សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, July 30, 2012

សហជីព​កម្មករ​ប្រមូល​ស្នាម​មេដៃ​គាំទ្រ​ការ​ដោះលែង​លោក ម៉ម សូណង់ដូ


មេធាវី​លោក ម៉ម សូណង់ដូ ដាក់​លិខិត​ទៅ​តុលាការ​ដើម្បី​សុំ​ធានា​លោក ម៉ម សូណង់ដូ ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន នៅ​ថ្ងៃ​ទី​៣០ កក្កដា នេះ។ រី​ឯ​ក្រុម​កម្មករ​ក៏​ធានា​ប្រមូល​ស្នាម​មេដៃ​នៅ​តាម​រោងចក្រ ដើម្បី​ដាក់​ទៅ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ជួយ​ដោះលែង​លោក ម៉ម សូណង់ដូ ចេញ​ពី​ពន្ធនាគារ​ដែរ។
RFA/Vichey Anandh
តំណាង​អង្គការ​សង្គម​ស៊ីវិល និង​សមាជិក​សមាគម​អ្នក​ប្រជាធិបតេយ្យ បួងសួង​សុំ​ឲ្យ​មាន​ការ​ដោះ​លែង​លោក ម៉ម សូណង់ដូ នៅ​វត្ត​អង្គ​មេត្រី សង្កាត់​ព្រៃវែង ខណ្ឌ​ដង្កោ កាល​ពី​ថ្ងៃ​ទី​១៧ កក្កដា ឆ្នាំ​២០១២។
លោក សុក សំអឿន ប្រធាន​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា និង​ជា​មេធាវី​ការពារ​ក្តី​ឲ្យ​លោក ម៉ម សូណង់ដូ ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ច័ន្ទ ទី​៣០ ខែ​កក្កដា លោក​នឹង​ដាក់​លិខិត​ស្នើ​សុំ​ជា​ផ្លូវ​ការ​ទៅ​តុលាការ​ក្រុង​ភ្នំពេញ ដើម្បី​ធានា​កូន​ក្តី​របស់​ខ្លួន​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​ទៅ​តាម​នីតិវិធី​ច្បាប់។
លោក​បន្ត​ថា ករណី​ចោទ​ប្រកាន់​លោក ម៉ម សូណង់ដូ កំពុង​ស្ថិត​នៅ​ក្នុង​ដៃ​ចៅក្រម​ស៊ើបសួរ​ធ្វើ​ការ​ស៊ើប​អង្កេត៖ «ថ្ងៃ​ច័ន្ទ (៣០ កក្កដា) នេះ ខ្ញុំ​ដាក់ (លិខិត) សុំ​គាត់​នៅ​ក្រៅ​ឃុំ​ម្ដង​ទៀត។ ច្បាប់​អត់​មាន​ចែង​ថា បើ​គេ​ចោទ​ពី​បទ​ឧក្រិដ្ឋ​មិន​អាច​ឃុំ​ខ្លួន​បាន​ទេ មិន​អ៊ីចឹង​ណា។ យើង​គិត​ប៉ុណ្ណេះ បើ​សិន​ជា​ការ​ឃុំ​ខ្លួន ឧទាហរណ៍​រឿង ឈូក បណ្ឌិត បាញ់​មនុស្ស​របួស​ផង ហើយ​លោក ម៉ម សូណង់ដូ គ្រាន់​មនុស្ស​ឆ្លើយ​ដាក់​គ្មាន​អី​ធំដុំ​ផង»
លោក ម៉ម សូណង់ដូ ជា​ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ និង​ជា​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា បន្ទាប់​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ឲ្យ​ចាប់​ខ្លួន ក្រោម​បទ​ចោទ​ប្រកាន់​ថា លោក​ជាប់​ពាក់ព័ន្ធ​នៅ​ពី​ក្រោយ​ខ្នង​ក្រុម​លោក ប៊ុន រដ្ឋា ដែល​អាជ្ញាធរ​ចោទ​ប្រកាន់​ថា ប៉ុនប៉ង​បង្កើត​តំបន់​អបគមន៍ នៅ​ភូមិ​ប្រម៉ា ឃុំ​កំពង់ដំរី ក្នុង​ស្រុក​ឆ្លូង ខេត្ត​ក្រចេះ។

សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ចោទ​ប្រកាន់​លោក ម៉ម សូណង់ដូ ចំនួន ៤​បទ​ចោទ ដោយ​ផ្អែក​លើ​ដីកា​របស់​តុលាការ​ខេត្ត​ក្រចេះ។ ក្នុង​នោះ​រួម​មាន អ្នក​ផ្ដើម​គំនិត​ប្រឆាំង​រាជការ​សាធារណៈ ធ្វើ​កុបកម្ម ជ្រៀតជ្រែក​ដោយ​ខុស​ច្បាប់​ក្នុង​ការ​បំពេញ​ការងារ​សាធារណៈ និង​ញុះញង់​ឲ្យ​ប្រជាពលរដ្ឋ​ប្រឆាំង​អាជ្ញាធរ​ស្រប​ច្បាប់។
ស្រប​ពេល​នឹង​មេធាវី​ប្រុង​ស្នើ​សុំ​ឲ្យ​លោក ម៉ម សូណង់ដូ ស្ថិត​នៅ​ក្រៅ​មន្ទីរ​ឃុំឃាំង​នេះ លោក ជា មុនី ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏​បាន​កៀរគរ​ឲ្យ​ក្រុម​កម្មករ​ប្រមូល​ស្នាម​មេដៃ​នៅ​តាម​រោងចក្រ ដើម្បី​គាំទ្រ​ជួយ​លោក ម៉ម សូណង់ដូ ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន។
ការ​ថ្លែង​របស់​លោក ជា មុនី ធ្វើ​ឡើង​ក្នុង​កិច្ច​ប្រជុំ​ថ្នាក់​ដឹកនាំ​សហជីព​ចំនួន ៧១​នាក់ មក​ពី​បណ្តា​រោងចក្រ​ចំនួន ៣៥ នៅ​រាជធានី​ភ្នំពេញ ខេត្ត​កំពង់ស្ពឺ និង​ខេត្ត​កំពង់ឆ្នាំង នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា។
លោក ជា មុនី ឲ្យ​ដឹង​ថា លោក​មាន​បំណង​បង្កើត​យុទ្ធនាការ​ប្រមូល​ស្នាម​មេដៃ​ពី​កម្មករ កម្មការិនី​រោងចក្រ ដើម្បី​ដាក់​ជូន​ទៅ​រដ្ឋាភិបាល ឬ​សមាគម​អ្នក​ប្រជាធិបតេយ្យ ក្នុង​ការ​ជំរុញ​សុំ​ឲ្យ​តុលាការ​អនុញ្ញាត​ឲ្យ​លោក ម៉ម សូណង់ដូ នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន។
លោក ជា មុនី៖ «យើង​មាន​គោលបំណង​នឹង​ធ្វើ​យុទ្ធនាការ​ដើម្បី​ឲ្យ​មាន​ការ​ចូល​រួម​ពី​បង​ប្អូន​កម្មករ កម្មការិនី ពី​ស្នាម​មេដៃ​ឲ្យ​មាន​ការ​ដោះលែង​ពី​លោក ម៉ម សូណង់ដូ ព្រោះ​លោក ម៉ម សូណង់ដូ គាត់​មិន​ខុស​ស្អី​ទេ។ មើល​ទៅ​ខ្ញុំ​និយាយ​ពី​ហេតុផល​គាត់​ជា​អ្នក​សារព័ត៌មាន គាត់​ជា​នាយក​វិទ្យុ​សំបុក​ឃ្មុំ ហើយ​យើង​អត់​ចង់​ឲ្យ​អ្នក​សារព័ត៌មាន​ណា​ត្រូវ​បាន​គេ​ចាប់​ឃុំ ឬ​ក៏​បាញ់​សម្លាប់​ដូច​មេដឹកនាំ​សហជីព​ទៀត​ទេ​សម័យ​នេះ​ហើយ ហើយ​ទី​២ គ្រាន់​ជា​ប្រធាន​សមាគម វា​អត់​ខុស​ច្បាប់​ទេ»
ទោះ​ជា​យ៉ាង​ណា លោក ជា មុនី នៅ​មិន​ទាន់​បញ្ជាក់​ពី​កាលបរិច្ឆេទ​ច្បាស់លាស់​នៃ​ថ្ងៃ​ធ្វើ​យុទ្ធនាការ​ប្រមូល​ស្នាម​មេដៃ​នៅ​តាម​រោងចក្រ​នៅ​ឡើយ​ទេ។
ប្រធាន​សហជីព​សេរី​កម្មករ​ប្រចាំ​រោងចក្រ​ត្រាយ ប៉ុស្តិ៍ (Try Pose) ក្នុង​ខេត្ត​កំពង់ឆ្នាំង អ្នកស្រី លី ស៊ីន ឲ្យ​ដឹង​ក្រោយ​ពី​កិច្ច​ប្រជុំ​ដែល​ដឹក​នាំ​ដោយ​លោក ជា មុនី ថា អ្នកស្រី​នឹង​ចាប់​ផ្ដើម​ប្រមូល​ស្នាម​មេដៃ​ពី​ក្រុម​កម្មករ​ក្នុង​រោងចក្រ នៅ​ខែ​សីហា ខាង​មុខ។
អ្នកស្រី​សង្ឃឹម​ថា នឹង​ប្រមូល​ស្នាម​មេដៃ​បាន​ច្រើន ដើម្បី​ជួយ​លោក ម៉ម សូណង់ដូ ឲ្យ​មាន​សេរីភាព​ឡើង​វិញ៖ «យើង​ដឹង​តើ! នៅ​ក្នុង​ស្រុក​ខ្មែរ​របស់​យើង អ្នក​យក​សារព័ត៌មាន​ទាំង​អស់​មិន​ថា អ្នក​សារព័ត៌មាន មិន​ថា​អ្នក​ទាមទារ​ដើម្បី​ផល​ប្រយោជន៍​ប្រជាជន មិន​ថា​អ្នក​ទាមទារ​ដើម្បី​ផល​ប្រយោជន៍​កម្មករ​ទេ គឺ​សុទ្ធ​តែ​មាន​សិទ្ធិ​ឯករាជ្យ​មួយ​ដែល​រដ្ឋាភិបាល ត្រូវ​តែ​គាំទ្រ​មិន​មែន​រដ្ឋាភិបាល​ដាក់​គាត់​ដាក់​ទោស​ទេ»
កាល​ពី​ពេល​ថ្មីៗ​នេះ មេដឹកនាំ​សមាគម​អ្នក​ប្រជាធិបតេយ្យ​ក្នុង​ស្រុក​អង្គរបុរី ខេត្ត​តាកែវ ក៏​បាន​ចុះ​ប្រមូល​ស្នាម​មេដៃ​ពី​ប្រជាពលរដ្ឋ​ជាង ២​ពាន់​ស្នាម​មេដៃ​ដើម្បី​ជួយ​សុំ​ឲ្យ​ស្ថាប័ន​តុលាការ និង​រដ្ឋាភិបាល​ដោះលែង​លោក ម៉ម សូណង់ដូ។ ទោះ​បី​មាន​ការ​ហាមប្រាម​ពី​អាជ្ញាធរ​ពី​អាជ្ញាធរ​មូលដ្ឋាន​ក៏ដោយ។
ក្នុង​យុទ្ធនាការ​ប្រមូល​ស្នាម​មេដៃ​ជួយ​លោក ម៉ម សូណង់ដូ ដូច​គ្នា​នេះ កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កក្កដា កន្លង​ទៅ សមត្ថកិច្ច​ខណ្ឌ​ដូនពេញ បាន​ឃាត់​ខ្លួន​បុរស​ម្នាក់​ឈ្មោះ ជ័យ ឡាយ រស់​នៅ​ក្នុង​តំបន់​បឹងកក់ នៅ​គ្រា​ដែល​គាត់​បាន​ចុះ​ប្រមូល​ជាង ២០០​ស្នាម​មេដៃ​ពី​ប្រជាពលរដ្ឋ។
លោក ជ័យ ឡាយ ត្រូវ​បាន​សមត្ថកិច្ច​ដោះ​លែង​វិញ នៅ​បន្ទាប់​ពី​លោក​បាន​ចុះ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​ប្រមូល​ស្នាម​មេដៃ​នៅ​ក្នុង​តំបន់​ដើម្បី​គាំទ្រ​ឲ្យ​មាន​ការ​ដោះលែង​លោក ម៉ម សូណង់ដូ៖«ចាប់​ខ្ញុំ​ម៉ោង ៥ ទល់​គ្នា​ម៉ោង ៨​កន្លះ គេ​អោយ​មក​ផ្ទះ​វិញ។ អត់​ធ្វើ​បាន​អី​ខ្ញុំ​ដែរ​អត់​អី​ទេ​គេ​គ្រាន់​តែ​អោយ​ខ្ញុំ​ធ្វើ​កិច្ច​សន្យា ជា​មួយ​គេ​ថា កុំ​អោយ​ជួយ​ផ្ដិតមេដៃ​តទៅ​ទៀត។ គេ​ថា លោក ម៉ម សូណង់ដូ ធ្វើ​អបគមន៍​ទេ»
តែ​សម្រាប់​អ្នកស្រី លី ស៊ីន កម្មការិនី​រោងចក្រ​បញ្ជាក់​ថា មិន​ខ្លាច​ពី​ការ​ចាប់​ខ្លួន​របស់​សមត្ថកិច្ច​នោះ​ឡើយ នឹង​នៅ​តែ​ប្រកាន់​ជំហរ​ប្រមូល​ស្នាម​មេដៃ​ជួយ​លោក ម៉ម សូណង់ដូ ដដែល ដរាបណា​លោក​មិន​ទាន់​ចេញ​ពី​ក្រៅ​មន្ទីរ​ឃុំឃាំង៖ «ការ​លះបង់​ជីវិត​របស់​ខ្ញុំ គឺ​ដើម្បី​ផល​ប្រយោជន៍​រួម មិន​មែន​ដើម្បី​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​ឯង​ទេ ហើយ​ក៏​មិន​មែន​តែ​ផល​ប្រយោជន៍​តែ​ខ្លួន​ម្នាក់​ឯង និង​រង្វង់​ក្រុម​គ្រួសារ​ដែរ គឺ​ធ្វើ​ទាំង​អស់​ដើម្បី​ប្រជាជន​នៅ​ក្នុង​ប្រទេស​របស់​យើង ដើម្បី​ផល​ប្រយោជន៍​រួម»
ក្នុង​នាម​ជា​មេធាវី​ការពារ​ក្តី​ឲ្យ​លោក ម៉ម សូណង់ដូ និង​ជា​មន្ត្រី​ច្បាប់​មួយ​រូប​ផង​នោះ លោក សុក សំអឿន ឲ្យ​ដឹង​ថា នៅ​ក្នុង​ច្បាប់​មិន​មាន​ចែង​ថា ស្នាម​មេដៃ​ទាំង​នោះ​អាច​ជួយ​សម្រាល​ទោស​ទណ្ឌ ឬ​ជួយ​មនុស្ស​ជាប់​ចោទ​ឲ្យ​រួច​ខ្លួន​នោះ​ទេ។ លោក​ពន្យល់​ថា ស្នាម​មេដៃ​ដែល​ប្រជាពលរដ្ឋ​កំពុង​ដើរ​ប្រមូល​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន និង​នៅ​តាម​រោងចក្រ មិន​មាន​ឥទ្ធិពល​អ្វី​ផ្នែក​ច្បាប់​សម្រាប់​ជួយ​លោក ម៉ម សូណង់ដូ ឲ្យ​រួច​ចេញ​ពី​ពន្ធនាគារ​នោះ​ឡើយ។ តែ​ស្នាម​មេដៃ​គាំទ្រ​ទាំង​នោះ គ្រាន់​ជា​សារ​មួយ​សម្រាប់​រដ្ឋាភិបាល ឬ​តុលាការ ពិចារណា ឬ​គិតគូរ​ធ្វើ​យ៉ាង​ណា​ឲ្យ​ដំណើរ​ការ​កាត់​ក្តី​ប្រកប​ដោយ​យុត្តិធម៌ និង​ត្រឹមត្រូវ​តែប៉ុណ្ណោះ។
រដ្ឋាភិបាល​កម្ពុជា បាន​ចាប់​ខ្លួន​លោក ម៉ម សូណង់ដូ ដាក់​គុក​ជា​លើក​ទី​៣​ហើយ បន្ទាប់​ពី​រដ្ឋាភិបាល​បាន​ចាប់​ខ្លួន​លោក​លើក​ទី​១ កាល​ពី​ថ្ងៃ​ទី​៣១ មករា ឆ្នាំ​២០០៣ នៅ​មុន​ពេល​បោះ​ឆ្នោត​ជាតិ​លើក​ទី​៣។ ការ​ចាប់​ខ្លួន​លោក​លើក​ទី​២ កាល​ពី​ថ្ងៃ​ទី​១១ តុលា ឆ្នាំ​២០០៥ ហើយ​រដ្ឋាភិបាល​បាន​ដោះ​លែង​លោក​វិញ​នៅ​ក្នុង​ឆ្នាំ​២០០៦។
ក្រុម​អ្នក​វិភាគ​បាន​លើក​ឡើង​ថា ការ​សម្រេច​ឃុំ​ខ្លួន​លោក ម៉ម សូណង់ដូ ក្នុង​ពន្ធនាគារ​វា​ជា​រូបភាព​អាក្រក់ និង​ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​រដ្ឋាភិបាល ដែល​ព្យាយាម​បង្ក្រាប​អ្នក​ហ៊ាន​តស៊ូ​មតិ ជា​ទង្វើ​ផ្ទុយ​ពី​សង្គម​ប្រជាធិបតេយ្យ និង​ជា​ប្រទេស​នីតិរដ្ឋ៕

No comments:

Post a Comment

yes