បាងកក ប្រទេសថៃ: រាជរដ្ឋាភិបាលថៃ តាមរយៈមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស បានអំពាវនាវផ្ទាល់មាត់ដល់ពលរដ្ឋកម្ពុជា ឲ្យបញ្ឈប់ឆ្លងដែន ចូលកាប់ឈើដោយខុសច្បាប់ នៅតាមព្រំដែន ក្នុងទឹកដីថៃ។ ការឆ្លងដែន ចូលកាប់ឈើនោះ នាំឲ្យមានការចាប់ខ្លួន និងរហូតដល់អាជ្ញាធរព្រំដែនថៃ បាញ់សម្លាប់ ពលរដ្ឋកម្ពុជាថែមទៀត។
លោក ណាតតាវុធ ពុធិសារ៉ូ ( Nattavudh Photisaro ) អនុរដ្ឋលេខាធិការអចិន្ត្រៃយ៍ របស់ក្រសួងការបរទេសថៃ បានលើកឡើងថា "ប្រជាជនកម្ពុជា បានលួចលាក់ ចូលកាប់ឈើខុសច្បាប់ នៅក្នុងប្រទេសថៃ។ នេះធ្វើឲ្យបង្កើតបញ្ហា ដែលបច្ចុប្បន្ននេះ យើងកំពុងដោះស្រាយបញ្ហានេះ។ ប្រទេសថៃបានយកចិត្តទុកដាក់ខ្លាំងណាស់ សម្រាប់ដោះស្រាយបញ្ហានេះ។ យើងអត់ចង់ឃើញប្រជាជនកម្ពុជា មកស្លាប់ក្នុងទឹកដីថៃទេ។ ដូច្នេះចំណុចនេះ ខ្ញុំសូមអង្វរអ្នកសារព័ត៌មានថា សុំជួយផ្សព្វផ្សាយដំណឹងនេះ ជូនប្រជាជនកម្ពុជាផង ព្រោះថា អ្នកចូលមកកាប់ឈើ នៅក្នុងប្រទេសថៃនោះ គឺខុសច្បាប់របស់ប្រទេសថៃ"។
លោក ណាតតាវុធ បានបន្ថែមថា "តាមពិត អាជ្ញាធរថៃ មិនត្រូវការប្រើអាវុធ សម្រាប់បង្ក្រាបទេ បើគ្មានការតបតពីអ្នកលួចលាក់កាប់ឈើខុសច្បាប់"។
ការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលថៃដូច្នេះ បានធ្វើឡើង កាលពីព្រឹកថ្ងៃចន្ទ ទី២៣កក្កដា ឆ្នាំ២០១២ ចំពោះមុខក្រុមអ្នកកាសែតកម្ពុជា ១០ រូប មកពីក្រសួងព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា ទូរទស្សន៍បាយ័ន ទូរទស្សន៍ស៊ីធីអ៊ិន កាសែតរស្មីកម្ពុជា កាសែតកោះសន្តិភាព និងកាសែតកម្ពុជាថ្មី។
ជាការកត់សម្គាល់ ចាប់តាំងពីកម្ពុជា និងថៃ មានបញ្ហាជម្លោះព្រំដែន កាលពីចុងឆ្នាំ២០០៨ តែងតែមានសេចក្តីរាយការណ៍ជាច្រើន ពាក់ព័ន្ធនឹងការបង្ក្រាប រហូតដល់មានការចាប់ខ្លួន និងបាញ់សម្លាប់ពលរដ្ឋកម្ពុជា ដែលថៃអះអាងថា បានចូល ទៅកាប់ឈើដោយខុសច្បាប់ ក្នុងទឹកដីថៃ នៅជាប់ព្រំដែនខេត្តឧត្តរមានជ័យ។
ក្រសួងការបរទេសកម្ពុជា បានតវ៉ាតាមកំណត់ទូតជាញឹកញាប់ ហើយសុំឲ្យភាគីថៃ កុំឲ្យអាវុធ ដោយត្រូវចាប់ពលរដ្ឋកម្ពុជាទាំងនោះ យកទៅកាន់ទោសតាមច្បាប់របស់ប្រទេសថៃ។
ក៏ប៉ុន្តែមកដល់ពេលនេះ នៅតែមានការលើកឡើងពីការបង្ក្រាបរបស់អាជ្ញាធរព្រំដែនថៃ មកលើពលរដ្ឋកម្ពុជា រហូតដល់មានការបាញ់សម្លាប់ ខណៈដែលរដ្ឋាភិបាលកម្ពុជា និងអាជ្ញាធរព្រំដែនកម្ពុជា ក៏បានរឹតបន្តឹងណាស់ដែរ ចំពោះការលួចឆ្លងដែនរបស់ពលរដ្ឋកម្ពុជា ចូលទៅក្នុងទឹកដីថៃ ដោយខុសច្បាប់៕
No comments:
Post a Comment
yes