តាមលោកស្រី ឌិន ផាណារ៉ា ភរិយា និងជាជំនួយការផ្ទាល់របស់លោក ម៉ម សូណង់ដូ ប្រធានវិទ្យុសំបុកឃ្មុំ និងជាប្រធានសមាគមអ្នកប្រជាធិបតេយ្យ បានឲ្យដឹងថា ស្វាមីរបស់លោកស្រីនឹងមកដល់ប្រទេសកម្ពុជានៅវេលាម៉ោង១០យប់ថ្ងៃព្រហស្បតិ៍នេះ។
លោក ម៉ម សូណង់ដូ បានចាកចេញពីប្រទេសកម្ពុជាដើម្បីបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក និងប្រទេសបារាំងតាំងពីថ្ងៃទី១២ ខែមីនា មកម្ល៉េះ។ ប៉ុន្តែកាលពីពេលថ្មីៗនេះ លោកត្រូវបានចោទប្រកាន់ដោយនាយករដ្ឋមន្រ្តីខ្មែរ ហ៊ុន សែន ថា ជាអ្នកនៅពីក្រោយខ្នងនៃសកម្មភាពអបគមន៍នៅភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ ដោយធ្វើការព្រមានតាមចាប់ខ្លួន ទោះជាប្រធានសមាគមអ្នកប្រជាធិបតេយ្យរូបនេះលាក់ខ្លួននៅទីណាក៏ដោយ។
ឆ្លើយតបនឹងការចោទប្រកាន់របស់នាយករដ្ឋមន្រ្តីនេះ លោក ម៉ម សូណង់ដូ បានប្រកាសតាមវិទ្យុបរទេសមួយថា លោកមិនបាននៅពីក្រោយខ្នងសកម្មភាពនេះទេ ហើយថា លោកនឹងវិលចូលប្រទេសវិញដើម្បីប្រឈមនឹងបញ្ហានេះ។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ យប់នេះលោក ម៉ម សូណង់ដូ នឹងមកដល់ប្រទេសកម្ពុជា ដោយគេរំពឹងថា អ្នកគាំទ្រលោកប្រមាណជាង២០០នាក់នឹងទៅទទួលលោកដោយផ្ទាល់នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ៕
No comments:
Post a Comment
yes