សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, June 22, 2012

ជម្លោះ​រវាង​កម្មករ​និង​ថៅកែ​រោងចក្រ​កាត់​ដេរ​កើន​ឡើង​ទ្វេ​ដង


ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក ជា មុនី មាន​ប្រសាសន៍​ថា ការ​ដោះ​ស្រាយ​បញ្ហា​វិវាទ​កម្មករ កម្មការិនី ជាមួយ​ថៅកែ​រោងចក្រ​នា​ពេល​បច្ចុប្បន្ន​នេះ​ថា ជា​រឿង​ស្មុគ​ស្មាញ​មួយ ហើយ​លំបាក​ខ្លាំង​ក្នុង​ការ​ដោះ​ស្រាយ។
RFA/Tin Zakariya
កម្មករ​រោងចក្រ​កាត់ដេរ ជា វ័យ (Jie Wei) ធ្វើ​កូដកម្ម​អហិង្សា​នៅ​មុខ​រោងចក្រ ស្ថិត​នៅ​ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​៣ កញ្ញា ឆ្នាំ​២០១១។
ទោះ​យ៉ាង​នេះ​ក្ដី បើ​សិន​រាជរដ្ឋាភិបាល ឬ​ថៅកែ​ក្រុមហ៊ុន​រោងចក្រ​ប្រាថ្នា​ដោះ​ស្រាយ​បញ្ហា​នេះ រដ្ឋាភិបាល និង​ថៅកែ​រោងចក្រ​ចាំបាច់​ត្រូវ​មាន​វិធានការ​មួយ​ចំនួន។ វិធានការ​ជា​ដំបូង​នោះ រដ្ឋាភិបាល​ត្រូវ​បង្កើត​តុលាការ​ការងារ​ដ៏​មាន​តម្លាភាព និង​ប្រសិទ្ធភាព ដើម្បី​ដោះ​ស្រាយ​វិវាទ​រវាង​និយោជិក និង​និយោជក។
បន្ទាប់​មក រដ្ឋាភិបាល​ត្រូវ​ចាត់​វិធានការ​ធ្វើ​យ៉ាង​ណា លុប​បំបាត់​អំពើ​ពុក​រលួយ ដែល​ជា​កត្តា​ដ៏​អាក្រក់ នាំ​ឲ្យ​កើត​ភាព​មិន​ប្រក្រតី​ផ្សេងៗ​ទៀត។ ចុង​ក្រោយ រដ្ឋាភិបាល​ត្រូវ​ជំរុញ​ក្រសួង​ការងារ​ឲ្យ​អនុវត្ត​ច្បាប់ និង​ជួយ​ដោះ​ស្រាយ​នូវ​រាល់​បញ្ហា​វិវាទ​ការងារ​ឲ្យ​មាន​ប្រសិទ្ធភាព។
ភ្ជាប់​ទៅ​នឹង​បញ្ហា​នេះ លោក ជា មុនី បញ្ជាក់​បន្ថែម​ថា ការ​ផ្ដល់​ប្រាក់​ខែ​តិច​ដល់​កម្មករ កម្មការិនី ជា​ផ្នែក​មួយ​ទៀត ដែល​នាំ​ឲ្យ​មាន​បាតុកម្ម​តវ៉ា​ពី​ក្រុម​កម្មករ កម្មការិនី។ ដូច្នេះ រដ្ឋាភិបាល និង​ថៅកែ​រោងចក្រ ចាំបាច់​ពិចារណា និង​ដំឡើង​ប្រាក់​ខែ​ជូន​កម្មករ កម្មការិនី ឲ្យ​បាន​សមរម្យ។
លោក​ថ្លែង​បន្ត​ថា បើ​សិន​រដ្ឋាភិបាល និង​ថៅកែ​រោងចក្រ មិន​អាច​បំពេញ​លក្ខខ័ណ្ឌ​ទាំង​នេះ​ទេ ការ​តវ៉ា​របស់​កម្មករ កម្មការិនី មាន​ភាព​លំបាក​ក្នុង​ការ​បញ្ឈប់។

ផ្ទុយ​ពី​ការ​លើក​ឡើង​នេះ មន្ត្រី​ជាន់​ខ្ពស់​នៃ​សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា លោក ជាតិ ខេមរា ចោទ​ថា ការ​តវ៉ា​ឥត​ឈប់​ឈរ​របស់​កម្មករ កម្មការិនី​នេះ កើត​ចេញ​ពី​ការ​មិន​អនុវត្ត​តាម​គោលការណ៍​មួយ​ចំនួន​របស់​សហជីព ជាមួយ​ថៅកែ​រោងចក្រ។ លោក​ពន្យល់​ថា សហជីព​ខ្លះ​មិន​បាន​អនុវត្ត​តាម​កិច្ចសន្យា​ដែល​ខ្លួន​បាន​ព្រម​ព្រៀង នៅ​ពេល​ប្រជុំ​ជាមួយ​នឹង​ភាគី​ពាក់​ព័ន្ធ​នោះ​ទេ។
ក្នុង​ពេល​ប្រជុំ​សហជីព និយាយ​ថា​ខ្លួន​យល់​ព្រម​ធ្វើ​តាម​លក្ខខ័ណ្ឌ​នៃ​កិច្ច​សន្យា ប៉ុន្តែ​ពេល​ចេញ​ពី​អង្គ​ប្រជុំ ញុះញង់​កម្មករ កម្មការិនី ឲ្យ​ធ្វើ​បាតុកម្ម។ លោក​ថ្លែង​បន្ត​ថា ការ​ធ្វើ​បែប​នេះ បាន​ក្លាយ​ជា​វប្បធម៌​មិន​ល្អ សម្រាប់​សហជីព​ប្រទេស​កម្ពុជា។
ឆ្លើយ​តប​ទៅ​នឹង​ការ​ចោទ​របស់​លោក ជាតិ ខេមរា នេះ អនុ​ប្រធាន​សហភាព​ការងារ​កម្ពុជា លោក ឯក សុភក្ដី មាន​ប្រសាសន៍​ថា ការ​លើក​បញ្ហា​នេះ​ឡើង ពេល​ខ្លះ​គ្រាន់​តែ​ជា​ការ​បំភ័ន្ត និង​ជៀស​វាង​ការ​ដោះ​ស្រាយ​បញ្ហា​របស់​ថៅកែ និង​ភាគី ដែល​ទទួល​ផល​ប្រយោជន៍​ពី​ក្រុមហ៊ុន​រោងចក្រ ដើម្បី​យក​រួច​ខ្លួន។
លោក​សុំ​ឲ្យ​ភាគី​នីមួយៗ ឈរ​លើ​គោល​ការណ៍​មិន​លំអៀង ដើម្បី​ដោះ​ស្រាយ​បញ្ហា ជា​ជាង​ទម្លាក់​កំហុស​លើ​ភាគី​ណា​មួយ។
ទាក់​ទិន​នឹង​ការ​ដោះ​ស្រាយ​វិវាទ​នេះ​ដែរ លោក ឯក សុភក្ដី ផ្ដល់​អនុសាសន៍​ថា ថៅកែ​ក្រុមហ៊ុន​រោងចក្រ គួរ​ដំឡើង​ប្រាក់​ខែ​ឲ្យ​បាន​សមរម្យ ព្រោះ​កម្មករ កម្មការិនី ក៏​មិន​ចង់​ធ្វើ​បាតុកម្ម​តវ៉ា​អ្វី​ដែរ ប៉ុន្តែ​អ្វី​ដែល​សំខាន់​ប្រាក់​ខែ ដែល​ក្រុមហ៊ុន​ផ្ដល់​ឲ្យ​ពួក​គាត់​នា​ពេល​បច្ចុប្បន្ន វា​មិន​អាច​ធ្វើ​ឲ្យ​ពួក​គាត់​រស់​បាន​សមរម្យ។
ភ្ជាប់​ទៅ​នឹង​បញ្ហា​កាត់​ដេរ​នេះ លោក ឯក សុភក្ដី បាន​លើក​ឧទាហរណ៍​ប្រទេស​ជិត​ខាង ដូច​ជា​ប្រទេស​ថៃ ថា បាន​ដំឡើង​ប្រាក់​ខែ​ជូន​កម្មករ កម្មការិនី ហើយ​ប្រទេស​នោះ​បាន​បញ្ចៀស​បញ្ហា​វិវាទ​នេះ​បាន។
ស្រដៀង​គ្នា​នេះ​ដែរ ប្រធាន​កម្មវិធី​សិទ្ធិ​ការងារ នៃ​មជ្ឈ​មណ្ឌល​អប់រំ​ច្បាប់ សម្រាប់​សហគមន៍ លោក មឿន តុលា ថ្លែង​ថា ប្រាក់​ខែ​ដែល​ក្រុមហ៊ុន​ផ្ដល់​ឲ្យ​កម្មករ កម្មការិនី​នា​ពេល​បច្ចុប្បន្ន​នេះ មិន​អាច​ធ្វើ​ឲ្យ​កម្មករ កម្មការិនី​រស់​បាន​សមរម្យ​នោះ​ទេ ដោយ​ហេតុ​ថា អត្រា​អតិផរណា​របស់​ប្រទេស​កម្ពុជា​ឥឡូវ​នេះ ឡើង​ខ្ពស់​ជាង​ប្រទេស​ជិត​ខាង​មួយ​ចំនួន។
ម្យ៉ាង​ទៀត ប្រទេស​ជិត​ខាង​ដូច​ជា ប្រទេស​ឡាវ ថៃ វៀតណាម សុទ្ធ​តែ​បាន​ដំឡើង​ប្រាក់​ខែ​ដល់​កម្មករ កម្មការិនី របស់​គេ​អស់​ហើយ។ ដូច្នេះ ប្រទេស​កម្ពុជា​គួរ​ពិចារណា និង​ដំឡើង​ប្រាក់​ខែ​ឲ្យ​កម្មករ កម្មការិនី​ខ្លួន​ដែរ។
លោក មឿន តុលា អះអាង​បន្ត​ថា ដើម្បី​ដោះ​ស្រាយ​បញ្ហា​វិវាទ​កម្មករ និយោជិក ជាមួយ​នឹង​និយោជក រដ្ឋាភិបាល​គួរ​ក្រឡេក​មើល​ភាព​ចន្លោះ​ប្រហោង​នៃ​ច្បាប់​ការងារ ដែល​បាន​ចែង​អំពី​កិច្ច​សន្យា​ខ្លី។ កិច្ច​សន្យា​ខ្លី​នេះ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផល​ប្រយោជន៍​កម្មករ កម្មការិនី​ខ្លាំង ក្រោម​ហេតុផល​ថា កិច្ច​សន្យា​ខ្លី ងាយ​ស្រួល​នឹង​បញ្ចប់។ ដូច្នេះ វា​បាន​ផ្ដល់​លទ្ធភាព​ច្រើន​ដល់​ថៅកែ នៅ​ពេល​ដែល​គាត់​មិន​សប្បាយ​ចិត្ត​ចំពោះ​កម្មករ កម្មការិនី​ណា​មួយ គាត់​អាច​បញ្ចប់​កិច្ច​សន្យា​បាន ពេល​កិច្ច​សន្យា​នោះ​ចប់។
បញ្ហា​វិវាទ​រវាង​កម្មករ កម្មការិនី និង​ថៅកែ​រោងចក្រ​កាត់​ដេរ បាន​កើត​ឡើង​គួរ​ឲ្យ​កត់​សម្គាល់ នៅ​ដើម​ឆ្នាំ​២០១២ នេះ។ បើ​តាម​របាយការណ៍​អង្គការ​ពលកម្ម​អន្តរជាតិ បង្ហាញ​កាល​ពី​ថ្ងៃ​ទី​២០ ខែ​មិថុនា ថា ការ​កើន​ឡើង​នៃ​វិវាទ​នេះ បណ្ដាល​មក​ពី​ការ​ផ្ដល់​ប្រាក់​ខែ​តិច​ដល់​កម្មករ​កម្មការិនី ការ​រើសអើង​ពី​និយោជក​លើ​សហជីព លក្ខខ័ណ្ឌ​ការងារ​មិន​សមស្រប និង​បញ្ហា​ផ្ដល់​អត្ថប្រយោជន៍​ផ្សេងៗ​ទៀត មិន​សមរម្យ។
គិត​ចាប់​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១១ មក​ទល់​នឹង​ខែ​មេសា ឆ្នាំ​២០១២ ចំនួន​កម្មករ កម្មការិនី​ធ្វើ​បាតុកម្ម​មាន ៣៦.០៥៣​នាក់ ក្នុង​សកម្មភាព​បាតុកម្ម​ចំនួន ២៧​លើក។ ចំនួន​នេះ បាន​កើន​ឡើង​ទ្វេ​ដង បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា កាល​ពី​ឆ្នាំ​កន្លង​ទៅ៕

No comments:

Post a Comment

yes