សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, July 20, 2012

ដើម​ឈើ​ដុះលើ​ប្រាសាទ​តា​ព្រហ្ម​ត្រូវ​បាន​អភិរក្ស


សៀមរាបៈ ក្រុម​អ្នកវិទ្យា​សាស្ត្រ​ឥណ្ឌា​បាន​អះ​អាង​ថា ពួក​គេ​បាន​អភិរក្ស​ដើម​ឈើ​ទាំង​១៣១​ដើម​នៅ​ក្នុង​ព្រៃ​ដែល​បាន​ដុះ​ស្រោប ប្រាសាទ​តាព្រហ្ម ដែល​ជាកេរ​ដំណែល​ពិភព​លោក​របស់​អង្គការ UNESCO ​បាន​ចុះ​បញ្ជី​ជា​ប្រាសាទ​ដ៏​ល្អ​បំផុត​នៅ​ក្នុង​បរិវេណ​ប្រាសាទ​អង្គរ។
ដោយ​ស្ថិត​នៅ​ក្នុង​ស្ថាន​ភាព​មិន​អាច​ប៉ះពាល់​បាន​នោះ ស្លែ​បាន​ដុះ​រាល​ដាល​តាម​ជញ្ជាំង​ប្រាសាទ​ដែល​មាន​អាយុ​រហូត​៨០០​ឆ្នាំ​នេះ រីឯ​ឫស​ដើម​ឈើ​ជា​ច្រើន​បាន​ដុះ​ព័ទ្ធពី​លើ​ដំបូល​និង​ស្នាម​ក្រហែង​នានា។
ក្រុម​អ្នក​ស្រាវ​ជ្រាវ​ឥណ្ឌា​ជា​ច្រើន​មក​ពី​វិទ្យា​ស្ថាន​ស្រាវ​ជ្រាវ ព្រៃ​ឈើ(FRI) មក​ពី​ក្រុម​ស្ទាប​ស្ទង់​បុរាណ​វិទ្យា​ឥណ្ឌា​(ASI)​ដែល​កំពុង​ធ្វើ​ការ​នៅ កន្លែង​នេះ​តាំង​ពី​ឆ្នាំ ២០០៤ ក្រោម​ការ​ត្រួត​ពិនិត្យ​ពី​អង្គការ UNESCO និង​មក​ពី​ក្រុម​អាជ្ញាធរ​អប្សរា​ដំបូង​ឡើយ​ពួកគេ​មាន​ការ​ប្រឈម​នឹង​ដើម ឈើ​ចំនួន ៣៦​ដើម ​ដែល​តម្រូវ​ឲ្យ​មាន​ការ​ថែទាំ​ជា​បន្ទាន់។
ប្រធាន​ក្រុម​កាន់​គម្រោង​របស់​ក្រុម ASI​ គឺ​លោក Devendar Singh Sood បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ថ្ងៃ​ពុធ​ថា ដើម​ឈើ​ទាំង​នេះ​មាន​សារៈ​សំខាន់​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​ដើម​ឈើ​ជា ច្រើន​មាន​អា​យុ​ប្រហែល​៣០០​ឆ្នាំ​។ «យើង​ត្រូវ​ធ្វើការ​អភិរក្សទាំង​ពីរ​ឲ្យ​បាន​ទាំងព្រម»។

ដូច​ដែល​ភ្នំពេញ​ប៉ុស្តិ៍​ធ្លាប់​បាន​រាយ​ការណ៍​ពី​មុន​មក កិច្ច​ប្រឹង​ប្រែង​ក្នុង​ការ​ស្ដារ​ប្រាសាទ​អង្គរ​ឡើង​វិញ ត្រូវ​បាន​ក្រុម​មួយ​ចំនួន​រិះ​គន់​យ៉ាង​ខ្លាំង ដោយ​ចង់​ឲ្យ​ទុក​ប្រាសាទ​ទាំង​នេះ​ស្ថិត​នៅ​ក្នុង​សភាព ដូច​ដើម​សុទ្ធ​សាធ។
ប៉ុន្តែ លោក Sood បាន​ថ្លែងថា ពួកគេ​គឺគ្រាន់​តែ​ចង់​ស្ដារ​ប្រាសាទ​នេះ​តែ​ត្រឹម​ពាក់​កណ្ដាល​ប៉ុណ្ណោះ ​ គឺ​បំណែក​ដែល​មាន​ការ​បាក់​បែក​«ដើម្បី​ឲ្យភ្ញៀវ​ទេសចរ​ដែល​មក​ទស្សនា អាច​យល់​បាន​ទាំង​ពីរ​យ៉ាងនេះ»។
លោក​បាន​ថ្លែងថា វិទ្យា​ស្ថាន FRI កំពុង​តែ​ប៉ះ​ប៉ូវ​ឫស​ឈើ និង​ដើម​ឈើ​ដែល​ងាប់​ៗ ជាមួយ​នឹង​សម្ភារ​បែប​ធម្ម​ជាតិ និង​ប៉ះ​ប៉ូវ​សម្បក​ជាមួយ​សម្ភារ​កុំ​ឲ្យដុះ​ស្លែ​កាន់ ដើម្បី​ការ​ពារ​ការ​រអិល​ជើង​ភ្ញៀវ​ទេសចរ និង​ខ្យល់​បក់​បំផ្លាញ​ រីឯ​បង់​បាញ់​ក៏​ត្រូវបាន​បំពាក់​ដើម្បី​ទល់​ទ្រ​ដើម​ឈើ​ដែល​ទ្រេតៗ មក​លើ​ប្រាសាទ​ផង​ដែរ។
លោក​បាន​ថ្លែង​ថា ថវិកា​របស់​ក្រុម​ ASI សម្រាប់​ការ​អភិរក្ស​ប្រាសាទ​តា​ព្រហ្ម គឺ​មាន​ចំនួន ​៦,២២ លាន​ដុល្លារ។
លេខា​ទី១ នៃ​ស្ថាន​ទូត​ឥណ្ឌា​លោក Saurav Ray បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ ថា គម្រោង​សម្រាប់​ប្រាសាទ​តាព្រហ្ម គឺ​ជា​គម្រោង​ដ៏​មាន​កិត្យា​នុភាព​មួយ ដែល​ប្រទេស​ឥណ្ឌា​កំពុង​តែ​រៀប​ចំទុក​សម្រាប់​ប្រទេស​កម្ពុជា។
អ្នក​នាំពាក្យ​រដ្ឋ​បាល​ព្រៃ​ឈើ​លោក ធន់ សារ៉ាយ បាន​មាន​ប្រសាសន៍​ថា ទន្ទឹម​នេះ​ដែរ ក្រសួង​កសិកម្ម បាន​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​កែ​លម្អ​ព្រៃ​ឈើ​និង​ដើមឈើ​ដែល​មាន​ការ​ អភិរក្ស​ទាំង​នេះ។
លោកថា ៖ «ការ​ដាំ​ដើមឈើ​គឺ​(សំខាន់​ណាស់​សម្រាប់)​ប្រព័ន្ធ​ធារាសា​ស្ត្រ​ (ការ​ទប់​ស្កាត់​)​ការ​រអិល​បាក់​ដី ការ​បង្កើន​វិសាល​ភាព​ព្រៃ​ឈើ និង​ការ​ប្រើ​សម្រាប់​ពាណិជ្ជ​កម្ម»។
លោក​បាន​ថ្លែង​បន្ត​ថា៖​«យើង​អភិរក្ស​ទាំង​ប្រាសាទ ទាំង​ព្រៃ​ឈើ​ ព្រោះ​វត្ថុ​ទាំង​ពីរ​នេះ នឹង​ផ្ដល់​ប្រាក់​ចំណូល​រយៈ​ពេល​ដ៏​យូរ​លង់​​សម្រាប់​ពលរដ្ឋ​កម្ពុជា»។
មន្ត្រី​អាជ្ញាធរ​អប្សរា និង​អង្គការ UNESCO មិន​អាច​ទាក់​ទង​សុំ​ការ​អត្ថា​ធិប្បាយ​ទាក់​ទិន​នឹង​បញ្ហា​នេះ​បាន​ទេ ពី​ម្សិលមិញ​៕ 

No comments:

Post a Comment

yes