្តែលោកចង់ឃើញភាពយុត្តិធម៌ ដែលជាគំរូសម្រាប់ដំណើរការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៣ និងអាណត្តិក្រោយៗទៀត។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ទេព នីថា បានទេ នៅរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១២ ដើម្បីសុំការបកស្រាយលើបណ្ដឹង និងការស្នើសុំឲ្យមានកំណែទម្រង់ចំពោះសមាសភាពមន្ត្រីរៀបចំការបោះឆ្នោតថ្នាក់ក្រោម របស់មន្ត្រីគណបក្ស សម រង្ស៊ី ខេត្តព្រះសីហនុ នេះ។
ទោះជាយ៉ាងណា ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តព្រះសីហនុ លោក ហួត ផុន មានប្រសាសន៍ថា គណៈកម្មការរៀបចំការបោះឆ្នោតថ្នាក់ឃុំ និងខេត្ត បានព្យាយាមផ្សះផ្សា និងបានចេញសេចក្តីសម្រេច ដោយផ្អែកលើច្បាប់បោះឆ្នោត ប៉ុន្តែគណបក្ស សម រង្ស៊ី មិនទទួលយកការសម្រេចរបស់ខេត្ត ក៏បញ្ជូនបន្តទៅថ្នាក់ជាតិ។
លោកបន្តថា ចំពោះការស្នើសុំរបស់មន្ត្រីគណបក្សប្រឆាំង ឲ្យមានកំណែទម្រង់ គឺគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មានការវាយតម្លៃមន្ត្រីថ្នាក់ក្រោមជានិច្ច៖ «ព្រោះមន្ត្រីការិយាល័យបោះឆ្នោតនៅពេលក្រោយហ្នឹង កាលណាមន្ត្រីធ្វើការមិនបានល្អត្រឹមត្រូវ អាហ្នឹងគេតែងមានការផ្លាស់ប្ដូរអីចឹងទេ។ បើសិនណាបទវិធាននីតិវិធី អាហ្នឹងយើងរក្សាទុក។ អ្នកណាមិនមានការអនុវត្តន៍ និងមានបញ្ហាខុសឆ្គងច្រើន យើងនឹងធ្វើការកែតម្រូវហើយ ព្រោះរៀងរាល់ពេលបោះឆ្នោត គេតែងតែវាយតម្លៃថ្នាក់ក្រោម ដែលបានប្រព្រឹត្តការងារកន្លងមក»។
គណៈកម្មការរៀបចំការបោះឆ្នោតខេត្តព្រះសីហនុ នឹងរាប់សំឡេងឆ្នោត នៅថ្ងៃទី២២ ខែមិថុនា រួចបញ្ជូនទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បីប្រកាសលទ្ធផលផ្លូវការនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១២។ ទោះជាយ៉ាងណា តាមលទ្ធផលបណ្ដោះអាសន្ន នៅទូទាំង២៧ ឃុំ-សង្កាត់ ក្នុងខេត្តព្រះសីហនុ គណបក្ស សម រង្ស៊ី មិនបានទទួលបានអាសនៈគ្រប់គ្រាន់ ដើម្បីបានធ្វើជាមេឃុំឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
No comments:
Post a Comment
yes